ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក កឹម សុខា នឹង​​មិន​ចូល​ខ្លួន​ជា​ថ្មី​​នៅ​តុលាការ​នៅ​ថ្ងៃ​១៤​ មិថុនា


រូបឯកសារ៖ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ទី​៣០​ឧសភា​នេះ ​ដើម្បី​ហែរ​ញត្តិ​ទៅ​រដ្ឋសភា​ជាតិ​និង​ថ្វាយជូន​ព្រះ​មហាក្សត្រលើ​ព្រះរាជ​អន្តរាគមន៍​លើ​អភ័យ​ឯកសិទ្ធិ​តំណាងរាស្រ្ត​​បន្ទាប់ពី​មាន​ករណី​​តុលាការ​តាមចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ករណី​រឿង​អាស្រូវ​ផ្លូវភេទ​កន្លង​មក​​។ (ឡេង ឡែន​/VOA)

លោក​ កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាន់​គោលជំហរ​មិន​ចូល​ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ពី​តុលាការ​ក្រុង​ភ្នំពេញ​ ​ដោយ​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ។​

លោក​ កឹម​ សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិបន្ត​បដិសេធ​មិន​ចូល​ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​សំអាង​ថា​ លោក​នៅ​មាន​អភ័យឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្រ្ត។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ លោក​ យ៉ែម​ ​បុញ្ញឫទ្ធិ ​បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាននៅឯ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​ កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាន់​គោលជំហរ​មិន​ចូល​ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ពី​តុលាការ​ក្រុង​ភ្នំពេញ​ ​ដោយ​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ។​

ការ​ប្រកាស​របស់​លោក​ យ៉ែម​ បុញ្ញឫទ្ធិ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​ព្រៃវែង​ កើត​ឡើង​បន្ទាប់​ពី​លោក​ ថាន់​ ឡេង​ ចៅក្រម​ស៊ើបសួរសាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ដល់​លោក​ កឹម​ សុខា​ ពី​បទ​ចោទប្រកាន់​មួយ​ផ្សេង​ទៀត​ គឺ​បទ «បដិសេធ​ក្នុង​ការ​ចូល​ខ្លួន»​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ តាម​បញ្ញត្តិ​មាត្រា​ ៥៣៨​ នៃ​ក្រម​ ​ព្រហ្មទណ្ឌ។​

​លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ការ​មិន​ទៅ​បង្ហាញខ្លួន​របស់​លោក កឹម​ សុខា នៅ​តុលាការ​ក្នុង​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​យ៉ាង​ដូច្នេះ​ថា៖​

«ឯកឧត្ដម​ កឹម សុខា បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ លោក​ជា​អ្នក​តំណាងរាស្ត្រ​ លោក​មាន​អភ័យឯកសិទ្ធិ​ លោក​មិន​ទៅ​ទេ។​ ដូច្នេះ​ថ្ងៃ​១៤​ គាត់​មិន​ទៅ​ទេ។​ ក៏ប៉ុន្តែ​យើង​នៅ​កំពុង​តែ​សិក្សា​ សិក្សា​ផ្លូវ​ច្បាប់​ជាមួយ​ក្រុម​មេធាវី​ ដើម្បី​ស្វែង​យល់​ពី​ការ​អនុវត្ត​ច្បាប់ តើ​ការ​អនុវត្ត​នោះ​ត្រឹមត្រូវ​ពេញលេញ​ ឬ​ក៏​អត់»។​

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ អាជ្ញាធរ​មាន​សមត្ថកិច្ចប្រដាប់​ដោយ​អាវុធ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បើក​ប្រតិបត្តិការ​តាម​រក​លោក​ កឹម សុខា​ អស់​រយៈពេល​ជិតមួយ​ម៉ោង​ បន្ទាប់​ពី​លោក​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​អំពើ​សញ្ចរកម្ម​ដែល​តុលាការក្រុង​ភ្នំពេញ​បាន​ចោទ​មក​លើ​រូប​លោក។​

បន្ទាប់​ពី​ការ​តាម​រក​លោក​ កឹម សុខា​ មិន​បាន​ជោគជ័យ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ផ្ញើ​លិខិត​នៅ​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ដដែល​នោះ​ ជម្រាប​លោក​ ហេង សំរិន​ ប្រធាន​សភា​ជាតិ​ថា​ ​លោក​ កឹម​ សុខា​ បាន​ប្រព្រឹត្ត​បទល្មើស​ «បដិសេធ​ក្នុង​ការ​ចូលខ្លួន»។​ សភា​ជាតិ​ ដែល​មាន​តែ​អ្នក​តំណាងរាស្ត្រ​ចំនួន​៦៨​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​៣០​ ខែ​ឧសភា បាន​សម្រេច​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​ចាត់ការ​ ​សំណុំ​រឿង​លោក​ កឹម​ សុខា​ ដោយ​ផ្អែក​លើ​លិខិត​របស់​ព្រះរាជអាជ្ញា​នោះ។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ថាន់​ ឡេង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃសុក្រ​នេះ។​ លោក​ តាំង ​ស៊ុនឡាយ​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​មិន​អធិប្បាយ​ទៅ​លើ​នីតិវិធី​របស់​តុលាការ​ ក្នុង​ការ​ឃាត់​ខ្លួន​លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​លោក​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ។ លោក​បាន​បង្វែរ​សំណួរ​ ​ទៅ​អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ។​ VOA ក៏​មិន​អាច​ទាក់ទង​លោក​ លី​ សុផាន់ណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ដែរ​ ដោយ​ទូរស័ព្ទ​លោក​មិនដំណើរការ។​

​នៅ​ក្នុង​សំណុំរឿង​លោក​ កឹម សុខា ​នេះ​ មាន​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​៤​រូប​រួម​មាន​លោក​ នី សុខា​ លោក យី សុខសាន្ត​ លោក​ ណៃ​ វង់ដា​ និង​លោកស្រី​ លឹម មុន្នី ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ និង​ លោក​ នី ចរិយា ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​រង់​ចាំ​ការ​កាត់​ទោស។​ លោក​ ស៊ាង​ ​ចែត​ មេឃុំ​ស្រក​ ក្នុង​ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​នៃ​គណបក្ស​ប្រឆាំង​ក៏​បាន​ជាប់​ឃុំ​ក្នុង​សំណុំ​ដដែល​នេះ​ដែរ។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី​ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ រីឯ​លោក ​ស៊ាង​ ចែត​ ក៏​រង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​ដែរ។​

សំណុំរឿង​ លោក​ កឹម សុខា​ ផ្តើម​ចេញ​ពី​ទំនាក់ទំនង​ស្នេហា​មួយ​ដែល​គេ​នៅ​សង្ស័យ​ថា​ លោក​ កឹម សុខា ​មាន​ជាមួយ​នាង​ ខុម​ ចាន់តារ៉ាទី​ ហៅ​ស្រីមុំ​។

​សហគមន៍​អន្តរជាតិ​ ​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​សំណុំរឿង​លោក​ កឹម សុខា​ នេះ​ ក្នុង​នោះ​គឺ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។​ ពួកគេ​ចង់​ឲ្យ​រដ្ឋ​អំណាច​កម្ពុជា​ បន្ត​វប្បធម៌​សន្ទនា​ ដើម្បី​បន្ធូរ​នូវ​ភាព​តាន​តឹង​នយោបាយ​នេះ។​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ហៅ​ការ​សម្តែង​ក្តី​បារម្ភនេះ ​ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ​ បាន​បញ្ជាក់​ថា ស្ថាន​បេសកកម្ម​ការទូត​មួយ​ចំនួន​ដែល​ក្រសួង​មិន​បញ្ចេញ​ឈ្មោះ​ចំៗ នៅ​រាជធានី​ភ្នំពេញ​ បាន​សម្តែង​នូវ​ការ​ងឿង​ឆ្ងល់​ និង​ការ​ព្រួយ​បារម្ភ​នានា​ ចំពោះ​ដំណើរការ​អនុវត្តន៍​នីតិវិធី​របស់​តុលាការ​កម្ពុជា។​ ក្រសួង​ការបរទេស​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ងឿង​ឆ្ងល់​នោះ​ថា​ ប្រតិកម្ម​របស់​ស្ថាន​បេសកកម្ម​ការទូត​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​យល់​ ឬ​ការ​មិន​ចង់​យល់​អំពី​វិធាន​នៃ​ការ​អនុវត្ត​ក្រម​ព្រហ្មទណ្ឌ​ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

ក្រសួង​ការបរទេស​កម្ពុជា​ បាន​បន្ត​ថា​ ការ​សូកប៉ាន់​សាក្សី ត្រូវ​បាន​ផ្តន្ទា​ទោស​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់​ ហើយ​ជាពិសេស​នៅ​ក្នុង​ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប។​ ការ​ផ្តន្ទា​ទោស​នេះ​ ក៏​មាន​ដូចគ្នា​នៅ​ប្រទេស​កម្ពុជា​ដែរ។​ ក្រសួង​សង្កត់​ធ្ងន់​ថា​ ការ​បដិសេធ​មិន​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ តាម​ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ​ អាច​ត្រូវ​បាន​ផ្តន្ទា​ទោស​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់​ ជាពិសេស​រដ្ឋ​សមាជិក​ទាំង​អស់​នៃ​សហភាព​អឺរ៉ុប។​ នៅ​ប្រទេស​កម្ពុជា​ ក៏​មាន​ដូច​យ៉ាង​នេះ​ដែរ។

​យ៉ាង​ណា​ក៏ដោយ​ មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ព្យាយាម​ការពារ​លោក​ កឹម​ សុខា​ ដែល​មិន​ព្រម​ចូល​ខ្លួន​ទៅ​តុលាការ​នេះ​ ដោយ​ការ​ប្រៀបធៀប​ជាមួយមេដឹកនាំ​កំពូល​កម្ពុជា​បច្ចុប្បន្ន​មួយ​ចំនួន​ដែល​ត្រូវ​បានសាលាក្តី​ខ្មែរក្រហម​ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ តែ​មិន​ព្រម​ចូល​ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ។​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​ប្រៀប​ធៀប​នេះ​ដែរ​ ​ហើយ​អះ​អាង​ថា​ ​ការ​ប្រៀបធៀបសំណុំ​រឿង​ ​លោក​ កឹម សុខា​ ទៅ​នឹង​សាលាក្តី​ខ្មែរក្រហម​ គឺ​ជា​ការ​បន្ទាប​បន្ថោក​សាលាក្តី​ខ្មែរ​ក្រហម៕

XS
SM
MD
LG