ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះជាតិ​​បាន​ទទួល​ការ​ផ្តល់​វិភាគទាន​ពី​អ្នកគាំទ្រ​​អំឡុង​ពេល​បាតុកម្ម​អហិង្សា

  • សំ រីណា

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិទទូល​ជំនួយ​មូលនិធិ​ពី​សម្បុរសជន។​
នៅមុន​និង​ក្នុង​អំឡុង​ពេល​មហាបាតុកម្ម​របស់​ខ្លួន​ គណបក្ស​សង្គ្រោះជាតិ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កើន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​នេះ​ ទទួល​បាន​វិភាគទាន​ពី​អ្នក​គាំទ្រ​ដោយ​ស្ម័គ្រ​ចិត្តជិត​១២​ម៉ឺន​ដុល្លារ​អាមេរិក។​ តួលេខ​នេះ​គិត​ក្នុង​រយៈពេល​ប្រាំបី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១០​ខែ​កញ្ញា​និង​ក្នុង​អំឡុង​ពេល​នៃ​មហា​បាតុកម្ម​រយៈ​ពេល​បីថ្ងៃ​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​១៧​ខែ​កញ្ញា។​

អគ្គនាយក​ហិរញ្ញ​វត្ថុ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​គី ​វណ្ណដារ៉ា​ចាត់​ទុក​ថា​ នេះ​ជា​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះជាតិ។​

«ចំពោះ​បរិមាណ​ថវិកា​ដែល​ទទួល​បាន​នេះ​មាន​ចំនួន​ធំធេង​ណាស់​ បើ​ប្រៀប​ធៀប​បាតុកម្ម​ដែល​យើង​ធ្វើ​កន្លង​មក​ ហើយ​តួលេខ​ធំធេង​នេះ​បាន​មក​ពី​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​មកពី​គ្រប់​មជ្ឈដ្ឋាន​ មានតាំង​ពី​ប្រជា​ពលរដ្ឋ​ប្រកប​អាជីវកម្មតូច​តាច​ ដូច​ជា​អ្នក​លក់​ពោត​ នំបញ្ចុក​រហូត​ដល់​មន្រ្តី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ កម្មករ​ កម្មការនី»។​

យោង​តាម​សេចក្តី​ប្រកាស​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃទី​១៨ ​ខែកញ្ញា​ ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ប្រាក់​ឧបត្ថម្ភ​ទាំងជិត​១២​ម៉ឺន​ដុល្លារ​អាមេរិក​នេះ​មាន​ជា​លុយ​ខ្មែរ​ចំនួន​២៤១.៦១៥.៥០០​រៀល ​លុយដុល្លារចំនួន​៥៩.៤៣១​ដុល្លារ​ និង​លុយបាត​១.០០០​បាត។

ក្រៅពីនោះ​មាន​ការ​ឧបត្ថម្ភជា​ទឹក​សុទ្ធ៣១.២៥០​យួរ ហើយ​និង​គ្រឿង​ឧបភោគ​បរិភោគ​ សម្ភារៈ​ផ្សេងៗ​ទៀត។​

លោក​គី ​វណ្ណដារ៉ា ដែលជា​បេក្ខជន​ជាប់ឆ្នោត​តំណាង​រាស្ដ្រ​ប្រចាំ​មណ្ឌល​កំពង់ឆ្នាំង​ បាន​រៀបរាប់​ថា​ ប្រាក់​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ធ្វើ​មហា​បាតុកម្ម​មួយ​ផ្នែក។​

«ធម្មតា​ថវិកា​ដែល​យើង​បាន​មក​នេះ​គឺ​យើង​ប្រើ​ប្រាស់​សម្រាប់​ការ​រៀបចំ​មហា​បាតុកម្ម​ ដូច​ជា ​ការ​ទិញ​សម្ភារៈ​រដ្ឋបាល​ សុវត្ថិភាព​នៅ​ទីកន្លែង​ ចំណាយ​ទៅលើ​ខ្ទង់​ផ្សេងៗ​ ដូចជា​ ធ្វើ​ររោង ​ជួល​អ័រកេស ​ជួល​វីដេអូ ​live​ ផ្ទាល់​ពី​ទីកន្លែង​បាតុកម្ម​ ហើយ​និង​ការ​ទិញ​ឧបភោគ​បរិភោគ​ជូន​បាតុករ​ដែល​ចូលរួម​បាតុកម្ម​នឹង​ផង»។

មហាបាតុកម្ម​អហិង្សា​រយៈ​ពេល​បីរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​បាន​ទាក់ទាញ​ការ​ចូលរួម​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ជាច្រើន​ម៉ឺននាក់។​ពួក​គេ​មួយ​ចំនួន​បាន​អះអាង​ថា​ បាន​លក់​សត្វ​ដែល​ពួក​គេ​ចិញ្ចឹម​ដូចជា​សត្វ​មាន់ ទា ​ឬ​សត្វ​ឆ្កែ​ដើម្បី​យក​សោហ៊ុយ​ធ្វើ​ដំណើរ​មក​ចូល​រួម​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​តាម​ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង។​

លោក​ស៊ឹម​ សុឃឿន​គឺ​ជា​បាតុករ​មួយ​រូប​មក​ពី​ខេត្ត​ពោធិ៍​សាត់។​

«ខ្ញុំ​ចំណាយ​ថវិកា​ផ្ទាល់​ខ្ញុំ​នឹង​ការ​ធ្វើ​ដំណើរ​ ហើយ​ការ​ហូប​ចុក​មួយ​ចំនួន​និង​បាន​មក​ពីការ​លក់​ កន្ទក់ លក់​មាន់​មួយ​ដើម្បីទៅ​ធ្វើ​ការបាតុកម្ម​ហ្នឹង​គឺចង់​បាន​ទី១​ គឺ​ភាព​យុត្តិធម៌»។​

ដំណាល​គ្នា​នឹង​ការ​ធ្វើ​មហា​បាតុកម្ម​ជាលើកទី​២​របស់​គណបក្ស​ប្រឆាំង​នោះ​ មាន​អំពើ​ហិង្សា​យ៉ាង​ហោចណាស់​បី​កន្លែង​កើតឡើង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៥​ខែ​កញ្ញា។ ​បុរស​ម្នាក់ជា​កម្មករ​សំណង់​បាន​ស្លាប់​ដោយសារ​ការ​បាញ់​របស់​ក្រុម​សមត្ថ​កិច្ច​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ប្រជា​ពលរដ្ឋ​ អ្នក​ដំណើរ ​និង​បាតុករ​ជាមួយ​ក្រុម​សមត្ថកិច្ចនៅ​ចំណុច​ស្ពាន​អាកាស​ សង្កាត់​ច្បារអំពៅ​ ខ័ណ្ឌ​មានជ័យ​ ក្រោយ​ពី​មានការ​ស្ទះ​ចររាច​អស់​ជាច្រើន​ម៉ោង ​ដោយសារ​ការ​បិទ​ផ្លូវ​របស់​អាជ្ញាធរ។​

ប្រធានអង្គការ​លីកាដូ​ អ្នក​ស្រី​វេជ្ជ​បណ្ឌិត​ ពុង​ ឈីវ​កេក​ បាន​សង្កេត​ឃើញ​ថា​ ប្រជាពល​រដ្ឋ​មានឆន្ទៈ​ខ្លាំង​ក្លាមួយ​ក្នុងការ​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​
លោកស្រី​អធិប្បាយ​ថា ​ការ​ផ្តល់​វិភាគទាន​របស់​មហាជន​ដល់​គណបក្ស​នេះ​មិនមែន​ជា​ការ​ខុស​ឆ្គង​នោះទេ។

«ប្រជា​ពលរដ្ឋខ្លះ​ស្ម័គ្រ​ចិត្ត​ជូន​ថវិកា​ខ្លះ​ទៅ​គណបក្ស​សង្រ្គោះ​ជាតិ។ ខ្ញុំ​ថា ​អានេះ​មិន​ជា​ខុស​ច្បាប់​អី​ទេ​ ព្រោះ​អីអត់​មាននរណា​ ​ទៅ​បង្ខំ​នរណា​មួយ​ឲ្យ​ប្រគល់​ថវិកា​ លុយ​កាក់​ទៅអ្នក​ណា​មួយ​ទៀត​ទេ»។

អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​គឺ​លោកផៃ​ ស៊ីផាន​វាយ​តម្លៃ​ជា​វិជ្ជមាន​ថា​ ការ​រៃ​អង្គាស​ប្រាក់​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​គណបក្ស​ប្រឆាំង​គឺ​ជា​វប្បធម៌​មួយ​ដែល​បង្ហាញ​ពី​សាមគ្គី​ភាព។

«ចំពោះ​ខ្ញុំ​ ខ្ញុំ​វាយ​តម្លៃ​អា​ហ្នឹង​ការ​សាមគ្គីគ្នា​ ក៏​ប៉ុន្តែ​ដែល​គេ​ចាប់​អារម្មណ៍​គឺ​ចំណូល​នឹង​ចំណាយ។ ​តើ​វា​មាន​គណនេយ្យភាព​ បាន​សេចក្តី​ថា​ មាន​តម្លា​ភាព​ដែរ​ឬ​ទេ?»​

លោក​គី វណ្ណដារ៉ា ​អគ្គនាយក​ហិរញ្ញ​វត្ថុ​គណបក្ស​សង្រ្គោះ​ជាតិ ​អះអាង​ថា ​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​លើ​ថវិកា​វិភាគទាន​ពី​អ្នកគាំទ្រ​និង​សម្ភារៈ​នានា​នោះ៕
XS
SM
MD
LG