ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​បាន​ផ្អាក​ការ​សាកសួរ​សកម្មជន​បក្ស​ប្រឆាំង​រឿង​បាតុកម្ម​ហិង្សា


មន្ត្រី​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ដើរ​កាត់​មុខ​តុលាការក្រុង​ភ្នំពេញ​នៅ​រាជធានី​ភ្នំពេញនៅ​ថ្ងៃសុក្រ ទី៣០ ខែ​ឧសភា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)​

តុលាការ​ក្រុងភ្នំពេញ​បានបញ្ចប់​សាវនការសួរ​ដេញដោល​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥រូបក្នុង​ចំណោម​១១រូប នៅ​ថ្ងៃ​អង្គារនេះ ទាក់​ទង​នឹង​សំណុំរឿង​អំពើហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​បាន​សម្រេច​បន្ត​សាវនការ​ទៅថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ទៀត។

នៅក្នុង​សាវនការ​ដែល​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​នេះ​ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ចោទ​សួរជនជាប់​ចោទ​៥រូប​ដំបូង ​ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ​ដែល​ពួកគេ​បាន​ផ្តល់​នៅក្នុង​ដំណាក់កាល​ស៊ើបសួរ​ទាក់​ទង​នឹង​ករណី​អំពើ​ហិង្សា ដែល​បាន​កើត​ឡើង​កាល​ពីថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ២០១៤​កន្លង​ទៅ​នេះ។​

សកម្មជន​ទាំងនោះ​រួមមាន​លោក​ អឿ ណារិត​ ប្រធាន​ចលនា​មហាជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយ​ការ​អ្នក​តំណាង​រាស្រ្ត មូរ​ សុខហួរ​ និង​លោក​ ឃិន ជំរឿន ​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ។

​លោក​ទាំងពីរ​ត្រូវ​បាន​មេធាវី​ដើម​បណ្តឹង​សួរ​ពី​ទំនាក់​ទំនង​ ដែល​ពួកគេ​ធ្លាប់​មាន​ នៅ​មុន​ពេល​អំពើ​ហិង្សា​នេះ​កើត​ឡើង​ ខណៈពេល​ដែល​ជន​ជាប់ចោទ​បីរូប​ទៀត ​រួមទាំង​យុវជន​សង្គ្រោះជាតិ​មួយរូប​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ចោទ​សួរ​អំពី​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ហិង្សា​ដដែល​នោះ​។

បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)
បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)

នៅក្នុង​ការ​ជជីក​សួរ​ដេញ​ដោល​នេះ ​លោក​មេធាវី​ ចេង ប៉េងហាក់​ ដែល​ជា​មេធាវី​ដើម​បណ្តឹង​តំណាង​ឱ្យ​សនិ្តសុខ​រងគ្រោះ​៣៩នាក់​ បាន​សួរ​សង្កត់​ទៅ​លោក ឃិន ជំរឿន អំពី​វត្តមាន​របស់​លោក ​នៅក្នុង​ការ​ប្រជុំ​មួយ​ដែល​លោក​ អឿ ណារិត​ បាន​ចូលរួម​នៅ​មុន​ថ្ងៃ​កើត​ហេតុ។​

លោក ឃិន ជំរឿន​ បាន​ឆ្លើយ​តប​ថា​ ៖«ខ្ញុំ​មិន​បាន​ចូលរួម​ប្រជុំ​មុន​ថ្ងៃ​១៥​ កក្កដា​ទេ។ ស្គាល់​ អឿ ណារិត​ តែ​មិន​ច្បាស់​»។ ​

​ក្រោយ​មក​លោក​មេធាវី​ ចេង ប៉េងហាក់​ បាន​ប្រាប់​ទៅ​លោក ឃិន ជំរឿន ថា៖ «ប៉ុន្តែ​លោក អឿ ណារិត ថា​ស្គាល់​លោក​ច្បាស់​។ ហៅ អឿ ណារិត​ មក​សួរ​តទល់​ ព្រោះ ​អឿ ណារិត​ ​បាន​ឆ្លើយ​ទាក់​ទង​ ឃិន ជំរឿន»។

នៅ​ពេល​ដែល​លោក អឿ ណារិត ដើរ​ចូល​ក្នុង​បន្ទប់​សាវនការ​ លោក​គ្រាន់​តែ​ត្រូវបាន​សួរ​ឲ្យ​ឆ្លើយ​ថា តើ​ពិត​ជា​ស្គាល់​ លោក ឃិន ជំរឿន​ ឬទេ ហើយ​គ្មាន​ការ​ជជែក​តទល់​គ្នា​ដែរ។​

លោក អឿ ណារិត​ ដែល​ជួប​ប្រជុំ​ជាមួយ​លោកស្រី មូរ សុខហួ​ និង​លោក​ ហូ វ៉ាន់​ នៅព្រឹក​ថ្ងៃ​ទី១៤​ ខែកក្កដា​ ឆ្នាំ២០១៤នោះ​ បាន​ឆ្លើយ​ថា​ ៖ «ខ្ញុំស្គាល់​ [លោក ឃិន ជំរឿន]​ ប្រហែល​មួយ​ឆ្នាំ​ជាង»។

លោក​មេធាវី ចេង ប៉េងហាក់​ ក៏បាន​បញ្ចប់​ការ​ចោទ​សួរ​ បន្ទាប់​ពី​លោក ឃិន ជំរឿន​បដិសេធ​ដាច់​អហង្កាថា​ លោក​មិន​បាន​មាន​វត្តមាន​ក្នុងការ​ប្រជុំ​ជាមួយ​លោក អឿ ណារិត​ និង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​គឺលោក​ស្រី មូរ សុខហួ​ និង​លោក ហូ វ៉ាន់ ទេ។​

ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បន្ត​ដេញដោល​សួរ​ជន​ជាប់​ចោទ​ទាំង៥​រូប​ អំពី​មូល​ហេតុ​ក្នុង​ការ​ចូល​រួម​ការ​តវ៉ា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ​ខណៈ​ដែល​អាជ្ញាធរ​កម្ពុជា​បិទ​ទីលាន​នេះ​បណ្តោះ​អាសន្ន​នា​ពេល​នោះ​ ហើយ​នឹង​មូលហេតុ​នានា​អំពី​ការ​ប្រើ​ក្រណាត់​សញ្ញាពណ៍​ ដែល​មាន​នៅលើ​ខ្លួន​អ្នក​ចូលរួម​ការតវ៉ា​ និង​ឫសគល់​នៃ​ការ​ប៉ះទង្គិច​គ្នា​នា​ពេល​នោះ។

​តាំងពី​ការ​ចាប់​ផ្តើម​នៃ​ការ​ដេញ​ដោល​សួរ​រហូត​ដល់​ចុង​បញ្ចប់​នៃ​សាវនការ​ សកម្មជន​នយោបាយ​ជាប់​ចោទ​ទាំង៥​រូបនេះ បាន​ឆ្លើយ​ការពារ​ភាព​ស្អាតស្អំ​របស់​ពួកគេ ដោយ​អះអាង​ថា ​ពួកគេ​មិនមែន​ជា​អ្នក​បង្ក​អំពើ​ហិង្សា​នោះ​ឡើយ។​

​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១រូប​នេះ​ ត្រូវបាន​តុលាការ​ចោទ​ពីបទ​ចូលរួម​ និង​ដឹក​នាំ​កុប្បកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ បន្ទាប់​ពី​អំពើហិង្សា​មួយ​នៅ​ក្បែរ​ទីលាន​ប្រជា​ធិប​តេយ្យ​នា​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក មាជ សុវណ្ណរ៉ា ដែល​មិន​ទាន់​ត្រូវ​បាន​សួរ​ដេញដោល​ដោយ​អង្គជំនុំ​ជម្រះ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្រោយពី​សវន​ការ​ថា​ លោក​នឹង​មក​ចូលរួម​សវន​ការ​បន្ទាប់ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៦ ខែឧសភា ខាង​មុខ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មក បើ​ចេះ​រត់​ ចេះ​គេច​ហ្នឹង​ តាំង​ពី​មិន​ទាន់​ចាប់​បាត់​ហើយ​ ប៉ុន្តែ​ឥឡូវ គេ​ឲ្យ​សិទ្ធិ​សេរីភាព​យើង​ក្រៅ​ឃុំ ហើយ​អញ្ជឹង​មាន​អ្វី​ដែល​ថា​ពិបាក​នឹង​បន្ត​សាវនការ​ទៀត​។ ខ្ញុំ​នឹង​ចូល​ទៀត ព្រោះ​ទៅណា​ក៏​វា​អត់​កើត​ដែរ ​ព្រោះ​វា​អត់​មាន​passport [លិខិតឆ្លងដែន]»។​

មាន​មនុស្ស​ជាង​៤០នាក់​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ។​ ភាគ​ច្រើន​នៃ​អ្នក​រង​របួស​គឺជា​កង​សន្តិសុខ៕

XS
SM
MD
LG