អ្នកជំនាញក្នុងវិស័យកសិកម្ម និងតំណាងកសិករ ដែលបានមើលឃើញពីការអនុវត្តបទដ្ឋានសរីរាង្គនៅក្នុងប្រទេសនានា ដើម្បីទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីក្នុងការដាំដុះ បានផ្ដួចផ្ដើមគំនិតឲ្យមានការកំណត់បទដ្ឋានសរីរាង្គកម្រិតថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា ប្រយោជន៍ការពារផលិតផលសរីរាង្គរបស់កសិករ និងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីសម្រាប់ការបង្កើនផលិតផលកសិកម្ម។
ការស្នើរបស់ពួកគេ កើតមាននៅស្របពេលដែល ចំនួនកសិករដាំដុះស្រូវ និងបន្លែសរីរាង្គ មិនប្រើជាតិគីមី បានបន្តកើនឡើង បើទោះជាចំនួននេះ នៅស្ថិតក្នុងកម្រិតមួយទាបនៅឡើយ បើធៀបទៅនឹងប្រទេសក្បែរខាង និងក្នុងតំបន់ក៏ដោយ។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាអង្គការសេដាក ថ្លែងប្រាប់VOA កាលពីដើមសប្ដាហ៍នេះ នៅក្រៅសមាជប្រចាំឆ្នាំនៃអង្គការសេដាថា ការកំណត់ឲ្យមានបទដ្ឋាន នៃការដាំដុះដំណាំសរីរាង្គនេះ អាចជួយឲ្យកសិករបានចំណេញច្រើនសម្រាប់ការលក់ផលិតផលសរីរាង្គរបស់ពួកគេនៅលើទីផ្សារ និងជួយទប់ស្កាត់មិនឲ្យមានការក្លែងបន្លំ។
«ទីមួយ មានមនុស្សមួយចំនួន គេអត់ជឿ អត់ជឿគាត់ថា គាត់ពិតជាសរីរាង្គមែន អញ្ចឹងកាលណាគាត់ មាន មានការវាយតម្លៃ បញ្ជាក់ថាគាត់ពិតជាសរីរាង្គមែន តាមស្តង់ដូចមុនហ្នឹង ធ្វើឲ្យការជឿជាក់ពីអតិថិជន។ អ្នកបរិភោគ អ្នកទិញផលិតផល មានការជឿជាក់ ទៅលើ លើគាត់ ហើយមួយទៀតក៏កសិករខ្លួនឯង ហ្នឹងអាចការពារខ្លួន ថាខ្លួនពិតជាសរីរាង្គ។ ទីពីរយើង ជួយការពារកុំឲ្យកសិករដទៃ គាត់បន្លំ ឬក៏អ្នកជំនួញដទៃគាត់បន្លំ។ គាត់អះអាង ថាអង្ករគាត់ បន្លែគាត់សរីរាង្គ ឥឡូវ ស្អី ក៏យើងឃើញ មិនអញ្ចឹង»។
លោក ថ្លែងពន្យល់អំពី ការកំណត់នៃបទដ្ឋានសរីរាង្គនេះ យ៉ាងដូច្នេះថា៖
«ក្នុងស្តង់ដារហ្នឹង វា មានចំណុចជាច្រើន។ ទីមួយ គេ ឲ្យនិយមន័យ ស្អីទៅជាកសិកម្មសរីរាង្គ។ ទីពីរ តើចំណុចវិនិច្ឆ័យអ្វីខ្លះ ដែលយើងចាត់ទុកទាក់ទងកសិកម្មសរីរាង្គ ហើយក្នុងហ្នឹងអ្វីខ្លះ ដែលយើងអាចប្រើ និងមិនអាចប្រើ ក្នុងសារធាតុអ្វីខ្លះ ដែលយើងអាចប្រើ និងមិនអាចប្រើ។ តើនៅលើផ្ទៃដីមួយហ្នឹង ថាតើ នៅពេលដែលពីមុនកសិករធ្លាប់ប្រើគីមី ជីគីមីថ្នាំពុលនោះ តើត្រូវការពេលប៉ុន្មានខែប៉ុន្មានឆ្នាំ ដើម្បីអាចប្រកាសថា ដីហ្នឹង ជាដីសរីរាង្គអីចឹងទៅណា៎។ អញ្ចឹង វា មានចំណុចមួយចំនួនហើយ តើធ្វើម៉េចរៀបចំប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងយ៉ាងម៉េច ដើម្បីបញ្ជាក់ថា អាហ្នឹងពិតជាយើងអាចត្រួតពិនិត្យទៅពីលើទៅ វាអាចដឹងថាយើងពិតជាធ្វើតាមប្រព័ន្ធសរីរាង្គហ្នឹងពិតប្រាកដ។ល។»។
ការស្នើឲ្យមានការកំណត់បទដ្ឋានសរីរាង្គ កើតមាន ខណៈដែលប្រជាពលរដ្ឋខ្មែរ ជាច្រើនមានការព្រួយបារម្ភចំពោះគុណភាពផលិតផលកសិកម្មលើទីផ្សារក្នុងស្រុក។
បើទោះជាការកំណត់បទដ្ឋានសរីរាង្គ នឹងជួយដល់កសិករផលិតកសិផលសរីរាង្គក៏ដោយ លោកបណ្ឌិត យ៉ង សាំងកុមារ ដែលនឹងចាកចេញពីអង្គការសេដាក ពុំទាន់អាចបញ្ជាក់បានច្បាស់ទេថា តើការកំណត់នេះនឹងកើតឡើងនៅពេលណា បន្ទាប់ពីការផ្ដួចផ្ដើមគំនិតឲ្យមានបទដ្ឋាននេះ ជាច្រើនឆ្នាំមកហើយ។
លោក ត្រឹមតែបញ្ជាក់ថា ដំណើរការនៃការរៀបចំបទដ្ឋាននេះ កំពុងទៅមុខបណ្ដើរៗ ខណៈដែលក្រសួងកសិកម្ម បានពិចារណាលើការកំណត់បទដ្ឋាននេះដែរ។
ប្រជាកសិករខ្មែរ ដាំដុះបន្លែសរីរាង្គនេះនៅក្នុងខេត្តចំនួនបួន រួមមានខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងសៀមរាប។ ចំនួនកសិករដែលដាំដំណាំនេះ គឺមានប្រមាណ២៥០នាក់។
នៅខេត្តដទៃ ដូចជាខេត្តកំពត ព្រៃវែង មណ្ឌលគិរី និងខេត្តក្រចេះ ប្រជាកសិករខ្មែរចំនួនជិត២,០០០នាក់ ក៏បានដាំស្រូវសរីរាង្គផងដែរ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាដើម។នេះបើយោងតាមការបញ្ជាក់ពីអ្នកជំនាញផ្នែកបរិស្ថាន និងសុខភាពនៃអង្គការសេដាក។
អ្នកស្រី ញ៉ែម សុវណ្ណារី វ័យ ៣៧ឆ្នាំ តំណាងកសិករដាំដុះស្រូវសរីរាង្គ និងបន្លែ នៅក្នុងខេត្តតាកែវ ថ្លែងថា ប្រទេសកម្ពុជា គួរមានការកំណត់ស្តង់ដារសរីរាង្គនេះ ដែលប្រទេសជាច្រើនរួមទាំងប្រទេសក្បែរខាងកម្ពុជាផង បានបង្កើតរួចមកហើយ។
