ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតំណាងរាស្រ្ត​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា​លើក​ដំបូង


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា​ ឆ្នាំ​២០១៤។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា​ ឆ្នាំ​២០១៤។

អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប ​បាន​ដើរចូល​រួម​ប្រជុំសភា​ជាលើក​ដំបូង​ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន ​ដែល​មាន​អាយុកាល​ជាង​១០​ខែ​និង​ក៏ជាការបញ្ចប់​ការ​រិះ​គន់ថារដ្ឋសភា​និង​រដ្ឋាភិបាល​ដែល​បាន​កើត​ចេញ​ក្រោយ​ការ​បោះ​ឆ្នោត​មិន​ស្រប​ច្បាប់​ដែរ។​

ក្រោយ​ពីបាន​បើក​កិច្ច​ប្រជុំ​ជាលើក​ដំបូង​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើការ​សន្យា​មួយ​អន្លើ​ដោយ​ផ្ទាល់​មាត់​ជាសាធារណៈ​ថា​នឹង​បញ្ឈប់វប្បធម៌​«ទឹក​ឡើង​ត្រី​ស៊ី​ ស្រមោច​ និង​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី»​ និង​ វប្បធម៌​ លាប​ពណ៌​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ងាក​មក​រួម​ដៃ​គ្នា​កសាង​ប្រទេស​វិញ។​

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពីកិច្ច​ប្រជុំ​រដ្ឋសភា​ថា​កិច្ច​ប្រជុំ​រដ្ឋសភា​ថ្ងៃ​នេះ​បាន​បង្ហាញ​ថា​វិបត្តិ​នយោបាយ​បាន​បិទ​បញ្ចប់​ហើយ។ ​យើង​ឈាន​ចូល​ក្នុង​ដំណាក់​កាល​ថ្មី​មួយ​ដែល​យើង​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​និង​ត្រឹម​ត្រូវ​នូវ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​រវាង​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។​

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចុះ​ឈ្មោះ​នៅ​មុនសម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី៨ ខែ​សីហា ឆ្នាំ​២០១៤។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​ក្រោយ​ពី​បាន​ធ្វើ​ពហិការ​រយៈ​ពេល​១០​ខែ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចុះ​ឈ្មោះ​នៅ​មុនសម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី៨ ខែ​សីហា ឆ្នាំ​២០១៤។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​ក្រោយ​ពី​បាន​ធ្វើ​ពហិការ​រយៈ​ពេល​១០​ខែ។

លោក​មាន​ប្រសាសន៍​ថា​អ្នក​នយោបាយ​នឹង​ខិតខំ​បង្ហាញ​សុឆន្ទៈ​បង្ហាញ​ភាព​ស្មោះ​ត្រង់​និង​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បង្កើត​នូវ​វប្បធម៌​មួយ​ថ្មី​ គឺ​វប្បធម៌​សន្ទនា។​

លោក​និយាយ​ថា៖​«យើង​បញ្ចប់​វប្បធម៌​ច្បាំង​គ្នា​ ច្បាំង​គ្នា​ជាពាក្យ​សំដី​ក៏​ដោយ​ យក​ឈ្នះ​យក​ចាញ់​រៀងៗ​ខ្លួន​ មិន​អញ្ចឹង​ទៀត​ទេ​ វប្បធម៌​សន្ទនា​គឺ​ទាំង​អស់​គ្នា​ស្វែង​រក​គំនិត​ល្អ​ គំនិត​ជាវិជ្ជមាន​ដើម្បី​ការពារ​ប្រទេស​ជាតិ​យើង​ ការពារ​ទាំង​ទឹកដី​ ហើយ​លើក​ដម្កើង​យុត្តិធម៌​សង្គម​ ក្នុង​ប្រទេស​ជាតិ​យើង»។​

គណបក្ស​សង្គ្រោះ​ជាតិបាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​ ចាប់​តាំង​ពី​ខែកញ្ញា​ឆ្នាំ​២០១៣ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​សភានិង​បោះ​ឆ្នោតដំបូង​ដោយ​បោះ​ឆ្នោតតែង​តាំង​សមាជិក​រដ្ឋសភា​និងរដ្ឋាភិបាល​ជា​កញ្ចប់ដោយ​ឯកបក្ស។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​វាយ​ប្រហារ​និង​រិះ​គន់​ធ្ងន់ៗ​ថា​ជា​រដ្ឋសភា​និង​រដ្ឋាភិបាល​ខុស​ច្បាប់​ខុស​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា​រដ្ឋាភិបាល​និង​រដ្ឋសភា​ត្រូវ​ធ្វើ​ឡើង​ដោយ​សេរី​និង​ពហុបក្ស។​គណបក្ស​នេះ​បាន​បន្ត​ធ្វើបាតុកម្ម​តវ៉ា​នៅ​ខាង​ក្រៅ​សៃវៀន​រដ្ឋសភា​តែ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​បាន​សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា​បន្ទាប់​ពី​មាន​ជំនួប​កំពូល​កាល​ពី​ចុង​ខែកក្កដា។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​មន្ទីរ​រដ្ឋសភា​ថា​លោក​មិន​គាំទ្រ​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី។​លោក​បាន​បញ្ជាក់​ថា​រឿង​នេះ​វាមិន​ល្អទេ​ អ្នក​ណា​ឡើង​កាន់​អំណាច​វាជា​រឿង​មួយ​ក៏ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​ដែលមិន​កាន់​អំណាច​បាន​សេចក្តី​សុខផង។​

