ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​សភា​តំណាង​រាស្ត្រ​​រដ្ឋ​ Ohio មាន​លទ្ធផល​​ប្រកិតៗ​​ការ​បោះឆ្នោត​នៅ​ខែវិច្ឆិកា​មក​ដល់


អ្នក​បោះ​ឆ្នោត​កំពុង​បោះ​ឆ្នោត​តាម​រយៈ​ម៉ាស៊ីន​អេឡិច​ត្រូនិច នៅ​ការិយាល័យ​បោះ​ឆ្នោត Islamic Cultural Center កាល​ពី​ថ្ងៃទី​៧ ខែ​សីហា ២០១៨។
អ្នក​បោះ​ឆ្នោត​កំពុង​បោះ​ឆ្នោត​តាម​រយៈ​ម៉ាស៊ីន​អេឡិច​ត្រូនិច នៅ​ការិយាល័យ​បោះ​ឆ្នោត Islamic Cultural Center កាល​ពី​ថ្ងៃទី​៧ ខែ​សីហា ២០១៨។

ការ​បោះឆ្នោត​ពិសេស​ដែល​មាន​ការ​ឃ្លាំ​មើល​ដិត​ដល់​សម្រាប់អាសនៈ​មួយ​ក្នុង​សភា​តំណាង​រាស្ត្រ​ស.រ.អា.​នៅ​ក្នុង​រដ្ឋ​ Ohio ​មាន​លទ្ធផល​ប្រកិតៗ​នៅ​ថ្ងៃ​ពុធ​នេះ។ ​

ពួក​សាធារណរដ្ឋ​និង​ពួក​ប្រជាធិបតេយ្យ​កំពុង​ថ្លឹង​ថ្លែង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ និង​ការ​បោះឆ្នោត​បឋម​នៅ​ទី​ឯទៀតៗ​ក្នុង​ប្រទេស​ដើម្បី​រក​មើលសញ្ញា​នៃ​លទ្ធផល​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

នៅ​ពេល​ដែល​មណ្ឌល​ទាំង​អស់​រាយការណ៍​អំពី​លទ្ធផល​ហើយ​នោះ​ លោក Troy Balderson នៃ​គណបក្សសាធារណរដ្ឋ​នាំ​មុខ​លោក​ Danny O'Conner នៃគណបក្ស​ប្រជាធិបតេយ្យ​ដោយ​មាន​សន្លឹក​ឆ្នោត​គាំទ្រ​លើស​ចំនួន​១៧០០។​រដ្ឋមន្ត្រី​ការបរទេស​នៃ​រដ្ឋ​ Ohio ​បាន​និយាយ​ថា​ សន្លឹក​ឆ្នោត​បណ្តោះ​អាសន្ន

​៣៤០០​ និង​សន្លឹក​ឆ្នោត​៥​ពាន់​ដែល​អ្នក​បោះ​ឆ្នោត​មិន​បាន​ទៅ​បោះ​នៅ​នឹង​កន្លែង​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Absentee ballots ​បាន​ត្រូវ​បោះ​អស់​ហើយ​ ក៏​ប៉ុន្តែ​តាម​រយៈច្បាប់​រដ្ឋ​នេះ​ ពួក​មន្ត្រី​មិន​អាច​ចាប់​ផ្តើម​រាប់​សន្លឹក​ឆ្នោត​ទាំង​នេះ​បាន​ទេ​រហូត​ដល់​១១​ថ្ងៃ​ ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ។

អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​នឹង​កាន់​កាប់​កៅអី​មួយ​របស់​លោក ​Pat Tiberi ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​លាលែង​ពី​តំណែង​កាល​ពី​ខែ​តុលា​ ឆ្នាំ២០១៧។ ​អាសនៈ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ជាថ្មី​ក្នុង​ខែ​វិច្ឆិកា​ ដែល​មានន័​យថា ​ក្រុម​អ្នក​បោះ​ឆ្នោត​នឹង​ធ្វើ​ការ​ជ្រើស​រើស​ទៀត​រវាង​លោក Balderson ​និង​លោក​ O'Conner​ ក្នុង​រយៈ​ពេល​បី​ខែ​ទៀត។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ប្រើ Twitter ​ដើម្បី​យក​កេរ្តិ៍​ឈ្មោះ​សម្រាប់​អ្វី​ដែល​លោក​បាន​និយាយ​ថា​ជា​ «ជ័យជម្នះ​ធំ»​ មួយ​សម្រាប់​លោក Balderson។

លោក​ ត្រាំ​ បាន​និយាយ​ថា «នៅ​ក្រោយ​សុន្ទរកថា​របស់​ខ្ញុំ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ មាន​ការ​គាំទ្រ​ច្រើន​សម្រាប់​ភាព​ល្អ​ប្រសើរ​ជាង​មុន។ នៅ​ពេល​នេះ​ Troy ​ទទួល​ជ័យ​ជម្នះ​ធំមួយ​នៅ​ក្នុង​ពេល​វេលា​ពិបាក​មួយ​នៃ​ឆ្នាំ​មាន​ការ​បោះ​ឆ្នោត​នេះ។​លោក​នឹង​ឈ្នះ​ឆ្នោត​ច្រើន​ក្នុង​ខែវិច្ឆិកា»។

លោក​ Balderson ​បាន​អរគុណ​លោក​ ត្រាំ​ នៅ​ពេល​លោក​និយាយ​ទៅ​កាន់​ពួក​អ្នក​គាំទ្រ​លោក​កាល​ពី​យប់​ថ្ងៃ​អង្គារ​ហើយ​លោក​ក៏​បានថ្លែង​ដែរ​ថា​ លោក​ប្រុង​ប្រៀប​ខ្លួន​ធ្វើការ​សម្រាប់​ប្រជារាស្ត្រ​នៃ​មណ្ឌល​សភា​ទី​១២​ របស់​រដ្ឋ​ Ohio៕

XS
SM
MD
LG