បណ្តាប្រទេសនានានៅជុំវិញពិភពលោកចាត់ទុកថ្ងៃទី១០ ធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ខណៈពេលដែលការមិនគោរពសិទ្ធិមនុស្សនៅតែបន្តរីករាលដាលនៅកន្លែងជាច្រើននៅក្នុងសកលលោក អង្គការសហប្រជាជាតិកំពុងអំពាវនាវឲ្យមនុស្សគ្រប់គ្នាក្រោកឈរឡើងដើម្បីសិទ្ធិសាកល។
អង្គភាពពិភពលោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាដល់ពេលហើយ។ យើងគ្រប់គ្នាអាចក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស។ ហើយយើងអាចរួមគ្នាក្រោកឈរឡើងដើម្បីការពារមនុស្សជាតិឲ្យបានច្រើនជាងនេះ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon បានថ្លែងថា៖ «ការគាំទ្រសិទ្ធិមនុស្សគឺជាប្រយោជន៍សម្រាប់មនុស្សគ្រប់រូប។ ការគោរពសិទ្ធិមនុស្សនឹងធ្វើឲ្យមនុស្សគ្រប់គ្នាកាន់តែប្រសើរឡើង នឹងនាំមកនូវស្ថិរភាពដល់គ្រប់សង្គម ហើយនឹងនាំមកនូវពិភពលោកមួយដ៏រុងរឿង»។
លោក Zeid Ra-ad Al Hussein អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានថ្លែងថា៖ «វាដល់ពេលដែលគ្រប់គ្នាត្រូវក្រោកឈរឡើងដើម្បីការពារសិទ្ធិមនុស្ស។ មិនមានសកម្មភាពណាមួយតូចតាចពេកនោះទេ។ មិនថាអ្នកនៅទីកន្លែងណានោះទេ អ្នកអាចធ្វើឲ្យមានការផ្លាស់ប្តូរ។ យើងទាំងអស់គ្នាត្រូវក្រោកឈរឡើងដើម្បីមនុស្សជាតិរបស់យើង»៕