ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​ច្រាន​ចោល​សំណើ​របស់​គណបក្ស​ប្រឆាំង​សុំ​ពន្យា​ពេល​បើក​សភា​ជាតិ


ព្រះ​ករុណា​​សមេ្តច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី​ និង​​សម្តេច​ព្រះមហាក្សត្រី​ព្រះវររាជមាតា ត្រូវបាន លោក ​ហ៊ុន សែន ទទួល​ស្វាគមន៍​នៅ​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ដែល​ព្រះអង្គ​យាង​ត្រឡប់ពី​ទីក្រុង​ប៉េកាំង​វិញ​នៅ​ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ​​២០១៣។
ព្រះ​ករុណា​​សមេ្តច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី​ និង​​សម្តេច​ព្រះមហាក្សត្រី​ព្រះវររាជមាតា ត្រូវបាន លោក ​ហ៊ុន សែន ទទួល​ស្វាគមន៍​នៅ​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ដែល​ព្រះអង្គ​យាង​ត្រឡប់ពី​ទីក្រុង​ប៉េកាំង​វិញ​នៅ​ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ​​២០១៣។
ភ្នំពេញ៖ ព្រះ​ករុណា​ សមេ្តច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ បាន​ច្រាន​ចោល​សំណើ​សុំ​លើក​ពេល​នៃ​កិច្ច​ប្រជុំ​សភា​ដំបូង​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​ព្រះ​អង្គបាន​បញ្ជាក់​ថា​នឹង​យាង​ចូល​រួម​បើក​សម័យ​ប្រជុំ​សភា​ដំបូង​នីតិកាល​ទី​៥​តាម​ការ​កំណត់​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៣​ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃទី​១៤​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥៥​រូប​បាន​សរសេរ​លិខិត​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ម្តង​ម្នាក់​ៗ​ដើម្បី​សុំពន្យា​ពេល​កិច្ច​ប្រជុំ​សភា​ដំបូង​ដោយ​សារ​តែ​ការ​ទាមទារ​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត​មិនទាន់​ត្រូវ​បាន​ដោះស្រាយ។

ឆ្លើយ​តប​នឹង​លិខិត​របស់​អ្នកតំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិព្រះករុណា​បាន​បញ្ជាក់​ថា​ព្រះ​អង្គបាន​ទទួល​រួច​ហើយ​នូវ​លិខិត​របស់​អ្នក​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃទី​១៤។​

ព្រះ​អង្គបាន​មាន​បន្ទូល​ថា​ព្រះ​អង្គ​នឹង​យាង​ជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា។​បន្ថែម​ជាង​នេះ​ទៅ​ទៀត​ព្រះ​ករុណា​ក៏បាន​ជំរុញ​ឱ្យសមាជិក​សភាជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យចូល​រួម​ក្នុង​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​ដើម្បី​បង្ហាញ​នូវការ​រួបរួម​និង​ឯកភាព​ជាតិ។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​លោក​បាន​ទទួល​លិខិត​ឆ្លើយ​តប​ពី​ព្រះ​មហា​ក្សត្រ​រួចហើយ​ក៏​ប៉ុន្តែ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​មិន​ចូល​រួម​ប្រជុំ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះ​មហា​ក្សត្រ​ទេ​ដរាប​ណា​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ។ លោក​បាន​និយាយ​ថា៖​

«មិន​អាច​នឹង​ក្បត់​សម្បញ្ញៈ​របស់​ខ្លួន​ឯង​ដែល​ថា​មិនទាន់​រក​យុត្តិ​ធម៌​ មិន​ទាន់​ដោះ​ស្រាយ​បញ្ហា​ចប់​សព្វ​គ្រប់​ផង​ហើយ​យើង​ទៅ​ចូល​រួម​ប្រជុំ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។​ដូច្នេះ​ខ្ញុំ​ដែល​ជា​តំណាង​ឱ្យប្រជា​ពលរដ្ឋ​ខ្ញុំ​តែ​គោរព​ឱ្យបាន​ត្រឹម​ត្រូវ​នូវ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ពិសេស​មួយ​ដើម្បី​ស្វែង​រក​ការ​ពិត​ក្រោយ​ពី​ការបោះ​ឆ្នោត​បន្ទាប់​ពី​លទ្ធផល​ផ្លូវ​ការ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​បាន​ត្រួតត្រា​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​បាន​ឈ្នះ​ឆ្នោត​សារ​ជាថ្មី​ទៀត។​

សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាស​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ថា​គណបក្ស​ប្រឆាំង​ជា​អ្នក​ឈ្នះ​ឆ្នោត​ហើយ​បាន​ចោទ​ប្រកាន់​គ.ជ.ប​ថា​បាន​លួច​បន្លំ​លទ្ធផល​ទៅ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​នៃទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​រូប​នឹង​ទៅ​ចូល​រួម​ប្រជុំ​តាម​ការ​កោះ​អញ្ជើញ​ពី​ព្រះ​មហា​ក្សត្រ។​

លោក​បាន​ឱ្យដឹង​ថា​យើង​នឹង​ធ្វើទៅតាម​នីតិវិធី​រដ្ឋ​ធម្មនុញ្ញ​និង​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហា​ក្សត្រ។​សម្រាប់​ការ​មិន​ចូល​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​សិទ្ធិ​របស់​គណបក្ស​នោះ​តែ​ប៉ុណ្ណោះ។​ លោក​បាន​និយាយ​ថា៖​

«យើង​ឃើញ​ថា​អ្វី​ៗ​ដែល​ជា​ការ​ប្រឌិត​ឬ​ទឡ្ហីករណ៍​ ពាក្យ​យុត្តិ​ធម៌​មួយ​មាត់​ដែល​យក​មក​មិន​គោរព​នូវ​នីតិ​រដ្ឋ​ក៏​ដូច​ជា​សំដៅ​ទៅ​ព្រះមហាក្សត្រ​ហើយ​នឹង​រដ្ឋ​ធម្មនុញ្ញ។ នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គណបក្ស​ហ្នឹង»។​

លោក​ បណ្ឌិត ហង្ស ពុទ្ធា​ នាយក​ប្រតិ​បត្តិ​អង្គការ​និកហ្វិក​បាន​បញ្ជាក់​ថា​បើ​គណបក្ស​ធំៗ​ទាំង​ពីរ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​បាន​ន័យ​ថា​មិន​ទាន់មាន​ការ​ឯកភាព​ជាតិ​នៅ​ឡើយ។​

លោក​បាន​បញ្ជាក់​ថា​ព្រះ​មហាក្សត្រ​គួរ​តែ​ជំរុញ​ឱ្យមាន​ការ​ឯក​ភាព​ជាតិ​រវាង​គណបក្ស​ទាំង​ពីរ​តាម​រូប​ភាព​ណា​ក៏ដោយ​ដូច​ជាការ​ចរចា​ឬ​ក៏​ជា​ការ​ជួប​ប្រជុំ​ ទើប​សម្រេច​កោះ​ប្រជុំ​ជាក្រោយ​បាន៕
XS
SM
MD
LG