ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេវា​រថយន្ត​ក្រុង​សាកល្បង​ចាប់​ផ្តើម​ជាថ្មី​ទៀត​នៅ​ភ្នំពេញ


អ្នក​ដំណើរ​ចុះ​ពី​រថយន្ត​ក្រុង​​ ខណៈ​ដែល​​រាជធានី​ភ្នំពេញ​​ចាប់​ផ្តើម​សាកល្បង​​សេវា​រថយន្ត​ក្រុង​កាល​ពី​ថ្ងៃ​ពុធ ទី​៥ កុម្ភៈ ឆ្នាំ​២០១៤។
អ្នក​ដំណើរ​ចុះ​ពី​រថយន្ត​ក្រុង​​ ខណៈ​ដែល​​រាជធានី​ភ្នំពេញ​​ចាប់​ផ្តើម​សាកល្បង​​សេវា​រថយន្ត​ក្រុង​កាល​ពី​ថ្ងៃ​ពុធ ទី​៥ កុម្ភៈ ឆ្នាំ​២០១៤។
ទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ហៅ​ថា JICA​ បាន​បើក​សម្ពោធដំណើរ​ការ​រថយន្ត​ក្រុង​សាក​ល្បង​សម្រាប់​រយៈ​ពេល​មួយ​ខែ​នៅថ្ងៃ​ពុធ​នេះ​ដើម្បីបើក​ផ្លូវ​ឲ្យ​មាន​ការ​វិនិយោគ​លើ​សេវាកម្ម​នេះ​ នៅ​ពេល​ខាង​មុខ​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​អេហ្គាមិ ម៉ាសាហ៊ីកុ ​តំណាង​អង្គការ​ JICA ​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ជា​ខេមរភាសា​ថា៖​ «ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទី​មួយ​នៃបទ​ពិសោធន៍​ក្នុង​សេវា​រថយន្ត​ក្រុង​របស់​យើង។ ​ហើយដំណើរ​ការប្រព្រឹត្តិ​ទៅដោយ​រលូន»។​

រថយន្ត​ចំណុះ​៤០​ទៅ​៥០​កៅអី​នឹង​ចាប់ផ្តើម​ដំណើរ​ការ​លើ​ផ្លូវ​ព្រះ​មុន្នីវង្ស​ជាប្រចាំ​ថ្ងៃ​ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ ចាប់​ពី​ចំណុច​ស្តាតចាស់​ជិត​គល់​ស្ពាន​ជ្រោយ​ចង្វា។ ​ប្រតិបត្តិ​ការ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៤​ខែ​មិនា។​ សំបុត្រ​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ជើងថ្លៃ​១៥០០​រៀល ​ឬតិច​ជាង​០,៤០​ដុល្លារ។​

លោក​អេហ្គាមិ ម៉ាសាហ៊ីកុ ​តំណាង​អង្គការ​ JICA (គង់ សុឋានរិទ្ធ)
លោក​អេហ្គាមិ ម៉ាសាហ៊ីកុ ​តំណាង​អង្គការ​ JICA (គង់ សុឋានរិទ្ធ)
លោក​អេហ្គមិ កត់​សម្គាល់ថា អ្នក​ក្រុង​ភ្នំពេញ​មាន​ការ​រីករាយក្នុង​ការ​ជិះ​រថយន្ត​ក្រុង​នៅ​ថ្ងៃ​ដំបូង​ ប៉ុន្តែ​លោក​មិន​អាច​ប៉ាន់​ប្រមាណ​ថា អ្នក​ដំណើរ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ​រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ពុធ។​

លោក​អធិប្បាយ​ថា៖​ «ខ្ញុំ​ក៏​ចង់​ណែនាំ​ពី​រថយន្ត​ក្រុង​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ដល់​ក្រុម​ហ៊ុន​កម្ពុជា​ក្នុង​ការ​បង្កើត​ក្រុម​ហ៊ុន​សេវា​កម្ម​រថយន្តក្រុងនៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ព្រោះ​ថា ​ដូច​លោកដឹង​ហើយថា ​នៅ​ក្នុង​ពិភព​លោក​មិន​មាន​ទី​ក្រុង​ណា​ដែល​អត់​មាន​ប្រព័ន្ធ​សេវា​កម្ម​ដឹក​ជញ្ជូន​សាធារណៈនោះទេ។ ហើយ​ស្ថាន​ភាព​ស្ទះ​ចរាចរណ៍​កាន់​តែ​អាក្រក់​ទៅៗ​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃនិង​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ដូច្នេះ​នេះ​ជា​ពេល​វេលា​ល្អ​ហើយ​ដើម្បី​បង្ហាញ​អំពីប្រព័ន្ធ​រថយន្ត​ក្រុង​នៅ​រាជធានី​ភ្នំពេញ»។​

កាល​ពី​ឆ្នាំ​២០០១​ អង្គការ​JICA ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បង​រថយន្ត​ក្រុង​នេះ​ម្តង​ ហើយ​ប៉ុន្តែ​ជួប​បរា​ជ័យ​ដោយសារ​តែ​គ្មាន​អ្នក​ដំណើរ​ជិះ។​

លោក​អេហ្គាមិ ពន្យល់ថា៖​ «នៅ​ឆ្នាំ​២០០១ ​យើង​បាន​ជឿ​ថា ការ​ណែ​នាំ​ឲ្យ​បង្កើតការ​ដឹក​ជញ្ជូន​សាធារណៈ​មួយ​មាន​សារៈ​សំខាន់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ប៉ុន្តែ​ឥឡូវ​នេះ​វា​កាន់​តែ​សំខាន់​ថែម​ទៀត​ក្នុង​ការ​បង្ហាញ​អំពី​រឿង​នេះ។ ហើយ​ពេល​វេលាក៏​មាន​សារៈ​សំខាន់​ណាស់​ដែរ។​

កាលឆ្នាំ​នោះមិន​មាន​ការ​ស្ទះ​ចរាចរណ៍​ធ្ងន់​ធ្ងរ។ ​ប៉ុន្តែ​ឥឡូវ​នេះ​យើង​ឃើញ​ថា​មាន​ការ​ស្ទះ​ចរាចរណ៍ខ្លាំង​ក្លា ​និង​ជា​ញឹកញយ​ ក៏​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ។ ​ដូច្នេះ​បើ​អ្នក​ជិះ​រថយន្ត​ក្រុង​គឺ​មាន​សុវត្ថិភាព​ណាស់សម្រាប់​ការធ្វើ​ដំណើរ ​ហើយ​វា​ក៏​មាន​ផាសុខភាព​ផង​ទៀត។​

ដូច្នេះ​ខ្ញុំ​គិត​ថា​ ប្រព័ន្ធ​រថយន្ត​ក្រុង​របៀប​នេះ​ត្រូវ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ»។​
ប្រព័ន្ធ​ដាក់​ឲ្យ​ដំណើរ​ការ​នៃ​រថយន្ត​ក្រុង​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​សិក្សា​ដោយ​ប្រព័ន្ធ​ចរាចរណ៍​ផ្លូវ​គោក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​ហើយ​ការ​សិក្សា​នេះ​មាន​គោល​ដៅ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០៣៥៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG