ប៉ូលិសនៅក្នុងទីក្រុង Quebec នៃប្រទេសកាណាដា បានឲ្យដឹងថា បុរសម្នាក់នៅកំពុងជាប់ឃុំខ្លួន ក្រោយពីមានហេតុការណ៍បាញ់ប្រហារដ៏ប្រល័យនៅឯវិហារឥស្លាមមួយ ហើយបុរសម្នាក់ទៀតដែលត្រូវបានឃុំខ្លួនជាជនសង្ស័យ ឥឡូវនេះកំពុងតែត្រូវបានគេពិចារណាឲ្យធ្វើជាសាក្សី។
កាលពីមុននេះ ក្រឡាបញ្ជីតុលាការម្នាក់បានកំណត់អត្តសញ្ញាណបុរសទាំង២នាក់ថាម្នាក់ឈ្មោះ Alexandre Bissonnette ហើយម្នាក់ទៀតឈ្មោះ Mohamed el Khadir។ ប៉ុន្តែនៅមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ ថានរណាម្នាក់ក្នុងចំណោមពួកគេទាំង២នាក់ជាជនសង្ស័យពិតប្រាកដ។
មនុស្សចំនួន៦នាក់ត្រូវបានសម្លាប់ហើយមនុស្ស៨នាក់បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារកាលពីល្ងាចថ្ងៃអាទិត្យ។ លោកនាយករដ្ឋមន្ត្រីកាដាណា Justin Trudeau បានថ្កោលទោសហេតុការណ៍នោះថាជាការវាយប្រហារភេរវកម្មទៅលើអ្នកកាន់សាសនាឥស្លាម។ លោក Trudeau ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Quebec កាលពីថ្ងៃចន្ទ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រទេសរបស់លោកឲ្យតម្លៃទៅលើភាពចម្រុះជាតិសាសន៍ និងការយោគយល់ខាងសាសនា។
លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា៖ «ប្រជាពលរដ្ឋកាណាដាកាន់សាសនាឥស្លាមគឺជាផ្នែកសំខាន់មួយនៃប្រទេសជាតិរបស់ហើយ ហើយសកម្មភាពគ្មានហេតុផលទាំងនេះមិនអាចកើតឡើងនៅក្នុងសហគមន៍ ទីក្រុង និងប្រទេសរបស់យើងបានទេ»។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ឥស្លាមក្នុងទីក្រុង Quebec បាននិយាយថា មនុស្សម្នាបានប្រមូលផ្តុំគ្នាដើម្បីបន់ស្រន់ពេលល្ងាច នៅពេលដែលហេតុការណ៍បាញ់ប្រហារនោះបានកើតឡើង។
លោកស្រី Christine Coulombe អ្នកនាំពាក្យរបស់ប៉ូលិសបាននិយាយថា ជនរងគ្រោះដែលស្លាប់មានអាយុចាប់ពី៣៥ទៅ៧០ឆ្នាំ៕