ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​បដិសេធ​ថា​មិន​បាន​រៀបចំ​កូន​ឱ្យ​ស្នង​តំណែង​ទេ


ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​លោក ហ៊ុន ម៉ាណែត​ ថត​រូប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណាវ៉ាត្រ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ នៅ​គេហដ្ឋាន​របស់​លោក​​ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ។
ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​លោក ហ៊ុន ម៉ាណែត​ ថត​រូប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណាវ៉ាត្រ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ នៅ​គេហដ្ឋាន​របស់​លោក​​ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ។

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​នឹង​អត្ថបទរបស់​អ្នកកាសែត​និង​ជា​អ្នក​វិភាគ​ថៃ​មួយរូប​ថា​លោក​គ្មាន​បំណង​នឹង​រៀបចំ​កូនប្រុស​ច្បង​របស់​គាត់​ឱ្យ​ស្នង​តំណែង​ទេ។

​ក្នុង​ទឹក​មុខ​ស្មើ​និង​សម្តី​មួយៗ​ច្បាស់ៗលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ចេញ​ប្រតិកម្ម​តបត​ជា​សាធារណៈ​ផ្សាយ​នៅ​តាម​ទូរទស្សន៍​ជាតិ​នៅ​ថ្ងៃ​ពុធ​ថា​ លោក​គ្មាន​បំណង​រៀបចំ​ឱ្យ​កូនប្រុស​ច្បង​របស់​គាត់​គឺ​លោក​ឧត្តមសេនីយ៍​ឯក​ហ៊ុន ម៉ាណែត​បាន​ឡើង​ស្នង​តំណែង​ដូច​ការ​លើក​ឡើង​ឡើយ។

ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​សារព័ត៌មាន​កាសែត​ The Nation និង​ជាអ្នក​វិភាគ​នយោបាយ​ថៃ​ដ៏​ល្បី​ឈ្មោះម្នាក់​គឺ​លោក ​លោក​កាវី ជុងគិត​តាវ៉ាន់ (Kavi Chongkittavorn) ​បាន​ផ្សាយ​អត្ថបទ​មួយកាលពី​ថ្ងៃ​អង្គារ​ថា​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​យោធា​កម្ពុជា​កាលពី​សប្តាហ៍​មុនទៅ​ប្រទេស​ថៃគឺជា​ការ​ណែនាំ​អនាគត​មេដឹកនាំ​ថ្មី​របស់​កម្ពុជា​ឱ្យ​មេដឹកនាំ​យោធា​ថៃ​បាន​ស្គាល់​ផង​និង​ដើម្បី​កសាង​ទំនាក់​ទំនង​ថ្មី​មួយ​រវាង​ប្រទេស​ទាំងពីរ​បន្ទាប់​ពី​លោក​ហ៊ុន សែន​បាន​លូកដៃចូលយ៉ាងជ្រៅ​គាំទ្រ​ក្រុម​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ដែល​ពេល​នេះ​ត្រូវ​បាន​ក្រុម​យោធា​ព្យាយាម​ផាត់​ចេញ​ពី​នយោបាយ​ថៃ។

លោក​កាវី ​បាន​សរសេរ​បន្ថែម​ថា៖

«លោក​ហ៊ុន សែន ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​នយោបាយ​ថៃ​ច្បាស់​ណាស់។ លោក​បាន​មើល​ឃើញ​ការឡើង​កាន់​អំណាច​និង​ធ្លាក់​ចុះនៃ​នាយករដ្ឋ​មន្ត្រី​ថៃ​ចំនួន​១៣​នាក់​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក។ វិធី​ដ៏​ល្អ​បំផុត​គឺ​ទាក់ទង​នឹង​ក្រុម​រដ្ឋាភិបាល​យោធា​ហើយ​ចាប់​ផ្តើម​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ថៃ​បច្ចុប្បន្នដោយ​ទៅ​ជួប​ពួកគេ​និង​ណែនាំ​មេដឹកនាំ​ថ្មី​ដែល​កំពុង​រង់ចាំ​ឡើង​កាន់​តំណែង​នោះ​គឺ​លោក​ឧត្តម​សេនីយ៍​ឯក​ហ៊ុន ម៉ាណែត​ ឱ្យ​មេដឹកនាំជាន់​ខ្ពស់​ថៃ​បាន​ស្គាល់»។

លោក​ហ៊ុន សែន​បាន​ឆ្លើយ​តបវិញ​ថា៖

«ជា​ការ​ជូន​សារ​ទៅវិញ​ឱ្យ​កាសែត​The Nation​នៅ ​ប្រទេ​ស​ថៃ​បាន​ឮផង​ហើយ​ឱ្យ​យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ​មិន​អាច​ផ្ទេរ​ពី​ឱពុក​ទៅកូន​តាម​ចិត្ត​ចង់​នោះ​ទេ​ ម្ចាស់​ឆ្នោត​គេ​ត្រូវ​ការ។ នេះ​គឺ​សូម​បញ្ជាក់។ គ្រាន់តែ​ឥឡូវនេះ​វា​ពិបាក។ ខ្ញុំ​អាច​រៀបចំ​កូន​អ្នក​ដទៃ​ដែល​មាន​សមត្ថភាព​ឱ្យ​កាន់​តំណែង​នេះ​តំណែង​នោះ​ក៏​ប៉ុន្តែ​មិន​អាច​រៀបចំ​កូន​ខ្លួន​ឯង​ទេ»។​

លោក​ហ៊ុន សែន​ដែល​ពេល​នេះ​ទើបតែ​មាន​អាយុ​៦២ឆ្នាំ​និង​មាន​សុខភាព​ល្អ​ធ្លាប់​បាន​ប្តេជ្ញា​ថា​លោក​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​អាយុ​៧៤​ឆ្នាំ ​ប៉ុន្តែការបាត់​សំឡេង​ឆ្នោត​យ៉ាង​គំហុក​បន្ទាប់​ពីការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​នេះ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​ខ្លះ។

លោក​កាវី ជុងគិត​តាវ៉ាន់ ​បាន​សរសេរ​ទៀត​ថា៖

«លោក​ហ៊ុន សែន ​បាន​ផ្លាស់​ប្តូរ​ឥរិយាបទ​តឹងរ៉ឹង​របស់​លោក​ដើម្បី​បង្ហាញ​ជ្រុង​វិជ្ជមាន​និង​ទន់​ភ្លន់​របស់​លោក​ដើម្បី​ទាក់ទាញ​យុវជន​កម្ពុជា​ដែល​ពេល​នេះ​បាន​ងាក​មក​ប្រឆាំង​នឹង​លោក។ លោក​សង្ឃឹម​ថា​កូនៗ​របស់​គាត់​នឹង​នាំ​មុខ​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​ក្រុម​យុវជន​កម្ពុជា។ ជា​យថាហេតុ​ដោយ​មាន​សភាជាតិ​ដែល​ដំណើរ​ការ​ជា​ប្រក្រតី​ សង្គម​មួយ​ដែល​គោរពច្បាប់​និង​ការ​ទទួល​យក​មេដឹកនាំ​ដែល​គាត់​ជ្រើ​សរើស​ ពេល​នោះ​ លោក​ហ៊ុន សែន​នឹង​រក​វិធី​ដកខ្លួន​ចេញ»។

លោក​ឧត្តមសេនីយ៍​ ហ៊ុន ម៉ាណែត​កូនប្រុស​ច្បង​របស់​លោក​ហ៊ុន សែន ​ពេល​នេះ​កាន់​តំណែងជា​អគ្គមេបញ្ជាការ​រង​កងទ័ព​ហើយ​បាន​រក្សា​ភាព​រមទម្យ​និង​បន្ទាបខ្លួន​ដោយ​ពេល​ខ្លះ​បង្ហាញ​មុខក្នុង​កម្មវិធី​មនុស្សធម៌​នៅ​ទី​ជនបទ។

លោក​ត្រូវបាន​គេ​ដឹង​ថា​បាន​ដឹកនាំ​កងទ័ព​វាយបក​ទៅវិញ​នៅ​ពេល​មាន​ទំនាស់​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​តាម​បណ្តោយ​ព្រំដែន​និង​ចរចា​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​បណ្តោះអាសន្ន​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ឆ្នាំ​២០១០៕

XS
SM
MD
LG