នៅសល់តែ ៩ សប្ដាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតី នឹងចូលមកដល់នៅសហរដ្ឋអាមេរិក។ ឥឡូវនេះ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នៅបន្តនាំមុខលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ ជាច្រើនខែមកហើយនៅក្នុងការស្ទង់មតិថ្នាក់ជាតិ។
ប៉ុន្តែការស្ទង់មតិបង្ហាញថា ការប្រកួតប្រជែងនេះ មានលក្ខណៈប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលមានអ្នកបោះឆ្នោតគាំទ្រគណបក្សទាំងពីរប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យរដ្ឋទាំងនេះទំនងជាអាចកំណត់លទ្ធផលបោះឆ្នោតបាន។
លោក Biden ដែលធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភាអស់រយៈពេល ៣៦ ឆ្នាំ និងធ្លាប់ធ្វើជាអនុប្រធាធិបតីក្នុងរដ្ឋបាលលោកប្រធានាធិបតី Barack Obama អស់រយៈពេល ៨ ឆ្នាំ ភាគច្រើន បាននាំមុខលោក Trump ពី ៨ ទៅ ១០ ភាគរយ ក្នុងការស្ទង់មតិនានាក្នុងឆ្នាំ ២០២០ នេះ។
ប៉ុន្តែការនាំមុខរបស់លោក Biden បានថយចុះមកនៅជាមធ្យមត្រឹម ៦,២ ភាគរយ នៅក្នុងការបូកសរុបនៃការស្ទង់មតិក្នុងពេលថ្មីៗនេះ ដោយគេហទំព័រ RealClearPolitics។ ការនាំមុខរបស់លោក Biden គឺទាបជាងនេះទៅទៀតនៅក្នុងរដ្ឋសំខាន់ៗចំនួន ៣ ដែលជាទូទៅគណបក្សប្រជាធិបតេយ្យតែងតែឈ្នះ ដែលនោះគឺរដ្ឋ Pennsylvania រដ្ឋ Michigan និងរដ្ឋ Wisconsin។ នៅក្នុងរដ្ឋទាំង ៣ នេះ លោក Trump បានឈ្នះដោយប្រផិតប្រផើយនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៦៕