ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ភាពស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​និង​ជំងឺ​ខ្វះ​កូរ៉ុម​គំរាម​រួតរឹត​ប្រទេស​កម្ពុជា


ព្រះ​ករុណា​ព្រះ​បរមនាថ​​ នរោត្តម សីហមុនី​ បាន​​កំណត់​​យក​ថ្ងៃ​ច័ន្ទ ​ទី២៣ ខែកញ្ញា​ ខាង​មុខ​នេះ ជា​ថ្ងៃ​បើក​​សម័យ​​ប្រជុំ​​សភា​លើក​ទីមួយ​តាម​​រដ្ឋ​ធម្មនុញ្ញ​​កំណត់​ដើម្បី​ផ្តល់​សុពលភាពដល់​រដ្ឋ​សភា​​នីតិកាលទី​៥​។​
ព្រះ​ករុណា​ព្រះ​បរមនាថ​​ នរោត្តម សីហមុនី​ បាន​​កំណត់​​យក​ថ្ងៃ​ច័ន្ទ ​ទី២៣ ខែកញ្ញា​ ខាង​មុខ​នេះ ជា​ថ្ងៃ​បើក​​សម័យ​​ប្រជុំ​​សភា​លើក​ទីមួយ​តាម​​រដ្ឋ​ធម្មនុញ្ញ​​កំណត់​ដើម្បី​ផ្តល់​សុពលភាពដល់​រដ្ឋ​សភា​​នីតិកាលទី​៥​។​
វ៉ាស៊ីនតោន៖ ការបើក​សម័យ​ប្រជុំ​សភា​លើក​ទីមួយ​តាម​រដ្ឋ​ធម្មនុញ្ញ​កំណត់​ដើម្បី​ផ្តល់​សុពលភាពដល់​រដ្ឋ​សភានីតិកាលទី​៥ នៅសល់​តែ​៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការអញ្ជើញរបស់ព្រះ​ករុណា​ព្រះ​បរមនាថ នរោត្តម សីហមុនី​ ដែល​បានកំណត់​យក​ថ្ងៃ​ច័ន្ទ​ទី២៣ខែកញ្ញា​ខាង​មុខ​នេះ សម្រាប់​ពិធី​ដ៏​មាន​នក្ខត្តឫក្ស​នោះ។

ប៉ុន្តែ​បញ្ហា​ធំៗ​ដែលកំពុង​គំរាម​កំហែង​ដល់​ប្រទេស​កម្ពុជាក្នុង​រយៈ​ពេល​ខ្លី​និង​យូរ​គឺ​នៅ​មិន​ទាន់​ដោះស្រាយ​បាន​ច្រើន​ជាដុំកំភួន​នៅឡើយ​ទេ ក្នុង​នោះ​គឺ​បាតុកម្ម​ទូទាំង​ប្រទេស​ដែល​នឹងរៀបចំ​ឡើង​ដោយគណបក្ស​ប្រឆាំង​ដើម្បី​ជា​ការ​ជំទាស់​នឹង​លទ្ធផល​ឆ្នោត​ និង ​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​កើត​ឡើង​ដោយ​ការ​មានៈមិន​ស្តាប់​តាម​ការ​ចង់​បាន​របស់​អ្នក​បោះឆ្នោត​និងមតិអន្តរជាតិ​។ ហើយ​ជំងឺ​ដែល​ញ៉ាំញី​រដ្ឋ​សភា​នេះទៀត​គឺ​ជំងឺ​កង្វះ​កូរ៉ុម។

លទ្ធផលឆ្នោត​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​បង្ហាញ​ថាគណបក្ស​ប្រជាជន​កម្ពុជារបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ជា​អ្នកឈ្នះ​ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៦៨​ដែល​អាច​បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯង​បាន​និង​គណបក្ស​សង្រ្គោះ​ជាតិបាន​៥៥​អាសនៈ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា​គឺ​ខ្លួន​ជាអ្នក​ឈ្នះ​បាន​៦៣​អាសនៈនៅ​ក្នុង​សភាជាតិ​ដែលមាន​អាសនៈសរុប​ចំនួន​១២៣​ហើយ​ក៏​អាច​បង្កើត​រដ្ឋាភិបាលម្នាក់​ឯងបានដែរ។

បើ​គ្មាន​ការ​ស្រុះ​ស្រួល​ខាង​ផ្នែក​នយោបាយ​ទេ​ បញ្ហា​ដែល​កើតមានឡើង​ហើយ​អាច​នឹង​ជះ​ផល​ជាបន្តបន្ទាប់​គ្នា​ប្រៀបដូច​ជា​ល្បែង​ដូមីណូ​សម្រាប់​ប្រទេស​កម្ពុជា។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្មនៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធផល​ត្រឹមត្រូវ​នៃការបោះឆ្នោត​ជាតិ។
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្មនៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធផល​ត្រឹមត្រូវ​នៃការបោះឆ្នោត​ជាតិ។
បាតុកម្មក្នុង​និងក្រៅប្រទេស

បាតុកម្ម​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​បាន​បើក​ឆាក​ដោយមហាបាតុកម្មចំនួន​បីយប់​បីថ្ងៃ​ដែល​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​១៧​ខែ​កញ្ញា​ដោយ​មានក្រុម​បាតុកររាប់​ម៉ឺននាក់​មក​ពី​ទូទាំង​ប្រទេស​បាន​មកបោះជំរំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​ដើរ​តវ៉ា​នៅ​តាម​ដង​វិថី​នានា​ក្នុង​ទីក្រុង​ភ្នំពេញ។ ​បាតុកម្ម​នេះ​បាន​ទទួល​លទ្ធផល​តិចតួច​បើ​ទោះ​បី​ជា​មេដឹកនាំគណបក្ស​ទាំងពីរ​បាន​ជួប​គ្នា​ចំនួន​ពីរដង​នាថ្ងៃ​ច័ន្ទ​និង​អង្គារ​មុន​នឹង​ពួកគេ​រំសាយ​ទៅវិញកាលពីល្ងាច​ថ្ងៃអង្គារ។ ប៉ុន្តែ​សម្ពាធ​នេះ​ហាក់​ដូច​ជា​នឹង​មិន​រសាយ​បាត់​ឆ្ងាយ​ទេ​បើសិន​ជា​ការទាមទារ​របស់​ពួកគេ​មិន​ទទួល​បាន​លទ្ធផល។
ពលរដ្ឋ​ខ្មែរ-អាមេរិកាំងនៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ជួបជុំ​គ្នា​នៅ​ខាង​មុខ​វិមានសភាអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ទាមទារ​ឲ្យ​មាន​ភាពយុត្តិធម៌​ដល់​ម្ចាស់​សន្លឹក​ឆ្នោត។
ពលរដ្ឋ​ខ្មែរ-អាមេរិកាំងនៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ជួបជុំ​គ្នា​នៅ​ខាង​មុខ​វិមានសភាអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ទាមទារ​ឲ្យ​មាន​ភាពយុត្តិធម៌​ដល់​ម្ចាស់​សន្លឹក​ឆ្នោត។

លោក​សម រង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ពីការ​បន្ត​ប្រយុទ្ធទៅមុខ​ទៀត​ថា៖​

«ទាល់​តែ​យើង​ទទួល​បាន​លទ្ធផល​រក​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​ដែល​ការពារ​ឆន្ទៈ​ប្រជា​រាស្ដ្រខ្មែរ​ទើប​យើង​សុខ​ចិត្ត។ ​បើ​មិន​បាន​លទ្ធផល​ត្រឹម​ត្រូវ​ទេ​យើង​នៅ​តែ​ទាមទារ​ជា​និច្ច​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត»។

