ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ត្រៀម​ប្រកាស​ថា ការ​សម្លាប់​រង្គាល​ជនជាតិ​អាមេនី​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​មួយ​ជា​អំពើ​ប្រល័យ​ពូជសាសន៍


រូបឯកសារ៖ មនុស្សមួយក្រុមបានកាន់រូបថតក្រុមអ្នកប្រាជ្ញអាមេនី ដែលត្រូវបានស្លាប់ក្នុងការសម្លាប់រង្គាលនាឆ្នាំ ១៩១៥ ក្នុងពិធីរំឭកខួប ១០៤ឆ្នាំនៃការសម្លាប់រង្គាលនេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩។
រូបឯកសារ៖ មនុស្សមួយក្រុមបានកាន់រូបថតក្រុមអ្នកប្រាជ្ញអាមេនី ដែលត្រូវបានស្លាប់ក្នុងការសម្លាប់រង្គាលនាឆ្នាំ ១៩១៥ ក្នុងពិធីរំឭកខួប ១០៤ឆ្នាំនៃការសម្លាប់រង្គាលនេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​និយាយ​ថា លោក​ប្រធានាធិបតី Joe Biden កំពុង​ត្រៀម​ប្រកាស​ថា ការ​សម្លាប់​រង្គាល​ជនជាតិ​អាមេនី​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​មួយ​ ដោយ​ចក្រភព​អូតូម៉ង់ (Ottoman) ជា​អំពើ​ប្រល័យ​ពូជ​សាសន៍។

មន្ត្រី​ទាំង​នោះ​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ជា​ច្រើន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ដើម្បី​និយាយ​អំពី​ប្រធានបទ​ដ៏​រសើប​នេះ បាន​លើកឡើង​ថា ការ​ប្រកាស​ទទួល​ស្គាល់​នេះ​អាច​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ដែល​ជា​ទិវា​ប្រចាំ​ឆ្នាំ​រំឭក​ដល់​ជន​រងគ្រោះ​ទាំង​នោះ។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំ​មុន លោក Biden បាន​បញ្ជាក់​ថា លោក​នឹង «គាំទ្រ​ឲ្យ​មាន​សេចក្តី​សម្រេច​មួយ ដែល​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី ហើយ​នឹង​ចាត់ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​លើ​ពិភពលោក​ជា​អាទិភាព​កំពូល​មួយ» របស់​លោក។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «ខ្ញុំ​រំពឹង​ថា យើង​នឹង​មាន​ព័ត៌មាន​បន្ថែម​អំពី​ទិវា​នៃ​ការ​ចងចាំ​នេះ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ»។

នៅ​ក្នុង​លិខិត​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​ពុធ ក្រុម​សមាជិក​រដ្ឋសភា ១០០ នាក់ នៃ​គណបក្ស​ទាំង​ពីរ បាន​ស្នើ​លោក Biden ឲ្យ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​ទទួលស្គាល់​ការ​សម្លាប់​រង្គាល​នេះ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

ក្រុម​សមាជិក​រដ្ឋសភា​នេះ​បាន​សរសេរ​ដូច្នេះ​ថា៖ «ការ​រក្សា​ភាព​ស្ងៀមស្ងាត់​ដ៏​គួរ​ឲ្យ​អាម៉ាស់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លើ​ការពិត​ជា​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី គឺ​មាន​ជា​យូរ​មក​ហើយ។ ការ​រក្សា​ភាព​ស្ងៀមស្ងាត់​នេះ​ត្រូវតែ​បញ្ចប់។ យើង​សូម​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​អនុវត្ត​តាម​ការ​សន្យា​របស់​លោក និង​និយាយ​ពី​ការពិត​ដែល​បាន​កើត​ឡើង​នោះ»។

រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ប្រសិនបើ​លោក Biden ប្រកាស​ទទួលស្គាល់​នូវ​ការ​សម្លាប់​នេះ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍ នោះ​ទំនាក់ទំនង​រវាង​តួកគី​និង​សហរដ្ឋ​អាមេរិក​នឹង​ប៉ះពាល់។

អ្នក​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​លើក​ឡើង​ថា ពលរដ្ឋ​អាមេនី​ប្រមាណ ១ លាន ៥ សែន​នាក់ បាន​ស្លាប់​នៅ​ក្រោម​កណ្តាប់​ដៃ​របស់​ចក្រភព​អូតូម៉ង់​នៅ​រវាង​ឆ្នាំ ១៩១៥ និង​ឆ្នាំ ១៩២៣។ ចក្រភព​អូតូម៉ង់​នេះ​គឺជា​ប្រទេស​តួកគី​ក្នុង​សម័យ​បច្ចុប្បន្ន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG