អភិបាលរដ្ឋ Iowa នៃគណបក្សសាធារណរដ្ឋលោកស្រី Kim Reynolds បានឆ្លើយតបទៅនឹងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិកលោកJoe Biden ដោយភ្ជាប់ការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននិងវិធីដោះស្រាយនៃគោលនយោបាយការបរទេសរបស់លោក។
នៅក្នុងការឆ្លើយតបជាផ្លូវការទៅនឹងសុន្ទរកថាប្រឆ្នាំអំពីស្ថានភាពសហព័ន្ធរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ អភិបាលរដ្ឋ Iowa លោកស្រី Kim Reynoldsបានលើកឡើងពីបញ្ហាជាច្រើនហើយបានពណ៌នានូវអ្វីដែលអ្នកស្រីហៅថា ជាការបរាជ័យនៃគោលនយោបាយការបរទេសរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិកដែលក្នុងនោះរួមមានទាំងការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានដោយច្របូកច្របល់ដែលលោកស្រីហៅថា «មិនត្រឹមតែធ្វើឲ្យបាត់បង់នូវអាយុជីវិតពលរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការក្បត់សម្ព័ន្ធមិត្តអាមេរិកនិងធ្វើឲ្យសត្រូវកាន់តែបានចិត្តថែមទៀត»។
លោកស្រីបានលើកឡើងថា លោកBidenបានអនុញ្ញាតឲ្យមានការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដោយការលុបចោលការដាក់ទណ្ឌកម្មលើបំពង់បង្ហូរប្រេងរបស់រុស្ស៊ី និងមិនបានបង្កើតការផលិតប្រេងនៅក្នុងសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ជាក់ទៀតថា លោក Biden និងសមាជិកសភានៃគណបក្សប្រជាធិបតេយ្យជាប់រវល់ខ្លាំងពេក តែទៅលើបញ្ហានយោបាយជាជាងការត្រៀមរៀបចំខាងផ្នែកយោធាឲ្យបានល្អ។
លោកស្រីបានបន្ថែមទៀតថា៖ «ភាពកម្សោយនៅលើឆាកអន្តរជាតិបានធ្វើឲ្យមានផលវិបាកកើតឡើងហើយយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Bidenលើគោលនយោបាយការបរទេសរបស់អាមេរិកមានប្រសិទ្ធភាពតិចតួចនិងយឺតយ៉ាវខ្លាំង»។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចរបស់អាមេរិកវិញ លោកស្រីអភិបាលរដ្ឋដែលទើបឡើងកាន់តំណែងក្នុងអាណត្តិទី១ បាននិយាយថា លោកBiden និងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ បានចំណាយពេលក្នុងមួយឆ្នាំកន្លងទៅដោយមិនអើពើទៅនឹងបញ្ហាសេដ្ឋកិច្ចដែលពលរដ្ឋអាមេរិកកំពុងប្រឈមនិងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងស្ថានភាពកាន់តែអាក្រក់ឡើង ជាពិសេសគឺបញ្ហាអតិផរណា។ លោកស្រីបានបញ្ជាក់ទៀតថា រដ្ឋបាលរបស់លោក Biden បានទទួលការព្រមានថា ការចំណាយប្រាក់រាប់ពាន់លានលានដុល្លារ នឹងធ្វើឲ្យមានអតិផរណាហើយក៏ត្រូវបានគេប្រាប់ផងដែរថា គោលនយោបាយប្រឆាំងនឹងថាមពល នឹងធ្វើឲ្យតម្លៃប្រេងកាន់តែឡើងខ្ពស់ជាថ្មីទៀត»។
អភិបាលរដ្ឋដែលជាសមាជិកនៃគណបក្សសាធារណរដ្ឋរូបនេះ ក៏បានសរសើរពីវិធីសាស្ត្រដែលលោកស្រីនិងបណ្តាអភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋបានធ្វើនៅក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ផងដែរដែលក្នុងនោះមានវិធានការរឹតបន្តឹង ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការតម្រូវឲ្យពាក់ម៉ាស់ជាដើមជាពិសេសនៅតាមសាលារៀនរបស់រដ្ឋ៕