ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វិនិយោគិន បង្កើន​ការ​ផលិត​ ផលិតផល​សរីរាង្គ


រូបឯកសារ៖ ទិដ្ឋភាព​ផ្សារណាត់​លក់​បន្លែ​សរីរាង្គ​ ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​កាលពី​ថ្ងៃ​ទី​ ២០​ ខែកុម្ភៈ​ឆ្នាំ​ ២០១៦​ នៅ​ពី​មុខ​ផ្សារ​កំពង់​ស្ពឺ​ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)

លោក អៀង​​ ​សុធារ៉ា ​និយាយ​ថា​ ​ប្រជា​កសិករ​ខ្មែរ​ នឹង​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ថែម​ទៀត​ ​នៅ​ពេល​​កសិដ្ឋាន​ទាំង​ពីរ​នោះ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ថា​ ​ជា​កសិដ្ឋាន​សរីរាង្គ។

ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ ដែល​ដាំ​ដំណាំ​សរីរាង្គ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រកាស​ជួយ​ជំរុញ​កសិករ​ខ្មែរ​ ឲ្យ​ពង្រីក​ការ​ដាំដុះ​ដំណាំ​សរីរាង្គ​ ​សម្រាប់​ការ​ផ្គត់​ផ្គង់​តម្រូវការ​ក្នុង​ស្រុក​ និង​នៅ​ទីផ្សារ​អន្តរ​ជាតិ។​

ការ​ប្រកាស​ដូច្នេះ​ កើតមាន​ឡើង នៅមុន​ពេល​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​នេះ​ ​ចុះ​កិច្ច​ព្រមព្រៀង​សហការជាមួយ​ភ្នាក់​ងារកិច្ច​សហប្រតិបត្តិ​ការ​អាល្លឺម៉ង់ (GIZ)​ ដើម្បី​ជំរុញ​ឲ្យ​កសិដ្ឋាន​ចំនួនពីរ​ដែល​ផ្ដោត​លើ​ផ្លែឈើ​ និង​បន្លែរបស់​ក្រុមហ៊ុន​ ទទួល​បានវិញ្ញាបនបត្រ​សរីរាង្គ​ នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។​

ក្រុម​មន្ត្រី​ និង​អ្នក​ជំនាញ​កសិកម្ម ​យល់​ថា​ ការ​ជំរុញ​នេះ​ អាច​ធ្វើ​ទៅ​បាន​ជោគជ័យ​ ប្រសិនបើប្រជា​កសិករ​យល់​ព្រម​សហការ​ ដាំដុះ​ដំណាំ​សរីរាង្គ​ ​តាម​ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​កសិករ​ និង​អ្នកបញ្ជា​ទិញ​ ​ព្រោះ​កម្ពុជា​ពុំ​ទាន់​មាន​ការ​កំណត់​បទដ្ឋាន​សម្រាប់​ទទួល​ស្គាល់​ផលិតផល​សរីរាង្គ​ថ្នាក់​ជាតិ​នៅ​ឡើយ​ទេ ហើយ​ការ​ផ្គត់​ផ្គង់​ក៏មិន​ទាន់​អាច​បំពេញ​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​បាន​គ្រប់​គ្រាន់​នោះ​ដែរ។

​លោក​ ​អៀង ​សុធារ៉ា​ ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ បាន​ថ្លែង​ប្រាប់​ ក្រុម​អ្នក​ជំនាញ​កសិកម្ម​ និង​ដៃគូ​សហ​ប្រតិបត្តិ​ការ ​GIZ​ ថា​ ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ នឹង​បើក​ផ្លូវ​ឲ្យ​មានការ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​សម្រាប់​ពិនិត្យ​គុណភាព​កសិកម្ម​ និងកសិផល​ ដែល​ជា​ផ្នែក​មួយ​ ធានា​ដល់​ការ​ធ្វើឲ្យ​កសិដ្ឋាន​ទាំង​ពីរ​របស់​ក្រុមហ៊ុន​លោក​ ​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ។​

លោក​និយាយ​ថា​ ​ប្រជា​កសិករ​ខ្មែរ​ នឹង​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ថែម​ទៀត​ ​នៅ​ពេលកសិដ្ឋាន​ទាំង​ពីរ​នោះ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ថា​ ​ជា​កសិដ្ឋាន​សរីរាង្គ។

លោក ​អៀង ​សុធារ៉ា បន្ត​ថា​ ​ការ​បណ្ដុះបណ្ដាល​កសិករ​ខ្មែរ​ ឲ្យ​ដាំ​ដំណាំ​សរីរាង្គ​នឹង​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ ដើម្បី​ពង្រីក​ផលិតកម្ម​ ការ​ផ្គត់​ផ្គង់​ និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស។

«នៅ​ពេល​នោះ​ កសិផល​របស់​កសិករ​ខ្មែរ​យើង​ ទទួល​បាន​ការ​ទុក​ចិត្ត​អំពី​គុណភាព​ ដែល​នាំ​ឲ្យ​អាច​នាំរក​ទីផ្សារ​ក្នុង​ស្រុក​ និង​ទីផ្សារ​នាំ​ចេញ​បាន​ផង​ដែរ​ ហើយ​ក៏​អាច​រក​ប្រាក់​ចំណូល​ដល់​កសិករ​យើង​ និង​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ»។​

ក្រុម​ហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ កំពុង​ធ្វើ​ការ​ជាមួយក្រុមហ៊ុន​ដាំ​ដំណាំ​សរីរាង្គចំនួន​បី​ផ្សេង​ទៀតដើម្បី​ដំណើរ​ការ​កសិដ្ឋាន​ចំនួន​ពីរ​ ដែល​ទី​មួយ​ ស្ថិត​នៅ​ក្នុង រមណីយដ្ឋាន​ Picnic ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ និង​ទី​ពីរ​ស្ថិត​ក្នុង​ឃុំ​ ជ្រោយស្វាយ​ ស្រុក​ ស្រែ​អំបិល​ ខេត្ត​កោះកុង​។​

​ក្រុម​ហ៊ុន​ ដែល​នឹង​ចេញ​វិញ្ញាបនបត្រ​ដល់​ កសិដ្ឋាន​ទាំង​ពីរ​នេះ​ គឺ​ក្រុម​ហ៊ុន​ Control Unio ជា​បណ្ដាញ​សកល​មួយ ដែលមាន​ជំនាញ​ក្នុងត្រួតពិនិត្យ​ផលិតផល​ជាច្រើន​រាប់​តាំង​ពី​ផលិត​ផល​កសិកម្ម​រហូត​ដល់ឧស្សាហកម្ម។

ក្រុមហ៊ុន​នេះ​មាន​ទី​ស្នាក់​កណ្ដាល​ក្នុង​ប្រទេស​ហូឡង់​ នៃ​សហភាព​អឺរ៉ុប។

ប្រទេស​កម្ពុជា​ បាន​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង​ប្រមាណ​ ៥០​ភាគរយ។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​កសិកម្ម​នៃ​អង្គការ​ CEDAC។ អង្គការ​នេះ បាន​ឲ្យ​ដឹង​ថា កសិករ​ខ្មែរ ​អាច​ផលិត​បាន​បន្លែ​ ៥០​ភាគរយ​ទៀត​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក ប៉ុន្តែ បន្លែ​សរីរាង្គ​ដែល​កសិករ​ខ្មែរ​ផលិត​បាន​ គឺ​មាន​ចំណែក​តែ​៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ផលិតកម្ម​បន្លែ​ក្នុង​ស្រុក​ប្រមាណ​៥០​ភាគ​រយ​នេះ។​

លោក​ ​ហ៊ាន​ វណ្ណ​ហន​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ប្រាប់​ VOA​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការកំណត់​ប្រភេទ​ដំណាំ​សរីរាង្គ​ គឺ​ជា​ដំណើរ​មួយ​ស្មុគស្មាញ​ និង​ទាម​ទារ​ឲ្យ​មានការ​ចូលរួម​ពី​កសិករ​ និង​អ្នកទទួល​ទិញ​ដំណាំ​សរីរាង្គ​នេះ​យក​ទៅកាន់​ទីផ្សារ។​

លោក​មាន​ប្រសាសន៍​ថា​ រាជ​រដ្ឋាភិបាល មិន​ទាន់​កំណត់​ឲ្យ​មាន​បទដ្ឋាន​ទទួល​ស្គាល់​ដំណាំ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ដំណាំ​ធម្មតា​នេះ​ ក្នុង​កម្រិត​ថ្នាក់​ជាតិ​នៅឡើយ​នោះ​ទេ ដោយ​រង់​ចាំ​ការ​ស្រុះស្រួល​គ្នា​មួយ​ពី​ប្រទេស​អាស៊ាន​ទាំង​១០​ ដើម្បី​កំណត់​បទដ្ឋាន​សរីរាង្គ​រួម​មួយ។

លោក​ថ្លែង​ថា​ ក្នុង​គ្រា​ដែល​មិន​ទាន់​មានការ​កំណត់​បទដ្ឋាន​ជាតិ​បែបនេះ​ ក្រុម​អ្នក​វិនិយោគ ដែលចង់​ពង្រីក​ផលិត​កម្ម​ដំណាំ​ប្រភេទ​នេះ​ ត្រូវ​រក​សហការ​ជាមួយ​កសិករ​តាម​ការ​ចុះ​កិច្ច​សន្យាផលិត​ និង​លក់​ទៅ​ទីផ្សារ​ជាក់​លាក់​មួយ។

