ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ រដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ខ្វែង​គំនិត​គ្នា​រឿង​ល្បាត​ព្រៃ​ឡង់


ទិដ្ឋភាពព្រៃដ៏ក្រាស់នៅក្នុងតំបន់អភិរក្សព្រៃឡង់ ក្នុងប្រទេសកម្ពុជា។ (រូបថតដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា)
ទិដ្ឋភាពព្រៃដ៏ក្រាស់នៅក្នុងតំបន់អភិរក្សព្រៃឡង់ ក្នុងប្រទេសកម្ពុជា។ (រូបថតដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា)

ក្រុម​សកម្មជន​ការពារ​ធនធាន​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា​បានថ្លែង​នៅថ្ងៃ​ច័ន្ទនេះ​ថា តំបន់​ដែល​សម្បូរ​សម្បតិ្ត​ព្រៃឈើ​មួយ ​គឺ​ព្រៃឡង់ កំពុង​ស្ថិតក្នុងស្ថានភាព​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង ​ក្រោម​ហេតុផល​ថា​សកម្មភាព​ដឹកឈើ​ចេញ​ពី​តំបន់​នេះ​នៅ​បន្ត​ឥត​ដាច់។

ការ​អធិប្បាយ​របស់​ក្រុម​អ្នក​ការពារ​ព្រៃឈើ​ធ្វើ​ឡើង​មួយថ្ងៃ​ ក្រោយ​ទិវា​ព្រៃ​ឈើ​អន្តរជាតិ​ ២១​ ខែ​មីនា ឆ្នាំ​ ២០២១។ ទិវា​នេះ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​ឆ្នាំ​ ២០១២​ ដើម្បី​លើក​កម្ពស់​នៃ​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ធនធាន​ព្រៃ​ឈើ​គ្រប់​ប្រភេទ។

លោក ​ហេង ស្រស់ សកម្មជន​ការ​ពារ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ប្រាប់​វីអូអេ​ថា ​ធនធាន​ព្រៃ​ក្នុង​តំបន់​ព្រៃឡង់បន្ត​បាត់​បង់​រាល់​ថ្ងៃ ដោយ​លោក​ចោទ​ថា​ មាន​អំពើ​ពុករលួយ​របស់​មន្ត្រី​ដែល​ទទួល​ភារ​កិច្ច​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ។

«រឿង​ហ្នឹង​ខ្ញុំ​បាន​សម្ភាសន៍​ទៅ​ដល់​កម្មករ​ ដែល​ដឹក​ឈើ​ចេញ​ពី​ក្នុងតំបន់​ព្រៃឡង់​ដែរ​ គាត់​សារភាព​ថា​ ថៅកែ​របស់​គាត់​ហ្នឹង​បាន​បង់​និង​សូក​លុយ​ទៅ​ខាង​មន្ត្រី​បរិស្ថាន​រួច​ហើយ ​បាន​គាត់​ដឹក​ជញ្ជូន​ឈើ​ហ្នឹង​ចេញ។ ហើយ​បើ​សិន​ជា​ថ្ងៃ​ណា​មួយ​ៗ​ ដែល​គេ​កំពុង​តែ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​កន្លែង​ មាន​មន្ទីរ​បរិស្ថាន​ហ្នឹង​ ហើយ​មាន​មន្ត្រី​អង្គការ​ ឬ​មាន​នរណា​ចុះ​ទៅ​ហ្នឹង ​គឺ​មន្ត្រី​ទាំង​អស់​នោះ​ គឺ​មិន​ឲ្យ​អនុញ្ញាត​ឲ្យ​ដឹក​កាត់​នៅ​ហ្នឹង​មុខ​ទីស្នាក់​ការ​បរិស្ថាន​របស់​ខ្លួន​ទេ ​គឺ​ឲ្យ​រក​ផ្លូវ​វាង​អ៊ីចឹង​ទៅ»។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ដែល​បន្ត​សកម្មភាពក្នុង​ការ​ដឹក​ជញ្ជូនឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ គឺ​ក្រុមហ៊ុន​ ភី​ អិន​ ធី ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូថេក ខេម​បូឌា ខូអិល​ធីឌី (THINK BIOTECH CAMBODIA CO. LTD។ លោក​បញ្ជាក់​ថា ​ក្រុម​ហ៊ុន​ស៊ីង​បាយ​អូថេក នេះ​បាន​បន្ថយ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ខ្លួន​ក្នុង​ខេត្ត​ក្រចេះ​ តែ​ដោយ​ឡែក​ក្រុមហ៊ុន ​ភី អិន​ធី ​កំពុង​បន្ត​ប្រតិបត្តិ​ការ​ដឹកឈើ​ចេញ​ពី​ខេត្ត​ព្រះវិហារ។

​សកម្មជន​ការពារ​ព្រៃ​ឈើ​ដែល​ធា្លប់​រង​ការ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​ការ​អង្កេត​បទល្មើស​ព្រៃឈើ លោក ហេង ស្រស់ និយាយ​ថា ​ក្រុមអ្នក​ការពារ​ព្រៃឈើ​ឯ​ទៀត​កំពុង​រក​ច្រក​ ដើម្បី​បាន​ចូល​ទៅ​ល្បាត​ក្នុង​ព្រៃឡង់​វិញ​ បន្ទាប់​ពី​មាន​ការ​ហាម​ឃាត់​របស់​ក្រសួង​បរិស្ថាន។

លោក​ហេង ស្រស់ បន្តថា​ ក្រសួង​បរិស្ថាន​ទំនង​ជា​មិន​ចង់​ឲ្យ​សាធារណជន​បានដឹង​ពី​បទល្មើស​ព្រៃ​ឈើ ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​បរិស្ថាន​ដែល​លោក​ថា​ជា​អ្នក​ឲ្យ​ដៃ​ សម្រាប់​ការ​យក​ឈើចេញ​ពី​តំបន់​ព្រៃឡង់​នោះ។

«សព្វថ្ងៃ​នេះ​ យើង​ពុំ​បាន​ចូល​ក្នុង​តំបន់​ព្រៃឡង់​ឲ្យ​វា​ដិតដល់​ទេ​ ព្រោះ​យើង​ធ្លាប់​បាន​ធ្វើ​ការ​ចាប់ខ្លួន​ម្តង ​ហើយ​គេ​ព្រមាន​មិន​ឲ្យ​ចូល​ក្នុង​តំបន់​ព្រៃឡង់​ ដោយ​មិន​មាន​ការ​អនុញ្ញាត​ចេញ​ពី​ក្រសួង​បរិស្ថាន»។

លោក​បន្ថែម​ថា​ សកម្មជន​ការពារ​ព្រៃឈើ​បាន​បន្ត​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់​នៅក្នុង​តំបន់​ព្រៃឡង់​ ចូល​រួម​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បើក​ច្រក​ចូល​ក្នុង​តំបន់​ព្រៃឡង់​ ដែល​រហូត​មក​ដល់​ពេល​នេះមាន​ប្រភេទ​ឈើ​មួយចំនួន​ត្រូវ​បាន​កាប់ និង​ដឹក​ចេញ​ដូចជា​ ប្រភេទ​ឈើ​ផ្តៀក​ សុក្រម​ ស្រឡៅ​ ឈ្លិក ​និង​ឈើទាល (ឬ​ដើម​ច្បោះ)​ ជា​ដើម។

​បើ​តាម​លោក​ ហេង ស្រស់​ កាល​ពី​ពេល​កន្លង​មក​យ៉ាង​ហោច​ណាស់​ គោយន្ត ១០០​ គ្រឿង ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​ក្នុង​មួយ​ថ្ងៃ​ៗ។

លោក​បន្ថែម​ថា ​ក្នុង​អំឡុង​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កុម្ភៈ​ លោក​រក​ឃើញ​គោ​យន្ត​ប្រមាណ ​៦៥ ​គ្រឿង ​ដឹក​ឈើ​ក្នុង​មួយ​យប់​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ីង​បាយ​អូថេក។ បន្ទាប់​មក​ក្រុមហ៊ុន​នេះ​បាន​ដឹកឈើ​ដែល​ប្រមូល​បាន​ទៅ​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន Angkor Plywood Co. LTD ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ស្រី​ ជា សង់ធីតា (Chea SANKTHIDA)។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​ម្ចាស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូថេក​បាន​ទេ​ នៅថ្ងៃ​ច័ន្ទ​នេះ។

រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

កាល​ពី​ចុង​ខែ​កុម្ភៈ អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ (Amnesty International) បាន​បង្ហាញ​ការ​រក​ឃើញ​ថ្មី​មួយ ​អំពី​ការ​បន្ត​កាប់​ព្រៃឡង់​ទ្រង់​ទ្រាយ​ធំ ​ស្រប​ពេល​ការ​ល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍​ត្រូវ​បាន​ហាមឃាត់​ជាង​មួយ​ឆ្នាំ​មក​ហើយ។ អង្គការនេះ​បង្ហាញ​ក្តីបារម្ភ​ថា ​ព្រៃឡង់​ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​កន្លះ​លាន​ហិកតា​ ស្ថិត​ក្នុង ​«ហានិភ័យ​ធ្ងន់​ធ្ងរ»។

សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​ក្រចេះ​មួយ​រូប​គឺ​លោក​ ស្វាយ​ សុង ​អាយុ ​៥៧ ​ឆ្នាំ ​និយាយថា​ សកម្មភាព​ដឹក​ជញ្ជូន​ព្រៃ​ឈើ​ក្នុង​តំបន់​ឃុំ​កំពង់​ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​ នៅ​បន្ត​កើត​មាន​ក្នុង​ចំនួន ​ដែលមិន​ច្រើន​ដូច​មុន​ក្រោយ​ការ​ចាប់​ខ្លួន​លោក ​ហេង ស្រស់​ និង​សកម្មជន​ការពារ​ព្រៃ​ឈើ​មួយ​រូប​ទៀត​គឺ​លោក ​អ៊ូច ឡេង។

លោក​បន្ថែម​ថា​ ទោះ​សកម្មភាព​ដឹក​ឈើរបស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូថេក​ហាក់​ដូច​ជា​ថយ​ចុះ​ក្តី​ ក៏​លោក​នៅ​តែ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បើក​ផ្លូវ​ឲ្យ​បាន​ចូល​ល្បាត​ព្រៃវិញ ក្រោយ​អាជ្ញាធរ​ចោទ​ថា​ បណ្តាញ​របស់​លោក​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។​

«សុំ​បញ្ជាក់​ថា ​ពួក​បទ​ល្មើស​ហ្នឹង ​វាខ្លាច​តែ​ពួក​ព្រៃ​ឡង់​ទេ​ បណ្តាញ​សហគមន៍​ព្រៃឡង់​អត់​ខ្លាច​ទេ​ ពួក​អាជ្ញាធរ​អីបាទ ពីព្រោះ​បណ្តាញ​សហគមន៍​គាត់​ច្បាស់។ ច្បាស់​ត្រង់​ថា​ គាត់​ត្រូវ​ចាប់​ចាប់​...ឧទា​ហរណ៍​ ដូច​ជា​ចាប់​បាន​ម៉ាស៊ីន​ហ្នឹង​ អត់​មាន​លក់​អត់​មាន​អីបាន​ចាប់​ គឺ​យក​មក​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ ប៉ុន្តែ​ពេល​ឥឡូវ​នេះ​វា​អត់​បាន​ចឹង​ទេ​។ ចឹង​បានខ្ញុំ​សំណូម​ពរ​ថា​ ឲ្យ​ក្រសួង​បរិស្ថាន​រាជ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ទាំង​ ៤ ​ខេត្ត​ ដែល​គាត់​ខំ​ប្រឹង ​ហើយ​គាត់​គ្មាន​ប្រាក់​ខែ​លះ​បង់​អាយុ​ជីវិត​ ដើម្បី​ការពារ​ព្រៃឈើ​យើង​ឲ្យ​បាន​គង់​វង្ស»។​

លោក​និយាយថា ​ក្រសួង​បរិស្ថាន​រមែង​ចាប់​កំហុស​ក្រុម​ប្រជា​សហគមន៍​ដោយ​ចោទ​ថា​ ប្រជា​សហ​គមន៍​មិន​មែន​ជា​ដៃគូ​ស្មោះ​ត្រង់​ជាមួយរដ្ឋាភិបាល​ក្នុង​ការ​អភិរក្ស​ព្រៃ​ឈើ​ ដែល​នៅ​សេស​សល់​ក្នុង​តំបន់​ព្រៃ​ឡង់។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក​ នេត្រ ភក្ត្រា​ មាន​ប្រសាសន៍​ថា​ ការ​ចូល​ទៅ​ល្បាត​ក្នុង​ព្រៃឡង់​អាច​ធ្វើ​ទៅ​បាន​ ដរាប​ណា​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចុះ​បញ្ជី​ត្រឹមត្រូវ​ ហើយ​ក្រុម​បុគ្គល​ដែល​ចង់​ចូល​ទៅ​ល្បាត​ក្នុង​តំបន់​នោះ​ ក៏​ត្រូវ​ជូន​ដំណឹង​ដល់​ក្រសួង​ជាមុន។

«សម្រាប់​ក្រសួង​បរិស្ថាន​យើង​បើក​ទ្វារ​ចំហ ​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ក្នុង​ការ​ការ​ពារ​និង​អភិ​រក្ស​ធនធាន​ធម្មជាតិ​ ប៉ុន្តែ​តម្រូវ​ឲ្យ​ដៃ​គូ​ទាំង​អស់​គោរព​ទៅ​តាម​ច្បាប់​ស្តីពី​តំបន់​ការ​ពារ​ធម្មជាតិ​ ដែល​នៅ​ក្នុង​នោះ​បាន​បញ្ជាក់​ថា​ ត្រូវ​មាន​កិច្ច​ព្រម​ព្រៀង​ចូលរួម​សហការ​ក្នុង​ការ​ការ​ពារ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ ​ហើយ​សូម្បី​តែ​ចូល​ទៅ​ក្នុង​តំបន់​នេះ ​ក៏​ត្រូវ​មាន​ការ​ជូន​ដំណឹង​ ក៏​ដូច​ជា​ផ្តល់​សហ​ការ​ជាមួយ​នឹង​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ដែរ»។​

ទាក់ទិន​ការ​ចោទ​ប្រកាន់​ថា ​មន្ត្រី​បរិស្ថាន​ស៊ី​សំណូក​យក​លុយ​ឈ្មួញ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​នោះ​រ ដ្ឋ​លេខា​ធិការក្រសួង​បរិស្ថាន​រូប​នេះ​ថ្លែង​ថា៖

«ការ​ចោទ​ប្រកាន់​ សូម​ឲ្យ​បង្ហាញ​នូវ​ភស្តុតាង​ ហើយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា​ តើ​នរណា​ឲ្យ​ពិត​ប្រាកដ​? កុំ​ធ្វើ​ការ​វាយ​តម្លៃ​ជារួម។ ហើយ​អ្វី​ដែល​ក្រុម​សកម្មជន​នយោបាយ​មួយ​ចំនួន ​ដែល​តាំង​ខ្លួន​ថា​ជា​សកម្មជន​បរិស្ថាន​អ្នក​ស្រឡាញ់​ព្រៃ​ឈើ​នេះ​ គឺ​ធ្វើ​សកម្មភាព​នៅ​ក្នុង​កិច្ចការងារ​មួយ​ដែល​ស្វះ​ស្វែង​រក​តែ​អ្វី​ដែល​ជា​ចំណុច​ដែល​អាក្រក់ៗ ​ដើម្បី​បំពេញ​ទៅ​លើ​របៀប​វារៈ​របស់​ខ្លួន ហើយ​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល ​វាយ​ប្រហារ​មក​លើ​ក្រសួង​បរិស្ថាន​តែ​ប៉ុណ្ណោះ»។

ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់ ក៏​បង្ក «កង្វល់យ៉ាង​ខ្លាំង»​ ដល់​សហរដ្ឋ​អាមេរិក​ដែល​កាល​ពី​ថ្ងៃទី ​៨​ ខែ​មីនា​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​លើកឡើង​ថា ​ខ្លួន​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សហគមន៍​សង្គមស៊ីវិល​ និង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវសាស្ត្រ​ចម្រុះ​ដ៏​សម្បូរ​បែប​នៅ​ដែន​ជម្រក​សត្វព្រៃ​នៅ​ព្រៃ​ឡង់​ត្រូវបាន​អភិរក្ស។

សហរដ្ឋ​អាមេរិក​សង្កត់​ធ្ងន់​ថា៖ «ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់​និងនៅ​ទូទាំង​ប្រទេស​ មានការ​ទាក់​ទង​នឹង​កត្តា​មួយ​ចំនួន​ ដែល​រួម​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​ខ្សោយ​ និង​ប្រព័ន្ធ​អភិបាល​កិច្ច​ពុំ​មាន​ភាព​ច្បាស់​លាស់​»។

តំបន់​ព្រៃឡង់​មាន​ប្រទល់​ជាប់​ខេត្ត​ចំនួន​ ៤ នៅ​ប្រទេស​កម្ពុជា ​រួម​មាន​ខេត្ត​ក្រចេះ​ កំពង់ធំ​ ព្រះ​វិហារ និង​ស្ទឹង​ត្រែង៕

XS
SM
MD
LG