ការបន្តទាម​ទារ​លើក​ក្រោយ​នេះ​គឺ​ជាមហាបាតុកម្ម​នៅ​ទូទាំង​ប្រទេសជា​ពិសេស​នៅ ខេត្ត​ធំៗ​ដែល​គណបក្ស​ប្រឆាំង​ជាអ្នក​ឈ្នះដោយ​មិន​អាច​ប្រកែក​បាន ហើយ​អ្វី ដែល​គណបក្សប្រឆាំង​ចង់​បាន​គឺ​ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​និង​ការ​កែ​ទម្រង់​ស៊ីជម្រៅ​មួយ។

ជំងឺ​កង្វះ​កូរ៉ុម​សម្រាប់​សភា​ប្រជុំ​នឹង​ក្លាយ​ជា​ជំងឺ​រ៉ាំ​រ៉ៃ​មួយ​ដែល​អាច​ទាញ​សភា​ឱ្យ​នៅ​ជាប់​គាំង​មួយ​កន្លែងក្នុង​មួយ​អាណត្តិ​ទីប្រាំ​នេះ

ដើម្បី​ឱ្យ​សភា​ប្រជុំ​នឹង​អនុម័ត​ច្បាប់​បាន​ត្រូវ​មាន​កូរ៉ុម​ចំនួន​៦៣​ឬ​ពេល​ខ្លះ​ត្រូវ​ការ​៨២​ដែរ​។ បើ​គ្មាន​ការបង្គ្រប់កូរ៉ុម​ពី​គណបក្ស​សង្គ្រោះជាតិ​ទេ​គណបក្ស​ប្រជាជនកម្ពុជាស្ទើរតែ​ពិបាក​ក្នុង​ការ​រក​សមាជិក​៦៣នាក់​នេះ​មក​ប្រជុំ​ឱ្យ​បាន​ទៀងទាត់​ណាស់​។
ទិដ្ឋភាពទូទៅ​នៃ​សម័យ​ប្រជុំ​សភា​កម្ពុជាមួយ ក្នុងនិតិកាលមុនៗ។
ទិដ្ឋភាពទូទៅ​នៃ​សម័យ​ប្រជុំ​សភា​កម្ពុជាមួយ ក្នុងនិតិកាលមុនៗ។

លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិបា​ន​ព្រមាន​ថា​ការរឹង​ចចេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចូល​ប្រជុំ​សភា​ដោយ​ប្រើ​ការ​បកស្រាយ​ណាមួយតាម​ការ​យល់​ឃើញ របស់​ក្រុម​ខ្លួន​អាច​នឹង​ប្រឈម​មុខ​នឹង​វិបត្តិ​រ៉ាំរ៉ៃ​សម្រាប់​សភាក្នុង​ការ​ស្វែង​រក​កូរ៉ុម​ឱ្យ​បាន​គ្រប់​គ្រាន់​បើ​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្រ្គោះជាតិ។

«បើ​សិន​ជា​គេ​ចេះ​តែ​ទទឹង​ទិស​ដើរ​ធ្វើ​ការ​គឺ​គេ​មិន​ងាយ​រក​កូរ៉ុម​ទេ ​ពីព្រោះ​អ្វីអនុម័ត​ក៏ ពិបាក​ដែរ​ជួន​កាល​សមាជិក​រដ្ឋាភិបាល​ហ្នឹង​នៅក្នុង​ហ្នឹង​ផង​ហើយ​តិច​ទៅ​ទៅ​ធ្វើ​ការ​នៅ នេះ​ទៅ ធ្វើ​ការ​នៅនោះ គឺ សភានោះ គាំង​រហូត»។

បើ​តាម​អ្នក​វិភាគ​ឱ្យ​ដឹង​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ត្រូវ​តែ​រក្សា​តំណែង​ជា​សមាជិក​សភា​របស់​លោក​ទន្ទឹម​នឹង​ការ​កាន់​ការងារ​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​នេះ​ជា​តម្រូវ​ការ​របស់​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា។ ហើយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​មិន​អាច​នឹង​លាលែងពី​តំណែង​រដ្ឋ​សភា​នេះ​បាន​ដែរ។ ហើយ​បើ​ឥស្សរជន​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូច​ជា​លោកស្រី​ម៉ែន សំអន ដែល​បច្ចុប្បន្ន​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ដ៏​សំខាន់​មួយ​មិន​លាឈប់ហើយ​លោក​ទៀ បាញ់ និង​លោក​សុខ អាន​ដែលសុទ្ធ​តែជា​ឥស្សរជន​ធំក្នុង​គណបក្ស​មិន​លាឈប់​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សល់​តែ​សមាជិក​សភា​៦៣​នាក់​ប៉ុណ្ណោះ​សម្រាប់​ប្រជុំ​នៅ​ពេល​ដែល​មន្ត្រី សំខាន់​ទាំងប្រាំ​ត្រូវ​ធ្វើ​ការ​ខាង​ផ្នែក​នីតិប្រតិបត្តិ។

ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​អណត្តិ​ទីប្រាំ​នេះ​ត្រូវ​បាន​ចោទ​ជា​សំណួរ

វាហាក់​ដូច​ជា​មិន​មាន​លទ្ធភាព​ក្នុង​ការ​កែប្រែ​ចំនួន​អាសនៈ​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន​ឱ្យ​ខុស​ពី​តួរលេខ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ជាផ្លូវ​ការ​ណាស់​នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​បាន​ចេញ​លិខិត​អញ្ជើញ​តាម​ចំនួន​នោះ​ទៅ​ហើយ។ ប៉ុន្តែ​ភាពស្របច្បាប់​ដែល​កើត​ចេញ​ពី​រដ្ឋាភិបាល​នេះ​អាច​នឹង​ចោទ​ជា​សំណួរ​មួយ​ទៀត។ លោក​កឹម សុខា​បាន​បញ្ជាក់​ថា៖​
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​របស់​លោក។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​របស់​លោក។
«រឿង​ធំ​ជាង​គេ​រឿង​អន្តរជាតិ​គេ​ឈប់​ធ្វើ​ការ​ជាមួយហើយ​រដ្ឋាភិបាល​សព្វថ្ងៃ​ពឹង​ពាក់​លើ​លុយ​បរទេស​ច្រើន​ណាស់​មិន​មែន​ដូច​ប្រទេស​គេ​ទេ​យើង​ពឹង​ពាក់​បរទេស​អញ្ចឹង​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​គណបក្ស​ប្រជាជន​ទៅ មិន​រួច​ទេ។​ គាត់​មិន​អាច​ធ្វើ​កើត​ទេ​បើ​គាត់​ចង់​សាក​ឱ្យ​គាត់​សាក​មើល​មើល។ ដូច​ខ្ញុំ​និយាយ​អញ្ចឹង​គឺ​រដ្ឋាភិបាល​អត់​គ្រប់​ទឹក​កើត​មាន​ពី​សភា​អត់​គ្រប់​ទឹក​ អញ្ចឹង​ទេ​បើ​អត់​គ្រប់​ទឹក​ទេ​អាយុ​មិន​យូរ​ទេ​គង់​តែ​ទៅវិញ»។​