«អា​ Organic​ ​Farming​ ​ហ្នឹង​ វា​ដើរ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ ​Contract​ ​farming​ ​វា​មិន​អាច​កសិករ​ Individual​ នៅ​សុខៗ​ ​ហើយ​គាត់​ទៅ​ធ្វើ ​Organic​ ម្នាក់​ឯង​ទេ។ វា​ខុស​ពី​សង្វាក់​ផលិត​កម្ម​ធម្មតា​ លុះ​ត្រា​តែ​មាន​ការ​ យក​ល្អ​ចង​ក្រង​ជា​អង្គ​ការ​កសិករ​ ​ហើយ​មាន​ ​Contract​ farming​ ជាមួយ​អ្នកទិញ អា​ហ្នឹង​បាន​គួរតែ​ផលិត ​បើ​មិន​ច្បាស់លាស់​ អា​ហ្នឹង​មិន​គួរ​នឹង​ផលិត​ទេ»។​

លោក គាម​ មករាឌី​ ប្រធាន​ផ្នែក​បរិស្ថាន​ និង​សុខភាព​នៃ​អង្គការ​ ​CEDAC​ ដែល​កំពុង​ដាក់​ឲ្យ​ដំណើរ​ការ​ហាង​លក់​ផលិតផល​សរីរាង្គ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ ប្រាប់​ VOA​ ​ថា​ ការ​ផ្គត់​ផ្គង់ផលិត​ផល​សរីរាង្គ​ ​ជាពិសេស​បន្លែ​សរីរាង្គ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ក្នុង​ស្រុក​នោះទេ។

ហេតុ​ដូច​នេះ​ ​លោក​ថា ការ​នាំ​ចេញ​អាច​ត្រូវ​ប្រើ​ពេល​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត​ សម្រាប់​ក្រុម​ហ៊ុន​សហករណ៍សរីរាង្គ​ខ្មែរ​ ​ដែល​លោក​ជឿ​ថា​ មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការពង្រីក​ការ​ដំា​ដុះ​ដំណាំ​សរីរាង្គ​នេះ។​

លោក​ គាម​ មករាឌី​ ​ថ្លែង​ថា​ ​ CEDAC នឹង​សហការ​ជាមួយ​ក្រុម​អង្គការ​ ឬ​អ្នក​វិនិយោគ​ដែល​មាន​បំណងពង្រីក​វិសាល​ភាព​នៃ​ការ​ដាំដុះ​ដំណាំ​សរីរាង្គ​ដែល​មិន​ប្រើ​សារធាតុ​គីមី​នេះ​ ប្រសិន​បើ​គម្រោង​អភិវឌ្ឍ​ទាំង​នោះ​ មាន​ភាព​ស្មោះត្រង់​ និង​ជួយ​កសិករ​ពិត​ប្រាកដ​នោះ។

«យើង​នៅតែ​មាន​ការ​សហការ​គ្នា​ ក្នុង​ការ​ជំរុញ​នេះ ​ហ្នឹង​គឺ​ឲ្យ​តែ​មាន​ ភាព​ស្មោះត្រង់​ហើយ​និង​ជួយ​កសិករ​ពិតប្រាកដ​អី​អញ្ចឹង​ទៅ​ណា៎»។

អ្នក​ជំនាញ​នៃ​ភ្នាក់​ងារកិច្ច​សហប្រតិបត្តិ​ការ​អាល្លឺម៉ង់ ​(GIZ) មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​ មាន​សក្ដានុពល​ក្នុង​ការ​ពង្រីក​ការផលិត ​ផលិតផល​សរីរាង្គ​ ដោយសារ​តែ​ប្រជារាស្ត្រ​ខ្មែរ​ មាន​បទពិសោធន៍ដាំដុះ​តាម​បែប​បុរាណ​ជា​យូរ​ណាស់​មក​ហើយ។​

ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​ការ​បន្លែ​ជាង​៤០០​តោន​ សម្រាប់​ការ​បរិភោគ​ក្នុង​មួយ​ថ្ងៃៗ។ អ្នក​ជំនាញ​កសិកម្ម​ ថ្លែង​ថា​ កម្ពុជា​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជាប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​ទៀត ​សម្រាប់​ការ​ដាំដុះ​បន្លែ​ធម្មតា​ និង​បន្លែ​សរីរាង្គ​ ដើម្បី​កាត់​បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ដូចជា​ប្រទេស​វៀតណាម​ជាដើម៕​

XS
SM
MD
LG