«ស្តង់ដារសរីរាង្គនេះ បើតាមចិត្តខ្ញុំ ខ្ញុំចង់ឲ្យបាន ឲ្យកើតមានឆាប់ៗនេះ ព្រោះអីប្រទេសយើង ជិតចូលអាស៊ានអញ្ចឹងទៅណា៎។ អញ្ចឹងខ្ញុំ ចង់ឲ្យស្តង់ដារសរីរាង្គហ្នឹង ពេញសាយភាយពេញប្រទេសហ្មង នឹកឃើញថា ប្រទេសគេជិតខាង គេពេញនិយមណាស់រឿងសរីរាង្គ គេ ចូលចិត្តរឿងកែប្រែគុណភាពដី។ គេ ចូលចិត្តហ្មង តែចំណែកខ្មែរយើងវិញ មើលទៅវាអត់ទាន់ទូលំទូលាយទេ រឿងខាងសរីរាង្គ មានតាមដុំៗ មានការបណ្ដុះបណ្ដាលតាមខាងរដ្ឋ ឬក៏តាម NGO ផ្សេងៗ គាត់ទើបបាន ចាប់បាន តាមដុំៗទេ វា មិនទាន់សាយភាយពេញទូទាំងប្រទេសទេ»។
នៅក្នុងការជំរុញឲ្យមានការបង្កើនកសិផលសរីរាង្គ អង្គការសេដាក បានដាក់ឲ្យដំណើរការកន្លែងលក់បន្លែសរីរាង្គនេះនៅទីតាំង៨ផ្សេងៗគ្នានៅក្នុងទីក្រុងភ្នំពេញ និងនៅផ្សារណាត់ក្នុងខេត្តចំនួនបី គឺខេត្តត្បូងឃ្មុំ កំពង់ធំ និងសៀមរាប។
ផ្សារណាត់មួយទៀតដើម្បីផ្គត់ផ្គង់កសិផលធម្មជាតិនេះ នឹងត្រូវបង្កើតនៅខេត្តព្រៃវែង ចាប់ពីខែមករាខាងមុខនេះ។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកផ្គត់ផ្គង់ផលិតផលសរីរាង្គ។
ទោះបីជា មានការស្នើឲ្យមានការកំណត់បទដ្ឋាន ឬស្តង់ដារ សម្រាប់ផលិតផលសរីរាង្គ និងការពង្រីកទីផ្សារក៏ដោយ លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៅក្នុងក្រសួងកសិកម្ម ថ្លែងថា ក្រសួង មិនបានផ្ដល់អាទិភាពដល់ការកំណត់បទដ្ឋាននៃផលិតផលសរីរាង្គនោះទេ តែក្រសួងបានផ្ដោតទៅលើបទដ្ឋានអនុវត្តកសិកម្មល្អលើផលិតកម្មបន្លែផ្លែឈើ ឬជាភាសាអង់គ្លេសហៅថា Good Agriculture of Practice (GAP ឬជីអេភី)។
លោកពន្យល់ពីហេតុផលនៃការកំណត់យកបទដ្ឋាននេះថា៖
«តាមអាទិភាពការងារ គឺក្រសួងកសិកម្ម បានរៀបចំស្តង់ដារមួយរួចហើយ ហៅថាស្តង់ដារការអនុវត្តកសិកម្មល្អលើផលិតកម្មបន្លែផ្លែឈើ បានជាខ្ញុំនិយាយពីអាទិភាព ព្រោះថា ផលិតកម្ម ដែលអនុវត្តន៍តាម តាមកសិកម្មល្អនេះ វាល្អជាងសរីរាង្គទៅទៀត ណាស់តែអង្គការសង្គមស៊ីវិល លោកចេះតែមើលរំលង ហើយទៅឲ្យតម្លៃទៅលើសរីរាង្គ ទៅលើផលិតកម្មសរីរាង្គដែលវានៅឆ្ងាយពេក ហើយអត់ប្រយោជន៍អីសោះ ចង់និយាយថា មិនមានប្រយោជន៍អីលើសអំពីផលិតកម្ម តាមបែបអនុវត្តន៍កសិកម្មល្អនេះទេ»។
លោក បន្តឲ្យដឹងពីភាពខុសគ្នានៃ បន្លែដាំតាមប្រព័ន្ធសរីរាង្គ និង GAP ឬ ជីអេភី យ៉ាងដូច្នេះថា៖
«មូលហេតុថា ជីអេភី ផលិតផល ជីអេភី មានលក្ខណៈវិទ្យាសាស្ត្រ បើវាគ្មានសំណល់ជាតិពុល ណាមួយប៉ះពាល់សុខភាព តើចាំបាច់អី ទៅហោះទៅរកសរីរាង្គដែលគ្មានលក្ខណៈវិទ្យាសាស្ត្រសុក្រឹតដូច ជីអេភី។ ជីអេភី នោះគឺ វាសំខាន់បំផុត ដែលនិយាយថា អាហារដែលយើងហូប ល្អបំផុតគឺមិនមាន ដែលយើងជៀសវាង គឺជៀសវាងសារធាតុពុលផ្សេងៗ ដែលមានបន្សំលើសកម្រិតកំណត់នៅក្នុងអាហារ។ ចុះបើអាហ្នឹង វាមានអាហ្នឹងហើយ យើងរកអីទៀត»។
ប៉ុន្តែលោក គាម មករាឌី ប្រធានផ្នែកបរិស្ថាន និងសុខភាពនៃអង្គការសេដាក ថ្លែងថា បទដ្ឋានទាំងពីរនេះ គួរដើរទន្ទឹមគ្នា។
«ខ្ញុំគិតថា នឹងដើរទន្ទឹមគ្នា ព្រោះអីនិន្នាការពិភពលោក គឺគេពេញចិត្តនឹងស្តង់ដារកសិកម្មសរីរាង្គច្រើនជាង ព្រោះអីស្តង់ដារ GAP វាមានបញ្ហាខ្លះដល់ពេលអនុវត្តទៅ គឺនៅសល់កាកសន្សំនូវកាកសំណល់សារធាតុគីមីហ្នឹងនៅក្នុងបន្លែនៅក្នុងផ្លែឈើ។ អញ្ចឹង មានករណីដូចនៅប្រទេសថៃហ្នឹងគឺ សហគមន៍អឺរ៉ុបផ្អាកនាំផលិតផលដែលអនុវត្តតាម GAP ស្តង់ដារ។ អញ្ចឹង ខ្ញុំគិតថា វាកាន់តែមាននិន្នាការទៅរកកសិកម្មសរីរាង្គហ្នឹងហើយ បានវាប្រសើរឡើង»។
លោក បញ្ជាក់បន្ថែមថា ផលិតផលសរីរាង្គមិនប្រើជីគីមី ឬថ្នាំពុល មានលទ្ធភាពផ្ដល់សារធាតុរ៉ែផ្សេងៗ មានសារៈសំខាន់សម្រាប់ទ្រទ្រង់សុខភាព ធៀបនឹងផលិតផលកសិកម្មប្រើថ្នាំគីមី ដែលអាចបង្កជាជំងឺគ្រោះថ្នាក់ដល់សុខភាព។
លោកថ្លែងថា អ្នកទទួលទានផលិតផលកសិកម្ម ប្រើសារធាតុពុល អាចនឹងរងគ្រោះដោយសារជាតិពុល រហូតដល់ការបាត់បង់ជីវិត។ លោក បន្ថែមថាជំងឺមហារីក បានកើតឡើងជាប្រចាំចេញពីការទទួលទានផលិតផលកសិកម្មប្រើសារធាតុគីមី ឬថ្នាំពុលនេះដែរ។
យោងតាមអ្នកផ្គត់ផ្គងផលិតផលសរីរាង្គ ចំនួននៃការផ្គត់ផ្គង់បន្លែសរីរាង្គក្នុងស្រុក បានបន្តកើនឡើង ដោយកាលពីឆ្នាំ២០១៤ កសិករអាចផ្គត់ផ្គង់បានចំនួនតិចបំផុតគឺប្រមាណ១០០ទៅ២០០គីឡូក្រាម និងច្រើនបំផុតគឺ៦០០គីឡូក្រាមក្នុងមួយថ្ងៃ។
ឆ្នាំនេះបរិមាណ បានឡើងដល់១តោនក្នុងមួយថ្ងៃ បើចំខែដែលកសិករ ដាំបន្លែបានច្រើន។ ខែដែលមានបន្លែផ្គត់ផ្គង់ច្រើនគឺពីខែធ្នូដល់ខែមេសា ជាពេលវេលា ដែលអាកាសធាតុអំណោយផលដល់ការដាំដុះ។
រីឯ ចំនួននៃការផ្គត់ផ្គង់អង្ករសរីរាង្គ ក៏មានការកើនឡើងជាលំដាប់ផងដែរ។ នេះបើយោងតាមអ្នកជំនាញ៕