ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​សង្កេត​សភា​រក​ឃើញ​ថា​ ប្រសិទ្ធភាព​នៃ​សភា​ឯកបក្ស​ធ្លាក់ចុះ


រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

សកម្មភាព​នៃ​ការ​ចុះ​មូលដ្ឋាន​របស់​អ្នក​តំណាងរាស្ត្រ​ដើម្បី​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​និង​ដើម្បី​ពង្រឹង​ផ្ទៃ​ក្នុង​បក្ស ព្រមទាំង​ដើម្បី​អម​ដំណើរ​ថ្នាក់​ដឹកនាំ​កាល​ពីឆ្នាំ​ ២០១៩ ​មាន​លក្ខណៈ​ផុសផុល​ជាង​សកម្មភាព​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ ជាពិសេស​ទំនាស់​ដីធ្លី។​

នេះ​បើ​យោង​តាម​របាយ​ការណ៍​សង្ខេប​នៃ​ការ​សង្កេត​រដ្ឋ​សភា និង​តំណាង​រាស្ត្រ​ឆ្នាំ​ទី​១ ​នៃ​នីតិកាល​ទី​៦ ដែល​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ ​២០២០​ ដោយ​គណៈ​កម្មាធិការ​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ ខុមហ្វ្រែល។​ ​

​របាយ​ការណ៍​អង្គការ​ខុមហ្វ្រែល​ បានរក​ឃើញ​ថា ក្នុង​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ក្នុង​ឆ្នាំ​ទី​១ ​នៃ​នី​តិកាល​ទី​៦​ តំណាងរាស្ត្រ​ភាគច្រើន​បំផុត​ ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​ ១២៥ ​រូប ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ឡើង​បញ្ចេញ​មតិ​ជំទាស់​ រិះគន់ ឬ​សួរ​ដេញ​ដោល​ដោយ​ស៊ី​ជម្រៅ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​មាន​តែ​កោត​សរសើរ និង​គាំទ្រ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។​

រដ្ឋសភា​កម្ពុជា​នីតិកាល​ទី​៦​ គឺ​ជា​រដ្ឋសភា​ដែល​មាន​តំណាង​រាស្ត្រមក​ពី​គណបក្ស​តែ​មួយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ ក្រោយពីការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ ​ចូលរួម​ប្រកួត​ប្រជែង។​

ក្នុង​ឆ្នាំ​ ២០១៩​ រដ្ឋ​សភា​ឯកបក្ស​នេះ​បាន​រៀបចំ​កិច្ច​ប្រជុំ​របស់​ខ្លួន​ចំនួន ​១១ ​ដង និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ១៤។ ចំពោះ​ការ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​នាំ​វិញ រដ្ឋសភា​នីតិ​កាល​ទី​ ៦ ​នេះ​ បាន​កោះ​ហៅ​រដ្ឋមន្ត្រី​តែ​មួយ​គត់​ គឺ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ មក​សាកសួរ ប៉ុន្តែ​ជា​ជាង​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បកស្រាយ​អំពី​ការ​រិះគន់​របស់​សាធារណ​មតិ​ជាតិ ​និង​អន្តរជាតិ​អំពី​អយុត្តធម៌​នៅ​កម្ពុជា ក្រុម​តំណាង​រាស្ត្រ​បែរ​ជា​ឲ្យ​រដ្ឋមន្ត្រី​រូប​នោះ ​ជួយ​បំភ្លឺ​អំពី​ការងារ​ដែល​សម្រេច​បាន ​និង​ផែន​ការ​ទៅ​ថ្ងៃ​ខាង​មុខ​ទៅ​វិញ។ ​នេះ​បើ​ផ្អែក​តាម​របាយ​ការណ៍អង្គការខុមហ្វ្រែល។​

របាយ​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ បាន​សរសេរ​ថា៖​ «ប្រសិទ្ធ​ភាព​សភា​ឯកបក្ស​មាន​ការ​ធ្លាក់​ចុះ បើ​ប្រៀប​ធៀប​ជាមួយ​រដ្ឋសភា​ដែល​ធ្លាប់​មាន​ពហុបក្ស»៕

XS
SM
MD
LG