ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​ជាង​១០០​អង្គ​ទូល​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​ពន្យា​ពេល​ការកោះ​ប្រជុំ​សភា​លើក​ដំបូង


ព្រះ​សង្ឃ​ជាង​១០០​អង្គ​នៅ​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​ ទី១៩ ខែកញ្ញា​​នេះ បាន​ព្យាយាម​យក​ញ្ញត្តិ​មួយ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះ​បាទ ​នរោត្តម ​សីហមុនី ​ដើម្បី​ទូលសុំ​ព្រះអង្គ​ឲ្យ​ពន្យា​ពេល​ការ​បើក​ប្រជុំ​សភា​ដំបូង​ក្នុង​និតិកាល​ទី​៥​នេះ តែត្រូវប៉ូលិស​ប្រដាប់​​ដោយអាវុធ​រារាំង​មិន​ឲ្យ​និមន្ត​ចូល​ដល់​ព្រះ​បរម​រាជវាំង​ទេ។​
ព្រះ​សង្ឃ​ជាង​១០០​អង្គ​នៅ​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​ ទី១៩ ខែកញ្ញា​​នេះ បាន​ព្យាយាម​យក​ញ្ញត្តិ​មួយ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះ​បាទ ​នរោត្តម ​សីហមុនី ​ដើម្បី​ទូលសុំ​ព្រះអង្គ​ឲ្យ​ពន្យា​ពេល​ការ​បើក​ប្រជុំ​សភា​ដំបូង​ក្នុង​និតិកាល​ទី​៥​នេះ តែត្រូវប៉ូលិស​ប្រដាប់​​ដោយអាវុធ​រារាំង​មិន​ឲ្យ​និមន្ត​ចូល​ដល់​ព្រះ​បរម​រាជវាំង​ទេ។​
ភ្នំពេញ៖ ព្រះ​សង្ឃ​ជាង​១០០​អង្គ​នៅ​ល្ងាចថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ព្យាយាម​យក​ញ្ញត្តិ​មួយ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​សីហមុនី​ដើម្បី​ទូលសុំ​ព្រះអង្គ​ឲ្យ​ពន្យា​ពេល​ការ​បើក​ប្រជុំ​សភា​ដំបូង​ក្នុង​និតិកាល​ទី​៥​នេះ។

សំណើ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃប៉ុណ្ណោះ​ក្រោយ​ពី​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម សីហមុនី ចេញ​ព្រះ​រាជសារ​មួយ​កោះ​អញ្ជើញ​សមាជិក​សភា​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​ប្រជុំ​សភា​លើ​ក​ដំបូង។

ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​កង​ប្រដាប់​អាវុធ​ប្រដាប់​ដោយ​ខែល​និង​ដំបង​ជា​ច្រើន​នាក់​បាន​រារាំង​ព្រះសង្ឃ​ទាំង​នោះ​មិន​ឲ្យ​និមន្ត​ចូល​ដល់​ព្រះ​បរម​រាជវាំង។

ដោយ​មិន​អាច​និមន្ត​ចូល​ទៅ​ថ្វាយ​ញ្ញត្តិ​ជូន​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម សីហមុនី​ក្នុង​ព្រះ​បរម​រាជ​វាំង​បាន ព្រះ​សង្ឃដែល​និមន្ត​មក​ពី​ទី​អារ៉ាម​នានា​ក្នុង​រាជធានី​ភ្នំពេញ​បានគង់​តាំង​សមាធិ​និង​សូត្រ​ធម៌​នៅ​ខាង​មុខ​រនាំង​នៅ​ជាប់​មហោស្រព​ចតុមុខ ខាងត្បូង​ឈាង​ខាង​កើត​ព្រះមរម​រាជវាំង។

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ដែល​ជា​អ្នក​ដឹកនាំ​ព្រះសង្ឃនិង​ជា​សាស្ត្រាចារ្យ​ក្នុង​សកល​វិទ្យាល័យ​មួយ​ទ្រង់​រៀបរាប់​ពី​គោលបំណង​នៃ​ការ​ដាក់​ញត្តិ​នេះ។

«គោល​បំណង​សំខាន់​របស់​ពួក​អាត្មា​មក​នេះ​គឺ​ដើម្បី​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​សីហមុនី​សូម​ឲ្យ​ទ្រង់​ស្វែងយល់​សារ​ជា​ថ្មី​ការ​កោះប្រជុំ​សភា​និតិកាល​ទី​៥​សម័យ​ប្រជុំ​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​សុំ​ឲ្យ​ទ្រង់​ព្រះ​រាជ​តម្រិះ​សារ​ជា​ថ្មី​គិត​គូរឲ្យ​មាន​ឯកភាព​ជាតិ​សិន​ ចាំ​កោះ​ប្រជុំ។»

ការ​ថ្វាយ​ញ្ញត្តិ​សុំ​ពន្យា​ពេល​កោះ​ប្រជុំ​សភា​នេះធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជសារ​មួយ​កោះ​ហៅ​សមាជិក​សភា​ដែល​ជាប់​ឆ្នោត​ថ្មី​របស់​គណបក្សប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​ប្រជុំ​សភាដំបូង​នៅ​ថ្ងៃចន្ទ័​ទី​២៣​កញ្ញា​សប្តាហ៍​ក្រោយ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​៥៥​អសនៈ​បដិសេដ​មិន​ព្រម​ចូលរួម​តាម​ការ​កោះ​ហៅ​នេះ ដោយ​អះអាង​ថា​លទ្ធផល​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បានទៅ​អង្កេតការណ៍​ព្រឹត្តិការណ៍​នេះ​ ចាត់​ទុក​ការ​ហាម​ឃាត់​ព្រះ​សង្ឃ​យក​ញ្ញត្តិថ្វាយ​ព្រះ​មហាក្សត្រ​ថាជា​ការ​រំលោក​សិទ្ធិ​បញ្ចេញ​មតិ​និង​សិទ្ធិ​ចូលរួម​នយោបាយ​របស់​ព្រះ​សង្ឃ។

«គួរ​តែ​បើក​ផ្លូវ​ឲ្យ​ព្រះ​អង្គ​ទៅ​បង្ហាញ​ឆន្ទៈ​របស់​ព្រះ​អង្គដើម្បីជា​សារ​មួយ​ដល់​ព្រះ​បរមរាជវាំង​ ហើយ​ខ្ញុំ​យល់​ថា​រឿង​នេះ​មិន​មាន​អ្វី​ប៉ះពាល់​លើ​សិទ្ធិ​និង​ច្បាប់​ទេ។ ផ្ទុយ​ទៅ​វិញ​រដ្ឋ​ធម្មនុញ្ញ​បាន​ការ​ពារ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប​ក៏​ដូច​ជា​ព្រះ​សង្ឃ​ផង​ដែរ​ក្នុង​ការ​សម្តែ​ង​មតិ​ដោយ​សន្តិវិធី។»

ខណៈពេល​ដែល​ព្រះ​សង្ឃ​កំពុង​សូត្រ​និង​តាំង​សមាធិ​ មាន​ជន​មិន​ស្គាល់​មុខ​បាន​ចោល​ស្បែក​ជើង​និង​កញ្ចប់​ខ្ចប់កាក​សំណល់​អាហារ​ទៅ​លើ​ពួក​ព្រះ​តេជគុណ ប៉ុន្តែក្រុម​ព្រះ​តេជគុណ​មិន​បាន​អើពើ​ចំពោះរឿង​នេះ​ទេ។

ពលរដ្ឋ​ខ្លះ​ ​បាន​ទិញ​ផ្កា​ឈូក​ទៅ​ជូន​សមត្ថកិច្ច​ តែ​ត្រូវបានសមត្ថកិច្ច​បដិសេធ​មិន​ទទួល​យក។
ពលរដ្ឋ​ខ្លះ​ ​បាន​ទិញ​ផ្កា​ឈូក​ទៅ​ជូន​សមត្ថកិច្ច​ តែ​ត្រូវបានសមត្ថកិច្ច​បដិសេធ​មិន​ទទួល​យក។
ក្រៅ​ពី​ព្រះ​សង្ឃ​គេ​ក៏​ឃើញ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ចូល​រួម​ផង​ដែរ ហើយមាន​អ្នក​ខ្លះ​បាន​ទិញ​ផ្កា​ឈូក​ទៅ​ជូន​សមត្ថកិច្ច​នៅ​ទី​នោះ​ទៀត​ផង ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​បដិសេធ​មិន​ទទួល​យក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG