ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ថាច់ សេដ្ឋា​ រង​ការ​គំរាម​សម្លាប់​ពេល​ដឹកនាំ​បាតុកម្ម​ប្រឆាំង​វៀតណាម


បាតុករ​ខ្មែរ​ដុត​ទង់ជាតិ​វៀតណាម​​ធ្វើ​ពី​ក្រដាស​ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅឯ​ផ្លូវ​ដែល​ត្រូវ​បិត​នៅ​មុខ​ស្ថានទូត​វៀតណាម​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។
បាតុករ​ខ្មែរ​ដុត​ទង់ជាតិ​វៀតណាម​​ធ្វើ​ពី​ក្រដាស​ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅឯ​ផ្លូវ​ដែល​ត្រូវ​បិត​នៅ​មុខ​ស្ថានទូត​វៀតណាម​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។

មេដឹក​នាំ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ប្រឆាំង​នឹង​ប្រទេស​វៀតណាម​ដ៏​ខ្លាំង​ក្លា​មួយ​រូប​បាន​ប្រកាស​ជា​សាធារណៈ​ថា​ខ្លួន​បាន​ទទួល​រង​ការ​គំរាម​សម្លាប់​នៅ​ក្នុង​ខណៈពេល​កំពុង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​អត្ថាធិប្បាយ​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម។

លោក ថាច់ សេដ្ឋា ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដឹក​នាំ​បាតុកម្ម​ចំនួន​ប្រាំ​ថ្ងៃ​ហើយទាម​ទារ​ឲ្យ​ប្រទេស​វៀតណាម​សុំទោស​ជាសាធារណៈ​ហើយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃពុធ​នេះ។

​ការទាមទារ​ឲ្យ​សុំ​ទោស​កើត​មាន​ឡើង​បន្ទាប់​ពី​អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម​បាននិយាយ​ថា​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោមគឺ​ជា​ទឹកដី​របស់​ប្រទេស​វៀតណាម​ជា​យូរយារ​ណាស់​មកហើយ។

អត្ថាធិប្បាយ​នេះ​ធ្វើ​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​ខឹង​សម្បារ​និង​បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែ​សីហា​មកម្ល៉េះ​ដើម្បីទាមទារ​ឲ្យ​មន្ត្រី​ទូត​រូប​នោះ​ធ្វើ​ការកែតម្រូវ​និង​សុំទោស​ជា​សាធារណៈហើយ​ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​ចោទ​ប្រកាន់​ថា​នេះ​គឺ​ជា​ការបំភ្លៃ​ប្រវត្តិសាស្ដ្រ។

សម្រាប់​ខែ​កញ្ញា​នេះ​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម​ដែល​ដឹក​នាំ​ដោយ​លោក​ថាច់ សេដ្ឋា បាន​ធ្វើ​ការ​តវ៉ា​ចំនួន​ប្រាំថ្ងៃនៅ​ពី​មុខ​ស្ថានទូត​វៀតណាម​ក្នុង​ទីក្រុង​ភ្នំពេញក្រោម​ការដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​និង​ដាក់រនាំង​ដែក។

លោក​ថាច់ សេដ្ឋា​បាន​ថ្លែង​ប្រាប់​ក្រុម​បាតុករ​ប្រមាណជាង​២០០​នាក់នៅ​រសៀល​ថ្ងៃ​នេះ​ថា​លោក​ទទួល​រងការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ដើម្បី​រារាំង​មិន​ឲ្យ​លោក​ដឹក​នាំ​បាតុកម្ម​បន្តទៀត។

«ខ្ញុំ​សូម​ជម្រាប​ថា ​រហូត​មក​ទល់​ថ្ងៃ​នេះគេ​នៅ​តែ​ប្រាប់​ខ្ញុំ​ទៀត។ ​ព្រឹក​មិញ​តេ​ទូរស័ព្ទ​មក​ថា​អ្នកឯង​កុំ​មក​មុខ​ស្ថានទូត​យួនឲ្យ​សោះ។ គេ​នឹង​សម្លាប់​ខ្ញុំ​ហើយ»។

លោក​ថាច់ សេដ្ឋា ​បាន​បញ្ជាក់​បន្ថែម​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​អ្នក​ដែល​គំរាមរូប​លោក​បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​ដែល​មិន​បង្ហាញ​លេខ​និង​បាន​និយាយ​ជា​ភាសា​វៀតណាម។​

«គេ​បាន​ទូរស័ព្ទ​ពីរ​បី​ថ្ងៃ​នេះ​ជាប់ ​រាប់​ចាប់​តាំង​ពី​ម្សិល​ម្ង៉ៃ​គេ​ទូរស័ព្ទ​មក​ពី​ថ្ងៃ​រហូត​ដល់​យប់​រក​ដេក​មិន​បាន​រហូត​ដល់​បិទ​ទូរស័ព្ទ។ ហើយ​ព្រឹក​មិញ​ពេល​និយាយ​ជាមួយ​អ្នក​កាសែត​ CEN ​វា​ទូរស័ព្ទ​មក​ខ្ញុំ​ក៏​ដាក់​ឲ្យ​គេ​ស្តាប់​ទៅ។ គេ​គំរាម​ថា​ថ្ងៃ​នេះ​កុំ​ឲ្យ​មក​មុខ​ស្ថាន​ទូត​យួន​ទៀត​គេ​នឹង​បាញ់​សម្លាប់»។​

លោក​ជួន សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​បានទេ​នៅ​ពេល​នេះ។ ​ទោះ​ជា​យ៉ាង​ណា​លោក​ ថាច់ សេដ្ឋា ​ឲ្យ​ដឹង​ថា​លោក​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ ​ប៉ុន្តែ ​លោក​បាន​ប្រាប់​ដោយ​ផ្ទាល់មាត់​ដល់​មន្ត្រី​ប៉ូលិសដែល​មាន​វត្តមាន​នៅ​កន្លែង​បាតុកម្ម​មុខ​ស្ថាន​ទូតវៀតណាម​រួចហើយ។

ដោយឡែក​អ្នកនាំ​ពាក្យ​ស្ថានទូត​វៀតណាម​ដែល​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស​នេះ​ត្រូវ​ផ្ទេរ​ចេញ​ពី​ប្រទេស​កម្ពុជា​រួច។ នេះ​បើ​យោង​តាម​មន្ត្រី​ផ្លូវការ​កម្ពុជា។​ ទន្ទឹម​គ្នា​នេះ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​មិន​អាច​ស្វែង​រក​ការអត្ថាធិប្បាយ​ទាក់​ទង​ទៅ​នឹងការគំរាម​មេដឹក​នាំ​បាតុកម្ម​នេះ​បាន​ទេ។

លោក​អំ សំអាត ​ប្រធាន​ផ្នែក​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ ​អធិប្បាយ​ថាមន្ត្រី​អាជ្ញាធរ​ខ្មែរ​គួរតែ​ចាប់អារម្មណ៍​លើ​រូបភាព​គំរាម​បែប​នេះ​ស្រប​ពេលនេះ​ដែរ​អង្គការ​របស់​លោក​នឹង​បើក​ការ​ស៊ើប​អង្កេត​មួយ​ដែរ។

«នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ហើយ​យើង​កំពុង​ស្រាវជ្រាវ។ តែ​ទោះ​ជាយ៉ាង​ណា​កាល​ណា​ព័ត៌មាន​នេះ​កើត​មាន​ហើយ អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​តែ​ចាត់​វិធានការ​ដើម្បី​ស្រាវជ្រាវ​លើ​ព័ត៌​មាន​នា​ពេល​កន្លងមក»។
មាន​សញ្ញា​ជាច្រើន​នា​ពេល​កន្លងមក​ដែល​ជន​មិន​ស្គាល់​មុខ​បាន​គំរាម​សម្លាប់​មន្ត្រី​និង​សកម្មជន​គណបក្ស​ជំទាស់​តាម​ទូរស័ព្ទ​និង​ផ្ញើ​សារតាមទូរស័ព្ទ​ហើយ​សកម្មជន​ទាំង​នោះ​នៅទី​បំផុតត្រូវ​ឃាតករ​បាញ់​សម្លាប់​ ដូចជា​លោក​ជា វិជ្ជា ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឃឹម សំបូរ ​អ្នកកាសែត​មាន​និន្នាការ​ប្រឆាំង ​និង​លោក​ឈុត វិទ្ធី​ ដែល​ជា​សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​ជាដើម។

គួរ​រំលឹក​ថា​ កាលពី ​ថ្ងៃទី៦ ​ខែមិថុនា ​ឆ្នាំ២០១៤ ​លោក ត្រឹង វ៉ាន់ថុង ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ​ប្រទេស​បារាំង​មិនបាន​កាត់ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ពី​កម្ពុជា​ឲ្យ​ទៅ​វៀតណាម​ទេ​ប៉ុន្តែ​ទឹកដី​កម្ពុជា​ក្រោម​ជាទឹកដី​របស់​វៀតណាម​តំាងពី​យូរយារ​មកហើយ។​បន្ថែម​ពី​នោះមន្ត្រី​វៀត​ណាម​ដដែល​នោះ​អះអាង​ថាព័ត៌មាន​អំពី​ការ​បាត់បង់​ទឹកដី​ខ្មែរ​នេះ​គ្មាន​អ្វី​ជា​មូលដ្ឋាន​ឬ​ភស្តុតាង​នោះទេ។

​ចលនា​ទាមទារ​ឲ្យអ្នក​ការទូត​រូប​នេះ​សុំ​ទោស​បាន​កក្រើក​ឡើង​ប៉ុន្តែ​មន្ត្រី​វៀតណាម​រូប​នោះ​នៅ​តែ​មិន​ព្រម​សុំទោស​ហើយ​បន្ទាប់​មក​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​នានានៃ​បណ្តា​ប្រទេស​អាស៊ាន​ដោយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​នូវ​គោលការណ៍​អាស៊ាន​និង​មិន​មើល​ងាយ​ឬ ​មិន​រើសអើង​ប្រជាជាតិ​នៃ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG