ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​សាទរ​ការវិល​ត្រឡប់​របស់​លោក សម រង្ស៊ី តែ​អ្នកខ្លះ​សោកស្ដាយ​ដែល​លោក​មិន​អាច​ចូល​ស្រុក​បាន


លោក សម រង្ស៊ី ថ្លែងទៅកាន់ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)

ពលរដ្ឋ​ខ្មែរ​អាមេរិកាំងរស់​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​ Washington​ សាទរ​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់លោក​ សម រង្ស៊ី ប្រធាន​ស្តី​ទី គណបក្ស​សង្គ្រោះជាតិ ពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ទោះ​បី​ជា​ប្រធានស្តីទីនៃគណបក្ស​សង្គ្រោះជាតិរូប​នេះ​ មិន​បាន​ឈាន​ជើង​ជាន់​ដី​ប្រទេស​កម្ពុជាក៏​ដោយ។ ក្រៅ​ពី​ការ​សាទរ​នេះ ក៏​មាន​អ្នក​ខ្លះ​សម្ដែង​ការ​សោក​ស្ដាយ​ ដោយ​សារ​លោក ​សម​ រង្ស៊ី​ ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន។

ទិដ្ឋភាពទូទៅនៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)
ទិដ្ឋភាពទូទៅនៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១២ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម បានរៀប​ចំ​វេទិកា​សហគមន៍​មួយ​នៅ​ក្នុង​ភោជនីយដ្ឋាន​ Harvest Moon ក្នុង​ទី​ក្រុង​ Falls Church រដ្ឋ​ Virginia ដើម្បី​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​ សម រង្ស៊ី​ ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​តែ​វិល​ត្រឡប់​ពី​ការ​ធ្វើ​មាតុភូមិ​វិវត្តន៍កាលពីពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​វេទិកា​នេះ​ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើនមក​ចូល​រួម​ដើម្បី​លើក​ទឹក​ចិត្តដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្ដែង​ក្ដី​សាទរ​ចំពោះការ​វិល​ត្រឡប់​មក​វិញរបស់​លោក សម រង្ស៊ី។ ប៉ុន្តែ​អ្នក​ខ្លះ ​សម្ដែង​ការ​សោក​ស្ដាយ ព្រោះ​ថា លោក សម​ រង្ស៊ី​ ត្រូវ​បាន​គេ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ សូម្បី​តែ​ការ​ធ្វើ​ដំណើរ​នេះ ជា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​របស់​ខ្លួន។

លោក មករា អាយុ ៣០ឆ្នាំ ដែល​ជា​ពលរដ្ឋខ្មែរ​អាមេរិកាំង​ម្នាក់ បាន​លើក​ឡើង​ពី​ការ​មក​ចូល​រួម​ក្នុង​វេទិកា​សហគមន៍​នេះ​ថា៖

«ចំពោះ​ខ្ញុំ​ ខ្ញុំ​យល់​ថា​កម្មវិធី​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់ សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​មាន​ការ​ទុក​ចិត្ត​ទៅ​លើ​លោក​ប្រធាន​ សម​ រង្ស៊ី ដែល​គាត់​មាន​ទំនុក​ចិត្ត​ធ្វើ​មាតុភូមិ​និវត្តន៍​ចូល​ក្នុង​ស្រុក​វិញ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ពួក​ខ្ញុំ ឬ​ អ្នកខ្លះ​ដែល​បាន​ ឬ​ មិន​បាន​ទៅ»។

​ទោះ​បី​ជា​ដំណើរ​មាតុភូមិ​និវត្តន៍​របស់លោក សម រង្ស៊ី​ មិន​បាន​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​ ដោយ​សារ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រើ​គ្រប់​រូបភាព​ដើម្បី​រារាំង​នោះ លោក មករា យល់​ថា ​វា​ជា​ជោគជ័យ​មួយ ដោយ​សារ​ដំណើរ​មាតុភូមិ​និវត្តន៍​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​ការ​រួម​រួម​សាមគ្គី​គ្នា​របស់​ប្រជាជន​ខ្មែរ ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បែប​ប្រជាធិបតេយ្យ។

