ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្តត់​ផ្គង់​បន្លែ​សរីរាង្គ​កើន​ឡើង​ទោះ​ជា​បរិមាណ​នៅ​ទាប​ក្តី


​លោក​ ម៉ឺយ លី ជា​អ្នក​ដាំ​បន្លែ​ កំពុង​បង្ហាញ​ពី​របៀប​មើល​ដំណាំ​ដែល​រួញ​​ខូច​ខាត​ដោយ​សារ​ទឹក​សន្សើម​ នៅ​ក្នុង​ភូមិ​បាគង ​ឃុំ​បាគង ​ស្រុក​បាគង​ ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ លោក​ថា​ ទឹក​ភ្លៀង​មិន​ទៀង​ទាត់​បាន​ធ្វើ​ឲ្យ​ដំណាំ​ជា​ច្រើន​ប្រភេទ​របស់​ លោក​ រួម​ទាំង​ត្រ​សក់​ផង​ ត្រូវ​ខូច​ខាត។​ (នូវ​ ពៅ​លក្ខិណា/VOA)
​លោក​ ម៉ឺយ លី ជា​អ្នក​ដាំ​បន្លែ​ កំពុង​បង្ហាញ​ពី​របៀប​មើល​ដំណាំ​ដែល​រួញ​​ខូច​ខាត​ដោយ​សារ​ទឹក​សន្សើម​ នៅ​ក្នុង​ភូមិ​បាគង ​ឃុំ​បាគង ​ស្រុក​បាគង​ ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ លោក​ថា​ ទឹក​ភ្លៀង​មិន​ទៀង​ទាត់​បាន​ធ្វើ​ឲ្យ​ដំណាំ​ជា​ច្រើន​ប្រភេទ​របស់​ លោក​ រួម​ទាំង​ត្រ​សក់​ផង​ ត្រូវ​ខូច​ខាត។​ (នូវ​ ពៅ​លក្ខិណា/VOA)

កសិករ​ដាំ​ដំណាំ​បន្លែ​សរីរាង្គ​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល​របស់​ពួក​គេ​ឲ្យ​បាន​ច្រើន​ឡើង​ថែម​ទៀត​ ដែល​ជា​ប្រយោជន៍​ដើម្បី​ពង្រីក​ការ​ដាំ​បន្លែ​ដែល​មិន​ប្រើ​សារធាតុ​គមី​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។

កសិករ​ដាំ​ដំណាំ​បន្លែ​សរីរាង្គ​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល​របស់​ពួក​គេ​ឲ្យ​បាន​ច្រើន​ឡើង​ថែម​ទៀត​ ដែល​ជា​ប្រយោជន៍​ដើម្បី​ពង្រីក​ការ​ដាំ​បន្លែ​ដែល​មិន​ប្រើ​សារធាតុ​គមី​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។​

ឈរ​នៅ​ក្នុង​កន្លែង​ដាំ​បន្លែ​សាឡាត់​ និង​ប៉េង​ប៉ោះ​ ដែល​មិន​ប្រើ​ថ្នាំ​គីមី​ អ្នក​ស្រី​ ឯម រីម​ វ័យ៥៨​ឆ្នាំ​ ជា​កសិករ​នៅ​ក្នុងឃុំ​ក្រហែង​ ស្រុង​សំរោងទង​ ខេត្ត​កំពង់​ស្ពឺ​ និយាយ​ថា​ ការ​ដាំ​ដំណាំ​បន្លែ​សរីរាង្គ​មិន​ប្រើ​ថ្នាំ​គី​មី​ គឺ​មាន​ការ​លំបាក​ និង​ត្រូវ​មាន​ភាព​អត់​ធ្មត់​ ធៀប​នឹង​ការ​ដាំ​បន្លែ​ប្រើ​ថ្នាំ​គីមី​ ដែល​ងាយ​ទទួល​ផល​ តែ​បង្ករ​គ្រោះថ្នាក់​ដល់​សុខភាព។​ អ្នកស្រី​សើ្ន​សុំ​ឲ្យ​អ្នក​ទទួល​ទាន​បន្លែ​ងាក​មក​គាំទ្រ​ការ​ហូប​បន្លែ​សរីរាង្គ។​ អ្នក​ស្រី​និយាយ​ថា៖

«ចង់​ ចង់​ឲ្យ​គាត់​ទិញ​ឲ្យ​ច្រើន​ ព្រោះ​អ្វី​ដាំ​ពិបាក​ណាស់​ ហើយ​ចង់​ឲ្យ​គាត់​ជួយ​ទិញ​ឲ្យ​ច្រើន​ គាំទ្រ​ឲ្យ​ច្រើន»។​

អ្នក​ស្រី​រៀប​រាប់​ពី​ភាព​ខុសគ្នា​នៃ​ការ​ដាំ​បន្លែ​សរីរាង្គ​ និង​បន្លែ​ប្រើ​ថ្នាំ​គីមី​ថា៖​

«ដាំ​បន្លែ​សរីរាង្គ​ពិបាក​ ពិបាក​វា​ក្រធំ​ បើ​យើង​ដាំ​ដាក់​ជី​គីមី​ វា​រហ័ស​ធំ​ វា​រហ័ស​ស្ទុះ។​ នេះ​ យើង​យ៉ាប់​ក្នុង​ការ​ថែ​ ព្រោះ​អ្វី​វា​អត់​មាន​ជី​ ជី​គីមី​ហ្នឹង​វា​រៀង​ពិបាក​ជាង»។​

អ្នក​ស្រី​បញ្ជាក់​ថា​ បច្ចុប្បន្ន​អ្នក​ស្រី​កំពុង​ដាំ​បន្លែ​លើ​ផ្ទៃ​ដី​ទំហំ​១០អា ​នឹង​ត្រូវ​ផ្គត់​ផ្គង់​ទៅ​ទីផ្សារ​តាម​រយៈ​អង្គការ​កសិកម្ម​មួយ​ ឈ្មោះ​សេដាក​ ទៅ​តាម​តម្រូវ​ការ​នៃ​អ្នក​ទទួល​ទាន​បន្លែ​សរីរាង្គ។ អ្នក​ស្រី​ និង​ក្រុម​ដាំ​បន្លែ​មាន​គ្នា​ប្រមាណ​១០នាក់​ ត្រូវ​ផ្គត់​ផ្គង់​ក្នុង​ចន្លោះ​ពី​១៥​គីឡូក្រាម​ទៅ​ដល់​៦០​គីឡូ​ក្រាម​ ក្នុង​រយៈពេល​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។​ ចំនួន​នៃ​ការ​ផ្គត់​ផ្គង់​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​អ្នក​ផ្គត់​ផ្គង់​បន្លែ​ដូច​គ្នា​នេះ​ នៅ​ក្នុង​ឃុំ​របស់​អ្នក​ស្រី​។ អ្នក​ស្រី​បាន​លះបង់​ចោល​ការ​ដាំ​បន្លែ​ដោយ​ប្រើ​ជីគីមី​នៅ​ឆ្នាំ​២០០៧​ ហើយ​ងាក​មក​ដាំ​បន្លែ​សរីរាង្គ​ចាប់​ពេល​នោះ​មក។​ អ្នកស្រី​និយាយ​ថា​ ការ​ដំា​បន្លែ​ដោយ​ប្រើ​ជី​គីមី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព ​ហើយ​តម្លៃ​ដែល​បាន​មក​ក៏​មាន​តម្លៃ​ថោក​ផង​ដែរ។​

អ្នក​លក់​បន្លែ​ស្រស់​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ
អ្នក​លក់​បន្លែ​ស្រស់​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ

ប្រជា​កសិករ​ខ្មែរ​ដាំដុះ​បន្លែ​សរីរាង្គ​នេះ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​ រួមមាន​ខេត្ត​តាកែវ​ កំពង់​ស្ពឺ​ កំពង់ឆ្នាំង​ និង​សៀមរាប។​ ចំនួន​កសិករ​ដែល​ដាំ​ដំណាំ​នេះ​គឺ​មាន​ប្រមាណ​២៥០​នាក់។​ នៅ​ខេត្ត​ដទៃ ​ដូច​ជា​ខេត្តកំពត​ ព្រៃវែង​ មណ្ឌលគិរី​ និង​ខេត្ត​ក្រចេះ ប្រជា​កសិករ​ខ្មែរ​ចំនួន​ជិត​២,០០០នាក់ ក៏​បាន​ដាំស្រូវ​សរីរាង្គ​ផង​ដែរ ​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដូចជា​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ គាម មករាឌី​ ប្រធាន​ផ្នែក​បរិស្ថាន​ និង​សុខភាព​នៃ​មជ្ឈ​មណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅកាត់​ថា​សេដាក។​

លោក​ថ្លែង​ប្រាប់ VOA ​ថា ការ​ផ្លាស់​ប្តូរ​របស់​កសិករ​ខ្មែរ​ពី​ការ​ដាំដុះ​ដោយ​ប្រើ​ជី​គីមី​ មក​ការ​ប្រើ​ជី​ធម្មជាតិ​ ក៏​ដូច​ជា​ការយល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ទាន​បន្លែ​សរីរាង្គ​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ពង្រីក​ការ​ដាំ​ដុះ​បន្លែ​ប្រភេទ​នេះ​កាន់​តែ​ច្រើន​ទៀត​នៅ​ក្នុង​ពេល​អនាគត។​

«មួយ​ផ្នែក​ទៀត​ ឃើញ​ថា​ កសិផល​សរីរាង្គ​ហ្នឹង​គឺ​អតិថិជន​ ឬ​ក៏​អ្នក​បរិភោគ​គឺ​គាត់​បាន​ យល់​ដឹង​ពី​បញ្ហា​គ្រោះ​ថា្នក់​នៃ​ថ្នាំ​ពុល​ និង​ជាតិ​គីមី។ អញ្ចឹង​គាត់​បាន​ត្រៀម​នូវ​ការ​គាំទ្រ​របស់​គាត់​ ដែល​អាច​ដាក់​ឲ្យ​តម្លៃ​សម​ស្រប​ ហើយ​នឹង​អាច​ថា​ តម្លៃ​បន្ថែម​សម​ស្រប​នឹង​កម្លាំង​ពលកម្ម​របស់​អ្នក​ផលិត​ អញ្ចឹង។​ អញ្ចឹង​ធ្វើ​ឲ្យ​និន្នាការ​នៃ​ការ​ដាំដុះ​តាម​បែប​ធម្មជាតិ​ ឬក៏​សរីរាង្គ​នេះ​ គឺ​មាន​តែ​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​អាច​រក​ទៅ​កសិកម្ម​សរីរាង្គ​ហ្នឹង​កាន់​តែធំ​ទូលំទូលាយ​ទៀត​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​ ក៏​ដូច​ជា​ទី​ផ្សារ​ក្នុង​តំបន់​ និង​ទីផ្សារ​អន្តរជាតិ​ដែរ»។​

លោក​បញ្ជាក់​បន្ថែម​ថា ក្រសួង​កសិកម្ម​បាន​ផ្តល់​ការ​គាំ​ទ្រ​ក្នុង​ផ្នែក​បច្ចេកទេស​សម្រាប់​ជំរុញ​ការ​ដាំដុះ​ដំណាំ​សរីរាង្គ​នេះ។​

«ខាង​ក្រសួង​កសិកម្ម​ មន្ត្រី​ក្រសួង​កសិកម្ម​ក៏​បាន​ជួយ​ជំរុញ​ក្នុង​ការ​ដាំដុះ​នូវ​បច្ចេក​ទេស​ ដែល​មិន​សូវ​ប្រើ​ប្រាស់​ថ្នាំ​ពុល​ និង​ជីគីមី​ហ្នឹង​ដែរ​ ឃើញ​ថា​គាត់​មាន​ការ​គាំ​ទ្រ​ដល់​វិស័យ​កសិកម្ម​សរីរាង្គ​ហ្នឹង»។

លោក​ វុន ចេម​ វ័យ៥៧​ឆ្នាំ​ ដែល​ជា​ប្រជា​កសិករ​ដាំ​បន្លែ​សរីរាង្គ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ បាន​ប្រាប់​VOA ​ផង​ដែរ​ថា​ លោក​រំពឹង​ថា​ កូនៗ​របស់​លោក​នឹង​លះបង់​អាជីព​ជា​កម្មករ​រោង​ចក្រ​ ហើយ​ត្រឡប់​មក​ដាំ​បន្លែ​សរីរាង្គ​នេះ​នៅ​លើ​ដី​ដំណាំ​របស់​លោក។ លោក​និយាយ​ថា៖​

«ខ្ញុំ​ថា​ អាច​ដល់​ថ្ងៃ​អនាគត​ទៅ​វា​ យើង​ចាស់​ខ្លួន​ទៅ​ យើង​អាច​ធ្វើ​ការ​បម្រើ​រោង​ចក្រ​អត់​បាន​ យើង​អាច​មក​ចាប់​អាជីព​ហ្នឹង​ក៏ល្អ​ដែរ។​ ខ្ញុំ​ចង់​ទាមទារ​កូន​មក​ធ្វើ​អញ្ចឹង​វិញ ដល់​ខ្ញុំ​ ដល់​ចាស់​ទៅ​ ដី​ចំការ​ខ្ញុំ​ហ្នឹង​ ចង់​ឲ្យ​វា​ធ្វើ​អញ្ចឹង​ ព្រោះ​របស់​ខ្ញុំ​វា​មាន​ អាង​ដំណក់​ទឹក​អី​ហើយ​ស្រេច។ យើង​ហត់​ថែទាំ​អី​ប៉ុណ្ណឹង​ឯង»។​

លោក​ក៏​ចង់​ឃើញ​មាន​ការ​ពង្រីក​ទី​ផ្សារ​ឲ្យ​កាន់​តែ​ធំ​ឡើង​ថែម​ទៀត​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កសិករ​ដទៃ​ឲ្យ​មក​ដាំបន្លែ​សរីរាង្គ​នេះ​ឲ្យ​កាន់​តែ​ច្រើន​ឡើង។ លោក​ថា​ ការ​ដាំ​បន្លែ​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​លោក​មាន​ភាព​ធូរធារ​ផង​ដែរ។​

«ចំណូល​ជីវភាព​របស់​ខ្ញុំ​រាល់​ថ្ងៃ​ ដូច​ថា​វា​អាច​ គេ​និង​ឯង។ ​វាសម​រម្យ​ វា​មិន​ពិបាក​ពេក​ ហើយ​ក៏​មិន​យ៉ាប់​ពេក​ដែរ»។​

លោក​បញ្ជាក់​ទៀត​ថា​ តម្លៃ​ដែល​បាន​មក​ពី​ការ​លក់​បន្លែ​សរីរាង្គ​ និង​បន្លែ​ប្រើ​ថ្នាំ​គីមី​គឺ​មាន​ភាព​ខុស​គ្នា​ ដោយ​បន្លែ​សរីរាង្គ​ទទួល​បាន​តម្លៃ​ខ្ពស់​សមរម្យ​ជាង​បន្លែ​ប្រើ​ថ្នាំគីមី​ដែល​សម្បូរ​នៅ​តាម​ទីផ្សារ​ទូទៅ។​

អង្គការ​សេដាក​ បាន​ដាក់​ឲ្យ​ដំណើរការ​កន្លែង​លក់​បន្លែ​សរីរាង្គ​នេះ​នៅ​ទីតាំង​៨​ផ្សេងៗ​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​នៅ​ផ្សារណាត់​ក្នុង​ខេត្ត​ចំនួន​បី​ គឺ​ខេត្ត​ត្បូង​ឃ្មុំ​ កំពង់ធំ​ និង​សៀមរាប។​ ផ្សារណាត់​មួយ​ទៀត​ដើម្បី​ផ្គត់​ផ្គង់​កសិផល​ធម្មជាតិ​នេះ​នឹង​ត្រូវ​បង្កើត​នៅ​ខេត្ត​ព្រៃវែង​ ចាប់​ពី​ខែ​មករា​ខាង​មុខ​នេះ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​លោក​ឆាយ សុង​លាង​ ប្រធាន​ផលិតផល​នៃ​ផ្សារ​សហគមន៍​កសិផល​ធម្មជាតិ។​

លោក​និយាយ​ពី​ភាព​ខុស​គ្នា​នៃ​តម្លៃ​បន្លែ​សរីរាង្គ​ និង​បន្លែ​ប្រើ​ថ្នាំ​គីមី​ថា៖​

«ធៀប​ជាមួយ​នឹង​ទីផ្សារ​ទាក់​ទងនឹង​ស្ពៃ​ក្តោប​ ឬ​ក៏​ផ្ការ​ខាត់​ណា​ គឺ​យើង​ទិញ​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ច្រើន ​ដោយសារ​យើង​ឲ្យ​តម្លៃ​ យក​តម្លៃ​សិក្សា​ពី​តម្លៃ​ទីផ្សារ​លក់​រាយ​ហើយ​ យើង​បូក​នឹង​ចំនួន​ទឹក​លុយ​ហ្នឹង​ខ្ទង់​ចំនួន​១,២០០​ទៀត​ ទាក់​ទង​ស្ពៃ​ក្តោប។​ អញ្ចឹង​ឧបមា​ថា​ នៅ​ក្នុង​ផ្សារ​វា​តម្លៃ​២,០០០​[រៀល] ​អញ្ចឹង​តម្លៃ​ដែល​យើង​បូក​ឲ្យ​គាត់​គឺ​ វា​ត្រូវ​បូក​១,២០០​ទៀត​ គឺ​៣,២០០»។​

លោក​ឲ្យ​ដឹង​ថា​ ចំនួន​នៃ​ការ​ផ្គត់​ផ្គង់​បន្លែ​សរីរាង្គ​បាន​បន្ត​កើន​ឡើង​ផងដែរ​ ដោយ​កាល​ពី​ឆ្នាំ​២០១៤​ កសិករ​អាច​ផ្គត់​ផ្គង់​បាន​ចំនួន​តិច​បំផុត​គឺ​ប្រមាណ​១០០​ទៅ​២០០​គីឡូ​ក្រាម ​និង​ច្រើន​បំផុត​គឺ​៦០០​គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។

ក៏ប៉ុន្តែ ឆ្នាំ​នេះ​បរិមាណ​បាន​ឡើង​ដល់​១​តោន​ក្នុង​មួយ​ថ្ងៃ​ បើ​ចំ​ខែ​ដែល​កសិករ​ដាំ​បន្លែ​បាន​ច្រើន។ លោក​ថា​ ខែ​ដែល​មាន​បន្លែ​ផ្គត់ផ្គង់​ច្រើន​គឺ​ពី​ខែ​ធ្នូ​ដល់​ខែមេសា​ ដែល​ជា​ពេល​វេលា​ដែល​អាកាស​ធាតុ​អំណោយ​ផល​ដល់​ការ​ដាំដុះ។

អ្នក​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​ក៏​បាន​នាំ​មក​កម្ពុជា​នូវ​បច្ចេក​វិទ្យា​ដាំដុះ​បន្លែ​សរីរាង្គ​ថ្មីៗ​ផងដែរ។​ បច្ចេក​វិទ្យា​នោះ​គឺ​ការ​ប្រើប្រាស់​ទឹក​ដាក់​ក្នុង​បំពង់ ​ដែល​មាន​ចោះ​រន្ធ​សម្រាប់​ឲ្យ​បន្លែ​លូត​លាស់​ និង​មាន​ប្រើ​ប្រាស់​ជី​ផ្សំ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG