ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលា​ឧទ្ធរណ៍​ ​និង​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ឆ្លើយ​ដាក់​គ្នា​ចំពោះ​រឿង​​នាំ​ខ្លួន​​លោក​ ​កឹម សុខា ​មក​សវនាការ​នៅ​សប្តាហ៍​ក្រោយ​


រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ បាន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ នៅខេត្ត​កណ្តាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​សុក្រ​នេះ​ សាលា​ឧទ្ធរណ៍​ ​និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ​បាន​ឆ្លើយ​ដាក់​គ្នា​ទៅវិញ​ទៅ​មក​ ​លើ​ការ​សម្រេច​នាំ​ខ្លួន​លោក​ កឹម សុខា​ ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទៅ​ចូលរួម​សវនាការ​សាលា​ឧទ្ធរណ៍​ ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​ ​បន្ទាប់​ពី​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បាន​បង្ហាញ​ការ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​របស់​លោក​ កឹម សុខា​ ក្នុង​ពេល​ដឹក​ជញ្ជូន​និង​វត្តមាន​នៅ​សាលា​ឧទ្ធរណ៍។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​លើ​ការ​បញ្ជូន​លោក​ កឹម សុខា​ ចូលរួម​សវនាការ​នៅ​សប្តាហ៍​ក្រោយ​ ​ដោយ​លើក​មូលហេតុ​ថា​ «បារម្ភ​ពី​សុវត្ថិភាព»​ ក្នុង​ការ​ដឹក​ជញ្ជូន​ ​និង​សន្តិសុខ​ពេល​កំពុង​សវនាការ។​ ការ​បារម្ភ​នេះ​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ ច្រាន​ចោល​ ​និង​ថា​ ​ការណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​ កឹម សុខា​ ចូលរួម​សវនាការ​ ​នឹង​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ​នោះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

នៅ​ថ្ងៃ​សុក្រ​នេះ​ សាលា​ឧទ្ធរណ៍​ ​និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ​បាន​ឆ្លើយ​ដាក់​គ្នា​ទៅវិញ​ទៅ​មក​ ​លើ​ការ​សម្រេច​នាំ​ខ្លួន​លោក​ កឹម សុខា​ ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទៅ​ចូលរួម​សវនាការ​សាលា​ឧទ្ធរណ៍​ ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​ ​បន្ទាប់​ពី​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បាន​បង្ហាញ​ការ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​របស់​លោក​ កឹម សុខា​ ក្នុង​ពេល​ដឹក​ជញ្ជូន​និង​វត្តមាន​នៅ​សាលា​ឧទ្ធរណ៍។

​ការ​ច្រាន​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ខ្មែរ​ទាំង​ពីរ​ ​កើត​មាន​ឡើង​ក្រោយ​ពី​សាលា​ឧទ្ធរណ៍​សម្រេច​បើក​សវនាការ​ ​តាម​បណ្តឹង​ជំទាស់​ ​ចំពោះ​ការ​ឃុំ​ខ្លួន​ ​មេ​បក្ស​ប្រឆាំង​ ​លោក​ ​កឹម សុខា ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ ​និង​លិខិត​បញ្ជាក់​ពី​ក្តី​បារម្ភ​ចំពោះ ​«បញ្ហា​សន្តិសុខ​ ​និង​សុវត្ថិភាព»​ ក្នុង​ការ​ដឹក​ជញ្ជូន​រូប​លោក​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​មក​សាលា​ឧទ្ធរណ៍​ដើម្បី​សួរ​ដេញ​ដោល​ក្នុង​សវនាការ។​

ក្នុង​លិខិត​មួយ​ច្បាប់​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ ​ចេញ​កាលពី​ថ្ងៃ​ទី​១៨​ ​ខែ​កញ្ញា​ ​ស្នើ​ទៅ​អគ្គ​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​ ​ពិចារណា​ចំពោះ​ចំណាត់ការ​ ​នាំ​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ទៅ​ចូល​រួម​សវនាការ​សាលា​ឧទ្ធរណ៍​ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ខាង​មុខ។​

ក្នុង​លិខិតដែល​បោះត្រាដោយ​ ​លោក​ ចាន់ គឹមសេង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួង​មហាផ្ទៃ​ ផ្ញើ​ឲ្យ​អគ្គព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

​«ក្នុង​ការ​ចាត់​ចែង​នាំ​ជន​ត្រូវ​ចោទ​ឈ្មោះ​ កឹម សុខា​ មក​សាលា​ឧទ្ធរណ៍​ដើម្បី​បើក​ការ​ពិភាក្សា​ដេញ​ដោល​នៅ​ថ្ងៃ​ទី​២៦​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មាន​ការ​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​ ​សុវត្ថិភាព​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​ នៅ​ពេល​ដឹកជញ្ជូន​ ​ក៏​ដូចជា​នៅ​ពេល​មាន​វត្តមាន​នៅ​សាលា​ឧទ្ធរណ៍»។

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

លោក​ ​ទូច ថារិទ្ធ​ ​អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការ​សម្រេច​ក្នុង​ការ​បញ្ជូន​លោក​ ​កឹម សុខា​ ​មក​កាន់​សវនាការ​ ​ឬ​អត់​ ​គឺ​ជា​សមត្ថកិច្ច​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ។ ​លោក​បន្ថែម​ថា​ ​ដោយ​សារ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​លោក​ កឹម សុខា​ ​គឺ​ជា​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​ ​ដូច្នេះ​លោក​ថា​ ​សាលា​ឧទ្ធរណ៍​នៅ​តែ​ដំណើរការ​សវនាការ​ ​បើ​ទោះ​ជា​មិន​មាន​វត្តមាន​របស់​លោក​ កឹម សុខា​ ក្តី។

លោក​ ​ទូច ថារិទ្ធ​ មាន​ប្រសាសន៍​ថា៖​

«ចំពោះ​ការ​ដឹក​ជញ្ជូន​ជន​ល្មើស​ ​ជា​កិច្ច​ការងារ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដូច្នេះ​ចំពោះ​សាលា​ឧទ្ធរណ៍​ កិច្ច​ដំណើរការ​នីតិវិធី​នៅ​ថ្ងៃ​ទី​២៦​ហ្នឹង ​នៅ​តែ​ដំណើរការ​ដដែល ក៏​ប៉ុន្តែ​សាលា​ឧទ្ធរណ៍​ក៏​ចង់​ឲ្យ​មាន​វត្តមាន​ជនល្មើស​នៅ​ពេលសវនាការ​ដែរ​ ​ក៏​ប៉ុន្តែបើ​មិន​មាន​វត្តមាន​ជន​ល្មើស​នៅ​ពេល​សវនាការ​ទេ ដំណើរការ​នីតិវិធី​នៃ​តុលាការ​ក៏​មិន​មាន​ការ​រាំងស្ទះ​ដែរ»។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​លោក​ ចាន់ គឹមសេង​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ប្រាប់​ VOA​ ថា​ ​លោក​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ទូទៅ​ក្នុង​ពេល​កំពុង​ដឹក​ជញ្ជូន​លោក​ ​កឹម សុខា​ ​ពី​ពន្ធនាគារ​ទៅ​កាន់​តុលាការ និង​សន្តិសុខ​សុវត្ថិភាព​ក្នុង​ពេល​ចូលរួម​សវនាការ។​ ​លោក​បន្ថែម​ថា​ ​អគ្គនាយកដ្ឋាន​ពន្ធនាគារគ្រាន់​តែ​ជូន​ជា​យោបល់​ទៅ​អគ្គ​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​ ឲ្យ​ពិចារណា​ក្នុង​ការ​ចាត់​ចែង​សន្តិសុខ​ប៉ុណ្ណោះ។

លោក​ ​ចាន់ គឹមសេង​ បញ្ជាក់​ថា៖​

«ខាង​ខ្ញុំ​ មាន​សមត្ថកិច្ច​ដឹក​ជញ្ជូន​ ​ដល់​ហើយ​ ខ្ញុំ​គ្រាន់តែ​សម្តែង​ការ​បារម្ភ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​សុវត្ថិភាព​ទូទៅ​ ​អាហ្នឹង​គឺ​ខ្ញុំ​គ្រាន់តែ​ជូន​ដំណឹង​អញ្ចឹង​ ​អន្តរាគមន៍​ទៅ​អង្គភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត។​ ពិចារណា​ដើម្បី​គាត់​អាច​ទៅ​ខាង​ណា​ទៀត​ ​ឧបមា​ពាក់ព័ន្ធ​សមត្ថកិច្ច​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ អគ្គស្នងការ​នគរបាល​អី​អញ្ចឹង​ទៅ​ ​ឲ្យ​គេ​ចាត់​ចែង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាងម៉េច​អី​យ៉ាង​ម៉េចទៅ គ្រាន់​ជូន​យោបល់​គាត់​តើ»។

ទោះ​ជា​យ៉ាង​ណា​ មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ណាមួយ​ថា​ តើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នឹង​បញ្ជូន​លោក​ កឹម សុខា​ ​ទៅ​ចូលរួម​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ខាងមុខ​ ​ឬ​យ៉ាង​ណា​នោះ​ទេ​ ​ដោយ​លោក​ ​ចាន់ គឹមសេង​ បាន​ទម្លាក់​ទូរស័ព្ទ​ចុះ​ខណៈ​ដែល​ VOA​ ​មិន​ទាន់​បាន​បញ្ចប់​សំណួរ​នៅ​ឡើយ។​

​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូល​ចាប់ខ្លួន​ចេញ​ពី​ផ្ទះ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ ​ទាំង​កណ្ដាល​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ ​លោក​ ​«ក្បត់ជាតិ»។​ អាជ្ញាធរ​ ​បាន​ចោទ​ថា​ ​លោក​បាន​រៀបចំ​ផែនការ​សម្ងាត់​ ​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​តុលាការ​បាន​បញ្ជូន​លោក​ ​កឹម សុខា​ ​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ជាប់​ព្រំ​ដែន​វៀតណាម។