លោក​ មករា ​និយាយ​ថា​៖

«នេះ​គឺ​ជា​ការណ៍​ល្អ​មួយ ជា​ការណ៍​ឲ្យឃើញ​ច្បាស់​ពីការ​រួប​រួម​របស់​ខ្មែរ​យើង ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ ដើម្បី​ឲ្យ​គេ​ឃើញ​ថា​ យើង​នឹង​ចង់​ផ្លាស់ប្ដូរ​ សិទ្ធិ​សេរីភាព លទ្ធិប្រជាធិបតេយ្យ​ មិនថា​ខ្ញុំ​នៅ​សហរដ្ឋ​អាមេរិក ឬ​ បង​ប្អូន​នៅ​ប្រទេស​ណា​ទេ គាត់​ចង់​បាន​សេរី​ភាព​ដូចគ្នា អ៊ីចឹង​ហើយ​បាន​ជា​គាត់ [លោក សម រង្ស៊ី] ធ្វើ​មាតុ​ភូមិ​និវត្តន៍​ ដើម្បី​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា ​បង​ប្អូន​ខ្មែរ​យើង​ គឺចង់​បាន​សិទ្ធិ​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ»។

លោក ហេង អាយុ ៦៩ ឆ្នាំ រស់នៅក្នុងទីក្រុង Burke រដ្ឋ Virginia នៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)
លោក ហេង អាយុ ៦៩ ឆ្នាំ រស់នៅក្នុងទីក្រុង Burke រដ្ឋ Virginia នៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)

លោក ហេង អាយុ ៦៩ ឆ្នាំ​ រស់​នៅ​ក្នុង​ទី​ក្រុង​ Burke រដ្ឋ​ Virginia ក៏​គិត​ថា ​ការ​ធ្វើមាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី គឺ​ជា​ជោគជ័យ​មួយផងដែរ។ បុរសចូលនិវត្តន៍​រូប​នេះ ដែល​កាល​នោះ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​រង់ចាំ​លោក សម​ រង្ស៊ី​ បាន​និយាយ​ថា​៖

«ទី​មួយ​ ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​ ដែល​យើង​បាន​ចូលរួម​ [ចូល​ដល់​កម្ពុជា] ប៉ុន្តែ​ជោគ​ជ័យ​ដែល​យើង​បាន​ ឃើញ​ថា​ធំ​ជាង ​យើង​បាន​ចូល​ [ដល់​កម្ពុជា] ព្រោះ​ថា​ទី​មួយ​គោល​បំណង​ដែល​យើង​ចង់​ធ្វើ​មាតុភូមិ​និវត្តន៍​ហ្នឹង​គឺ ដើម្បី​ឲ្យ​អន្តរ​ជាតិមាន​ការ​ចាប់អារម្មណ៍ ដើម្បី​គេ​គាំទ្រ​យើង​កាន់​តែ​ខ្លាំង​ឡើង។ ស្រុក​ដែល​នៅ​ជុំ​វិញ​អាស៊ាន ស្រុក​ម៉ាឡេស៊ី សិង្ហបុរី និង​ឥណ្ឌូណេស៊ី ដែល​គេ​មិន​ដឹង​ពី​នយោបាយ​ស្រុក​ខ្មែរ ឥឡូវ​នេះ​គេ​ដឹង គេ​មក​ចាប់​អារម្មណ៍ គេ​មក​គាំទ្រ​យើង នេះ​គឺជា​ជោគជ័យ​មួយ​សំខាន់​បំផុត​ដែល​យើង​បាន​ធ្វើ»។​

យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះការ​មិន​បាន​ឈាន​ជើង​ចូល​ទឹក​ដី​ខ្មែរ​របស់​លោក​ សម​ រង្ស៊ី។ ការ​សោក​ស្តាយ​ត្រង់​ថា​ សិទ្ធិសេរី​ភាព​ក្នុ​ង​ការ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន របស់​លោក​ សម រង្ស៊ី ​ត្រូវ​បាន​គេ​រំលោភ​ ដើម្បី​ផល​ប្រយោជន៍​នយាបាយ​ពី​សំណាក់គណបក្ស​កាន់​អំណាច។

លោក Robert Saro Sam អាយុ ៤១ ឆ្នាំ បុគ្គលិកផ្នែកសុខាភិបាលយោធា មកពីទីក្រុង Richmond រដ្ឋ Virginia នៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)
លោក Robert Saro Sam អាយុ ៤១ ឆ្នាំ បុគ្គលិកផ្នែកសុខាភិបាលយោធា មកពីទីក្រុង Richmond រដ្ឋ Virginia នៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)

