ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ក្រុងភ្នំពេញ​បន្ត​សវនាការ​លើ​សំណុំរឿង​ហិង្សា​ក្បែរ​សួន​ប្រជាធិបតេយ្យ


រូបឯកសារ​នៃ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ។

តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃ​អង្គារ​នេះ​បាន​បន្តបើក​សវនាការ​ជំនុំ​ជម្រះ​ក្រុម​សកម្ម​ជន​នយោ​បាយ​នៃ​គណបក្សសង្រ្គោះជាតិ​ទាក់​ទង​នឹង​ករណី​បាតុកម្ម​ហិង្សា​ដែល​បាន​កើតឡើង​នៅក្បែរ​ទីលាន​ប្រជា​ធិប​តេយ្យ​កាល​ពីខែ​កក្កដាឆ្នាំ​២០១៤​កន្លងទៅនេះ។

នៅក្នុង​សវនា​ការ​ថ្ងៃនេះ​ដែរ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បញ្ចប់​ការ​សួរ​ដេញ​ដោល​ទៅលើ​សកម្មជន​នយោ​បាយបានតែមួយរូប​ប៉ុណ្ណោះ​ ក្នុង​ចំណោម​សកម្មជន​នយោបាយ​ទាំង​៦រូប​នៃ​គណបក្ស​ប្រឆាំង​មួយ​នេះ​ ដោយ​សារ​តែ​ជន​ជាប់​ចោទ​មួយ​រូប​មាន​បញ្ហា​សុខភាព​បាន​ស្នើសុំ​ប្រធានក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រាក​នៅ​មុនពេល​បើកសវ​នា​ការ។​

លោក​ មាជ សុវណ្ណរ៉ា​ ​ប្រធាន​នាយក​ដ្ឋាន​ព័ត៌​មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​អង្គសវនា​ការ​ដែល​ធ្វើ​ឡើង​ប្រហែល​ជាជាង​មួយ​ម៉ោង​នៅពេល​ព្រឹក​ និងជិត២ម៉ោង​នៅពេល​រសៀល​បាន​ថ្លែង​ប្រាប់អ្នក​សារព័ត៌មាន នៅក្រោយ​ពេល​បញ្ចប់​ការ​សួរ​ដេញដោល​ថា​ ភាពយឺតយ៉ាវ​នៃ​សវនា​ការ​នេះ​មិនមែន​បណ្តាល​មក​ពី​បញ្ហា​សុខ​ភាពរបស់​ជន​ជាប់​មួយ​រូប​នោះ​ទេ គឺ​មក​ពី​តុលាការមាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សួរ​ដេញ​ដោល​ដោយ​សារ​សំណុំរឿងនេះ​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោ​បាយ ហើយ​តុលាការ​ក៏​មិនបានយកចិត្ត​ទុក​ដាក់​ក្នុង​ការ​ពន្លឿន​សវនាការ​នេះទេ។​

លោកមានប្រសាសន៍ថា៖

«វាពិបាក​សន្និដ្ឋាន​ប៉ុន្តែ​តុលាការ​ធ្វើនេះគាត់​ដូច​ជា​ប្រយ័ត្នប្រយែង​ទាក់​ទង​ទៅនឹង​ស្ថានភាព​ ព្រោះ​រឿង​នេះវា​រឿង​នយោបាយ។ ប៉ុន្តែ​ត្រង់​ថា​រឿង​នយោបាយឬក៏គំនាប​តុលាការ​ឬ​ក៏ថ្នាក់​ដឹក​នាំ​អី​ក្រោយពី​ការ​បញ្ជា​ការ​កាត់​ទោស​ ក្រោយ​ពី​វប្បធម៌​សន្ទនាអី​ហ្នឹង​ ជារឿង​របស់​អ្នក​នយោបាយ​។ ប៉ុន្តែ​គ្រាន់​ថា​យើង​ជា​ជន​ជាប់​ចោទ​នេះ​វាពិបាកក្នុង​ចិត្ត កាត់​ដូច​លេង​សើចអ​ញ្ចឹង​ដូច​ខាត​ពេល​វេលា»។

លោកបន្តថា​ដំណើរយឺតយ៉ាវ​នៃ​សវនាការ​នេះ​ធ្វើ​ឲ្យ​រូបលោកនិង​ជន​ជាប់​ចោទ​ឯទៀត​រស់នៅ​គ្មាន​សិទិ្ធ​សេរីភាព​ទោះជា​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ក៏ដោយ​ ដោយ​លោក​ពន្យល់​ថា៖

