អតីតមន្ត្រីគណបក្សប្រឆាំងម្នាក់នៅខេត្តស្វាយរៀងត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃពុធ ដោយចោទថា ព្យាយាមផ្តួលរំលំរដ្ឋាភិបាលក្រោយពីលោកបង្ហោះសាររិះគន់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ជួយការពារថ្លៃផលិតផលកសិករ សិប្បករ មិនជួយរកទីផ្សារលក់ផលិតផល មិនគិតគូរបញ្ហាព្រំដែនបញ្ហាអន្តោប្រវេសន៍ បញ្ហាអត់ការងារធ្វើនាំឲ្យមានពលករចំណាកស្រុក ហើយថាពលរដ្ឋត្រូវហ៊ានងើបតវ៉ា។
ការចាប់ខ្លួនលោក គង់ ម៉ាស ធ្វើឡើងក្រោយពីលោករិះគន់រដ្ឋាភិបាលទាក់ទងសហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជាចូលទីផ្សារសហភាពអឺរ៉ុប។ ទំព័រហ្វេសប៊ុកដែលគេជឿថា ជាគណនីរបស់លោកសរសេរថា ទឹកទីមួយ!សហភាពអ៊ឺរ៉ុបបានសម្រេចជំហានដំបូងដាក់ទណ្ឌកម្មដោយការយកពន្ធជិត២០០ដុល្លារសម្រាប់ការនាំអង្ករកម្ពុជាមួយតោនចូលទៅផ្សារអឺរ៉ុប។
នៅថ្ងៃសហភាពអឺរ៉ុបចាប់ផ្តើមយកពន្ធអង្គរនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជានិងគណបក្សកាន់អំណាចប្រកាសថា ពន្ធគយរបស់សហភាពអឺរ៉ុបលើអង្ករពីកម្ពុជាគឺជា«អាវុធ» ប្រឆាំងនឹងកសិករក្រីក្រហើយនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ដែលកំពុងព្យាយាមគេចចេញពីភាពក្រីក្រ។
ឆ្លើយតបនឹងការទាមទាររបស់ប្រទេសអ៊ីតាលីឲ្យការពារទីផ្សារសហភាពអឺរ៉ុបបានកំណត់យកពន្ធអង្ករពីកម្ពុជានិងភូមារយៈពេលបីឆ្នាំគឺឆ្នាំទី១យកពន្ធ១៧៥អឺរ៉ូជិត២០០ដុល្លារ ឆ្នាំទី២យក១៣២អឺរ៉ូស្មើ១៥០ដុល្លារ និងឆ្នាំទី៣យក១០៩អឺរ៉ូស្មើ១២៥ដុល្លារក្នុងអង្ករមួយតោន។
មន្ត្រីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់អំណាចនិយាយថា ការសម្រេចចិត្តនេះគឺជាសកម្មភាពពាណិជ្ជកម្មរើសអើង។ ក្រសួងពាណិជ្ជកម្មបានហៅការសម្រេចចិត្តរបស់សហភាពអឺរ៉ុបថា ជា «អាវុធសម្លាប់ខ្មែរ»និងប្រឆាំងច្បាប់ពាណិជ្ជកម្មអន្តរជាតិ៕