ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​និង​គណបក្ស​ជំទាស់​​ទាម​ទារ​ឲ្យ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​កាល​ពី​ថ្ងៃ​តី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​កាល​ពី​ថ្ងៃ​តី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

នាយករដ្ឋ​មន្ត្រី​គួរ​កាន់​តំណែង​យ៉ាងយូរ​បំផុត​ត្រឹម​ពីរ​អាណត្តិ​ ឬ​ស្មើ​នឹង​រយៈ​ពេល​ដប់​ឆ្នាំ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានទទូច​បែប​នេះកាល​ពី​សប្តាហ៍​មុន​ ហើយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ព្រៀងគ្នា​ធ្វើ​វិសោធ​កម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី។​

សម្ព័ន្ធ​ដើម្បី​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​មាន​អង្គការ​ជាសមាជិក​សរុប​ចំនួន​២០​អង្គការ​បាន​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ទី​១១៩ ​ដោយ​បន្ថែម​ថា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​នយោបាយ​មិន​ត្រូវ​ជា​បេក្ខជន​ដែល​បាន​កាន់​អំណាច​រយៈ​ពេល​ពីរ​អាណត្តិរួច​មក​ហើយ​នោះ​ទេ។​

សំណើនេះ​ហាក់​ដូចជា​បាន​ជួយ​បន្ថែម​ទម្ងន់​ទាមទារ​របស់​គណបក្ស​ជំទាស់​ដែល​ធ្លាប់​បាន​លើក​បញ្ហា​នេះ​ជាច្រើន​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ខុមហ្រ្វែល មាន​ប្រសាសន៍​ថា​ ការ​កាន់​កាប់​អំណាចយូរ​របស់​នាយក​រដ្ឋ​មន្ត្រី​តែង​តែ​នាំ​ឲ្យ​មាន​ការ​រំលោភ​អំណាច​របស់​ខ្លួន​ និង​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​របស់​ប្រទេស។​

«អាច​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការប្រើ​ប្រាស់​អំណាច​មិន​ត្រឹម​ត្រូវ​ ហើយ​គេ​ទុក​ឲ្យ​មានដំណើរ​ការ​ប្រជា​ធិបតេយ្យ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ការ​ដឹក​នាំ​អំណាច​និតិ​ប្រតិបត្តិ​ឲ្យ​បាន​ទៀងទាត់។​ហើយ​ប្រទេស​ជាច្រើន​ឃើញ​ថា ​ការ​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​នៃ​អង្គ​និតិ​ប្រតិបត្តិ​ប្រទេស​នឹង​មាន​ស្ថិរភាព​និង​មាន​ការ​រីក​ចម្រើន​បាន​លឿន»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​គឺជា​មេដឹក​នាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​មួយ​រូប​ក្នុង​ពិភព​លោក។​ លោក​បាន​ឡើងធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ ​ពោល​គឺ​មក​ទល់​នឹង​ឆ្នាំ​នេះ ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ជិត​៣០​ឆ្នាំ​ហើយ។​

យ៉ាង​តិច​មាន​មេដឹក​នាំ​ដែល​កាន់​អំណាច​យូរ​បំផុត​ក្នុង​ពិភព​លោក​ចំនួន​៣១​រូប​ក្នុងទ្វីប​អាស៊ី ​អឺរ៉ុប ​អាមេរិក​និង​ទ្វីប​អាហ្វ្រិក។​ មេដឹកនាំ​ទាំង​នោះ​បាន​កាន់​អំណាចចន្លោះ​ពី​៣០​ឆ្នាំ​ដល់​៥២​ឆ្នាំ​ ​គឺប្រធានា​ធិបតី​ប្រទេស​គុយបា​ លោក​ហ្វ៊ីដែល ​កាស្ត្រូ ​ដែលកាន់​អំណាច​បាន​៥២​ឆ្នាំ​និង​៦២​ថ្ងៃ។ ​រីឯ​លោក​ម៉ូមូន​ អាបឌុល ហ្គេយូម ​(Maumoon Abdul Gayoom) ​អតីតប្រធានាធិបតី​ប្រទេស​ម៉ាល់ឌីវ ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​ដែរ ​ប៉ុន្តែ​បាន​ត្រឹម​៣០​ឆ្នាំ​ ​គឺដឹកនាំ​អំណាច​បាន​តិច​ជាង​គេ​ក្នុង​ចំណោម​អ្នក​កាន់​អំណាច​យូរ​បំផុត​ក្នុង​ពិភព​លោក។​

