ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បដិសេធ​មិន​ឱ្យ​បក្ស​ប្រឆាំង​ជួប​ជាមួយ​នឹង​ជន​ជាប់​ចោទ​២៣​នាក់


លោកសង្ឃ និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រត់​ជាមួយ​គ្នា​ពី​ទីលាន​ប្រជាធិបតេយ្យ​ ទីកន្លែង​ដែល​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ ទី៤ ខែមករា ឆ្នាំ២០១៤។
លោកសង្ឃ និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រត់​ជាមួយ​គ្នា​ពី​ទីលាន​ប្រជាធិបតេយ្យ​ ទីកន្លែង​ដែល​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ ទី៤ ខែមករា ឆ្នាំ២០១៤។
កងកម្លាំង​មាន​សមត្ថកិច្ច​ដោយ​រាប់​បញ្ចូល​ទាំង​ទាហាន​ក្នុង​សម្លៀក​បំពាក់​ជា​ខោអាវ​ប៉ារ៉ា​ប្រមាណ​ជិត​២០០​នាក់​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​រាំង​ខ្ទប់​មិន​ឱ្យក្រុម​អ្នក​តំណាង​រាស្ត្រ​ ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សមរង្ស៊ី​ ក្រុម​អង្គការសង្គម​ស៊ីវិល​ និង​ ក្រុម​គ្រួសារ ​បាន​ចូល​ជួប​ជនជាប់​ចោទ​ចំនួន​២៣​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​អង្គការសង្គម​ស៊ីវិល។​

លោក​ អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ​ បាន​បញ្ជាក់​ថា​ កង​កម្លាំង​មាន​សមត្ថកិច្ច ​បាន​កាន់​ដំបង​គ្រប់ដៃ​ ខែល​ និង​ អាវុធ​ស្វ័យ​ប្រវត្តិ​បាន​រារាំង​មិន​ឱ្យក្រុម​អ្នក​តំណាង​គណបក្ស​ប្រឆាំង​បាន​ចូល​ជួប​ជន​ជាប់​ចោទ​ទាំង​២៣​នាក់នោះ​ទេ។​

លោក​បាន​បញ្ជាក់​ថា​ការរាំង​ខ្ទប់​នេះ​មិន​មាន​ការ​ប៉ះទង្គិច​ណា​មួយ​បាន​កើត​ឡើង​ទេដោយ​សារ​តែ​កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​ដាក់​របងដែកការពារ​មិន​ឱ្យ​ក្រុម​អ្នក​តំណាង​រាស្ត្រចូល​ជិតរបងពន្ធនាគារ។​ ក៏ប៉ុន្តែ​អនុញ្ញាត​ឱ្យផ្ញើ​ម្ហូប​អាហារ​ជូន​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​នោះ​តែ​ប៉ុណ្ណោះ។​
លោក​អំ សំអាត​បាន​ចាត់​ទុក​ការ​រាំង​ខ្ទប់​នេះ​ថា​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជួបជុំ​របស់​ជន​ជាប់​ចោទ។​

លោក​និយាយ​ថា៖​«​ពីព្រោះ​ជន​ជាប់​ចោទ​គាត់​បិទ​សិទ្ធិ​តែមួយ​ទេ​គឺ​សិទ្ធិ​ដើរ​ហើរ​ផុត​ពី​ហ្នឹង​គាត់​មាន​សិទ្ធិដូច​ពលរដ្ឋ​ដទៃ​អញ្ចឹង​ដែរ​ សិទ្ធិជួប​ជុំ​ សិទ្ធិ​ប្រាស្រ័យ​ទាក់​ទង​អ្វី​មាន​ដូច​គ្នា​ទាំងអស់»។​
លោក​ សុន ឆ័យ​ ដែល​បាន​ដឹក​នាំ​ក្រុម​អ្នក​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​ទៅ​សួរ​សុខទុក្ខ​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​បាន​ស្តី​បន្ទោស​ដល់​អាជ្ញាធរ​ថា​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យក្រុម​អ្នក​តំណាង​រាស្រ្ត​បាន​ចូល​ជួប។​

លោក​បាន​ប្រាប់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​របង​ពន្ធនាគារ​ថា​បើ​ពន្ធនាគារ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​បាន​ន័យ​ថា​ពន្ធនាគារ​នេះ​បង្កើត​ឡើង​ខុស​ច្បាប់។​

លោក​និយាយ​ថា៖​«យើង​ខ្ញុំ​មក​គ្រាន់​តែ​មក​សួរសុខទុក្ខ​សោះ។​ការ​ប្រើ​អាវុធ​ស្អី​ហ្នឹង​មិន​ជា​រូបភាព​ល្អ​ទេ​សម្រាប់​យើង​ជា​ពលរដ្ឋ​ខ្មែរ។ អ្នក​ស្រឡាញ់​សន្តិភាព​ហ្នឹង​ទៅ​ជារូបភាព​អាក្រក់​សម្រាប់​អ្នក​ដឹក​នាំ​វិញ​ទេ។​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ថា​យើង​ខ្ញុំ​មិន​មាន​បំណង​ទៅ​តតាំង​គាត់​ទេ»។​

លោក​ គុយ ប៊ុនសន​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ការ​មិន​អនុញ្ញាត​ឱ្យក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចូល​ជួប​គឺ​លោក​ធ្វើ​តាម​នីតិវិធី​របស់​តុលាការ​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖«​ដោយ​សារ​ជន​ទាំង​២៣​ស្ថិត​ក្រោម​ដំណាក់​កាល​ស៊ើប​សួរ​របស់​ចៅ​ក្រម​ស៊ើប​អង្កេត»។​

សកម្មជន​សហជីព​ដែល​មាន​លោក​ វន់​ ពៅ​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​និង​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ចំនួន​២៣​នាក់​ត្រូវ​បាន​អាជ្ញាធរខ្មែរ​ចាប់​ខ្លួន​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​កាល​ពី​ដើម​ខែ​មករា​នេះ​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ និង​ រោង​ចក្រ​យ៉ាក ជីង។​

ក្រុម​សហជីព​និង​កម្មករ​ទាំង​២៣​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដូចៗ​គ្នា​ពីបទ«បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ញុះញង់​ឲ្យ​ប្រើ​ប្រាស់​អំពើ​ហិង្សា»​រួច​ហើយ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ម៣​ខេត្ត​កំពង់​ចាម។​

កាល​ពី​ដើម​ខែ​មករា​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​បាន​ផ្ទុះ​បាតុកម្ម​មិន​ចូល​ធ្វើ​ការ​នៅ​តាម​រោង​ចក្រ​ជាច្រើន​ដើម្បី​ទាមទារ​ឱ្យថៅ​កែ​រោង​ចក្រ​ដំឡើង​ប្រាក់​ខែ​ឱ្យបាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែក៏​ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​នោះ​មិន​ទាន់​បាន​លទ្ធផល​ផង​កង​កម្លាំង​មាន​សមត្ថកិច្ច​បានប្រើ​ប្រាស់​អាវុធ​ស្វ័យ​ប្រវត្ថិបាញ់​បង្ក្រាប​ដោយ​អំពើ​ហិង្សា​តែ​ម្តង។​

យ៉ាង​តិច​មាន​ក្រុម​កម្មករ​ប្រមាណ​៥​នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​ និង​បាញ់​ឱ្យរង​របួស​ចំនួន​៤០​នាក់​និង​ចាប់​ខ្លួន​ប្រមាណ​២៣​នាក់៕
XS
SM
MD
LG