ក្រុមមេធាវីការពារក្តីឱ្យមេបក្សប្រឆាំងនៅមិនទាន់សម្រេចចិត្តថា តើកូនក្តីរបស់ពួកគេនឹងត្រូវឡើងតុលាការដោយផ្ទាល់នៅខែមករា ដើម្បីការពារខ្លួនទល់នឹងការចោទប្រកាន់ពីបទក្បត់ជាតិដោយឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមមេធាវីបួនរូបដែលការពារក្តីឲ្យលោក កឹម សុខា លើកឡើងថា ក្រុមមេធាវីមិនទាន់បានពិភាក្សាជាមួយលោក កឹម សុខា ថាតើកូនក្តីរបស់លោកគួរចូលរួមសវនាការ ឬក៏អត់នៅឡើយ។ យ៉ាងណាក្តី លោកថា ក្រុមមេធាវីបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការតតាំងក្នុងសវនាការនៅខែក្រោយ។
«ទោះបីជាសាធារណជនជាតិ និងអន្តរជាតិ ក៏ដូចជាខ្លួនខ្ញុំជាមេធាវី ដឹងថាលទ្ធផលយ៉ាងណានោះ ក៏ប៉ុន្តែយើងអត់មានជម្រើសទេ បើសិនជាដើមចោទគាត់នៅតែរុញតាមផ្លូវតុលាការ ឬក៏តុលាការពន្លឿននីតិវិធីតាមបែបហ្នឹង គឺយើងអត់មានជម្រើស ដោយសារយើងជាអ្នកគោរពច្បាប់ យើងមានតែតស៊ូមតិតាមផ្លូវតុលាការ»។
លោកមេធាវី ចាន់ ចេន បន្ថែមថា សំណុំរឿងរបស់លោក កឹម សុខា គួរតែត្រូវបានដោះស្រាយដោយការចរចានយោបាយ ជាជាងការប្រើប្រព័ន្ធតុលាការ។
អ្នកនាំពាក្យរបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាក្រោមបទចោទសន្និដ្ឋិភាពជាមួយបរទេស និយាយថា លោកកឹម សុខា នឹងគោរពតាមនីតិវិធីរបស់តុលាការ។
លោក មុត ចន្ថា អ្នកនាំពាក្យ និងជាជំនួយការផ្ទាល់របស់លោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីមេបក្សប្រឆាំងរូបនេះ បញ្ចប់ជំនួបជាមួយឯកអគ្គរដ្ឋទូតប្រទេសញូវហ្សេលែន នៅថ្ងៃអង្គារនេះថា លោក កឹម សុខា នឹងបន្តអនុវត្តច្បាប់ និងការតម្រូវរបស់តុលាការជុំវិញសវនាការនាពាក់កណ្តាលខែមករាខាងមុខ។ ប៉ុន្តែលោកក៏មិនបានបញ្ជាក់ឲ្យចំថា លោក កឹម សុខា នឹងចូលបង្ហាញខ្លួនក្នុងសវនាការ ឬអត់នោះទេ។
លោកមុត ចន្ថា បានបន្ថែមថា៖ «ចង់បញ្ជាក់ថាជំហររបស់គាត់ជាអ្នកគោរពច្បាប់ អញ្ចឹងអ្វីដែលច្បាប់បានកំណត់ គឺលោកនឹងបន្តគោរព ក្នុងនាមអ្នកនយោបាយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីកាត់ក្តី លោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិ បន្ទាប់ពីការស៊ើបអង្កេតដែលបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយនោះ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនពីផ្ទះទាំងកណ្តាលយប់កាលពីដើមខែកញ្ញា ឆ្នាំ ២០១៧ ហើយបានយកទៅដាក់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ និងឃុំឃាំងក្នុងផ្ទះអស់រយៈពេលជាង១ឆ្នាំ មុននឹងលោកត្រូវបានអាជ្ញាធរដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ កាលពីដើមខែវិច្ឆិកាកន្លងទៅ។
លោក កឹម សុខា អតីតអនុប្រធានទីមួយនៃរដ្ឋសភាជាតិ រងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយរួមគំនិតជាមួយសហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន។ ទាំងលោកកឹម សុខា និងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវបានអនុញ្ញាតឲ្យរួចផុតពីការឃុំឃាំងក្នុងផ្ទះ ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌរបស់តុលាការថា លោកមិនអាចចាកចេញពីប្រទេសកម្ពុជា មិនអាចចូលរួមក្នុងសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ច។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ VOA ថា នីតិវិធីតម្រូវឲ្យជនត្រូវចោទត្រូវតែចូលបង្ហាញខ្លួនក្នុងសវនាការ និងថា ក្នុងករណីជនត្រូវចោទមិនចូលខ្លួនជននោះត្រូវមានមូលហេតុគ្រប់គ្រាន់បញ្ជាក់ពីអវត្តមាន។ លោកបន្ថែមថា ការគេចវេសមិនចូលរួមសវនាការ នឹងបង្កើតជាបទល្មើស។
«ជានីតិវិធីច្បាប់ ជនជាប់ចោទហ្នឹងគឺត្រូវតែបង្ហាញខ្លួនហើយ លើកលែងតែកាត់កំបាំងមុខ នៅពេលដែលជនជាប់ចោទរត់គេចខ្លួនអាហ្នឹងគេកាត់កំបាំងមុខ តែបើអត់ទេ អាហ្នឹងគេតម្រូវឲ្យចូលខ្លួន លើកលែងតែមានការស្នើសុំទេ ស្នើសុំដោយមានមូលហេតុសមរម្យច្បាស់លាស់ អាហ្នឹងគេពិចារណាតាមហ្នឹង»។
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងមុនបន្តិចនៃការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៤០ភាគរយ នៅទូទាំងប្រទេស កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។
សហគមន៍អន្តរជាតិ ដែលមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដោយថាការចាប់ខ្លួនលោក កឹម សុខា មានចរិតនយោបាយ និងបានទាមទារឲ្យដោះលែងលោក ដោយឥតលក្ខខណ្ឌ ព្រមទាំងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
ដោយរកឃើញថាមានការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់ សហភាពអឺរ៉ុបបានព្រមានដកឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ «Everything But Arms (EBA)» ដែលអនុញ្ញាតឲ្យកម្ពុជាចំណេញប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ ពីការនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ ប្រសិនបើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
សហភាពអឺរ៉ុបនឹងសម្រេចជាចុងក្រោយនៅខែកុម្ភៈ ឆ្នាំ២០២០ថា ត្រូវព្យួរការអនុគ្រោះពន្ធ EBA ឬយ៉ាងណា៕