ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថាច់ ង៉ុកថាច់៖ ការ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​នៅ​មាន​សង្ឃឹម


ស្ត្រី​ម្នាក់​លើក​បដា​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ក្រុង​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។
ស្ត្រី​ម្នាក់​លើក​បដា​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ក្រុង​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ ទោះ​បីជា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ចាត់​ទុក​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​រឿង​ប្រវត្តិសាស្ត្រ​ ហើយ​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​បាន​កម្រិត​ព្រំដែន​រួច​មែន​ តែ​ការ​ទាមទារ​ឲ្យ​វៀតណាម​ទទួល​ស្គាល់​ទឹក​ដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​អាច​ធ្វើ​បាន​នៅ​ឡើយ​ គឺ​នៅ​ពេល​ខ្មែរ​យើង​មាន​សំឡេង​តែ​មួយ​ឬ​រួបរួម​គ្នា។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ថាច់ ង៉ុកថាច់​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ដែល​បាន​ថ្លែង​ប្រាប់​កម្មវិធី​ហេឡូ​វីអូអេ​កាលយប់​ថ្ងៃ​ព្រហស្បតិ៍​ ទី១០​ខែកក្កដា​ឆ្នាំ​២០១៤។

«នៅ​ក្នុង​ហ្នឹង​ដែល​រដ្ឋាភិបាល​វៀតណាម​អះអាង​ថា​ ប្រទេស​កម្ពុជា​មាន​ផែនទី​ជា ​ស្រេច​ ប្រទេស​វៀតណាម​មាន​ជា​ស្រេច​ តែ​នៅ​ក្នុង​ហ្នឹង​បងប្អូន​ខ្មែរ​ដែល​រស់​នៅ​ លើ​ទឹកដី​កម្ពុជា​ក្រោម ​ជា​ម្ចាស់​ស្រុក​ ជាម្ចាស់​ទឹកដី​នៅ​ទីនោះ​ ជា​អ្នក​ដែល​មាន​ សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទាមទារ​តវ៉ា​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​អ.ស.ប។​ សួរ​ថា​ តើ​បងប្អូន​ខ្មែរក្រោម​អាច​រស់​នៅ​ជាមួយ​យួន​បាន​ទេ?​ តើ​បងប្អូន​ខ្មែរ​ក្រោម​អាច​ រស់​នៅ​របៀបណា?​ រឿង​នេះ​យើង​មាន​ច្បាប់​តាំង​ពី​ច្បាប់​សិទ្ធិ​ជន​ជាតិ​ដើម​និង​ ច្បាប់​សិទ្ធិ​មនុស្ស​ដែល​មាន​ចែង​ស្រាប់។ ​ហើយ​នៅ​ក្នុង​ហ្នឹង​ជុំវិញ​ពិភពលោក​ គេ​កំពុង​តែ​ធ្វើ​ចលនា​ហ្នឹង​ដើម្បី​ឲ្យ​ជនជាតិ​ដើម​ទាំង​អស់​អាច​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង»។

លោក​ថ្លែង​ថា​នៅ​ប្រទេស​អង់គ្លេស​បាន​អនុញាតិ​ឲ្យ​មាន​ជា​តំបន់​ស្វយ័ត​ ហើយ​នៅ​ប្រទេស​កាណាដា ​គឺ​ខេត្ត​គេបិច ​(Quebec)​ ដែល​គេ​រស់​នៅ​ដោយ​ផ្តាច់​ខ្លួន​ ដែល​គេ​(អ្នកស្រុក)​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ នៅ​ពេល​គេ​មិន​ចូលចិត្ត​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​រដ្ឋ​របស់​ប្រទេស​ទាំងនោះ។​ ហើយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​និង​ ហ្វ៊ីលីពីន​ មាន​ប្រជុំកោះ​ជា​ច្រើន​ គេ​អាច​រស់​នៅ​ជាមួយ​គ្នា​បាន។

«ដូច្នេះ​គំរូ​មាន​គ្រប់​បែប​យ៉ាង​ទាំង​អស់​សម្រាប់​រដ្ឋាភិបាល​យួន​ក្នុង​ការ​ធ្វើ​ យ៉ាង​ណា​អាច​ឲ្យ​ខ្មែរក្រោម​និង​ជនជាតិ​ដទៃ​ទៀត​អាច​រស់​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​វៀតណាម​បាន»។

​លោក​ ថាច់ ង៉ុកថាច់​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
​លោក​ ថាច់ ង៉ុកថាច់​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

លោក ​ថាច់ ង៉ុកថាច់​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​បាន​កោត​សរសើរ​ប្រទេស​ ថៃ ​ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ឬ​ខ្មែរ​សុរិន្ទ​រាប់​លាន​នាក់​រស់​នៅ​បាន​ស្រួល​ជា​ មួយ​ពលរដ្ឋ​ថៃ​ជាង​ពលរដ្ឋខ្មែរ​ក្រោម​ជា​ច្រើន​លាន​នាក់​ដែល​កំពុង​រស់​ក្រោម​ ការ​គ្រប់គ្រង​របស់​វៀតណាម​ដែល​គេ​ចោទ​ប្រកាន់​ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នោះ។

​«ថៃ​មាន​ការ​ឆ្លាត​ជាង​ប្រទេស​យួន។ គេ​ធ្វើ​ឲ្យ​បងប្អូន​ខ្មែរ​រស់​នៅ​ជាមួយ​បាន។​ តែ​ចំពោះ​យួន​វិញ​ធ្វើ​ឲ្យ​គេ​មិន​អាច​រស់​នៅ​ជាមួយ​បាន ​មាន​តែ​ការ​កាប់​សម្លាប់​ មាន​តែ​ការ​ចង​កម្ម​ចង​ពៀរគ្នា។​ អញ្ចឹង​ហើយ​នេះ​ជា​ពេល​វេលា​ ដែល​ពលរដ្ឋ​និង​រដ្ឋាភិបាល​យួន​ត្រូវ​បង្ហាញ​មក​លើ​បងប្អូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ ក៏​ដូច​ជា​ជន​ជាតិ ដទៃ​ទៀត​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ ង៉ុកថាច់ ​បាន​អះអាង​ថា​ ប្រទេស​វៀតណាម ដែល​បាន​ឃើញ​ការ​ប្រកាស​ឯករាជ្យ​នៅ​បណ្តា​ប្រទេស​នានា អាច​កើត​មាន​ចំពោះ​ខ្មែរក្រោម​ដែរ។

«ប្រទេស​វៀតណាម​ភ័យ​ព្រួយ​ថា​ នៅ​ក្នុង​ប្រទេស​ជុំវិញ​ពិភពលោក​ហ្នឹង​មាន​ព្រឹត្តិការណ៍​កើត​ថ្មីៗ​បន្តបន្ទាប់​គ្នា។ ចំពោះ​ពលរដ្ឋ​ក្នុង​សង្គម​ណា​ដែល​មិន​សប្បាយ​ចិត្ត​នឹង​សង្គម​នោះ ​គេ​អាច​ផ្តាច់ខ្លួន​បាន​ បើ​យោង​ទៅ​តាម​ច្បាប់​អសប​ ដែល​យើង​តែង​តែ​និយាយ​ថា ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួន​ឯង​នោះ។ ប្រទេស​ណា​ ប្រជាពលរដ្ឋ​ណា?​ យើង​ឃើញ​នៅ​ក្បែរ​យើង ឃើញ​ប្រទេស​ទីម័រ ​(East Timor)​ ជា​ដើម​ ឃើញ​បំបែក​ថ្មីៗ​កាន់​តែ​ច្រើន​ឡើងៗ។​ អញ្ចឹង​ហើយ​ធ្វើ​ឲ្យ​ រដ្ឋាភិបាល​វៀតណាម​មាន​ការ​ភ័យ​ខ្លាច»។

លោក​អំពាវនាវ​មិន​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទេ​សម្រាប់​ការ​តវ៉ា​លើ​បញ្ហា​ទឹកដី​ កម្ពុជា​ក្រោម​នេះ​ បើ​ពុំដូច្នោះ​ទេ​នាំ​ឲ្យ​មាន​ការ​លំបាក។

«ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​អំពាវនាវ​ដល់​បងប្អូន​ខ្មែរ​និង​ខ្មែរ​ក្រោម​សូម​មេត្តា​បន្ត​ប្រើ​វិធី​អហិង្សា។​ វីធី​អហិង្សា​នេះ​គឺ​ថា ​មាន​លទ្ធភាព​សម្រាប់​ឲ្យ​យើង​បង្ហាញ​ឲ្យ​ ឃើញ​ថា ​ខ្មែរក្រោម​ជា​អ្នក​រងគ្រោះ​ បងប្អូន​ខ្មែរ​ជា​អ្នក​រងគ្រោះ​ ហើយ​យើង​នឹង​ពឹង​ពាក់​គេៗ​នឹង​ជួយ​ដោះស្រាយ​យើង»។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយ ​រូប ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា ​បញ្ហា​ទឹកដី​កម្ពុជា​ ក្រោម​ជា​រឿង​ប្រវត្តិសាស្ត្រ។​ លោក​ថា ​កម្ពុជា​ធ្វើ​អ្វី​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ អំពី​ការ​កំណត់​ព្រំដែន​របស់​កម្ពុជា​និង​ច្បាប់​អន្តរជាតិ។

«ដូច្នេះ​យើង​ធ្វើ​តាម​នីតិរដ្ឋ​ យើង​អត់​ធ្វើ​តាម​មនោសញ្ចេតនា​ឬ​និន្នាការ​នយោបាយ ​ដើម្បី​ឲ្យ​មាន​ជម្លោះ​នៅ​កម្ពុជា​ជាមួយ​នឹង​អ្នក​ជិត​ខាង​ទេ»។

តែ​លោក​ថាច់ ង៉ុកថាច់​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​បាន​បញ្ជាក់​ថា ​លោក​ មិន​រំពឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដើម្បី​ដោះស្រាយ​ក្នុង​រឿង​នេះ​ទេ។

«រដ្ឋាភិបាល​ទោះ​ជា​ក្នុង​គណបក្ស​ណា​ក៏​ដោយ​មាន​តួនាទី​ដោះស្រាយ​នៅ​សំណួរ​ នៅ​ចម្ងល់​របស់​ប្រជាពលរដ្ឋ ​ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ ដើម្បី​ដោះស្រាយ​នៅ បញ្ហា​ជា​ប្រវត្តិសាស្ត្រ​ហ្នឹង។ ​ទី២​ទៀត ​ខ្ញុំ​ជឿ​ជាក់​ថា ​ទោះបី​ជា​គណបក្ស​ប្រជាជន​ មិន​ចូលរួម​ក្នុង​ការ​ដោះស្រាយ​ក៏ដោយ​ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ ហើយ​ នឹង​បង​ប្អូនខ្មែរ​នៅ​លើ​ទឹកដី​ខ្មែរកម្ពុជា​ក្រោម​ទាំង​នៅ​ជុំវិញ​ពិភពលោក​ ជា​អ្នក​ មាន​លទ្ធភាព​ដោះស្រាយ»។

លោក​បាន​អះអាង​ថា​ មន្ត្រី​ជាន់​ខ្ពស់​របស់​អសប​នៅ​ចុង​ខែ​កក្កដា​នេះ​ នឹង​ទៅ​ បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ដែល​ជា​ទឹកដី​ខ្មែរ​ស្ថិត​ក្រោមការ​គ្រប់គ្រង​ដោយ​វៀតណាម​បច្ចុប្បន្ន​ បន្ទាប់​ពី​បារាំង​បាន​សម្រេច​ជា​ឯកតោភាគី​កាត់​ឲ្យ​វៀតណាម​កាន់​កាប់​កាល​ពី​ឆ្នាំ​១៩៤៩៕

XS
SM
MD
LG