ច្បាប់​ក្នុង​ស្រុក​និង​តម្រូវ​ការ​ចង់​បាន​របស់​អន្តរជាតិ

ប្រទេស​មហាអំណាច​មួយ​ចំនួន​នៅ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នេះ​នៅ ឡើយ​ទេ។ ក្នុងនោះ​មាន​សហរដ្ឋ​អាមេរិក​ជាអ្នក​នាំ​មុខ​គេ។​ ស.រ.អា.​នៅតែ​មាន​ក្តីព្រួយ​បារម្ភ​ចំពោះ​ដំណើរការ​បោះឆ្នោត​កន្លង​មក​នេះ។ ​តែ​ក្តី​បារម្ភ​នោះ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។​
លោកស្រី​ម៉ារី ហាហ្វ ​(Marie Harf)​ អ្នក​នាំពាក្យ​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​ ស.រ.អា.
លោកស្រី​ម៉ារី ហាហ្វ ​(Marie Harf)​ អ្នក​នាំពាក្យ​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​ ស.រ.អា.
​លោកស្រី​ម៉ារី ហាហ្វ ​(Marie Harf)​ អ្នក​នាំពាក្យ​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​ ស.រ.អា.​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃច័ន្ទ​សប្តាហ៍​មុន​ថា៖

«យើង​នៅតែ​មាន​ជំនឿ​ថា ​ការ​ពិនិត្យ​មើល​ដោយ​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រតី​លើ​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា​នឹង​ជួយ​វាយ​តម្លៃ​និង​ដោះស្រាយ​ការ​ខុស​ឆ្គង​ក្នុង​ពេល​បោះឆ្នោត​ហើយ​វា​នឹង​ផ្តល់​នូវ​ការ​ជឿជាក់​ច្រើន​ជាង​មុន​លើ​ដំណើរការ​បោះឆ្នោត។​ យើង​នៅ​បន្ត​ទទូច​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ដែល​យើង​ធ្លាប់​បាន​ទទូច​កន្លង​មក​ ឲ្យ​ចាប់​យក​ឱកាស​នេះ​ដើម្បី​ឲ្យ​ដំណើរការ​ប្រជា​ធិបតេយ្យ​ដើរ​ឆ្ពោះ​ទៅ​មុខ»។

បន្ថែម​ពីលើ​នេះ​ទៀត​ក្រុម​សហគមន៍​ខ្មែរនៅ សហរដ្ឋ​អាមេរិកនឹង​ធ្វើ​បាតុកម្ម​មួយ​នៅ​ថ្ងៃពុធ​នេះ​ដើម្បី​សម្តែង​ការគាំទ្រ​ចំពោះ​សេចក្តី​ព្រាង​សេចក្តី សម្រេច​ចិត្ត​ចំនួន​ពីរ​របស់សភានិង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ឱ្យ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។
លោក​ គុជ ច័ន្ទលី​ សកម្មជន​សហគមន៍​ខ្មែរនៅតំបន់​រដ្ឋធានីនិង​ជា​អ្នក​វិភាគ​នយោបាយ។
លោក​ គុជ ច័ន្ទលី​ សកម្មជន​សហគមន៍​ខ្មែរនៅតំបន់​រដ្ឋធានីនិង​ជា​អ្នក​វិភាគ​នយោបាយ។
លោក​ គុជ ច័ន្ទលី​ សកម្មជន​សហគមន៍​និង​ជា​អ្នក​វិភាគ​នយោបាយមួយ​រូប​បាន​បញ្ជាក់ថា៖

«បាតុកម្មមួយ​ដើម្បី​គាំទ្រ​សេចក្តី ព្រាង​ច្បាប់​ដែល​លោក​ស្ទីវឆាបុតអ្នក​ធ្វើ​អធិបតីភាព​ក្នុង​សវនាការ​កាលពី​ខែ​កក្កដា​គាត់​បាន​តាក់​តែង​ជាច្បាប់​មួយ​លេខ​៣១០​នៅ​ខាង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ដាក់​គំនាប​ទៅ​លើ​រាជរដ្ឋាភិបា​លខ្មែរ​ដោយ​សារ​តែ​រាជ​រដ្ឋាភិបាលខ្មែរ​មិន​ស្តាប់​តាម​មតិ​មហាជន​ខ្មែរ​ដោយសារ​តែ​រាជ​រដ្ឋាភិបាល​ខ្មែរ​មិន​គោរព​ទៅតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​ផ្សេងៗនៅ ក្នុង​ការបោះឆ្នោត​ក្តី នៅ​ក្នុងការគោរពសិទ្ធិ​មនុស្ស​និង​ការ​ការពារ​បូរណភាព​ឯករាជ្យ​ភាព​សាមគ្គី​ជាតិ​របស់​ខ្លួនជាដើម​ហើយ​នៅ ខាង​ព្រឹទ្ធសភា​អាមេរិកាំង​ក៏​បាន​តាក់តែង​ច្បាប់​ហ្នឹង​ដែរ​ដែល​តាក់​តែង​ដោយ​លោក​លីនហ្ស៊ី ក្រាហាម​។ គាត់​តាក់​តែង​ច្បាប់​លេខ​១៦៣ដែល​គេ​ថា​នឹង​កាត់​ជំនួយ​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​ខ្មែរ​យើង​បើសិន​ជា​ប្រទេស​ខ្មែរលោក​ហ៊ុន​សែន​មិន​ធ្វើ​តាម​បំណងរបស់​ប្រជា​ពលរដ្ឋ​ខ្មែរ​និងច្បាប់អន្តរជាតិ»។​

ព្រះ​មហាក្សត្រ​សម្តេច​ព្រះ បរមនាថ​ នរោត្តម​ សីហមុនី​បាន​សម្រប​សម្រួល​ឱ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្រ្គោះជាតិ​របស់​លោក​សម រង្ស៊ី ប៉ុន្តែ​ពុំ​បាន​បុកទម្លាយ​នូវ​ការទាល់​ច្រក​ដែល​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ការបោះឆ្នោត​ជាតិ​នោះទេ។
លោក សម រង្ស៊ី (ឆ្វេង) និង​លោក ហ៊ុន សែន ចាប់​រលាក់​ដៃ​គ្នា នៅ​មុន​កិច្ចប្រជុំ​កំពូល​លើក​ទីពីរ​របស់​អស់​លោក នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ។
លោក សម រង្ស៊ី (ឆ្វេង) និង​លោក ហ៊ុន សែន ចាប់​រលាក់​ដៃ​គ្នា នៅ​មុន​កិច្ចប្រជុំ​កំពូល​លើក​ទីពីរ​របស់​អស់​លោក នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ។
​គណបក្ស​ទាំងពីរ​បាន​ជួបគ្នា​ចំនួន​ពីរ​ដង​ថែម​ទៀត​បន្ទាប់​ពី​កិច្ច​ប្រជុំ​បើក​ឆាក​ដំបូងនៅ ព្រះបរម​រាជ​វាំង​ប៉ុន្តែ​មិន​បាន​សម្រេច​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ទេ​ក្រៅ​ពី​បាន​ចេញសេចក្តី​ថ្លែង​ការណ៍រួម​កាលពី​ថ្ងៃ​ទីមួយ​ដែល​បញ្ជាក់​ថាគណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​លើបីចំណុច​ក្នុង​នោះមានការ ​បង្កើតយន្តការ​មួយ​ដើម្បី​កែ​ទម្រង់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ។

យ៉ាង​ណា​ក៏ដោយ​អង្គការ​សង្គម​ស៊ីវិល​មើលឃើញ​ថា​វា​ជា​ជំហាន​វិជ្ជមាន​មួយ​ប៉ុន្តែ​ពួកគេ​បាន​ទទូចឱ្យ​គណបក្ស​ទាំងពីរ​បន្ត​ការពិភាក្សា​ឱ្យ​មាន​ការ​កែ​ទម្រង់​ស៊ីជម្រៅ​លើ​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយចំនួន​ទៀត ដោយ​ពង្រឹង​នូវ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​និង​បង្កើត​យន្តការ​ត្រួត​ពិនិត្យ​ការអនុវត្តន៍​កំណែទម្រង់។ ​

អគ្គ​លេខាធិការ​ដ្ឋាន​នៃ​រដ្ឋ​សភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃអង្គារដោយ​បញ្ជាក់​ថា​កិច្ច​ប្រជុំ​សភា​ដំបូង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​នៅ​វេលា​ម៉ោង​៨​ព្រឹក ​ក្រោម​ព្រះ​រាជា​ធិបតីភាព​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី។

លោក​ ជាម យៀប​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​បាន​បញ្ជាក់​ថា​នឹង​មិន​មាន​ភាព​ជាប់​គាំង​អ្វី​ទេ​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​កោះអញ្ជើញ​ឱ្យ​ប្រកាស​សុពល​ភាព​គណបក្ស​លោក​នឹង​ទៅចូលរួម​ហើយ​ព្រះ មហាក្សត្រ​នឹង​ផ្តល់​សុពល​ភាព​ដល់​សមាជិក​ទាំង​១២៣​រូប​ហើយ​ការ​ស្បថចូលកាន់តំណែង​របស់​គណបក្ស​សង្គ្រោះជាតិ​នឹង​ធ្វើ​នៅ​ពេល​ក្រោយ​តាម​កាលវិភាគ​របស់​ពួកគេ។ លោក ជាម យៀប បាន​បន្ថែម​ទៀតថា៖

«ខ្ញុំ​សូម​ជម្រាប​ថា​នៅ​ឆ្នាំ​២០០៣។ នៅ អណត្តិទីបី​នៃ​រដ្ឋ​សភា​យើង​ជាប់​គាំង​នយោបាយ​ជាង​១០ខែ​ឯណោះ គឺ​ជិត​មួយឆ្នាំ​ប៉ុន្តែ​ក្រោយ​មក​ក្នុង​ឆ្នាំ​២០០៤​យើង​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ហៅ​ថា​ច្បាប់​ធម្មនុញ្ញ បន្ថែម​។ នេះ​អត់​មាន​ជាប់​គាំង​អ្វី​ទេ​ឱ្យ​អ្នក​ណា​បាន​ពី​៦២​ឡើង​ទៅ​នោះ អាច​រៀបចំ​ប្រជុំ​សភាបាន​ហើយ​។ ក្រោយ​ពី ព្រះ ករុណា​លោក​សព្វ​ព្រះ​ទ័យ​ជា​អធិបតី ក្នុង​សម័យ​ប្រជុំ​ដំបូង​ហើយ​យាង​និវត្ត​ន៍​ទៅ​ព្រះបរម​រាជវាំង​វិញ​គឺ​ព្រឹទ្ធសមាជិក​អ្នក​ដែល​ជាប់​ឆ្នោត​មាន​អាយុ​ច្រើន​ជាងគេ​ លោក​អាច​ដឹកនាំ​រាល់​ការងារ​ទាំងឡាយ​បើសិន​ជា​សមាជិក​សមាជិការដ្ឋ​សភា​ជាប់​ថ្មី​នោះ មាន​ចាប់​ពី​៦២ឡើងទៅ​អត់​មាន​ជាប់​គាំ​ង​អ្វី​ទាំង​អស់»។

យ៉ាង​ណាក៏ដោយ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏ ​បន្ត​ថាគេ​មិន​គួរ​ប្រញ៉ាប់​រូតរះ​ប្រជុំ​សភា​ដំបូង​ទេ។​ នៅក្នុង​សេចក្តី ថ្លែង​ការណ៍​រួម​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ពី​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ ដែល​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ងារ​ទាក់​ទង​នឹង​ការបោះឆ្នោត​ទទូច​ថា​ដំណោះស្រាយ​ដ៏ល្អ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​នោះ​គឺ​ការប្រជុំ​សភា​ដំបូង​គួរតែ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ទាំងពីរ​ឈាន​ទៅ​ដល់​ការ​ព្រម​ព្រៀងគ្នា​និង​ឯកភាពជាតិ៕
XS
SM
MD
LG