ប៉ុន្តែ​ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បញ្ចប់​អាណតិ្ត​ជា​ប្រមុខ​ដឹកនាំ​រដ្ឋ​នៅ​កម្ពុជា​ក្នុង​រដ្ឋាភិបាលអាណត្តិ​ទី៥​នេះ​ រូប​លោក​នឹង​ក្លាយ​ជា​មេដឹក​នាំ​ដែល​កាន់​អំណាច​បាន​៣៤​ឆ្នាំ​គឺយូរ​ជាង​គេបំ​ផុត​ក្នុង​ចំណោម​បណ្តា​មេ​ដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៃ​សមាគម​អាស៊ាន។ ​លោក ​លី ក្វាន់យូ ​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​សិង្ហបុរី ​ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ កាន់​អំណាច​បាន​៣១​ឆ្នាំ​និង​១៧៦​ថ្ងៃ។ ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ផាំ វ៉ាន់ដុង​កាន់​តំណែង​បាន​៣១​ឆ្នាំ​និង​២៧១​ថ្ងៃ ​ដោយ​ឡែក​ប្រធានាធិបតី​ប្រទេស​ឥណ្ឌូណេស៊ី ​លោក​ស៊ូហាតូ​កាន់​អំណាច​បាន​៣១​ឆ្នាំ​និង​៧០​ថ្ងៃ។​

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​អាច​ស្ថិត​នៅ​ពី​ក្រោយ​មគ្គុទេសក៍​របស់​ប្រទេស​កុម្មុយនិស្ត​កូរ៉េ​ខាងជើង​ក្នុង​ទ្វីប​អាស៊ី​គឺ​លោក​គឹម អ៊ីលស៊ុង ​ដែល​កាន់​អំណាច​បាន​៤៥​ឆ្នាំ​និង​៣០២​ថ្ងៃ។​

គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​បង្ហាញ​គោល​នយោបាយ​របស់​ខ្លួន​ថា​ នឹង​ដាក់​ឲ្យ​មាន​ការកំណត់អាណត្តិ​នាយក​រដ្ឋមន្ត្រី​ត្រឹមតែ​ពីរ​អាណត្តិ​ តែ​ប៉ុណ្ណោះ​ប្រសិន​ជា​ខ្លួន​ជាប់​ឆ្នោត។​

លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​ជំទាស់នេះ​ដែល​គេ​ដឹង​ថា ​នឹង​ក្លាយ​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ បាន​ថ្លែង​ថា​ គណបក្ស​របស់​លោក​នៅ​តែ​រក្សា​គោល​ជំហរ​នេះ​ ហើយ​លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​ក្នុង​អាណត្តិ​នេះ។​

«កាល​ពេល​យើង​ជួប​ជាមួយ​ថ្នាក់កំពូល​ដំបូង​បំផុត​នៅ​រដ្ឋ​សភា​ក៏​ធ្លាប់​លើក​រឿង​នេះ​ដែរ។ ​ហើយ​លោក​ហ៊ុន​ សែន​ក៏​អត់​ជំទាស់​អី​ដែរ។​ ហើយ​ឥឡូវ​សង្គម​ស៊ីវិល​លើក​សមហេតុ​សមផល។ ខ្ញុំ​គាំទ្រ​១០០​ភាគរយ។​ ក្នុ​ងអាណត្តិ​នេះ​ យើង​ត្រូវ​តែ​ធ្វើ​(កែ​អាណត្តិ​នាយករដ្ឋមន្ត្រី) ​ហើយ​ខ្ញុំជឿ​ថា ​ពួក​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ចាស់ៗ​ ហើយ​គាត់​មិន​សាញ​អី​ទេ​ ព្រោះ​គាត់​ដឹង​ថា ​ពីរ​អាណត្តិ​ទៀត​គាត់​ល្មម​ហើយ»។​

លោក​កឹម សុខា​ថ្លែង​ថា​ ការ​កំណត់​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី​គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​អ្នក​ដឹក​នាំ​ថ្មី​មក​កាន់​ចង្កូត​ប្រទេស​ និង​ជួយ​ទប់ស្កាត់​ការ​ប្រព្រឹត្ត​រំលោភ​ច្បាប់​របស់​នាយក​រដ្ឋមន្ត្រី។​ ហើយ​មួយវិញ​ទៀត​គោល​ការណ៍​ថ្មី​នេះ​ក៏​ជា​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ទាំង​ក្នុង​ប្រទេស​ និង​ទាំង​ក្នុង​ផ្ទៃ​ក្នុង​របស់​គណបក្ស។​

ដោយ​ឡែក​លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ ឲ្យ​ដឹង​ថា​ ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​គឺ​ជា​សំខាន់​កុំឲ្យ​មេដឹក​នាំ​ប្រទេស​ក្រាញ​ក្នុ​ងអំណាច​របស់​ខ្លួន។​

«យើង​ដឹង​ថា ​ក្នុងរយៈ​ពេល​តែ​ពីរ​អាណត្តិ​នឹង​ផុត​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ ហើយ​អញ្ចឹង​អត់​មាន​លទ្ធភាព​ក្នុង​ការក្រាញ​អំណាច​ទេ។​ ហើយ​បើ​អត់​លទ្ធភាព​ក្នុង​ការ​ក្រាញ​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្តេស​ផ្តាស ​ពីព្រោះខ្លាច​ពេល​អស់​អំណាច​ទៅ​នឹង​មាន​បញ្ហា»។​

ការ​ជំរុញ​ឲ្យ​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​កំណត់​ត្រឹម​រយៈ​ពេល​ដប់​ឆ្នាំ​ ឬ​ពីរ​អាណត្តិ​ត្រូវគេ​មើល​ឃើញ​ថា​ ជា​ការ​រុញ​ច្រានការ​បន្ត​អាណត្តិ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ដើម្បី​ដាក់​ឲ្យ​ប្រទេស​កម្ពុជា​ឲ្យ​មានរបប​ដឹក​នាំ​ជាក់​លាក់​មួយ​តាម​គំរូ​ប្រទេស​ជឿនលឿន​ជាច្រើន។​

ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​នៅ​មាន​កម្លាំង​ដឹក​នាំ​អំណាច​តទៅទៀត​បាន។ ​ហើយ​លោក​នឹង​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ពីរ​អាណត្តិ​ទៅ​មុខ​ទៀត។​

លោក​ជាម យៀប ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជាប្រធាន​គណៈ​កម្មការ​ហិរញ្ញវត្ថុ​ ធនាគារ ​និង​សវនកម្ម​នៃរដ្ឋសភា​ បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​សំណើរបស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ការងារ​ដែល​ត្រូវ​អនុវត្ត​នោះ​គឺ​ត្រូវ​អនុលោម​តាម​កិច្ច​ព្រមព្រៀងនៃ​គណ​បក្ស​ទាំង​ពីរ។​

កិច្ច​ព្រមព្រៀង​រវាង​មេដឹក​នាំ​កំពូល​នៃ​គណបក្ស​គូ​ជម្លោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីថ្ងៃ​ទី​២២​ខែ​កក្កដា​មិន​បាន​លើក​អំពី​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ទេ។​

លោក​ជាម យៀប​អះអាង​ថា ​ការ​ធ្វើវិសោធនកម្ម​ដើម្បី​កែប្រែ​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី​បាន​ លុះ​ណា​តែមាន​ការ​ឯកភាព​គ្នា​នៃ​គណបក្ស​ទាំង​ពីរ។

«ខ្ញុំសូម​ជំរាប​ថា​អ្វីៗ​ទាំងអស់​ រាប់ទាំង​កែ​រដ្ឋធម្មនុញ្ញ​ក៏​អាច​កែ​បាន​ដែរ​ ប៉ុន្តែ​ លុះ​ណា​តែ​ប្រធាន​គណ​បក្ស​ទាំងពីរ​ព្រមព្រៀង​និង​ឯកភាព​គ្នា»។​

នៅ​ក្នុង​អំឡុង​ពេលមាន​វិបត្តិ​នយោបាយ​ថ្មីៗ​នេះ​ លោក​ជាម យៀប​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​ការ​កំណត់​សញ្ជាតិ​បេក្ខជន​នាយករដ្ឋមន្ត្រី​ថា ​បេក្ខជន​ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ​ដាច់​ខាត។​

ទោះជា​បែបនេះ​ក្តី​ ​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន​សម្រាប់ការ​បោះ​ឆ្នោតអាណត្តិ​ ក្រោយអាច​នឹង​ធ្វើ​ឲ្យ​គេ​ស្ទង់​បាន​អំពី​ទឹក​ចិត្ត​អ្នក​បោះឆ្នោត​ ហើយ​វា​ក៏ជា​ចំណុចនៃ​សមភាព ​ឬ​វិសមភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច​រឹងមាំ​មួយ​នេះ​ដែរ។​

លោក​ជាម យៀប​ពន្យល់​ថា​ ​ការ​សម្រេច​អាណត្តិ​នាយក​រដ្ឋមន្ត្រី​បែប​ណា​នោះ​គឺ​ម្ចាស់​ឆ្នោត​ទេ​ជា​អ្នក​កំណត់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG