លោក ស៊ាង ចែត បានទទួលសេរីភាពឡើងវិញ ដោយការចាកចេញពីពន្ធនាគារព្រៃសរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានស្នើសុំបន្តតួនាទីជាមេឃុំស្រកនៅស្រុកកំពង់សៀម ខេត្តកំពង់ចាមដដែល និងបានស្នើសុំចុះឈ្មោះរបស់លោកក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានប្រោសព្រះរាជទានលើកលែងទោស លោក ស៊ាង ចែត កាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីលោកត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ក្នុងពន្ធនាគារចំនួន ប្រាំឆ្នាំ ពីបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា។
ក្នុងសំលៀកបំពាក់ជនសាមញ្ញធម្មតា លោក ស៊ាង ចែត បានសម្ដែងក្ដីរីករាយចំពោះការទទួលបានសេរីភាពរបស់លោកមកវិញ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកសុំបន្តតួនាទីរបស់លោកជាមេឃុំឡើងវិញ ដោយហេតុថាលោកចង់នៅបម្រើប្រជាជនក្នុងឃុំរបស់លោកបន្តទៅទៀត។
«ខ្ញុំចង់នៅឈរនៅឃុំវិញបាទ អត់ចង់បានមកធ្វើធំទេ។ គេធ្វើនយោបាយ គេចង់បានធំ តែខ្ញុំអត់ចង់បានទេ»។
លោក ស៊ាង ចែត ថ្លែងបន្តអំពីការចុះឈ្មោះបោះឆ្នោតយ៉ាងដូច្នេះ៖
«អញ្ចឹងបានខ្ញុំទទូចគណបក្សទាំងពីរដើម្បីថា សហការជាមួយគ.ជ.ប និងសុំឲ្យ គ.ជ.ប បន្ថែមឈ្មោះខ្ញុំតែមួយគត់ តែប្រជាពលរដ្ឋដែលនៅខ្វះខាតប៉ុន្មាន កុំតូចចិត្ត អានេះ ជាការសំណូមពររបស់ខ្ញុំ»។
លោក ស៊ាង ចែត បានចាកចេញពីពន្ធនាគារព្រៃស ហើយបន្តទៅធ្វើពិធីសាសនា ដើម្បីរំដោះគ្រោះនៅក្នុងវត្តអង្គមេត្រី ស្ថិតនៅក្បែរពន្ធនាគារព្រៃសរ។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលទទួលបានការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រដែរនោះ ក៏បានចូលរួមក្នុងពិធីនេះផងដែរ។
ឆ្លើយតបទៅនឹងការស្នើសុំរបស់លោក ស៊ាង ចែត ក្នុងការចុះបញ្ជីឈ្មោះសម្រាប់ការបោះឆ្នោត លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថា គ.ជ.ប មិនអាចធ្វើទៅតាមការទាមទារនេះបានទេ។
លោកប្រាប់ VOA ថា ការចុះឈ្មោះ អាចធ្វើទៅបាន លុះត្រាតែមានការយល់ព្រមពីសភាជាតិ។
«ប៉ុន្តែបើមានការអនុម័តអី ផ្សេងពីហ្នឹង ដោយសភា ដែលជាស្ថាប័នបោះឆ្នោតផ្ដល់ទុកចិត្ត មក គ.ជ.ប នោះបានអាច គ.ជ.ប ធ្វើទៅកើតបាទ»។
លោកសុំមិនធ្វើការអធិប្បាយ ចំពោះការសម្រួលផ្នែកនយោបាយណាមួយ ដើម្បីបើកផ្លូវឲ្យលោក ស៊ាង ចែត បានចុះឈ្មោះបោះឆ្នោត។
ការផ្ដល់ព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រខ្មែរដល់លោក ស៊ាង ចែត កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការគណបក្សធំៗទាំង២ បានបំបែកភាពទាល់ច្រកផ្នែកនយោបាយ តាមរយៈការលើកលែងទោសលោក កឹម សុខា និងការយល់ព្រមជួបចរចាគ្នា ដើម្បីដោះស្រាយកិច្ចការផ្សេងទៀត។
លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រាប់ VOA ថា លោក ស៊ាង ចែត មិនបានបាត់បង់តួនាទីរបស់លោកជាមេឃុំនោះទេ នៅគ្រាលោកជាប់ក្នុងពន្ធនាគារ។
លោកថា លោក ស៊ាង ចែត នឹងនៅតែអាចបំពេញការងាររបស់លោកបានដដែល ដោយគ្មានការផ្លាស់ប្ដូរ។
«គាត់នៅតែជាមេឃុំ ពេលដែលគាត់ជាប់ពន្ធនាគារគឺ គេមានជំទប់ទីមួយឡើងជា មេឃុំស្ដីទីណា៎ បាទ។ អញ្ចឹងកាលណាគាត់វិលត្រឡប់ទៅវិញ គាត់នៅជាមេឃុំដដែលបាទ»។
ក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ត្រូវគេដឹងថា នឹងនៅបន្តធ្វើការសម្របសម្រួលផ្នែកនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានការដោះលែង មន្ត្រី និងសកម្មជនយោបាយគណបក្សប្រឆាំង ដែលបានជាប់នៅក្នុងពន្ធនាគារ។
ការសម្របសម្រួលនោះ ក៏នឹងផ្ដោតលើការដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងនៃគ.ជ.ប រួមទាំង អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលជាម្ចាស់ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices ផងដែរ៕