ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​បើក​យុទ្ធនាការ​​សុំ​ឱ្យ​ដោះលែង​លោក​ ​កឹម សុខា​ ដែល​កំពុង​ជាប់​ឃុំ​ពី​បទ​ក្បត់ជាតិ


ក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកបដានៅខាងមុខទីស្នាក់ការកណ្តាលបក្ស ទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សរបស់ខ្លួនជាបន្ទាន់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកបដានៅខាងមុខទីស្នាក់ការកណ្តាលបក្ស ទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សរបស់ខ្លួនជាបន្ទាន់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ប្រកាស​ពី​ការ​លើក​បដា​ដាក់​នៅ​ខាង​មុខ​ទី​ស្នាក់​ការ​គណបក្ស​របស់​ខ្លួន​ទូទាំង​ប្រទេស​ទាមទារឲ្យ​ដោះលែង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ ដែល​កំពុង​ជាប់​ឃុំ​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ។​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា​ ​ការ​លើក​បដា​នេះ​ជា​ផ្នែក​មួយនៃ​សកម្ម​ភាព​បដិវត្តន៍​ពណ៌​ ​និង​ថា​ អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ប្រកាស​ពី​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ដែល​កំពុង​ជាប់​ឃុំ​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​ការ​លើក​បដា​ដាក់​នៅ​ខាង​មុខ​ទី​ស្នាក់ការ​គណបក្ស​របស់​ខ្លួន​ទូទាំង​ប្រទេស។​ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា»​ ​ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះជាតិ​ ​លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​បាន​សម្រេច​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​នៅ​តាម​ទី​ស្នាក់​ការ​នានារបស់​គណបក្ស​សង្រ្គោះជាតិ​ទូទាំង​ប្រទេស។​ លោក​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បារម្ភ​ពី​ការ​ប្រឈម​ផ្លូវ​ច្បាប់​ណាមួយ​ ​ពាក់ព័ន្ធ​នឹង​ការ​លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ ​កឹម សុខា​ ​នោះ​ទេ។​

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

លោក​ សុន ឆ័យ​ ​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«ការ​បញ្ចេញ​រូប​ឯកឧត្តម​ ​កឹម សុខា​ ​ដើម្បី​ទាមទារ​មានការ​ឲ្យ​ដោះ​លែង​គាត់​ជា​បន្ទាន់​នេះ​ ​គឺជា​វត្ថុ​បំណង​ដែល​កើត​ចេញពី​ទឹក​ចិត្ត​យើង​គ្រប់គ្នា​ជា​ស្វ័យ​ប្រវត្តិ​ ​ដូច្នេះ​ខ្ញុំ​មិន​មាន​ការ​បារម្ភ​អី​អំពី​ផ្លូវ​ច្បាប់ ​អំពី​អ្វី​ដែល​នឹង​អាចកើត​មាន​ជាយថាហេតុ​ទេ។ ​ដូច​បាន​បញ្ជាក់​អីចឹងថា ​ដរាប​ណា​គាត់​នៅ​តែ​ជា​ជន​មិន​ទាន់​មាន​ទោស ​យើង​មាន​ឱកាស​ដើម្បី​នឹង​បន្ត​ការ​តស៊ូ​មតិ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​គាត់​ឲ្យ​បាន​ឆាប់ ​ដែល​អាច​ធ្វើ​ទៅ​បាន»។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូល​ចាប់​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​ទាំង​កណ្ដាល​យប់​រំលង​អធ្រាត្រ ​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ ​លោក​ ​«ក្បត់ជាតិ»។​ ​អាជ្ញាធរ​បាន​ចោទ​លោក​ថា​ ​បាន​រៀបចំ​ផែន​ការ​សម្ងាត់​ ​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​ ​តុលាការ​បាន​បញ្ជូន​លោក​ ​កឹម សុខា​ ​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​

ស្លាក​ ​ឬ​បដា​ទំហំ​ប្រមាណ​ជា​២​ម៉ែត្រ​ ​គុណ​នឹង​កម្ពស់​១​ម៉ែត្រ​កន្លះ​ ​ត្រូវ​បាន​គេ​ដាក់​នៅ​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​នានា​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ​ដោយ​មាន​ដាក់​រូប​លោក​ ​កឹម សុខា​ ​និង​សរសេរ​ថា​ ​«ត្រូវ​ដោះ​លែង​លោក​ប្រធាន​ ​កឹម សុខា​ជា​បន្ទាន់»។ ​យុទ្ធនាការ​នេះ​កំពុង​ចាប់​ផ្តើម​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ក្រុម​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។​ ​នេះ​បើ​តាម​វីដេអូ​ និង​សារ​នានា​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​របស់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ។​

បើទោះ​បីជា​យ៉ាង​នេះ​ក្តី​ ​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​មាន​ប្រសាសន៍​ថា ​ការ​លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ ​កឹម សុខា​ គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​បដិវត្តន៍​ពណ៌​ ​និង​ថា​ ​អ្នក​ដែល​ប្រព្រឹត្ត​សកម្មភាព​នេះ​នឹង​ប្រឈម​នឹង​ការ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់។​

ឆ្លើយប្រាប់​ ​VOA​ ​ដោយ​មិន​ព្រម​បញ្ជាក់​លម្អិត​ថា​ នឹងមាន​ចំណាត់​ការ​បែប​ណា​ ​និង​ធ្វើ​នៅ​ពេល​ណា ​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បញ្ជាក់​ថា៖​

«នេះ​គឺជា​ទម្រង់​មួយ​នៃ​ការ​រៀបចំ​បដិវត្តន៍​ពណ៌​ ​ដូច​ដែល​ ​កឹម សុខា​ ​ធ្លាប់​បាន​រៀន​សូត្រពី​គ្រូអាចារ្យ​របស់​គាត់។ ​រូបភាព​បដិវត្តន៍​ពណ៌​មួយ​ហើយ​អាហ្នឹង។​ ​រូបភាព​បដិវត្តន៍​ពណ៌​គឺ​បន្តិចៗ​អីចឹង។​ ​វាអត់​មាន​ហិង្សា​ ​វា​ជា​បដិវត្តន៍​ពណ៌​ហើយ​អា​ហ្នឹង។​ ​ហើយ​ខ្ញុំគិត​ថា​ នេះ​គឺជា​ការ​មិន​ត្រូវ​ទេ​ ​យើង​មិន​អនុញ្ញាត​ឲ្យ​មាន»។​

ការ​ប្រកាស​លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ ​កឹម សុខា​ ​នៅ​ព្រឹក​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គម្រោង​ការ​បញ្ជូន​លោក​ កឹម សុខា ​ឲ្យ​ចូល​រួម​សវនាការ​សាលាឧទ្ធរណ៍​ នា​ថ្ងៃ​អង្គារ​ស្អែក​ ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ។​ ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម ​សុខា​ ​ចំនួន​៧​នាក់​ ​បាន​ដាក់​លិខិត​ស្នើ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ សុំ​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ចូលរួម​កិច្ច​ពិភាក្សា​ដេញ​ដោល​នៅ​ចំពោះ​មុខ​សភា​ស៊ើប​សួរ​ ​បន្ទាប់​ពី​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​កាលពី​សប្តាហ៍​មុន ​បាន​ស្នើ​ឲ្យ​សាលា​ឧទ្ធណ៍​ពិចារណា​លើ​ការ​នាំ​ខ្លួន​លោក​ ​កឹម សុខា​ ទៅ​ចូល​រួម​ក្នុង​សវនាការ​ ​ដោយ​លើក​មូលហេតុ​ថា​ ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន​លោក​ ​កឹម សុខា​ ​និង​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​សវនាការ។

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លិខិត​ស្នើ​ទៅ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ ​ចុះ​ហត្ថលេខា​ ​និង​ត្រា​ដោយ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា​ ​ចំនួន​៧​រូប ចេញ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​កញ្ញានេះ សរសេរ​ថា ​តាម​គោល​ការណ៍​ ​នីតិ​វិធី​ព្រហ្មទណ្ឌត្រូវ​ធ្វើ​ឡើង​តាម​គោល​ការណ៍​ចំពោះ​មុខ និង​ថា ​លោក កឹម សុខា ​បាន​ស្នើ​ចូលរួម​គ្រប់​នីតិវិធី​តុលាការ។ មេធាវី​ទាំង​នោះ​លើក​ឡើង​ក្នុង​លិខិត​នោះ​ថា ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ដោយ​សម្អាង​ថា​ ​ការ​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​គឺដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ឲ្យ​តុលាការ​ចាត់​ការ​តាម​នីតិវិធី ​និង​ថា​ ការ​ឲ្យ​លោក​ ​កឹម សុខា​ ​នៅ​ក្រៅ​ឃុំ​នឹង​អាច​គេច​វេស​មិន​ចូល​រួម​ក្នុង​សវនាការ។​