ពាក់ព័ន្ធ​នឹងសវនាការ​នៅ​សាលា​ឧទ្ធរណ៍​ ​នា​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ​ខាង​មុខ​នេះ​ ​លោក​ ​សំ សុគង់​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ប្រាំបីរូប​ ​ដែល​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ ​ប្រាប់​ថា ​ជា​សវនាការ​លើ​បណ្តឹង​របស់​ក្រុម​មេធាវី​ដែល​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ក្នុង​ការ​ឃុំ​ខ្លួន​ ​លោក​ កឹម សុខា​ ​ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ ​មិនមែន​ជា​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​នោះ​ទេ។​ លោក​បន្ថែម​ថា​ ការ​ព្រួយ​បារម្ភ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លើ​សុវត្ថិភាព​នៃ​ការ​បញ្ជូន​លោក​ ​កឹម សុខា​ ​ទៅ​ចូលរួម​សវនាការ​សាលា​ឧទ្ធរណ៍​ខាងមុខ​ គឺ​ជា​ការ​បារម្ភ​ដែល​មិន​សម​ហេតុផល​ ​និង​មិន​អាច​ទទួល​យក​បាន។

លោក​ ​សំ សុគង់​ ​បន្ថែម​ថា​ ​លោក​ ​កឹម សុខា​ ​បាន​ប្រាប់​មេធាវី​ថា​ ​លោក​ចង់​ចូលរួម​គ្រប់​នីតិវិធី​តុលាការ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ ​និង​ស្វែង​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង​ ​ដូច្នេះ​លោក សំ សុគង់ ​ថា​ ​ប្រសិន​បើ​លោក​ កឹម សុខា​ ​មិន​បាន​ចូល​រួម​ក្នុង​សវនាការ​ ​នោះ​នឹង​បង្ហាញ​ថា​ ​សវនាការ​នោះ​នឹងមិន​ត្រឹមត្រូវ​តាម​ច្បាប់។​

លោក​ ​សំ សុគង់​ ​បញ្ជាក់​ថា៖​

«នៅ​ក្នុង​នីតិវិធី​ច្បាប់​ ​ក៏​ដូចជា​គោលការណ៍​ទាក់ទង​នឹង​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ហ្នឹងគឺ ជន​ត្រូវ​ចោទ​ហ្នឹង​ត្រូវ​តែ​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ។​ ហើយ​ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ បញ្ហា​សន្តិសុខ ឬ​បញ្ហា​អី​ផ្សេងៗ​ហ្នឹង​ ខ្ញុំ​គិត​ថា ​វា​មិន​ជា​បញ្ហា​ទេ ដោយសារ​ការ​ការពារ​សន្តិសុខ​របស់​ជន​ត្រូវ​ចោទ​ហ្នឹង គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើ​ជា​ដាច់ខាត»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ​កឹម សុខា​ ​ចំនួន​ប្រាំ​បី​នាក់​ ​បាន​ប្ដឹង​ទៅតុលាការ​សុំ​ឲ្យ​លោក​ ​កឹម សុខា​ ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។​ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ​ក្រុម​មេធាវី​ទាំង​នោះ​ ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​លោក​ គី ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដក​កាមេរ៉ា​សុវត្ថិភាព​ ​និង​ឧបករណ៍​ស្រូប​សំឡេង​ចេញ​ពី​បន្ទប់​ឃុំឃាំង​ ​និង​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ស្ដាប់​វិទ្យុ ព្រម​ទាំង​ស្នើ​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​យក​ឯកសារ​ច្បាប់​ ​និង​សំណុំ​រឿង​ចូល​ជួប​ពិគ្រោះ​យោបល់​រវាង​មេធាវី​ ​និង​កូន​ក្ដី​ជាដើម។​ ​ទោះ​ជា​យ៉ាង​ណា​ លោក​ សំ សុគង់​ លើក​ឡើង​ថា ​រហូត​មក​ដល់​ពេល​នេះ តុលាការ​មិនទាន់​បាន​ឆ្លើយ​តប​លើ​ការ​ស្នើ​សុំ​ណា​មួយ​នៅ​ឡើយ។

ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ​ទាំង​កម្រោល​ ​និង​បញ្ជូន​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន និង​អង្គការ​អន្តជាតិ​យ៉ាង​ច្រើន​ប្រតិកម្ម​ ​និង​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​ ក្នុង​នោះ​គេ​ក៏​ឃើញ​មាន​ការ​ធ្វើ​បាតុកម្ម​ ​និង​គម្រោង​បាតុកម្ម​ជាច្រើន​របស់​ជនជាតិ​ខ្មែរ​មួយ​ចំនួន​នៅ​បរទេស​ ​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា​ ជា​បន្ទាន់។​ បើ​យោង​តាម​បណ្តាញ​សង្គម​ Twitter ​របស់​កញ្ញា ​កឹម មនោវិទ្យា​ កូនស្រី​របស់​លោក​ កឹម សុខា​ ​បាន​បង្ហោះ​ក្នុង​សប្តាហ៍​នេះ គម្រោង​ធ្វើ​បាតុកម្ម​ជាច្រើន​នឹង​ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ ​រួមមាន​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ អាមេរិក អូស្រ្តាលី​ ​និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម៕

XS
SM
MD
LG