ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​​​បាន​ផ្តល់​អនុសាសន៍​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា


យ៉ាង​ណា​ក៏ដោយ ​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ថា ​នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែម​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ។​
យ៉ាង​ណា​ក៏ដោយ ​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ថា ​នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែម​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ។​

តំណាងអង្គការ​ក្រៅ​រដ្ឋា​ភិបាល​និងអ្នកវិភាគ​បាន​ជំរុញ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធន​កម្ម​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុងដើម្បីបង្កើន​ប្រសិទ្ធភាព​និង​ពង្រឹង​តួនាទី​របស់​រដ្ឋសភា​ដែល​នឹង​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ។​

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយកាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ​លោកស្រី​រស់ សុភាព​ នាយិកា​អង្គការ​យេនឌ័រ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​គូស​បញ្ជាក់​ថា​ ​ការ​ធ្វើ​វិសោធន​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​កំពូលនេះ​ពង្រឹង​តួនាទី​របស់​ខ្លួន។​

«ដើម្បី​ធានា​ ១-ឲ្យ​មាន​ការ​បែង​ចែក​អំណាច​ដាច់​ពី​គ្នារវាង​អំណាច​និតិបញ្ញត្តិ​និង​អំណាច​និតិ​ប្រតិបត្តិ។ ​២-លើក​កម្ពស់​តួនាទី​ និង​សិទ្ធិ​អំណាច​របស់​គណបក្ស​ដែល​មាន​អាសនៈក្នុង​រដ្ឋសភា​ដែល​មិន​ចូល​រួម​ក្នុង​រដ្ឋា​ភិបាល។ ​និង​៣-ការ​រៀបចំ​បែងចែក​សិទ្ធិ​ និង​អំណាច​ដឹកនាំ​ស្ថាប័ន​រដ្ឋសភា​ ដោយ​បែងចែក​តួនាទី​ដឹក​នាំ​នៅ​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា»។​

កាល​ពី​ថ្ងៃ​ទី​២៩​ខែកក្កដា​ ក្រុម​ការងារ​របស់​គណបក្សជាប់​ឆ្នោត​ទាំង​ពីរ​បាន​ព្រម​ព្រៀងគ្នា​ដំណាក់កាល​ទី​១​លើ​សេចក្តី​ព្រាង​វិសោធន​កម្មបទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា។​ ប៉ុន្តែ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិលចាត់​ទុក​ថា​ កិច្ច​ព្រម​ព្រៀង​លើ​វិសោធន​កម្ម​នេះ​មិន​បាន​ឆ្លើយ​តបទៅ​នឹង​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀងនៃ​ជំនួប​កំពូល​រវាង​មេដឹក​នាំ​គណបក្ស​ទាំងពីរ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​នោះ​ទេ។​

យ៉ាង​ណា​ក៏ដោយ ​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ថា ​នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែម​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ខ្លួន​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​អាដហុក ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ខុមហ្វ្រែល ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ និង​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​លោក​កែម ឡី​បាន​ស្នើ​ថា ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ត្រូវ​បង្ហាញ​ពី​ការ​បែងចែក​អំណាច​ដឹក​នាំ​រដ្ឋសភាក្នុង​ចំណោម​គណបក្ស​ ដោយ​បែងចែក​សមាស​ភាព​បុរស​ និង​ស្ត្រី។ ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋ​សភា​ត្រូវ​យក​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ធ្វើ​សវនាការ​សាធារណៈ​ ជជែក​ដេញ​ដោល​ និង​កោះ​ហៅ​ជន​ជាប់​ពាក់​ព័ន្ធ​មក​បំភ្លឺ​សេចក្តីព្រាង​និង​សេចក្តី​ស្នើ​ច្បាប់។​

នាយក​រដ្ឋមន្ត្រី​ត្រូវ​ឆ្លើយ​ជា​លាយលក្ខណ៍​អក្សរ​ ឬ​ផ្ទាល់​មាត់​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​សំណួរ​របស់​តំណាង​រាស្ដ្រ។​

អង្គការ​និង​អ្នក​ស្រាវជ្រាវ​ដដែល​ស្នើ​ថា​ ការ​បាត់​បង់​សមាជិក​ភាព​របស់​តំណាងរាស្ដ្រ​មិនមែន​ដោយសារ​ការ​បញ្ចេញ​មតិ​ទេ ​ប៉ុន្តែ​គឺ​ដោយសារ​ការ​លាលែង​ដោយ​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ និង​ត្រូវ​ផ្សព្វផ្សាយ​ជាសាធារណៈ។​ បន្ថែម​ពី​នោះ​គណបក្ស ​ដែល​មាន​អាសនៈក្នុង​រដ្ឋ​សភា​តិច​ជាង​ដប់​ មាន​សិទ្ធិ​បង្កើត​ក្រុម​របស់​ខ្លួន​មួយ​ក្រុម។​

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​ និង​ជាអ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា​ គណបក្ស​របស់​លោក​មិន​ទាន់​បាន​ទទួលអនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ។​ តែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ទំនង​ជា​នៅ​អាច​កែ​ប្រែ​បាន​នៅ​ឡើយ។​

«រង់ចាំ​គាត់​ផ្ញើ​សំណើ​ និង​សំណូម​ពរ​នោះ​មក​ ព្រោះ​យើង​នៅ​មាន​ពេល​វេលា​ទេ។​ នេះ​គ្រាន់​តែ​ជា​ការ​អនុម័ត​លើក​ដំបូង​ទេ ​ហើយ​ក្រោយ​ពី​ប្រជុំ​សភា​យើង​នឹង​ធ្វើ​ការ​បន្តទៀត»។

ទោះជា​យ៉ាង​នេះ​ក្តី​ លោក​ ឈាង វ៉ុន ​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​របស់​រដ្ឋសភា​បន្ទោស​អង្គការ​សង្គមស៊ីវិល​ដោយ​ចាត់ទុក​ថា ​អនុសាសន៍​របស់​សង្គម​ស៊ីវិល​ជាអនុសាសន៍​ហួស​ពេល​ទៅ​ហើយ។​

«សង្គម​ស៊ីវិល​ដែល​បាន​ស្នើ​នោះ​ពួកគាត់​មិនមែន​ជា​តំណាង​រាស្ដ្រ​ទេ។ ​សំណើ​របស់​គាត់​មក​យឺត​យ៉ាវ ​ទី១។​ ហើយទី២​គាត់​មិន​អាច​បង្ខំ​ឲ្យ​អ្នក​តំណាង​រាស្ដ្រ​ទទួល​យក​អ្វី​ដែល​គាត់​ស្នើ​នោះ​ទេ។​ សមា​ជិក​សភា​នៃ​គណបក្ស​ទាំង​ពីរ​សរុប​១២៣​រូប​បាន​ទទួល​សម្លេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ចំនួន​ជាង​៦​លាន​នាក់។​ ហើយ​យើង​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​សម្រេច​កិច្ចការ​របស់​រដ្ឋ​ ក្នុង​នោះ​ការ​កែ​លម្អ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ក៏ដូចជា​ការ​កែ​លម្អ​ច្បាប់​ផ្សេងៗ»។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​ផង​ដែរ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​ដើម្បី​ពង្រឹង​តួនាទី​ សិទ្ធិ​អំណាច​ និង​ឯករាជ្យភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត៕

XS
SM
MD
LG