ពួក​គេ​បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«គ្មាន​ហេតុ​ផល​ណាមួយ​ត្រូវ​បាន​លើក​ក្នុង​ការ​រារាំង​មិន​អនុញ្ញាត​ឲ្យ​កូន​ក្តី​យើង​ខ្ញុំ​ចូល​រួម​ក្នុង​សវនាការ​ឡើយ។​ ​អាស្រ័យ​ហេតុ​នេះ​ ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​កូនក្តី​ ​យើង​ខ្ញុំ​សូម​លោក​ប្រធាន​មេត្តា​សម្រេច​តាម​ការ​ស្នើសុំ​ដោយ​អនុគ្រោះ»។ ​

នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ប្រកាស​ថា​ ​ពួកគេ​នឹង​ទៅ​ចូលរួម​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ ​នា​ព្រឹក​ថ្ងៃ​អង្គារ​ខាង​មុខ​ ​បើ​ទោះ​ជា​មិនមាន​វត្តមាន​របស់​ ​លោក​ ​កឹម សុខា​ ​ក៏​ដោយ។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ទូច ថារិទ្ធ​ ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃចន្ទ​នេះ។​

ដោយឡែក​ ​លោក​ ​សុក សំអឿន​ ​អ្នក​ជំនាញ​ច្បាប់​ ​និង​ជា​មេធាវី​ជើង​ចាស់​មួយ​រូប​លើក​ឡើង​ថា ​ការ​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​បាន​ចូលរួម​ក្នុង​សវនាការ​ដើម្បី​តទល់​សេចក្តី​គឺជា​ការ​រំលោភ​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ ​និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែងពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ។​ ​លោក​បន្ថែម​ថា​ ​សម្រាប់​ការ​ហាម​មិន​ឲ្យ​លើក​បដាទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ ​កឹម សុខា​ ​ដោយ​អហិង្សានៅ​ទី​ស្នាក់​ការ​គណបក្ស​ប្រឆាំង​នោះ​ ​ក៏ជា​ការ​រំលោភ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ដូច​គ្នា។​

លោក​ ​សុក សំអឿន​ មាន​ប្រសាសន៍​ថា៖​

«គ្រាន់តែ​លើក​អីចឹង​វា​ប៉ះពាល់​ ​គេ​ថា​ បដិវត្តន៍​ពណ៌​ដែរ។​ ​ខ្ញុំ​ថា​ ដូច​អត់​ត្រូវ។​ ​បើ​អីចឹង​មិន​បាច់​ធ្វើ​បាតុកម្ម​ទេ ​ឲ្យ​តែ​បាតុកម្ម​សុទ្ធ​តែ​បដិវត្តន៍​ពណ៌​ម៉េច​ហ្នឹង​កើត?​ អាហ្នឹង​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​យើង​ទៀត​ហើយ ​ព្រោះ​រដ្ឋធម្មនុញ្ញ​យើង​ធានា​ឲ្យ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​បាន​ ​ដោយ​អហិង្សា ​ដោយ​សន្តិវិធី​ អាហ្នឹង​គឺ​ស្រប​តាម​ច្បាប់​ប្រទេស​របស់​យើង​ហើយ»។​

ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ​ទាំង​កម្រោល​ ​និង​បញ្ជូន​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន ​និង​អង្គការ​អន្តជាតិ​យ៉ាង​ច្រើន​ប្រតិកម្ម​ ​និង​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​ ​បាតុកម្ម​ជា​ច្រើន​របស់​ជនជាតិ​ខ្មែរ​រស់​នៅ​បរទេស​ប្រឆំាង​នឹង​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា​ ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​នៅ​តាម​បណ្តា​ប្រទេស​នានា​ ​រួម​មាន​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ ​អាមេរិក​ ​អូស្រ្តាលី​ ​និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG