ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ លោក Biden ថ្លែង​សារ​អំពី​គំនិត​សុទិដ្ឋិនិយម


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​នៅ​លើ​វាល​ស្មៅ​ខាង​ត្បូង​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​នៅ​លើ​វាល​ស្មៅ​ខាង​ត្បូង​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​និង​ភរិយា​អ្នកស្រី Jill Biden នៅ​ទិវា​ឯករាជ្យ​កាលពី​ថ្ងៃចន្ទ ទី៤ ខែកក្កដា បានផ្តល់​នូវ​សារ​សុទិដ្ឋិនិយម​និង​ការរួបរួម​នៅពេល​ដែល​ការស្ទង់មតិ​បង្ហាញ​ថា ប្រជាជន​អាមេរិក​ភាគច្រើន​ជឿ​ថា ប្រទេស​នេះ​កំពុង​ដើរ​ក្នុង​ទិសដៅ​ខុស ហើយ​ការប្រកាន់​ផ្នែក​នយោបាយ​គឺជា​កង្វល់​កំពូល។

ពេលឈរ​ជាមួយ​ភរិយា​របស់​លោក​ក្នុង​ពិធី​បុណ្យ​អាំងសាច់​ជាមួយ​ក្រុម​គ្រួសារ​យោធា​នៅ​សេតវិមាន​ក្នុង​អំឡុង​ពេល​បុណ្យ​ឯករាជ្យ​ជាតិ លោក​ Biden ​បាន​និយាយ​ក្នុង​សុន្ទរកថា​ថា​ «អាមេរិក​តែងតែ​វិវឌ្ឍផ្លាស់​ប្តូរ​ ការងារ​តែងតែ​ដំណើរការ​ មាន​វឌ្ឍនភាព​ ចលនា​ទៅ​មុខ​ ​មាន​ការ​បង្កើត​លទ្ធភាព​នានា​ ការ​បំពេញ​តាម​ការ​សន្យា»។​

លោក​ Biden​ បាន​លើក​ឡើង​ថា ​ថ្ងៃ​ខាង​មុខ​នឹង​ប្រសើរ​ឡើង​ ​ទោះ​បី​ជា​លោក​បាន​ទទួល​ស្គាល់​ការ​តស៊ូ​ដែល​ប្រជា​ពលរដ្ឋ​អាមេរិក​កំពុង​តែ​ប្រឈម​ដោយសារ​អតិផរណា​កម្រិត​ខ្ពស់។ ​លោក​បាន​ថ្លែង​ថា​ «សេដ្ឋកិច្ច​របស់​យើង​កំពុង​កើន​ឡើង ប៉ុន្តែ​មិន​មែន​មិន​មាន​ការ​ឈឺ​ចាប់​នោះទេ»។​

ជនជាតិ​អាមេរិក​មាន​ទុទិដ្ឋិនិយម​កាន់​តែខ្លាំង​ឡើង​អំពី​សេដ្ឋកិច្ច។ ​ការ​ស្ទង់មតិ​របស់ ​AP-NORC ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ឱ្យដឹង​ថា អ្នក​ឆ្លើយតប​ការ​ស្ទង់មតិ​៧៩​%​ បាន​និយាយ​អំពី​សេដ្ឋកិច្ច​ក្រីក្រ​ ដែល​រួម​មាន​ ៩០% ​ជាមតិ​របស់​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ ​និង​៦៧%​ ជាមតិ​អ្នកគាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ។​

និយាយ​ជារួម ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ ៨៥% ​នៃ​ប្រជា​ពលរដ្ឋ​អាមេរិក​ពេញវ័យនិយាយ​ថា​ ប្រទេស​នេះ​កំពុង​ដើរ​ក្នុង​ទិស​ដៅ​ខុស​ ដែល​រួមមាន​៩២%​ជា​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ ​និង​៧៨% ​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​ ហើយ​នេះ​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ចំណោម​គណបក្ស​ប្រជា​ធិបតេយ្យ​ចាប់​តាំង​ពី​លោក ​Biden​ ឡើង​កាន់​តំណែង​មក។​

លោក ​Biden ​បាន​និយាយ​ថា ​«បន្ទាប់ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៀបចំ​គ្រឹះ​សម្រាប់​អនាគត​ដ៏​ល្អ​ប្រសើរ​នោះ អតីតកាល​ដ៏​អាក្រក់​បំផុត​បាន​ទាញ​យើង​មកវិញ​ម្តងម្កាល»។​ លោក​ថ្លែង​ដោយ​សំដៅ​ទៅ​លើ​ការ​សម្រេច​ចិត្ត​នាពេល​ថ្មីៗ​នេះ​របស់​តុលាការ​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​បដិសេធ​សិទ្ធិ​តាម​រដ្ឋ​ធម្មនុញ្ញ​សហព័ន្ធ​ដែល​អនុញ្ញាត​ឱ្យ​ស្ត្រី​រំលូត​កូន។​

លោកមាន​ប្រសាសន៍​ថា​ «សេរីភាព​នោះ​ត្រូវ​បាន​កាត់​បន្ថយ​ ហើយ​សិទ្ធិ​ដែល​យើង​សន្មត់​ថា​ យើង​ត្រូវ​បាន​ការពារ​នោះ​ លែង​មាន​ទៀត​ហើយ»។​ លោក​បាន​ហៅ​វា​ថា​ ជា​ការ​រំឭក​អំពី​ «ការ​ប្រយុទ្ធ​ដែល​កំពុង​បន្ត​ដើម្បី​ព្រលឹង​អាមេរិក‍»៕

XS
SM
MD
LG