លោក​ Robert Saro Sam អាយុ ៤១ ឆ្នាំ បុគ្គលិក​ផ្នែក​សុខាភិបាល​យោធា មក​ពី​ទីក្រុង Richmond រដ្ឋ​ Virginia បាន​និយាយ​ថា៖

«ធម្មតា​ខ្ញុំ​គឺ​តូច​ចិត្ត ព្រោះ​ជា​កន្លែងនេះ​គឺ​ជា​ ​ការ​បដិសេធ​សិទ្ធិ​របស់​គាត់ ក្នុង​នាម​ជា អ្នកនយោបាយ ជា​អ្នក​ដឹក​នាំ គេ​កៀប​សិទ្ធិ​របស់​គាត់ មិន​ឲ្យគេ​ធ្វើ​ការ​ងារ​របស់​គាត់។ ធម្មតា យើង​នៅ​ស្រុក​អាមេរិក​ យើង​នៅ​ក្រៅ​ស្រុក​ យើង​ដឹង​ពី​សិទ្ធិ​សេរីភាព ​និង​លទ្ធិ​ប្រជាធិបតេយ្យ យើង​ដឹង​ថាការ​រឹតត្បិត​សិទ្ធិនេះ ពិត​ជា​មិន​ត្រូវ​ ហើយនេះ ​គឺ​ជា​ការ​ខុស​ឆ្គង»។​

អ្នកស្រី Bounchanh Senthavong ប្រធាន អង្គការ Union for Lao Nation Virginia នៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)
អ្នកស្រី Bounchanh Senthavong ប្រធាន អង្គការ Union for Lao Nation Virginia នៅក្នុងវេទិកាសហគមន៍ នៅឯភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)

ចំណែក អ្នក​ស្រី Bounchanh Senthavong ពល​រដ្ឋ​ឡាវ​ម្នាក់ ដែល​មាន​តួនាទី​ជា​ប្រធានអង្គការ Union for Lao Nation ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ក៏បាន​ចូល​រួម​ក្នុង​វេទិកា​សហគមន៍​នេះ ហើយ​អ្នកស្រី​បាន​កត់​សម្គាល់​ថា៖​

«ខ្ញុំ​បាន​ដឹង​រឿង​សំខាន់ៗ ជា​ពិសេស ​គឺ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា ហើយ លោក​ សម រង្ស៊ី​ លោក​មាន​ទស្សនៈវិស័យ​ថា ប្រទេស​កម្ពុជា​ នឹង​មានការផ្លាស់ប្ដូរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​

អ្នកស្រី Senthavong បាន​បន្តថា​៖

«ទស្សនៈវិស័យ​របស់លោក​ សម រង្ស៊ី នៅតែ​ដដែល​ ដរាប​ណា​រដ្ឋាភិបាល​កម្ពុជា​មិន​ដឹក​នាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ លោក​នៅ​តែ​ប្រយុទ្ធដើម្បី​ប្រទេស​របស់​លោក»។

លោក យ័ប គឹម​ទឹង ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែល​ជា​អ្នក​ដឹក​នាំ​រៀប​ចំ​ឲ្យ​មាន​វេទិកា​សហគមន៍​នេះ​ឡើង​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​រដ្ឋ​ខ្មែរ​ដែល​អ្នក​ស្រឡាញ់ និង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ កុំ​ឲ្យ​បែកបាក់​ និង​ឈ្លោះ​ប្រកែក​ជា​មួយ​គ្នាឯង ​ដើម្បី​ទាញ​យក​ប្រជា​ប្រិយភាព លោក​ស្នើ​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ទាំង​អស់​ក្រោក​ឈរ និង​សាមគ្គី​គ្នា តស៊ូ​ដើម្បី​យក​ឈ្នះ រដ្ឋាភិបាល​ផ្ដាច់​ការ។ ​លោក​បន្ថែម​ថា ស្ថិត​ក្នុង​ស្ថានភាព​ជាក់​ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន ទោះ​បី​ជា​អ្នក​គាំទ្របក្ស​ជំទាស់​សាមគ្គី​គ្នា​ក៏​នៅ​មិនទាន់​ឈ្នះ​បក្ស​កាន់​អំណាច​ ទម្រាំ​តែ​អ្នក​គាំទ្រ​បក្ស​ជំទាស់​បែក​បាក់​គ្នា តើពេល​ណា​ និង​ដោយ​វិធី​ណាទើប​អាច​យក​ឈ្នះ​បក្ស​កាន់​អំណាច​បាននោះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG