ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា បន្ត​ច្រានចោល​ភស្តុតាង​ជុំវិញ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង


រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ពេលទៅដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០។
រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ពេលទៅដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០។

មេដឹកនាំ​នយោបាយ​ជំទាស់​ លោក ​កឹម សុខា​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បន្តច្រាន​ចោល​ភស្តុតាង​ពាក់​ព័ន្ធនឹង​ព្រឹត្តិ​ការណ៍​បាតុកម្ម​នៅផ្លូវ​វេងស្រេង​ដែល​ផ្ទុះ​ឡើង​កាល​ពីចុងឆ្នាំ​២០១៣​ ដែល​តុលាការ​ធ្លាប់​បាន​ជម្រះ​ កាល​ពី​ពេលកន្លង​ទៅ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហ​មេធាវីការ​ពារ​ក្តី​លោក ​កឹម សុខា និង​អ្នក​ការពារ​សិទ្ធិមនុស្ស។

សវនាការ​លោក ​កឹម សុខា ​ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​គឺ​ជា​សវនាការ​លើក​ទី​៥៥​ ហើយ​ការ​សួរ​ដេញ​ដោល​ គឺ​នៅ​ជុំវិញ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ ដែល​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាប​កាល​ពី​ដើម​ឆ្នាំ​២០១៤។

សហ​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​មួយ​រូប​ គឺ​លោក​ ផែង ហេង​ ប្រាប់​វីអូអេ​នៅ​ក្រៅ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ លោក ​កឹម សុខា​ បាន​បដិសេធ​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​បាតុកម្ម​ដែល​បាន​កើត​ឡើង​នៅ​ផ្លូវ​វេងស្រេង ​ដោយ​ថា​ ជា​រឿង​ចាស់​ ហើយ​មិន​ពាក់​ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ត្រូវ​បាន​តុលាការ​ជម្រះ​រួច​រាល់​ហើយ​ដែរ។​

សហមេធាវី​ការពារក្តី​លោក ផែង ហេង ថ្លែង​ជាមួយ​អ្នកកាសែត​នៅ​ក្រៅ​របង​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
សហមេធាវី​ការពារក្តី​លោក ផែង ហេង ថ្លែង​ជាមួយ​អ្នកកាសែត​នៅ​ក្រៅ​របង​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​ថា៖ ​«ជា​រួម​ ឯកឧត្តម​ កឹម សុខា​ គាត់​ថា គាត់​មិន​ធ្វើ​ការ​បក​ស្រាយ​ទេ​ ដោយ​សារ​តែ​បាតុកម្ម​ស្ពាន​នាគ​ក្តី​ បាតុកម្ម​ផ្លូវ​វេងស្រេងក្តី​ គឺ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​សង្គ្រោះជាតិ​ ឬ​ក៏​រូប​គាត់​ទេ»។

លោក​បន្ថែម​ថា៖​«បាតុកម្ម​ទាំង​អស់​នោះ​ សុទ្ធ​តែ​មាន​សាលក្រម​ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច ​ហើយ​ផ្តន្ទា​ទោស​មនុស្ស​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​សាល​ក្រម​រួច​ហើយ​ ហើយ​វា​មិន​មាន​ពាក់​ព័ន្ធ​ការ​ទទួល​ខុស​ត្រូវ​របស់​ឯក​ឧត្តម ​កឹម សុខា​ទេ។ ​ដូច្នេះ​ ខ្ញុំ​គិត​ថា ​ការ​លើក​យក​បាតុកម្ម​ដែល​បាន​កាត់​ក្តី​រួច​ហើយ​ មាន​សាលក្រម​រួច​ហើយ​ យក​មក​សួរ​ឡើង​វិញ ​វា​គ្រាន់​តែខាត​ពេល​វេលា​អត់​ប្រយោជន៍»។​

បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ដែល​បាន​ផ្ទុះ​ឡើងកាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤​នោះ ​បាន​ក្លាយ​ជា​អំពើ​ហិង្សា ​ដោយ​មាន​ការ​បាញ់​ប្រហារ​ពី​កម្លាំង​សមត្ថកិច្ច ​រហូត​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ​ម្នាក់​ទៀត​បាត់​ខ្លួន​មក​ដល់​បច្ចុប្បន្ន​នេះ​ និង​រង​របួស​ប្រមាណ​៤០​នាក់។​

បន្ទាប់​ពី​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក ​កឹម សុខា​ បាន​លើក​ដៃ​ចេញ​ពី​រថយន្ត​ដូច​សព្វដង​ជម្រាប​សួរ​អ្នក​គាំទ្រ​របស់​លោក​រាប់​សិប​នាក់ គ្រា​លោក​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

មេដឹកនាំ​នយោបាយ​ជំទាស់​លោក កឹម សុខា លើក​ដៃ​ជម្រាបលា​អ្នកគាំទ្រ​របស់​លោក ពេល​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
មេដឹកនាំ​នយោបាយ​ជំទាស់​លោក កឹម សុខា លើក​ដៃ​ជម្រាបលា​អ្នកគាំទ្រ​របស់​លោក ពេល​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
អ្នកគាំទ្រ​លោក កឹម សុខា រាប់សិបនាក់​មក​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
អ្នកគាំទ្រ​លោក កឹម សុខា រាប់សិបនាក់​មក​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​អំ សំអាត​ ថ្លែង​ថា​ ការ​សួរ​ដេញ​ដោល​លោក​ កឹម សុខា ពីភាគី​តំណាង​អយ្យការទាក់​ទង​នឹងបាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ គឺ​មាន​លក្ខណៈ​ច្រំដែល​ ដែល​ការណ៍​នេះ​នឹង​អូស​បន្លាយ​ពេល​កាត់​ក្តី​សំណុំ​រឿង​លោក​ កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

បើ​តាម​លោក​ អំ សំអាត​ រឿង​ក្តី​លោក ​កឹម សុខា​ ជា​រឿង​នយោបាយ​ ហើយ​ការ​យក​ភស្តុតាង​ដែល​តុលាការ​បាន​សម្រេច​រួច​ទៅ​ហើយ ​នឹង​ជំរុញ​ឱ្យ​មាន​កា​រ​ខ្វែង​គំនិត​គ្នា ​ហើយ​ការ​បន្ត​ជជែក​ដេញ​ដោល​ជា​រឿង​ច្រំដែល។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«វា​ហាក់​បី​ដូច​ជា​ដដែលៗ​ ភស្តុតាង​ ឬក៏​សំណួរ​ដែល​សួរ។​ វា​ហាក់​ដូច​ជា​មិន​ជឿន​លឿន​ទៅ​មុខ​ទេ។ ​វាដូច​ជា​រឿង​ការ​ពន្យារ​ពេល​ទៅ​វិញ​ ដែល​យើង​មើល​ឃើញ​ថា​ មិន​ទាន់​ឃើញ​ថា​ ពេល​វេលា​ណា​មួយ​ ដែល​អាច​នឹង​បញ្ចប់​សវនាការ​របស់​ឯកឧត្តម​ កឹម សុខា»។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​កាល​ណា​រឿង​ដែល​ពន្យារ​ពេល​យូរទៅ​ វា​ប៉ះ​ពាល់ដែរ​ដូច​ថា​ សិទ្ធិ​របស់​គាត់ថា ​អាច​នឹង​វិល​ចូល​មក​ធ្វើ​នយោបាយ​វិញ​បាន​ដែរ​ ឬទេ​ នៅ​រយៈ​ពេល​ណាមួយ។​ អ៊ីចឹងវា​ប៉ះ​ពាល់​រឿង​ទាំង​អស់​ហ្នឹង។​ អ៊ីចឹង​ហើយ​បាន​គេចាត់​ទុក​ថា​ រឿង​ទាំង​អស់​ហ្នឹង​ វា​ជា​រឿង​នយោបាយ​ ហើយ​ត្រូវ​មាន​ការ​សម្រប​សម្រួល​ ឬ​ការ​ដោះស្រាយ​គ្នា​តាម​នយោបាយ។ ​អាហ្នឹង​ក៏​ជួយ​រុញ​លឿន​បញ្ចប់​នៅ​តុលាការ​ផង​បាន​ដែរ»។​

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល ចោទ​សួរ​ពី​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជុំវិញ​ការ​សួរ​ដេញ​ដោល​សំណួរ​ដដែល​ រាល់​ពេល​នៃ​ការ​បើក​សវនាការ​លើ​សំណុំ​រឿងលោក​ កឹម សុខា​ ដែល​ត្រូវ​តុលាការ​ចោទ​ពីបទ​ក្បត់​ជាតិ។​

លោក​លើក​ឡើង​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេ​ក្រាម​ក្នុង​អត្ថន័យ​ដើមថា៖​ «ខ្ញុំចង់​ឃើញ​ការ​លើក​ឡើង​របស់​គាត់​ដែរ​ថា​ គាត់​និយាយ​ដូច្នោះ​ដោយ​សំអាង​លើ​ទិដ្ឋ​ភាព​ច្បាប់​ អារម្មណ៍ ឬយ៉ាង​ណា»។​
លោក ​កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​ ហើយ​សំណុំ​រឿង​របស់​លោក​ត្រូវ​បាន​អូស​បន្លាយ​៥​ឆ្នាំ​មក​ហើយ។​ លោក​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​ សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​កន្លង​មក​ទាំង​លោក ​កឹម សុខា​ និង​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូងចម្រាស​នេះ៕

XS
SM
MD
LG