លោក​មាន​ប្រសាសន៍​ថា៖​«ខ្ញុំមាន​ការ​ជឿជាក់​ទៅ​លើ​សំដី​របស់​ឯកឧត្តម​សម រង្ស៊ី​ហើយ​សង្ឃឹម​ថា​ឯកឧត្តម​ សម រង្ស៊ី ​និង​អប់រំ​ផ្ទៃ​ក្នុង​របស់​គណបក្ស​គាត់​ដើម្បី​បញ្ចប់នូវ​បញ្ហា​ការ​បែក​បាក់​ជាតិ​នេះ។ ​ឯ​ខាង​គណបក្ស​ប្រជាជន​ក៏​ខិត​ខំប្រឹង​ប្រែង​ដើម្បី​អប់រំ​ផ្ទៃ​ក្នុង​របស់​ខ្លួន។ ​ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ខាង​គណបក្ស​ប្រជាជន​មិន​មែន​ជាអ្នក​ផ្តើម​ហេតុពីព្រោះ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ខ្លួន​កាន់​អំណាច​រាប់​សិប​ឆ្នាំ​ ដែល​ខ្លួន​បាន​ខិត​ខំ​ធ្វើ​ពី​ការ​បែក​បាក់​មក​កាន់​ការ​បង្រួប​បង្រួម​ជាតិ​ ពី​ការ​ប្រឈម​មុខ​មក​កាន់​ការ​សហការ»។

លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា​តាម​បទពិសោធ​កន្លង​មក​តែង​តែ​មាន​ការ​សន្យា​គ្នា​យ៉ាង​ដូច្នេះក៏ប៉ុន្តែ​ក្រោយ​មក​បាន​វាយ​ប្រហារ​គ្នា​ដដែល។​

លោក​មាន​ប្រសាសន៍​ថា​បើ​ប្រទេស​កម្ពុជា​គ្មាន​ការ​ជ្រៀត​ជ្រែក​នយោបាយ​ពី​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​ហើយ​មេដឹក​នាំ​ងាក​មក​ជជែក​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្មែរ​និង​ខ្មែរ​ប្រហែល​ជា​នឹង​អាច​កាច់​ចង្កូត​ប្រទេស​ឱ្យ​ដើរ​ទៅមុខ​បាន។​

លោក​និយាយ​ថា៖​«ខ្ញុំ​ហាក់​បីដូច​ជាមាន​ជំនឿ​ខ្លះ​ដែរ​ប្រសិន​បើ​នយោបាយ​ហ្នឹង​វាជានយោបាយ​ខ្មែរ។​អត់​ឥទ្ធិពល​ពី​ចិន​ ពី​យួន​ច្រើន​ ពី​អាមេរិក​ច្រើន។​ លោក​ ហ៊ុន សែន​ និង​លោក​ សម​ រង្ស៊ី​អាច​នឹង​មិន​មាន​ការ​ស្រុះ​ស្រួល​គ្នា​ប្រសិន​បើ​គាត់​គិត​ពី​រឿង​ទៅ​លើ​ក្មេង​ជំនាន់​ក្រោយ»។​

គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ធ្លាប់​ធ្វើ​ជា​ដៃ​គូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣មក​ក៏ប៉ុន្តែ​ក្រោយ​មក​មិន​យូរ​ប៉ុន្មាន​គណបក្ស​នេះ​មាន​ជម្លោះ​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ។​

ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ពេល​នោះ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​បាន​លូក​ដៃ​ចូល​យ៉ាង​ជ្រៅ​មក​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​របស់​ព្រះអង្គ​ហើយ​វាសនា​ចុង​ក្រោយ​គណបក្ស​នោះ​គ្មាន​បាន​ទទួល​ការ​គាំទ្រសូម្បី​តែ​មួយ​អាសនៈនៅ​ក្នុង​ការ​បោះ​ឆ្នោត​អណត្តិ​ទី​៥នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG