កាលពីថ្ងៃសៅរ៍ ជនជាប់សង្ស័យក្នុងការបាញ់កាំភ្លើងដ៏ប្រល័យនៅព្រលានយន្តហោះមួយក្នុងរដ្ឋ Florida បានត្រូវចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សានៅក្នុងព្រលានយន្តហោះអន្តរជាតិមួយបណ្តាលឱ្យមានមនុស្សស្លាប់ នេះបើតាមសេចក្តីថ្លែងការណ៍មួយដោយការិយាល័យក្រសួងយុត្តិធម៌រដ្ឋ Florida។
ឈ្មោះ Esteban Santiago អាយុ២៦ឆ្នាំដែលជាទាហានជើងចាស់នៃសង្គ្រាមអ៊ីរ៉ាក់បានត្រូវចោទប្រកាន់ពីបទបានសម្លាប់មនុស្ស៥នាក់ និងបានធ្វើឱ្យមនុស្ស៦នាក់ទៀតត្រូវរបួសនៅក្នុងការបាញ់កាំភ្លើងដូចកំរោលចូលកាលពីថ្ងៃសុក្រ។ ការបាញ់កាំភ្លើងនេះបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ភ្ញាក់ផ្អើល និងបាននាំឱ្យព្រលានយន្តហោះនោះមានចលាចល។
ប្រសិនបើត្រូវរកឃើញថាមានទោសតាមការចោទប្រកាន់ ឈ្មោះ Santiago អាចប្រឈមមុខនឹងទោសប្រហារជីវិត ឬទោសជាប់គុកមួយជីវិត។
Santiago ក៏បានត្រូវចោទប្រកាន់ដែរពីបទពីរផ្សេងទៀតទាក់ទងនឹងការប្រើប្រាស់កាំភ្លើង នេះបើតាមការនិយាយប្រាប់ឱ្យដឹងដោយពួកមន្ត្រី។
គាត់កំពុងជាប់ឃុំឃាំងដោយគ្មានការបង់ប្រាក់ធានានៅក្រៅឃុំទេ។ គាត់ត្រូវបានកំណត់ឲ្យបង្ហាញខ្លួនលើកទីមួយនៅក្នុងតុលាការរដ្ឋ Florida។
កាលពីព្រឹកថ្ងៃសៅរ៍ ពួកមន្ត្រីបាននិយាយនៅក្នុងសន្និសីទកាសែតមួយថាជនជាប់សង្ស័យនៅក្នុងការវាយប្រហារបាញ់កាំភ្លើងដ៏ប្រល័យនេះបានធ្វើដំណើរជាពិសេស «ទៅកាន់ក្រុង Fort Lauderdale ដើម្បីធ្វើការវាយប្រហារ ក៏ប៉ុន្តែគេមិនដឹងច្បាស់លាស់អំពីហេតុអ្វីឡើយ»៕