មួយថ្ងៃក្រោយពីការចាប់ខ្លួនលោកមាជ សុវណ្ណារ៉ា ដែលអ្នករិះគន់ឥតសំចៃទៅលើរបបគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងប្រកាសទាមទារឲ្យដោះលែងលោកដោយឥតលក្ខខណ្ឌ។
លោកមាជ សុវណ្ណារ៉ា អនុប្រធានក្រុមការងារប្រចាំខេត្តបន្ទាយមានជ័យ និងជាប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួននៅតាមបណ្តោយផ្លូវ នរោត្តមកាលពីថ្ងៃអង្គារម្សិលមិញនេះ ក្នុងខណៈពេលដែលលោកកំពុងធ្វើដំណើរទៅកាន់ទីស្នាក់ការគណបក្ស។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយបានស្តីបន្ទោសថា ការចាប់ខ្លួនលោកមាជ សុវណ្ណារ៉ានោះ គឺគណបក្សប្រជាជនកម្ពុជាបានរំលោភទៅលើស្មារតីនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ខែកក្កដារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។
លោកមាជ សុវណ្ណរ៉ាត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ៖«ដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា។
ប្រសិនបើតុលាការរកឃើញថា លោកមានទោស លោកមាជ សុវណ្ណរ៉ាអាចប្រឈមមុខក្នុងការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំតាមមាត្រាទី៤៥៩ មាត្រាទី៤៩៥ មាត្រាទីទី២៨ និងមាត្រាទី២១៨នៃក្រមព្រហ្មទណ្ឌថ្មី។
ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយVOA សំឡេងសហរដ្ឋអាមេរិកនៅឯមន្ទីររដ្ឋសភា លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ការចាប់ខ្លួនលោកមាជ សុវណ្ណារ៉ានេះលោកមិនអាចទទួលយកបានទេ។
លោកបានបញ្ជាក់ថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទនៅថ្ងៃនេះដើម្បីស្វះស្វែងស្នើសុំឲ្យដោះលែងលោកមាជ សុវណ្ណារ៉ា។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីលទ្ធផលនៃជំនួបតាមទូរស័ព្ទនេះទេ។
លោកនិយាយថា៖ «យន្តការសន្ទនាគ្នាហ្នឹងគឺតាមទម្លាប់ លោកហ៊ុន សែន ដោយសារគាត់នាយករដ្ឋមន្ត្រី គាត់រវល់កិច្ចការ គាត់បានថា ឲ្យលោកសម រង្ស៊ីហ្នឹងទាក់ទងជាមួយលោកស ខេង។ ជាទូទៅអញ្ចឹង។ ហើយនេះជាជំហ៊ានទីមួយសិន ហើយបានម៉េចៗ លោកស ខេងទាក់ទងទៅលោកហ៊ុន សែន។ លើកលែងតែពេលណាមានពេលវេលាដោះមិនចេញ ឬមានបញ្ហាអ្វីគឺលោកសម រង្ស៊ីជួបផ្ទាល់ជាមួយលោក ហ៊ុន សែន។ នេះជាយន្តការដែលគាត់ធ្លាប់ធ្វើកន្លងមក»។
វីអូអេបានព្យាយាមទាក់ទងលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំការបំភ្លឺថាតើ លោកបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកសម រង្ស៊ីដែរឬយ៉ាងណា តែមិនអាចទាក់ទងបាន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់អ្នកកាសែតថា មេដឹកនាំទាំងពីរកំពុងដំណើរការរឿងនេះ។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លទ្ធផលនៃជំនួបនេះទេ។
លោកចាន់ ចេន មេធាវីការពារក្តីលោកមាជ សុវណ្ណារ៉ាមានប្រសាសន៍ថា លោកបានដាក់ពាក្យទៅតុលាការក្រុងភ្នំពេញដើម្បីស្នើសុំឲ្យកូនក្តីរបស់លោកបាននៅក្រៅឃុំបណ្តោះអាសន្នហើយ ក៏ប៉ុន្តែតុលាការមិនទាន់មានការឆ្លើយតបនៅឡើយទេ។
លោកនិយាយថា៖ «ចៅក្រមស៊ើបសួរមិនគួរយកកូនក្តីខ្ញុំទៅឃុំខ្លួនបណ្តោះអាសន្នទេ ពីព្រោះកូនក្តីខ្ញុំទីមួយមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ។ ទី២ទៀត គាត់មានអាស័យដ្ឋានច្បាស់លាស់ ហើយទី៣ គាត់មានមុខរបរត្រឹមត្រូវ គាត់មានក្រុមគ្រួសាររបស់គាត់ ហើយគាត់ជាបញ្ញវ័ន្តនៅក្នុងប្រទេសកម្ពុជាយើង»។
វីអូអេបានព្យាយាមទាក់ទងដើម្បីស្នើសុំសេចក្តីអត្ថាធិប្បាយពីលោកកែវ មុន្នី ចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញ តែមិនអាចទាកទងបានទេ ដោយសារទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានរំលោភលើកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ ខែកក្កដានោះ គណបក្សប្រជាជនកម្ពុជាបានបញ្ចេញប្រតិកម្មបំភ្លឺតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិវិញភ្លាមៗថា ករណីឃុំខ្លួនលោក មាជ សុវណ្ណារ៉ាជាចំណាត់ការតាមផ្លូវច្បាប់គឺពុំមានទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឡើយ។
គណបក្សប្រជាជនកម្ពុជាជំរុញឲ្យគណបក្សសង្គ្រោះជាតិប្រុងប្រយ័ត្នក្នុងការចេញសេចក្តីថ្លែងការណ៍ហើយចាត់ទុកថា សេចក្តីថ្លែងការណ៍របស់គណបក្ស សង្គ្រោះជាតិជាការចោទប្រកាន់គ្មានមូលដ្ឋានលើគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការឃុំខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិនិងមនុស្សមួយចំនួនទៀតនោះ៕