ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​មាន​ប្រៀប​ខ្លាំង​ក្នុង​ការ​ចរចា​នយោបាយ


លោក កឹម ​សុខា (ឆ្វេង)​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី (ស្តាំ)​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម ​សុខា (ឆ្វេង)​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី (ស្តាំ)​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
ភ្នំពេញ៖ នៅ​សល់​តែ​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​គឺ​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​នេះ​ព្រះ​មហាក្សត្រ​សម្តេច​ព្រះបរមនាថ​នរោត្តម ​សីហមុនី​ នឹង​យាង​បើក​កិច្ច​ប្រជុំ​សភា​ជា​លើក​ដំបូងក្រោយ​ពី​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា។

វា​គឺ​ជា​កិច្ច​ប្រជុំ​ដ៏​មាន​សារៈ​សំខាន់​បំផុត​ដើម្បី​ផ្តល់​សុពលភាព​ដល់​រដ្ឋសភា​ថ្មី​និង​ដើម្បី​អាច​ឈាន​ទៅ​បង្កើត​រដ្ឋា​ភិបាល​ថ្មី។

ក៏​ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែលប្រកាស​ថា​ខ្លួន​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នោះ។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​ដោយសារ​មូល​ហេតុ​ថា​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​និង​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ។

បើ​គេ​ពិនិត្យ​ទៅ​ឃើញ​ថា​កត្តា​ទាំង​ពីរ​គឺ​ជា​បញ្ហា​ស្នូល​ដែល​នឹង​នាំ​ឲ្យ​មាន​វិបត្តិ​សម្រាប់​កិច្ច​ប្រជុំ​សភា​ដំបូង​និង​វិបត្តិ​បង្កើត​ឲ្យ​មាន​ភាព​ជាប់​គាំង​នយោបាយ។

ផ្ទុយ​ទៅ​វិញ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​នៅ​តែ​មាន​សង្ឃឹម​ថា​គណបក្ស​ទាំង​ពីរ​អាច​នឹង​ឈាន​ដល់​ចំណុច​ត្រូវរ៉ូវ​គ្នា​យ៉ាង​សុខដុម​នៅ​មុន​ពេល​កិច្ច​ប្រជុំ​សភា​បើក​ឆាក​នេះ​ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​សុខ​ចិត្ត​ចាញ់​រៀង​ខ្លួន។ ហើយ​ដំណាល​គ្នា​នោះ​គណបក្ស​ទាំង​ពីរ​សុខ​ចិត្ត​ទទួល​យក​បរាជ័យ​និង​ក៏​ដូច​ជា​ជ័យ​ជំនះ​«ជានិមិត្តរូប»។

បើ​គេ​ក្រឡេក​មើល​ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​គឺ​គណបក្ស​ជំទាស់​ជា​អ្នក​ដាក់​សន្លឹក​បៀរ​នៅ​លើ​តុ​សម្រាប់​លេង។​ពោល​គឺ​គណបក្ស​នេះ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​កម្លាំង​មហាជន​ដែល​គេ​មិន​បាន​ស្មាន​ទុក​កាល​ពី​ពេល​មុន​ បាន​អះអាង​ថា​ខ្លួន​នឹង​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​បោះឆ្នោត​ទាល់​តែ​បាន​ក្រោយ​ពី​បាន​លើក​ពី​ភាព​មិន​ប្រក្រតី​និង​ការ​កេង​បន្លំ​សន្លឹក​ឆ្នោត​និង​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​អាច​នាំ​ឲ្យ​លទ្ធផល​បោះឆ្នោត​មាន​ការ​ប្រួលប្រែ។

បើ​តាម​គណបក្ស​សង្គ្រោះ​ជាតិ​យុត្តិធម៌​សម្រាប់​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោត​នោះ​គឺ​ការ​រក​ឃើញ​ការ​ពិតនៃ​ការចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​និង​បោះ​ឆ្នោត​ឡើង​វិញ​នៅ​តំបន់​មួយ​ចំនួន​ហើយ​ដើម្បី​រក​ឃើញ​ការ​ពិត​លុះ​ណា​តែ​បង្កើត​គណៈកម្មការ​ពិសេស​និង​ឯករាជ្យ​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​យ៉ាង​រត់​មាត់​ថា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ។

​ដូច្នេះ​ក្រុម​អ្នក​វិភាគ​កម្ពុជា​មើល​ឃើញ​ថា​បើ​សិន​ជា​គណបក្ស​ប្រជាជន​ដើរ​ថយ​ក្រោយ​មួយ​ជំហានក្នុង​បៀរ​មួយ​វង់​នេះ​ដោយ​យល់​ព្រម​ឲ្យ​មាន​ការ​ស្រាវជ្រាវ​រក​ការ​ពិត។ ​ហើយ​គណ​បក្ស​នេះ​ត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ដែល​បាន​រក​ឃើញ​បែប​ណា​នោះ​នៃ​ជុំវិញ​ការ​ចោទ​ប្រកាន់​នៃ​ភាព​មិន​ប្រក្រតី។

ដំណាល​គ្នា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ថយ​ក្រោយ​មួយ​ជំហាន​ដែរ​គឺ​ប្រសិន​បើ​មាន​ការ​រក​ឃើញ​ការពិត​យ៉ាងណា​គណបក្ស​នេះ​នឹង​មិន​សើ​រើ​ចំនួន​អាសនៈ​ដែល​ប្រកាស​ជា​ផ្លូវការ​រួច​ទៅ​ហើយ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​អាសនៈ​និង​គណបក្ស​សង្គ្រោះ​ជាតិ​៥៥​អាសនៈ។

​ផ្អែក​លើ​មូលដ្ឋាន​បែប​នេះ​លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ជឿ​ថា​កិច្ច​ព្រម​ព្រាង​នយោ​បាយ​អាច​នឹង​ធ្វើ​ឡើង​នៅ​នាទី​ចុង​ក្រោយ​មុន​នឹង​កិច្ច​ប្រជុំ​សភា​ថ្ងៃ​ដំបូង​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​នោះ។

«យើង​មិន​បាច់​រុះ​រើ​ក៏​បាន​ស៊ីសង​នឹង​ព្រម​ព្រៀង​គ្នា​ទេ។ប៉ុន្តែ​ត្រូវ​តែ​ទទួល​ស្គាល់​ភាព​មិន​ប្រក្រតី​ហើយ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ក្នុង​ចំណោម​សកម្មភាព​កែទម្រង់​គ.ជ.ប។​មិន​បាច់​ស៊ើប​អង្កេត​មើល​លទ្ធផល​អ្វី​ផ្ទៀង​ផ្ទាត់​អ្វី​ទេ។​ព្រម​ព្រៀង​គ្នា​តែ​ប៉ុណ្ណេះ​ទៅ​ហើយ​ចូល​ក្នុង​សភា​និង​ពិនិត្យ​មើល​ដូច​បាន​ព្រម​ព្រៀង​គ្នា​ទៅ។​រួច​គេ​អាច​បំភ្លេច​ចោល​ពី​រឿង​លទ្ធផល​ហ្នឹង​គឺ​ទទួល​ឬ​មិន​ទទួល​យក​ទៅ»។

​សម្រាប់​លោក​ឡៅ ​ម៉ុងហៃ ​ការ​ទទួល​ស្គាល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​ការ​រក​ឃើញ​ថា​មាន​ភាពមិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត​នោះ​គឺជា​ការ​រក​ឃើញ​ការ​ពិត​និង​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ជា​ស្រេច​ទៅ​ហើយ។

ដោយឡែក​សម្រាប់​លោក​បណ្ឌិត​ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិ​ធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និកហ្វិក​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​ផ្តល់​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

«បើ​សិន​ជា​មាន​ការពិត​មួយ​នោះ​ប្រជាពលរដ្ឋ​នឹង​ដឹង​ថា​គណបក្ស​ណា​បែប​ណា។ ​ហើយ​ប្រជា​ពល​រដ្ឋ​នឹង​មាន​ការ​ស្ងប់​ចិត្ត»។

