ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង៖​សំណួរ​បញ្ហាព្រំដែន​នៅ​មិនទាន់​មាន​ចម្លើយ


បាតុករខ្មែរ​ដុតទង់ជាតិ​វៀតណាម​ពេល​ធ្វើ​បាតុកម្ម​​រឿង​ព្រំដែន
បាតុករខ្មែរ​ដុតទង់ជាតិ​វៀតណាម​ពេល​ធ្វើ​បាតុកម្ម​​រឿង​ព្រំដែន

តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​បាន​អះអាង​ថា​ ខ្លួន​មិនទាន់​បាន​ទទួលការ​ឆ្លើយ ​បំភ្លឺ​ពីរដ្ឋា​ភិបាល​ទេ​ ទាក់ទង​នឹងបញ្ហា​ចោទ​ប្រកាន់​ពីរឿង​រំលោភ​បំពាន​ព្រំដែន​ ពី​ប្រទេស​វៀតណាម​នៅតំបន់​ដាក់ដាំ ​ខេត្ត​មណ្ឌល​គីរី។​ តំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ​លោក​ម៉ៅ មុនីវណ្ណ​បាន​ស្នើ​សុំ​ឲ្យលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បំភ្លឺ​អំពីរឿង​វៀតណាម​ធ្វើផ្លូវ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ចម្ងាយជិត៥០​គីឡូម៉ែត​ក្នុង​ខេត្ត​ មណ្ឌល​គីរី​ តែមន្ត្រី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ ការ​ធ្វើ​ផ្លូវចូល​នោះ​ជារឿង​រំលោភ​ លើ​កិច្ច​ព្រមព្រៀង​ប្រទេស​ទាំងពីរ​មែន​ ព្រោះ​ព្រំដែន​តំបន់​នោះ​ស្ថិត​នៅ​ក្នុង​ការ ចរចា​គ្នា​មិនទាន់​ចប់។​

តំណារាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក​ម៉ៅ មុនីវណ្ណ​ មកពី​មណ្ឌល​កំពង់​ចាម បាន​ស្នើសុំ​ឲ្យលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បំភ្លឺពី​បញ្ហាការ​ចោទប្រកាន់​ថា ​វៀតណាម​ធ្វើផ្លូវចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ចម្ងាយជិត​៥០​គីឡូម៉ែត្រ​ជាច្រើន​សប្តាហ៍​ហើយ​ តែលោក​អះអាង​ថា ​លោក​គ្រាន់តែ​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​រដ្ឋ​សភា​ថា​ គណៈ​កម្មការ​ព្រំដែន​កម្ពុជា​កំពុង​រៀបចំ​ឆ្លើយ​តប។​

«ឥឡូវ​នេះ​អគ្គលេខា​ធិការ​រដ្ឋ​សភា​បាន​ជូន​ព័ត៌មាន​មក​ខ្ញុំ​វិញ​តាម​រយៈ​លិខិត​ ស្នាម​ជា​ផ្លូវការ​ថា​ ក្រុម​បច្ចេក​ទេស​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​ឯកសារ​ដើម្បី​បំភ្លឺ​ជូន​ និង​ឆ្លើយតប​នឹងសំណួរដែល​ខ្ញុំ​បានលើក​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី»។​

លោក​មិន​បាន​បញ្ជាក់​ ថា​តើ​រដ្ឋាភិបាល​នឹងឆ្លើយ​តប​យ៉ាងណា​ទេ​ ដែល​តាម ច្បាប់​ប្រមុខ​រដ្ឋាភិបាល​និង​មក​បំភ្លឺ​ផ្ទាល់​ ឬ​ចាត់​តំណាង​ឲ្យមក​បំភ្លឺ ​ឬក៏ធ្វើ​លិខិត​បំភ្លឺ​អំពី​រឿងនេះ​ក្នុងរយៈ​ពេល​១​សប្តាហ៍​ក្រោយពី​បាន​ទទួល​លិខិត​ស្នើ។ ​លោក គ្រាន់​តែ​អះអាង​ថា​ ក្រុម​ការងារ​បច្ចេក​ទេស​កំពុង​សិក្សា​អំពីការ​ឆ្លើយ​តប​នេះ។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​អះអាងថា ​លោក​មិនទាន់​បាន​ដឹង​ពី​លិខិត​ស្នើសុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដើម្បី​ទៅ​បំភ្លឺទេ​ តែ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ​មិន​មែន​ជា​បញ្ហា​ជម្លោះទេ។​

«ប៉ុន្តែ​យើង​អត់​មាន​ឈ្លោះ​គ្នា​ក្នុង​ការ​ដោះស្រាយ​រឿង​ហ្នឹង​ទេ។​ យើង​ឈរ​ទៅ​លើ​ កិច្ចព្រម​ព្រៀង​របស់​យើង។​ កិច្ចព្រម​ព្រៀង​បាន​សេចក្តី​ថា ​ត្រូវ​រៀបចំ​ពិនិត្យ​មើល​ បង្គោល​ព្រំដែន​ដែល​យើង​យក​ទៅ​តាម​អ្វី​មាន​ក្នុង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ថា​ យើង​អាច​ធ្វើ​សវនកម្ម​មើល​ ថា​តើ​កន្លែង​នោះ​យ៉ាង​ម៉េច? ​ដូច្នេះ​រឿង​ហ្នឹង​មិន​ចាត់​ទុក​ថា​ ជា​រឿង​នយោបាយ​ទេ ​រវាង​ប្រទេស​ទាំងពីរ​ តែ​ចាត់​ទុក​ថា ​ជា​បញ្ហា​បច្ចេក​ទេស​សុទ្ធសាធ​ ពីព្រោះ​ប្រទេស​ទាំងពីរ​ហ្នឹង​បាន​យល់ព្រម​ឲ្យក្រុម​ការងារ​បច្ចេក​ទេស​ក្នុងការ​បោះ​បង្គោល​ព្រំដែន​ឬ​ការ​ស្វែង​រក​ខណ្ឌ​សីម៉ា​ព្រំដែន​តាមរយៈ​ក្រុម​បច្ចេកទេស​ក្នុង​គណៈ​កម្មការ​ព្រំដែន​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ»។​

លោក​បាន​បន្ថែម​ថា ​ការសាក​សួរ​គួរ​តែរង់ចាំ​គណៈ​កម្មការ​ព្រំដែន​គេ​ធ្វើ​កិច្ចការ​ ចប់ ​ហើយ​ដាក់​មកជូន​សភា​តាម​ទម្លាប់​នោះ ​ដែល​ពេល​នោះ​ជា​ពេល​ត្រូវ​សាក​ សួរ។ លោក​ក៏បាន​និយាយ​ដែរថា​ ការ​ស្នើផ្លាស់​ប្តូរ​សមាសភាព​គណៈកម្មការ​ព្រំដែន​ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ។​

«ការងារ​ព្រំដែន​ជា​ការងារ​អន្តរជាតិ​រវាង​កម្ពុជា​និង​វៀតណាម​ឬ​កម្ពុជា​ជាមួយ​ហ្នឹង​ ប្រទេស​ថៃ។​ ហើយ​គណៈ​កម្មការ​ដែល​គេ​ស្នើសុំ​ដាក់​អ្នក​នេះ ​ឬអ្នក​នោះ​ហ្នឹង​ ដោយ​សារ​ថា​ ការងារ​ព្រំដែន​ជាការងារ​ទ្វេរភាគី​ យើង​ដាក់​អ្នក​ណាទៅ​ ភាគី​ខាង​ វៀតណាម​ បើគេ​មិនចង់​ធ្វើការ​ជាមួយ​នឹង​អ្នកហ្នុង​គឺគេ​ទាត់ចោល ​ហើយ​ខាង​គេ​ ដាក់​មក​យើង​ យើងទាត់ចោល​ ព្រោះ​បញ្ហា​នេះ​ឲ្យ​សិទ្ធិ​ទាំងសង​ខាង​ដើម្បី​ធ្វើ​យ៉ាង​ណា​យក​ផ្នែក​កណ្តាល​មួយ​ ឲ្យក្រុម​បច្ចេកទេស​ដោះស្រាយ​ មិនមែន​ជា​រឿង​នយោបាយ​ទេ។​ បើសិន​ជា​យើង​យករឿង​ហ្នឹង​ ជារឿង​នយោបាយ​ យើង​មិន​អាច​ដោះស្រាយ​បាន​ទេ»។​

លោក​ទេស​រដ្ឋមន្ត្រី​វ៉ា គីម ហុង​ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​បាន​អះអាង​ កាលពី​ថ្ងៃប្រហស្បតិ៍​ថា​ លោក​កំពុង​ជាប់​ប្រជុំ។​

ប្រទេស​កម្ពុជា​និង​វៀតណាម​ ដែលមាន​ព្រំដែន​ជាប់គ្នា​ជាង​១២០០​គីឡូម៉ែត្រ ​ធ្លាប់​មាន​បញ្ហា​វិវាទ​ព្រំដែន​ជាមួយគ្នា​ជាច្រើន​ទសវត្សរ៍​មកហើយ​ តែភាគី​ទាំងពីរ​បាន​សន្យា​ថា ​នឹង​ដោះស្រាយ​ផ្អែក​លើ​គោលការ​ច្បាប់​និង​កិច្ច​ព្រមព្រៀង​ដែល​មាន​ជាមួយ​គ្នា​ ហើយ​តំបន់​ប្រទាញ​ប្រទង់ ​ភាគីទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា ​នឹង​ទុក​ឲ្យ​ស្ថិត​នៅក្នុង​ស្ថានភាព​ដដែល​ ដែល​មាន​ន័យថា​ ទាំង​ភាគី​កម្ពុជា​និង​ភាគី​ វៀតណាម​មិនអាច​ចូលកាន់​កាប់​ ឬ​ប៉ះពាល់​បានឡើយ។​ រដ្ឋាភិបាល​កម្ពុជា​របស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់បាន​បង្ក្រាប​ក្រុម​ជំទាស់​ដែល​ហ៊ាន​និយាយ​ រិះគន់​រឿង​ព្រំដែន។​ ការ​បង្រ្កាប​នោះ​កើតឡើង​ចាប់តាំង​ពីចុងឆ្នាំ​២០០៥​ពេល​ រដ្ឋាភិបាល​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​បំពេញ​បន្ថែម​ជា​មួយ​វៀតណាម ដែលជា​បញ្ហា​ដ៏ចម្រូង​ចម្រាស​ និង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​កាលពី​ឆ្នាំ ២០០៩។​

លោក​ទេស​រដ្ឋមន្ត្រី​ វ៉ា គីម ហុង​ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​បាន​ប្រតិកម្ម​ អំពី​ការ​រំលោភ​កិច្ចព្រម​ព្រៀង​រវាង​ប្រទេស​ទាំងពីរ​ ដោយ​អះអាង​ថា​ រដ្ឋាភិបាល​ កម្ពុជា​នឹងធ្វើការ​ដោះស្រាយ​បន្ត​ជាមួយ​វៀតណាម​អំពី​រឿង​នៅ​តំបន់​ដាក់ដាំ​នេះ។​ ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​កាលពី​សប្តាហ៍​ថ្មីៗ​នេះ​ លោក​អះអាង​ថា ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​មួយ​រវាង​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​និង​វៀតណាម ​អាច​នឹង​ធ្វើ​ឡើង​មុន​ដំណាច់​ឆ្នាំ​២០១៤​នេះ៕

XS
SM
MD
LG