មន្ត្រីប៉ូលិស អ្នកសារព័ត៌មាន និងអ្នកគាំទ្ររាប់រយនាក់របស់លោកស្រីប្រធានាធិបតី Park Geun Hye ដែលត្រូវគេបណ្ដេញចេញពីតំណែង បានប្រមូលផ្ដុំគ្នានៅជិតគេហដ្ឋានរបស់លោកស្រីនៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យនេះ ដើម្បីរង់ចាំទទួលលោកស្រី បន្ទាប់ពីលោកស្រីបានចាកចេញពីវិមានប្រធានាធិបតី។
លោកស្រីប្រធានាធិបតី Park Geun Hye បានចាកចេញពីវិមានប្រធានាធិបតីនៅថ្ងៃអាទិត្យនេះ។ នេះបើតាមការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយ។
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានដកលោកស្រី Park ជាផ្លូវការពីតំណែងជាប្រធានាធិបតីកាលពីថ្ងៃសុក្រ ដែលនេះជាការគាំទ្រញត្តិរបស់សមាជិកសភានានា ដែលបានធ្វើឡើងកាលពីខែធ្នូឆ្នាំមុន ក្នុងការចោទប្រកាន់លោកស្រី Park ជាសាធារណៈ ថាបានឃុបឃិតជាមួយនឹងលោកស្រី Choi Soon Sil ដែលជាមិត្តភក្ដិជិតស្និទ្ធមួយរូបរបស់លោកស្រី ដើម្បីជំរិតយកប្រាក់ពីក្រុមហ៊ុនមួយចំនួន និងបានអនុញ្ញាតឲ្យលោកស្រី Choi Soon Sil គ្រប់គ្រងកិច្ចការរដ្ឋដោយសម្ងាត់ទៅតាមចិត្តរបស់ខ្លួន។
លោកស្រី Park មិនមានអភ័យឯកសិទ្ធិក្នុងការរួចពីការកាត់ទោសនោះទេ ហើយនាពេលឆាប់ៗខាងមុខនេះ អាចនឹងត្រូវគេស៊ើបអង្កេតលើការសង្ស័យលើការជំរិតទារប្រាក់ ការសូកប៉ាន់ ការប្រើអំណាចក្នុងផ្លូវខុស និងបទឧក្រិដ្ឋផ្សេងៗទៀត។
លោកស្រីមិនទាន់បានថ្លែងជាសាធារណៈណាមួយនៅឡើយទេ បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចដកលោកស្រីពីតំណែងជាប្រធានាធិបតីកាលពីថ្ងៃសុក្រមក។ កាលពីមុន លោកស្រីធ្លាប់បានសុំទោសថា លោកស្រីទុកចិត្តលើលោកស្រី Choi Soon Sil ពេក ប៉ុន្តែបានបដិសេធយ៉ាងពេញទំហឹងចំពោះការចោទប្រកាន់នានា៕