វិធានការដាក់ឲ្យពលរដ្ឋរក្សាគម្លាតពីគ្នាក្នុងសង្គមត្រូវអាជ្ញាធរប្រទេសអាល្លឺម៉ង់ពន្យារដល់ថ្ងៃទី ១០ ខែឧសភា នេះបើតាមនាយកខុទ្ទកាល័យរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលបានថ្លែងនៅមុនកិច្ចប្រជុំរដ្ឋាភិបាលមួយ ក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិនិត្យវិធានការនេះឡើងវិញ។
លោកស្រី Merkel និងមេដឹកនាំរដ្ឋនានារបស់អាល្លឺម៉ង់ ក៏នឹងពិភាក្សាអំពីសំណើបើកសាលារៀន និងកន្លែងមើលកូនក្មេង និងការបើកព្រឹត្តិការណ៍កីឡាឡើងវិញ ប៉ុន្តែពួកគេនៅរង់ចាំទិន្នន័យនៅថ្ងៃទី៦ ខែឧសភា ខាងមុខ ដែលនឹងបង្ហាញពីលទ្ធផលនៃការបន្ធូរបន្ថយកន្លងមក មានផលប៉ះពាល់យ៉ាងណាមុននឹងសម្រេចតទៀត។
ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុន បានចាប់ផ្តើមបន្ធូរបន្ថយការបិទសកម្មភាពក្នុងប្រទេស នៅពេលហាងមួយចំនួនត្រូវបានគេអនុញ្ញាតឲ្យបើកឡើងវិញ ដរាបណាពួកគេធានាការអនុវត្តការរក្សាគម្លាតពីគ្នា ប៉ុន្តែលោកស្រី Merkel និងទីប្រឹក្សាបារម្ភថា ការឆ្លងវីរុសអាចកើនឡើងវិញជាលទ្ធផល។
វិទ្យាស្ថាន Robert Koch សម្រាប់ជំងឺឆ្លងរបស់អាល្លឺម៉ង់ និយាយក្នុងថ្ងៃព្រហស្បតិ៍នេះថា អត្រាការចម្លងរបស់វីរុសកូរ៉ូណាមានការថយចុះដោយមានអត្រាមធ្យម ០,៧៦។
រដ្ឋទាំង ១៦ របស់អាល្លឺម៉ង់បានយល់ព្រម កាលពីថ្ងៃអង្គារ ថា សាលារៀននឹងបើកគ្រប់ថ្នាក់ឡើងវិញត្រឹមវិសមកាលពាក់កណ្តាលឆ្នាំនេះ ប៉ន្តែកូនសិស្សត្រូវរៀនជាក្រុមតូចៗ។ ហាងដែលមានទំហំរហូតដល់៨០០ម៉ែត្រការ៉េ អាចឲ្យបើកឡើងវិញ ប៉ុន្តែត្រូវអនុវត្តការរក្សាគម្លាតពីគ្នា។
មកទល់ថ្ងៃព្រហស្បតិ៍នេះ ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីកើនឡើងដល់ជាង ១៦១.០០០ ករណី ដោយមានអ្នកស្លាប់សរុបពីជំងឺកូវីដ១៩ ចំនួន ៦.៤៦៧ នាក់៕