ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ខ្មែរ​និង​ឡាវ​សម្តែង​កង្វល់​អំពី​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា​និងឡាវ


ជនជាតិ​ខ្មែរ-អាមេរិកាំង និង​ជនជាតិ​លាវ-​អាមេរិកាំង ​ធ្វើការ​តវ៉ា​នៅមុខ​សេតវិមានទាមទារ​ឲ្យ​ស.រ.អា.​ទប់ស្កាត់​អ្វី​ ដែល​បាតុករ​អះអាង​ថា ​អាណានិគមន៍​របស់​វៀតណាម​លើ​កម្ពុជា​និង​លាវ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។
ជនជាតិ​ខ្មែរ-អាមេរិកាំង និង​ជនជាតិ​លាវ-​អាមេរិកាំង ​ធ្វើការ​តវ៉ា​នៅមុខ​សេតវិមានទាមទារ​ឲ្យ​ស.រ.អា.​ទប់ស្កាត់​អ្វី​ ដែល​បាតុករ​អះអាង​ថា ​អាណានិគមន៍​របស់​វៀតណាម​លើ​កម្ពុជា​និង​លាវ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។

ជនជាតិ​ខ្មែរ​ និង​ជនជាតិ​ឡាវ ​ប្រហែល​២០០​នាក់​ បាន​ធ្វើការ​តវ៉ា​នៅមុខ​សេតវិមាន​និង​នៅ​មុខ​ស្ថានទូត​វៀតណាម​នៅរដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍នេះ​ ដោយទាមទារ​ឲ្យ​ស.រ.អា.​ទប់ស្កាត់​អ្វី​ដែល​បាតុករ​អះអាង​ថា ​អាណានិគមន៍​របស់​វៀតណាម​លើ​កម្ពុជា​និង​ឡាវ។

ក្រោយពី​ការ​ពិភាក្សា​គ្នា​រយៈ​ពេល​២ថ្ងៃ​នៅ​រដ្ឋ ​Virginia ​កាលពី​ថ្ងៃសៅរ៍និង​ថ្ងៃ​អាទិត្យ​ ជនជាតិ​ខ្មែរ​និង​ជនជាតិ​លាវ​បាន​មក​តវ៉ា​នៅ​មុខ​សេតវិមាន​សុំឲ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ទប់​ស្កាត់​មិន​ឲ្យ​ប្រទេស​វៀតណាម​ធ្វើ​អាណានិគមន៍​លើ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ​ ​តាម​របៀប​ដែល​បាតុករ​អះអាង​ថា​ យក​លំនាំ​ដូច​វិបត្តិ​នៅ ​Crimea ​ភាគ​ខាងកើត​ប្រទេសអ៊ុយក្រែន។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​មុខ​សេតវិមាន ​លោក​ព្រហ្ម សៅរ៍នរ៉ា​ អ្នក​រៀបចំ​ការតវ៉ា​នេះ​ និយាយ​ថា ​បាតុកម្ម​នេះ​ធ្វើ​នៅ​ខែ​តុលា​ជា​ការ​រំឭក​ដល់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​មាន​អាណត្តិ​ធានា​អធិបតេយ្យភាព​ ​ឯករាជ្យ​ភាព​កម្ពុជា ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ ហើយ​សូម​កុំ​ឲ្យ​ស.រ.អា.ពង្រីកទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម។​

«យើង​ចង់ឲ្យ​រដ្ឋាភិបាល​អាមេរិកាំង​ហ្នឹង​ជួយ​បញ្ឈប់​រដ្ឋាភិបាលកុម្មុយនិស្ត​យួន​ហ្នឹង ​ឲ្យ​ឈប់​ធ្វើ​អាណានិគមន៍​របៀប ​Crimea ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ចូល​ទៅ​ក្នុង​ប្រទេស​ខ្មែរ ​និង​ប្រទេស​ឡាវ ​ព្រោះអី​វៀតណាម​ហ្នឹង​គេ​ដាក់​ប្រជាពល​រដ្ឋគេ​ហ្នឹង​នៅ​ក្នុង​ប្រទេស​យើង​ជា​ច្រើន​ ហើយ​លាវ​ក៏​អញ្ចឹង។​ គេ​ដាក់​ពេញ​ទាំង​អស់។​ ដូច្នេះ​ចំណោទ​ខ្មែរ​និង​ចំណោទ​ឡាវ​ ដូចគ្នា ​បាន​ជា​យើង​ធ្វើចូល​គ្នា​ថ្ងៃ​ហ្នឹង»។​

លោក​បន្ត​អ្នក​ចូលរួម​បាតុកម្ម​ក៏​សុំឲ្យ​ស.រ.អា.​បន្ត​ទណ្ឌកម្ម​ប្រឆាំង​ការ​លក់​អាវុធ​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ ​នៅ​ពេល​ដែល​វៀតណាម​ និង​ប្រទេស​ចិន​កំពុង​មាន​វិវាទ​ព្រំដែន​នៅ​សមុទ្រ​ចិនខាង​ត្បូង។​

លោក​ម៉ែន វណ្ណៈ ​បាតុករ​មក​ពីទី​ក្រុង ​Lowell​ រដ្ឋ​ Massachusstts ​ដែល​មាន​ខ្មែរ​រស់នៅ​ច្រើន​បំផុត​ទីពីរ​បន្ទាប់​ពីក្រុង​ Long Beach ​និយាយ​ថា រដ្ឋាភិបាលរបស់​កម្ពុជាបច្ចុប្បន្ន​នេះ​មិន​មាន​ឯករាជ្យ​ពេញ​លេញ​ទេ។​

«ខ្ញុំ​លើក​ករណីពីរ​ដែល​ជា​ករណី​ជាក់ស្តែង ​ដូចជា​ការ​ចាប់​ព្រះ​អង្គ​ទឹម សាខន​ ដែល​ព្រះអង្គ​ជា​ពលរដ្ឋ​ខ្មែរ ​ហើយ​យក​ទៅ​ដាក់​គុក​ស្រុក​យួន។ ​ហើយ​ទីពីរ​ទៀត​គឺ​ការ​ដក​បង្កោល​ព្រំដែន​នៃ​ឯក​ឧត្តម​សម រង្ស៊ី ​នៅ​ខេត្ត​ស្វាយរៀង។ ​ហើយ​ក្រោម​ការ​បញ្ជា​ពី​ទីក្រុង​ហាណូយ​ថា ​ឲ្យ​បញ្ឈប់​សកម្ម​ភាព​ហ្នឹង​ ​រដ្ឋាភិបាល​បាន​កាត់​ទោស​លោក​សម រង្ស៊ី។​ នេះ​គឺបញ្ជាក់​ឃើញ​ច្បាស់​ថា ​ប្រទេស​កម្ពុជា​អត់​មាន​ឯករាជ្យ ​និងអព្យាក្រឹត្យភាព​ ទេ​គឺ​ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ»។​

ក្នុង​ចំណោម​បាតុករប្រហែល​២០០​នាក់​នេះ​មាន​ជនជាតិ​ឡាវប្រហែល​មួយ​ភាគ​បី។​

លោក​ Phouthone ​Souvannavong ​បាតុករជនជាតិ​លាវ​មក​ពី​រដ្ឋ​ Virginia ​និយាយថា​ ប្រទេស​វៀតណាម​បាន​ដាក់​ប្រជាជន​នៅ​ក្នុង​ប្រទេសឡាវ​ដ៏​ច្រើន​ បំបិទ​សិទ្ធិ​មនុស្សនិង​យក​ធនធាន​ពី​ប្រទេស​របស់លោក។

«ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ប្រាប់​ឲ្យ​វៀតណាម​កុម្មុយនិស្ត​ចេញ​ពី​ប្រទេស​របស់​យើង ​ពីព្រោះ​នៅ​ទីនោះ​មិនមាន​សិទ្ធិ​មនុស្ស​ទេ»។​

លោក​បន្ត​ថា ​ក្រោយ​សង្រ្គាម​វៀតណាម ​នៅ​ប្រទេសឡាវ​មាន​ជនជាតិ​លាវ​ប្រហែល​បី​លាន​នាក់ប៉ុណ្ណោះ​ ហើយ​ជនជាតិលាវ​ជា​ច្រើន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស។ ​លោក​អះអាង​ថា ​បច្ចុប្បន្ន​មាន​ជនជាតិ​វៀតណាម​ភាគ​ច្រើន​នៅ​ប្រទេស​របស់​លោក។​

លោក​ម៉ែន វណ្ណៈ ​និយាយ​ថា ​ក្រុម​អ្នករៀបចំ​សម្រេច​ធ្វើ​បាតុកម្មនៅ​ថ្ងៃ​ច័ន្ទ​ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​អាមេរិក​ធ្វើ​ការ​ និង​ស្ថានទូត​វៀតណាម​ធ្វើ​ការ​ ទោះ​ជាង​មាន​បាតុករ​ចូលរួម​តិច​ជាង​ថ្ងៃ​អាទិត្យ​ ឬ​ថ្ងៃ​សៅរ៍​ក៏​ដោយ។​

«បាទ ​យើង​មក​មុខ​សេតវិមាន​នៅថ្ងៃ​នេះ​គឺ​គោល​បំណង​គឺ​សេតវិមាន​ជា​កន្លែង​ និង​ជា​ថ្ងៃ​ដែល​គេ​ធ្វើការ ​ហើយ​ថ្ងៃ​ស្ថានទូត​ធ្វើការ​ដែរ។ ​ចង់​ឲ្យ​ស.រ.អា.​ដឹង​ ព្រោះ​ពេល​យើង​បាតុកម្ម​ម្តងៗ ​បាតុកម្ម​ថ្ងៃ​សម្រាក​មនុស្ស​មក​ច្រើន​ ប៉ុន្តែ​រដ្ឋាភិបាលរបស់​ស.រ.អា.​គេ​អត់​ធ្វើការ។​ ដូច្នេះ​យើង​ចង់​ឲ្យ​គេ​បាន​ឃើញ​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ពេល​នេះ»។​

ក្រោយពី​ធ្វើបាតុកម្ម​នៅ​មុខ​សេតវិមានរយៈ​ពេល៣​ម៉ោង ​អ្នក​តវ៉ា​ភាគ​ច្រើន​បាន​ដើរ​ ហើយ​ខ្លះ​បាន​បើកឡាន​ទៅ​ធ្វើការ​តវ៉ា​នៅ​មុខស្ថានទូត​វៀតណាម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ​តែ​មិន​មាន​អ្នក​តំណាង​ស្ថានទូត​វៀតណាម​មក​ជួប​បាតុករ​ទេ។​

នៅ​ពេល​វីអូអេ​ព្យាយាម​ទាក់​ទង​តាម​ទូរស័ព្ទ​សុំ​ការ​ឆ្លើយតប​ លោក ​ Nguyen Huy Dzung ​មន្ត្រីស្ថានទូត​វៀតណាម​បាន​ឆ្លើយ​ថា ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការចោទ​ប្រកាន់​ថា ​វៀតណាម​ធ្វើ​អាណានិគមន៍​លើ​តំបន់​ឥណ្ឌូនចិន​នេះ​ទេ។​លោក​យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​បាតុកម្ម​នៅ​ស្ថានទូត​វៀតណាម​ អ្នក​តំណាង​បាតុករ​បាន​ជួប​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អាមេរិកាំង​ដាក់​ញត្តិ​របស់​គេ៕

XS
SM
MD
LG