ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ផ្អាក​ការ​សង​បំណុល​របស់​ពលរដ្ឋ ខណៈ​ធនាគារ​ជាតិ​អំពាវនាវ​ឲ្យ​ទប់ស្កាត់​«ការ​ញុះញង់»


រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​កម្ពុជា​រំលាយ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឲ្យ​មាន​ការ​ពន្យារ​ពេល ព្យួរ​ ឬ​ផ្អាក​ការ​សង​បំណុល​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​បាន​ជំពាក់​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រឆាំង​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​ស្រី​ មូរ សុខហួរ អនុប្រធាន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០២០ បាន​សរសេរ​ថា៖​

«ជាមួយ​គ្នានេះ​ត្រូវ​ធានា​កុំ​ឲ្យ​មាន​ការ​រឹបអូស​កម្ម​សិទ្ធិ​លើ​ដី​ធ្លី​និង​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជំពាក់​ធនាគារ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ»។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​គឺ​អង្គការ​លីកាដូ​បានរក​ឃើញ​ថា​ ពលរដ្ឋ​កម្ពុជា​ជាង ​២ ​លាន ​៥​ សែន​ នាក់​ មាន​ជាប់​ជំពាក់​កម្ចី​ខ្នាត​តូច ហើយ​ត្រូវ​រង​គ្រោះ​បន្ថែម​ទៀត​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩។​

កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​កន្លង​ទៅ​ យុវជន​មួយ​ក្រុម​រួម​ទាំង​ព្រះសង្ឃ​ខ្មែរ​ចំនួន​៥​អង្គ​ផង​បាន​នាំ​គ្នា​តវ៉ា​ដោយ​អហិង្សា​តាម​ដង​ផ្លូវ​សាធារណៈ​នៅ​មុខ​អគារ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ក្នុង​ក្រុង​បាត់ដំបង​ដើម្បី​ស្នើ​សុំ​ឲ្យ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ផ្អាក​ការ​បង់​សង​ប្រាក់​កម្ចី​ដល់​ធនាគារ​ ឬ​គ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នៃ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បានអំពាវនាវ​ឲ្យ​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​យកចិត្ត​ទុក​ដាក់​«ដោះ​ស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ប្រកប​ដោយ​ភាព​ទន់ភ្លន់​និង​អនុគ្រោះ»។​ លោក​ថ្លែងដូច្នេះនៅ​ក្នុង​សិក្ខា​សាលាស្តី​ពី​ «កិច្ចគាំពារ​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ស្ថានភាព​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩» ដែល​ធ្វើ​ឡើង​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​ទប់ស្កាត់​សកម្មភាព​ណា​មួយ​«ដែលមាន​ចេតនា​បំពុល​បរិយាកាស​និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម ​និង​អស្ថិរភាព​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា»៕

XS
SM
MD
LG