អគ្គិភ័យនៅក្លឹបកំសាន្តមួយនៅជាយរាជធានីភ្នំពេញបានសម្លាប់មនុស្សអស់៥នាក់និងបណ្តាលឱ្យមនុស្សពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។
អាជ្ញាធរបានឱ្យដឹងថាភាគច្រើននៃអ្នកដែលស្លាប់ទាំង៥នាក់គឺជាស្ត្រីដែលធ្វើការនៅក្លឹបកំសាន្ត Key Club ដែលមានទីតាំងក្នុងសង្កាត់ចាក់អង្រែក្រោម។ អ្នករបួសពីរនាក់ទៀតជាបុរសហើយកំពុងទទួលការព្យាបាលនៅ មន្ទីរពេទ្យ។
អាជ្ញាធរបានប្រើពេលមួយម៉ោងទំរាំអាចពន្លត់អគ្គិភ័យនេះបាន។
លោកព្រំ យ៉ន ប្រធានប៉ូលិសអគ្គិភ័យរាជធានីភ្នំពេញបានបញ្ជាក់ថាការជួយពន្លត់មានការលំបាកដោយសារក្នុងក្លឹបនេះមិនមានប្រព័ន្ធទឹកអេឡិចត្រូនិក។
លោកបានបន្ថែមថា៖ «គ្រោះថ្នាក់ណាស់ព្រោះពេលកំពុងឆេះក្លឹបតូចចង្អៀតហើយមានសាឡុងបង្កើតទៅជាផ្សែងកាន់តែច្រើនធ្វើឱ្យខ្វះ អុកស៊ីសែន។ អ្នកស្លាប់ភាគច្រើនឈ្លក់ផ្សែង»។
មានឡានទឹក២០គ្រឿងត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះហើយអាជ្ញាធរបានជួយសង្គ្រោះមនុស្សជាច្រើននាក់។
ក្លឹបកំសាន្ត Key Club ជាកន្លែងដែលបម្រើសេវារាំកំសាន្ត។
លោកជា សុខហៃ ចៅសង្កាត់ចាក់អង្រែក្រោមបានបញ្ជាក់ថា៖
«មកដល់ពេលនេះយើងមិនទាន់ដឹងថាមូលហេតុអ្វី បានជាមានភ្លើងឆេះ។ យើងនឹងបង្កើតក្រុមស្រាវជ្រាវ»។
លោកបានបន្ថែមថាទីនេះជាកន្លែងដែលក្រុមយុវជននិយមមកកំសាន្តលេងហើយវាជួនជាសំណាងល្អដែលភ្លើងឆេះនៅក្បាលព្រលប់ក្នុងពេលមិនទាន់មានភ្ញៀវមកចូលកំសាន្តបើមិនដូច្នេះទេអាចមានគ្រោះថ្នាក់ដល់ជីវិតជាច្រើន៕