ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះអង្គ​ម្ចាស់​នរោត្តម​រណ​ឫទ្ធិ យាង​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ជា​ថ្មី​ម្តង​ទៀត

  • ហេង រស្មី

ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែមករា​ឆ្នាំ២០១៥។

ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណ​ឫទ្ធិ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ព្រះអង្គ​នឹង​យាង​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិចជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពីព្រះ​អង្គ​ត្រូវ​បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​ចេញ​ពី​គណបក្ស​នេះ​កាល​ពី​៩​ឆ្នាំ​មុន។​ ក៏ប៉ុន្តែ ​គណបក្សសង្គម​រាស្ត្រ​រាជាធិបតេយ្យ​របស់​ព្រះ​អង្គនឹង​មិន​រំសាយ​ចោល​ទេ​គឺ​ព្រះ​អង្គ​គ្រោង​នឹង​ស្នើ​សុំ​ឲ្យក្រសួង​មហាផ្ទៃ​ផ្អាក​ជា​បណ្តោះ​អាសន្ន​សិន។

មាន​បន្ទូលប្រាប់​ក្នុង​អង្គ​សន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់​ ក្រុង​ភ្នំពេញ​ ​ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ មូល​ហេតុ​ចម្បងបំផុត​ដែល​ព្រះ​អង្គ​សម្រេចធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​គឺដើម្បី​បង្រួប​បង្រួម​កម្លាំងអ្នក​ស្នេហា​ជាតិ​ អ្នក​ស្រឡាញ់​រាជា​និយម​ឲ្យមក​រួបរួម​គ្នា​ដើម្បី​ប្រទេស​ជាតិ។​

ព្រះ​អង្គ​បញ្ជាក់​ថា៖​ «ធំបំផុត​មុន​គេ​ប្រមែ​ ប្រមូល​អ្នក​ជាតិ​និយម​ អ្នក​សីហនុ​និយម​ទាំង​អស់​ជា​កម្លាំងជាតិ​ឡើង​វិញ​ រួបរួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ»។​

អ្នក​ស្រី​មួរ សុខហួរ ​អ្នក​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណ​ឫទ្ធិ​មិន​អាច​ស្តារ​ប្រជា​ប្រិយភាព​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ឡើង​វិញ​បាន​ទេ​ ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ធ្លាប់​បាន​បោះ​ឆ្នោត​ថ្វាយ​ព្រះ​អង្គ​ តែ​នៅ​តែមិនអាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​បាន​ដដែល។​

លោក​ស្រី​បាន​អះអាង​ថា ​ការយាង​មក​ធ្វើ​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នេះ​ទំនង​ជា​មាន​ការ​យល់​ព្រម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក​ស្រី​និយាយ​ថា៖​ «គឺ​ថា​មាន​ការ​ទូរស័ព្ទ​អប​អរ​សារទរ​ពី​សម្តេច​នាយក​ហើយ​លោក​ញ៉ឹក ប៊ុនឆៃ​ក៏​មាន​ប្រសាសន៍​អញ្ចឹង​ដែរ។​ ដូច្នេះ​យើង​មិន​បាច់​ឆ្ងល់​ច្រើន​ទេ»។​

ព្រះ​អង្គម្ចាស់​នរោត្តម​រណ​ឫទ្ធិ​បាន​បញ្ជាក់​ថា​ ព្រះ​អង្គ​វិល​មក​កាន់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​សារ​ជាថ្មី​នេះ​មិនមាន​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​ណាម្នាក់​ទេ​គឺ​ជា​ការ​សម្រេចព្រះ​ទ័យ​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។​

ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ធ្វើ​បក្ស​ប្រហារ​បណ្តេញ​ព្រះ​អង្គ​ចេញ​ពី​ប្រធាន​គណបក្ស​កាល​ពី​ឆ្នាំ​២០០៦។​ ​ព្រះ​អង្គ​ក្រោយ​មក​បាន​សម្រេចបង្កើត​គណបក្ស​ជា​បន្ត​បន្ទាប់​ ហើយ​ចុង​ក្រោយ​នេះ​បង្កើត​គណបក្ស​សង្គម​រាស្រ្ត​រាជាធិបតេយ្យ។​

ក្នុង​ព្រះ​ជន្ម​៧១​ព្រះ​វស្សា​ សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​មាន​បន្ទូល​ថា​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច​ថ្មី​នេះ​នឹង​មាន​រចនា​សម្ព័ន្ធ​ ប្រធាន​គណបក្ស​មួយ។​ ​ សម្តេច​ព្រះរាជ​បុត្រី​ព្រះអនុជ​អរុណ​ រស្មី​គ្រោង​នឹង​ត្រូវ​តែង​តាំង​ជា​អនុ​ប្រធាន​ទី​១​ ហើយ​លោកញឹក ប៊ុនឆៃជា​អនុប្រធាន​ទី២។​

គណបក្ស​ថ្មី​នេះ​មិន​មាន​អគ្គ​លេខាធិការទេ​គឺ​មាន​តែ​អគ្គលេខាធិការ​ប្រតិបត្តិ​ ដែល​ជាបុគ្គល​របស់​ប្រធាន​គណបក្ស។​

ព្រះ​អង្គ​មាន​បន្ទូលថា ​គណបក្ស​ថ្មី​នឹង​ផ្លាស់​ប្តូរ​រូប​សញ្ញា​របស់​គណបក្សបាវចនា​របស់​គណបក្ស​ តែ​នៅ​ប្រើ​ឈ្មោះ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដដែល​ ហើយ​នៅ​ថ្ងៃទី​១៩​ខាង​មុខ​នេះ​នឹង​ធ្វើ​សមាជ​ដើម្បី​ប្រកាស​ជា​ផ្លូវ​ការ។​

ព្រះ​អង្គបាន​បញ្ជាក់​ថា ​ចន្ទុល​សម្រាប់​ដោះ​ស្រាយ​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យមាន​សុខ​សន្តិភាព​នៅ​ក្នុង​សង្គម​មាន​តែ​គណបក្ស​ពីរ​តែ​ប៉ុណ្ណោះ​គឺ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​គណបក្ស​ប្រជាជន​កម្ពុជា។​

គណបក្ស​ហ៊្វុនស៊ីនប៉ិច​បាន​ធ្លាក់​ចុះ​សំឡេងពី​៥៣អាសនៈ​ក្នុង​ឆ្នាំ​១៩៩៣​មក​គ្មាន​អាសនៈនៅ​ឆ្នាំ​២០១៣​ ដោយសារ​តែ​គណបក្ស​នេះ​បាន​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ។ ​

ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ គណបក្ស​ហ៊ុនស៊ីនប៉ិច​ថ្មី​នេះ​នឹង​ទទួល​បាន​២៦​អាសនៈ​ក្នុង​ការ​បោះ​ឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕​

XS
SM
MD
LG