នៅពេលដែលការតវ៉ាប្រឆាំងក្នុងសហរដ្ឋអាមេរិកបន្តអំពីការស្លាប់របស់លោក George Floyd បណ្តាញព័ត៌មានចិនបានផ្តោតសេចក្តីរាយការណ៍របស់ខ្លួនលើភាពចលាចល និងការលួចប្លន់ ក៏ប៉ុន្តែសកម្មភាពទាំងនេះជាផ្នែកមួយនៃសាច់រឿងប៉ុណ្ណោះ។ នេះតាមពួកអ្នកជំនាញ។
ចាប់តាំងពីលោក Floyd អាយុ៤៦ឆ្នាំ បានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិសនៅក្រុងមីនីអាប់ប៉ូលីសកាលពីថ្ងៃទី២៥ ខែឧសភាមក ការតវ៉ាប្រឆាំងបានអំពាវនាវឲ្យមានយុត្តិធម៌ការប្រកាន់ពូជសាសន៍ហើយនិងបញ្ចប់អំពើព្រៃផ្សៃរបស់ប៉ូលិសបានរាលដាលទៅដល់ទីក្រុងជាង៤៣០នៅក្នុងរដ្ឋទាំង៥០ និងរដ្ឋធានីវ៉ាស៊ីនតោនក្នុងសហរដ្ឋអាមេរិក។
បណ្តាញព័ត៌មានរដ្ឋដែលត្រួតត្រាដ៏តឹងរ៉ឹងរបស់ចិន ភាគច្រើនបានផ្តោតលើការធ្វើឲ្យពួកមេដឹកនាំគណបក្សកុម្មុយនិស្តពេញចិត្តគឺការតវ៉ាប្រឆាំងស្មើនឹងភាពចលាចល។
លោក Xijin Hu ជាអ្នកកាសែតចិន និងជាបណ្ណាធិការនៃកាសែត Global Times ដែលជាកាសែតត្រួតត្រាដោយរដ្ឋាភិបាលចិន។ លោកកាលពីពេលថ្មីៗនេះបានចុះផ្សាយនៅលើបណ្តាញគេហទំព័រ Weibo របស់លោកសម្រាប់ជនជាតិចិនដូចគ្នានឹង Twitter ដែរថា «ក្នុងភ្នែករបស់ពលរដ្ឋចិនភាគច្រើន ភាពចលាចលនៅពេលបច្ចុប្បន្ននេះក្នុងសហរដ្ឋអាមេរិកជារង្វាន់មួយសម្រាប់ពួកអ្នកនយោបាយដែលគាំទ្រភាពចលាចលក្នុងក្រុងហុងកុង ដែលពួកគេឥឡូវនេះមានបញ្ហាដូចគ្នា ហើយពលរដ្ឋចិនមានអារម្មណ៍ធូរស្រាល ហើយគិតថា ពួកគេសក្តិសមទទួលដូច្នេះដែរ»។
លោក Robert Daly នាយកនៃវិទ្យាស្ថាន Kissinger ស្តីពីចិន និងសហរដ្ឋអាមេរិកនៃមជ្ឈមណ្ឌល Wilson បាននិយាយថា មូលហេតុអ្វីដែលបានជាសេចក្តីរាយការណ៍ព័ត៌មានរបស់ចិនផ្តោតលើភាពចលាចលក្នុងអំឡុងពេលតវ៉ាប្រឆាំងនោះគឺមួយផ្នែក ពីព្រោះតែនិយមន័យនៃ «ភាពចលាចល» មានលក្ខណៈខុសគ្នាក្នុងវប្បធម៌ចិនខ្លាំងជាងក្នុងសហរដ្ឋអាមេរិក៕