​បើ​ក្រឡេក​មួយ​ភ្លែត​យន្តការ​នេះ​ហាក់​ដូចជា​សាមញ្ញ​និង​ងាយ​ស្រួល​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ទទួល​យក​ពី​ព្រោះ​ថា​វា​ហាក់​ដូចជា​ការទាមទារ​របស់​ខ្លួន​បាន​ជោគជ័យ​គឺ​ប្រៀប​ដូចជា​ជោគ​ជ័យ​ជា​និមិត្តរូប។​ជោគជ័យ​ជា​និមិត្តរូប​ព្រោះ​ថា​ប្រសិន​បើ​រក​ឃើញ​ការពិត​ដូចជា​ការចោទ​ប្រកាន់មែន​ហើយ​ក៏​គណបក្ស​ជំទាស់​មិនអាច​កែប្រែ​ចំនួន​អាសនៈ​ដែល​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ដែរ។ជោគជ័យ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​ថា​មាន​បញ្ហា​ដូចការ​ចោទ​ប្រកាន់​មែន។

តែ​នោះ​គ្រាន់​តែ​ជា​ជ្រុង​ម្ខាង​តែ​ប៉ុណ្ណោះ។ រីឯ​ជ្រុង​ម្ខាង​ទៀត​នោះ​តើ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​សុខចិត្ត​ដក​ជើង​របស់​ខ្លួន​មួយ​ចំហៀង​ដាក់​មក​ខាង​ក្រោយ​បាន​ដែរ​ឬទេ​នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​ដ៏រឹងមាំ​មួយ​នេះ​ត្រូវ​បំពេញ​មុខមាត់​ដោយ​នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​តាម​រយៈ​ការ​បញ្ចប់​រាល់​បណ្តឹង​នានា​និង​ប្រកាស​លទ្ធផលបោះ​ឆ្នោត​ជា​ផ្លូវ​ការ​រួច​ទៅ​ហើយ​នោះ?

នោះ​គឺ​ជា​ការលំបាក​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។​ដោយសារ​ទីមួយ​ការ​ទទួល​ស្គាល់​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតីនឹង​បង្អាប់​មុខ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ដែល​បាន​សម្រេច​ថា​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​«ត្រឹម​ត្រូវ»​និង​មិន​មាន​ភាព​មិន​ប្រក្រតី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សំឡេង​ឆ្នោត។

ទី២​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​យក​ការ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ជាយ​ថា​ហេតុ​បែប​ណា​នោះ​គឺ​មាន​ន័យ​ថា​គណបក្ស​នេះ​ចុះ​ចាញ់​គណបក្ស​ជំទាស់​ជា​លក្ខណៈ​និមិត្តរូប។

បើ​ទោះ​ជា​គណបក្ស​ជំទាស់​ទុក​មុខ​ទុក​មាត់​ឲ្យ​ដោយ​មិន​សើ​រើលើ​ចំនួន​អាសនៈ​ក្រោយ​ពី​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក៏​ដោយ​ក៏​គណបក្ស​ប្រជាជន​នឹង​ទទួល​រង​នូវ​ការ​រិះ​គន់​ថា​ជ័យ​ជម្នះ​ពី​ការ​បោះ​ឆ្នោត​របស់​ខ្លួនបាន​ដោយ​សារ​ការ​អនុគ្រោះ​ឬ​សម្បទាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​វា​ក៏​ជា​ផល​វិបាក​ផ្នែក​កិត្តិយសក្នុង​ការ​កាន់​កាប់​អំណាច​រដ្ឋាភិបាល​ផង​ដែរ​ពី​ព្រោះ​ថា​ជ័យ​ជម្នះ​របស់​ខ្លួន​ប្រៀប​ដូច​ជា​ជ័យជម្នះ​មិន​ពេញ​មុខ​ពេញ​មាត់កើត​ចេញ​ពី​ការ​បោះឆ្នោត។

ថ្វី​បើ​ក្រុម​អ្នក​វិភាគ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​ដើម្បី​ទម្លាយ​វិបត្តិ​មុន​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​ក៏​រហូត​មក​ទល់​នឹ​ង​ថ្ងៃព្រហស្បតិ៍​នេះ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​កាត់​ផ្តាច់​ពី​ការ​ចរចា​គ្នា​បន្ទាប់​ពី​បាន​ចរចា​ទល់​មុខ​គ្នា​ដោយ​មេដឹក​នាំ​កំពូល​បាន​ចំនួន​ពីរ​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​ហើយ​បាន​ព្រម​ព្រាង​គ្នា​ជា​គោលការណ៍​លើ​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​កា​រ​បោះឆ្នោត។​កិច្ច​ព្រម​ព្រាង​នេះ​ចង់​ឬ​មិន​ចង់​វា​មាន​ន័យ​រួច​ជា​ស្រេច​ថា​គណបក្ស​ទាំង​ពីរ​យល់​ស្រប​គ្នា​ថា​គ.ជ.ប​ មាន​បញ្ហា។

លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​ គណ​បក្ស​របស់​លោក​នឹង​មិន​ចូល​រដ្ឋា​ភិបាល​ឬ​រដ្ឋ​សភា​ទេ​ដរាប​ណា​«ក្តី​សង្ឃឹម​របស់​ប្រជាពល​រដ្ឋ​មិន​ត្រូវ​បាន​ធានា​ថា​ក្លាយ​ជា​ការ​ពិត​នោះ​ទេ»។

​លោក​ឈាង​ វុន ​សមា​ជិក​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រជាជនបញ្ជាក់​ជំហរ​គណបក្ស​របស់​លោក​ថា​នឹង​បើក​កិច្ច​ប្រជុំ​សភា​បើ​ទោះជា​គណបក្ស​ជំទាស់​មិន​ព្រម​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ក៏​ដោយ។

ឈរ​លើ​ជំហរ​ផ្ទុយ​គ្នា​នេះ​គេ​អាច​ជឿ​បាន​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​លេង​សន្លឹក​បៀរ​ក្នុង​ដៃ​របស់​ខ្លួន​តទៅ​ទៀត​ហើយ​អាច​ត្រៀម​ខ្លួន​ឱប​ដៃ​ឈរ​មើល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​រដ្ឋា​ភិបាល​មួយ​ដែលមិនពេញ​មុខ​មាត់​ទាំង​ផ្ទៃ​ក្នុង​ទាំង​ក្នុង​ក្រប​ខណ្ឌ​អន្តរ​ជាតិ។​ហើយ​ដោយ​សារ​សន្លឹក​បៀរ​នៅ​ក្នុង​ដៃ​គណបក្ស​ជំទាស់​គេ​ពិបាក​នឹង​ជឿ​ថា​គណបក្ស​នេះ​សុខ​ចិត្ត​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​នេះ​បើ​សិន​ជា​មិន​មាន​ការ​ត្រូវរ៉ូវ​គ្នា​ណា​មួយ​ជា​មុន​នោះ​ទេ។

ជា​មួយ​គ្នា​នេះ​គេ​ក៏​អាច​មើល​ឃើញ​ជំហរ​ដាច់​ខាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ដោយ​មិន​ខ្លាច​សន្លឹក​បៀរ​របស់​គណបក្ស​ជំទាស់​នោះ​ទេ។

ប៉ុន្តែ​អ្វី​ដែល​គេ​គួរ​គិត​នោះ​គឺថា​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​នឹង​បង្ហាញ​ជំហរ​កាន់​តែ​តឹង​តែង​ក្រោយ​ពី​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​រដ្ឋ​សភា​ដែល​គ្មាន​វត្តមាន​តំណាង​រាស្ដ្រ​ខាង​គណបក្ស​ជំទាស់​ទាំង​៥៥រូប។​ ហើយ​នោះ​អាច​ជា​វិធីគាប​សង្កត់​ផ្នែក​នយោបាយ៕
XS
SM
MD
LG