មន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀនដែលជាសមាជិកគណៈកម្មការអចិន្រ្តៃយ៍មួយរូប លោក សំ សុគង់ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមឃ្លីបវីដេអូរបស់លោក សំ សុគង់ ដែលជាមេធាវីគណបក្សជំទាស់ច្រើនឆ្នាំមកហើយ និងលិខិតមួយច្បាប់ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
តាមឃ្លីបវីដេអូដែលមានរយៈពេលជិត២នាទីដែលត្រូវបានផ្សព្វផ្សាយ លោក សំ សុគង់ លើកឡើងថាការចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនេះ ដោយសារតែលោកពេញចិត្តនឹងគោលនយោបាយផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត និងការចាប់ផ្តើមដឹងពីគុណតម្លៃនៃការតស៊ូ និងដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។
លោក សំ សុគង់ថ្លែងក្នុងវីដេអូនោះថា៖ «...ដោយមើលឃើញគោលនយោបាយផែនការ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំបាទ សុំចូលរួមជាមួយគណបក្សប្រជាជនចាប់ពីពេលនេះតទៅ។
ហើយខ្ញុំបាទសុំថ្កោលទោស និងអំពាវនាវដូចតទៅ៖ ទីមួយខ្ញុំសូមថ្កោលទោសចំពោះក្រុមដឹកនាំគណបក្សប្រឆាំងដែលតែងតែប្រើពាក្យញុះញង់ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិការអភិវឌ្ឍប្រទេសជាតិ ហើយនិងសុំអំពាវនាវឱ្យបងប្អូនដែលគាំទ្រគណបក្សប្រឆាំងវិលមកចូលរួមជាមួយជីវភាពជាមួយគណបក្សប្រជាជន ដើម្បីកសាងប្រទេសជាតិសម្រាប់ថ្ងៃអនាគតខាងមុខនេះបាទ»។
ក្រោយការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកដោយសរសេរជាសារអក្សរថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកមេធាវី សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោកមេធាវី សំ សុគង់ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សំ សុគង់ ដែលជាប្រធានក្រុមការងារខេត្តព្រៃវែងរបស់គណបក្សភ្លើងទៀនបាននៅឡើយទេ។
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាគណបក្សប្រជាជនកម្ពុជាស្វាគមន៍ចំពោះការចូលរួមជីវភាពនយោបាយរបស់លោក សំ សុគង់ និងចាត់ទុកថានេះជាការប្រើប្រាស់សិទ្ធិនយោបាយរបស់ លោកតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «រឿងនេះទីមួយជាសិទ្ធិនយោបាយរបស់លោក សំ សុគង់ ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រឆាំង។ គាត់បានរួមរស់ជាមួយនឹងភ្លើង អំបិល ជាច្រើនឆ្នាំមកហើយ ជាមួយគណបក្សប្រឆាំង ហើយនៅទីបំផុតក៏ឆ្អែតជាមួយនឹងគណបក្សប្រឆាំង ដូច្នេះគាត់ប្រើសិទ្ធិរបស់គាត់ដែលមានយ៉ាងទូលំទូលាយសម្រេចចាកចេញពីគណបក្សប្រឆាំងហ្នឹងមករស់ជាមួយគណបក្សប្រជាជនកម្ពុជា»។
គេមិនទាន់ដឹងនៅឡើយទេថាតើលោក សំ សុគង់ នឹងទទួលបានតំណែងអ្វីក្នុងស្ថាប័នរដ្ឋាភិបាលឡើយ ដូចការចុះចូលរបស់អ្នកនយោបាយជំទាស់ និងសកម្មជននយោបាយផ្សេងទៀត។
លោក សុខ ឥសាន បញ្ជាក់ថាការប្រគល់តួនាទីឬភារកិច្ចទាំងអស់នោះ មិនមែនចេះតែផ្តល់ជូននោះទេ។
លោកថ្លែងថា៖ «ការប្រគល់តួនាទីភារកិច្ចណាមួយនៅក្នុងជួររដ្ឋអំណាចរដ្ឋាភិបាល វាអាស្រ័យទៅលើសកម្មភាពការងារ ហើយនិងគុណសម្បត្តិរបស់សាមីជននោះតែម្តងបាទ»។
អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ដែលទើបលាលែងពីគណបក្សភ្លើងទៀនទៅឈរឈ្មោះចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ អះអាងថាការចាកចេញរបស់លោក សំ សុគង់ គឺជាសិទ្ធិបុគ្គលតែប៉ុណ្ណោះ។ លោកបន្ថែមថាជាធម្មតា អ្នកនយោបាយជំទាស់ដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាតែងតែលើកទឹកចិត្តឱ្យអ្នកផ្សេងចូលរួមជាមួយគណបក្សកាន់អំណាច។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា យល់ឃើញថាការចាកចេញរបស់លោក សំ សុគង់ អាចមកពីបញ្ហាសម្ពាធផ្លូវចិត្ត ក្រោមមូលហេតុថាអ្នកដែលនៅជាមួយគណបក្សក្រៅរដ្ឋាភិបាលមានការលះបង់អស់រយៈពេលច្រើនឆ្នាំ ប៉ុន្តែមិនទាន់មានជាលទ្ធផលអ្វីធំដុំឡើយ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំមើលឃើញការសម្រេចចិត្តនេះក្រៅពីសម្ពាធផ្លូវចិត្តអាចនឹងមានបញ្ហាឈរឈ្មោះឈរអីហ្នឹង មិនមានសង្ឃឹមថាបានជាប់បានអីអ៊ីចឹង។ ដូច្នេះអាចនឹងមានការប៉ះទង្គិចអីផ្ទៃក្នុងអីជាដើម។ តែខ្ញុំមិនហ៊ានសន្មតសន្និដ្ឋានថាវាមានបញ្ហាផ្ទៃក្នុងទេ ជាពិសេសអ្នកដែលតស៊ូជាមួយយូរៗហ្នឹងអាចនឹងមានការទទួលបានការសន្យាពីការឈរអីជាដើមអ៊ីចឹង ក្រែងមិនបានវិញទៅ ក៏ខកចិត្តអីទៅមានការផ្លាស់ប្តូរជំហរអ៊ីចឹងទៅ»។
លោកឱ្យដឹងទៀតថាបុគ្គលដែលចូលរួមជាមួយគណបក្សកាន់អំណាចតែងតែប្រមែប្រមូលរកបក្សពួកគ្នាបន្ថែមទៀតឱ្យចូលរួមជាមួយគណបក្សកាន់អំណាច ដើម្បីទទួលបានការទុកចិត្តពីគណបក្សកាន់អំណាច៕