«យើង​ពិបាក​ក្នុង​ចិត្ត​ថា​គ្មាន​សេរីភាព​នៅ​តែទាក់​ទាមៗ​ទៅ​ណា​ឆ្ងាយ​មិន​បានហ្នឹង​ គឺ​ថា​វិលវល់ៗ​ដូច​ខ្មោច​មិន​ទាន់​ទៅ​ចាប់​ជាតិអញ្ចឹង»។

នៅមុន​ការ​ចាប់​ផ្តើម​សវនាកា​រកាល​ពីពេល​ព្រឹកនេះ​ លោក​ អឿ ណារិត ប្រធាន​ចលនា​មហាជន​នៃ​គណ​បក្ស​សង្គ្រោះជាតិ និង​ជំនួយ​ការ​ អ្នក​តំណាងរាស្រ្ត​ មូរ សុខហួរ​ បាន​សុំការ​អនុញ្ញាត​ទៅផ្ទះសម្រាក​ដោយលោកមិនស្រួល​ក្នុងពោះ​។ ក្រោយពី​ពិភាក្សា​ប្តូរ​យោបល់​អស់​ជិត​កន្លះ​ម៉ោង​ រវាង​តំណាង​អយ្យការ​មេធាវីដើមចោទ​និងចុងចោទ ជាមួយ​នឹង​ក្រុមប្រឹក្សា​ជំនុំជម្រះ​រួច​មក​ លោក​ អឿ ណារិត​ត្រូវ​បាន​អនុ​ញ្ញាតឲ្យត្រឡប់​ទៅ​ផ្ទះ​និងបង្គាប់​ឲ្យវិល​មក​វិញ​នៅថ្ងៃ​រសៀល។​

ក្រុមប្រឹក្សា​ជម្រះ​ក៏​បន្ត​សួរដេញ​ដោល​ លោក សាន​ គឹម​ហេង​ ប្រធាន​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងខណ្ឌ​ទួល​គោក​នូវសំណួរស្រដៀង​គ្នា​ដែលត្រូវបាន​ចោទ​សួរ​ដោយ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ទៅ​លើ​ជនជាប់​ចោទ៥រូបកាល​ពី​សប្តាហ៍មុន​អំពីមូល​ហេតុ​អ្វី​បានជាចូល​រួម​ក្នុង​ការតវ៉ា​នៅ​ក្បែរ​ទីលាន​ប្រជា​ធិប​តេយ្យ ​ខណៈដែល​អាជ្ញាធរ​កម្ពុជា​បិទទីលាន​នេះ​បណ្តោះ​អាសន្ន​នាពេល​នោះ​ ហើយ​នឹង​មូលហេតុ​នានា​អំពីការប្រើ​ក្រណាត់​សញ្ញាពណ៌ដែល​មាន​នៅលើ​ខ្លួន​អ្នក​ចូលរួម​ការតវ៉ា​ និងឬសគល់​នៃ​ការប៉ះទង្គិចគ្នា​នាពេល​នោះ។

បន្ទាប់​ពីការ​សួរដេញ​ដោល​ លោក​សាន គឹមហេងដែល​ជាសមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌទួល​គោក​ផង​ដែរនោះ​ តុលាការបាន​ប្រកាស​បន្តបើក​សវនាការ​ម្តងទៀត​នៅថ្ងៃ​ទី​៣​ខែមិថុនា​ខាងមុខនេះ។​

លោក សាន​ គឹមហេង​ ​គឺជាសកម្មជនម្នាក់​ស្ថិត​នៅក្នុង​ក្រុម​សកម្ម​ជនគណបក្ស​សង្គ្រោះជាតិ​ចំនួន​១១រូប​ដែល​ត្រូវបាន​តុលាការ​ចោទ​ពីបទ​ចូល​រួម​ និង​ដឹក​នាំ​កុប្ប​កម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ បន្ទាប់​ពី​អំពើ​ហិង្សា​មួយ​នៅ​ក្បែរ​ទីលាន​ប្រ​ជាធិបតេយ្យ​នា​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ឆ្នាំ​២០១៤។​ មាន​មនុស្ស​ជាង​៤០​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិប​តេយ្យ​នោះ​។ ​ភាគ​ច្រើន​នៃ​អ្នក​រង​របួស​គឺ​ជា​កង​សន្តិ​សុខ៕

XS
SM
MD
LG