ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ខណៈ​ប្រេសិត​អ.ស.ប.​ ថា​«រំលោភ​សិទ្ធិ​ឯកជន»


ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា បោះឆ្នោតអនុម័តទាំងស្រុង ដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ដាក់ប្រទេសជាតិក្នុងភាពអាសន្ន (រូបថតពីហ្វេសប៊ុកព្រឹទ្ធសភា)
ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា បោះឆ្នោតអនុម័តទាំងស្រុង ដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ដាក់ប្រទេសជាតិក្នុងភាពអាសន្ន (រូបថតពីហ្វេសប៊ុកព្រឹទ្ធសភា)

ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ដែល​ជា​សេចក្តី​ព្រាង​ច្បាប់​ត្រូវ​បាន​រិះគន់​ដោយ​មន្រ្តី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ផ្សេង​ទៀត។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធ​សភា​ សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​អនុម័ត​ ដោយ​សំឡេង​៥៤​លើ​៥៤​ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា ​ដែល​បាន​ចូល​រួម​ប្រជុំ​វិសាមញ្ញ​នេះ។​

ព្រឹទ្ធ​សភា​បញ្ជាក់​ថា៖​ «អង្គ​ប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ​ និង​ឲ្យ​យោបល់​ឯកភាព​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល ​ដោយ​ឥត​កែ​ប្រែ​ ដោយ​មាន​សំឡេង​ចំនួន​៥៤ ​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល»។​

លោក ​ម៉ម ប៊ុននាង ​សមាជិក​ព្រឹទ្ធសភា​និង​អ្នក​នាំពាក្យ​របស់​ព្រឹទ្ធសភា ​មាន​ប្រសាសន៍​ថា​ ច្បាប់​នេះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ ហើយ​រដ្ឋសភា​និង​ព្រឹទ្ធសភា​អាច​សួរ​នាំ​រដ្ឋាភិបាល​ពី​ស្ថានភាព​ប្រទេស​នៅ​ពេល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។លោក​ថា ​អ្នក​រិះគន់​ច្បាប់​នេះ​យក​រឿង​នយោបាយ​មក​ពាក់​ព័ន្ធ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អត់​មាន​អី​ដែល​ថា​ដូច​មតិ​អ្នក​វិភាគ​អី​ហ្នឹង​ចេះ​តែ​និយាយ​ ហើយ​ពី​ព្រោះ​គាត់​វិភាគ​លម្អៀង​ទី​មួយ។​ ទីពីរ​គាត់​គិត​អំពី​នយោបាយ​ច្រើន​ពេក។​ បើ​យើង​គិត​អំពី​ទម្រង់​គតិ​ច្បាប់​ ច្បាប់​នេះ​ប្រជា​ធិបតេយ្យ​ខ្លាំង​ណាស់​ដោយសារ​អី? ​ដោយ​មាន​ស្ថាប័ន​ពីរ ​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​នេះ​ គឺ​ព្រឹទ្ធសភា​ និង​រដ្ឋ​សភា។​ រឿង​ឯក​បក្ស​មិន​ឯក​បក្ស​អាស្រ័យ​ទៅ​លើ​ប្រជាជន​អ្នក​បោះ​ឆ្នោត​តើ។​ មាន​អ្នក​ណា​ទៅ​បង្ខិត​បង្ខំ»។​

លោក​បន្ថែម​ថា​ ជំហាន​បន្ទាប់ គឺ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា ​ដើម្បី​ពិនិត្យ​មើល​ធម្មនុញ្ញ​ភាព។​

នៅ​ថ្ងៃ​សុក្រ​នេះ​ផង​ដែរ​ ក្រុម​អ្នក​ជំនាញ​អ.ស.ប.​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​លើក​ឡើង​ថា​ច្បាប់​នេះ​ «រំលោភ​សិទ្ធិ​ឯកជន​ រឹតត្បិត​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ និង​ដាក់​ជា​បទ​ព្រហ្មទណ្ឌ​ចំពោះ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី»។​

លោក​ស្រី រ៉ូណា ស្មីត ​(Rhona Smith )​អ្នក​រាយ​ការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​មាន​ប្រសាសន៍​ថា៖​ «វិធាន​ការ​នានា​ដែល​ដាក់​ចេញ​ក្នុង​ស្ថាន​ភាព​មាន​អាសន្ន​ត្រូវ​តែ​ជា​ការ​ចាំបាច់​និង​សមាមាត្រ​ទៅ​នឹង​វិបត្តិ​នានា​ ដែល​ត្រូវ​ស្វែង​រក​ដំណោះស្រាយ»។​

លោកស្រី​បន្ថែម​ថា៖​ «ពាក្យ​ក្នុង​ន័យ​ទូលាយ​អំពី​ការ​ការពារ​សន្តិសុខ​ជាតិ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ដែល​ទំនង​ជា​មាន​គោល​បំណង​ដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ-១៩ ​អាច​ត្រូវ​បាន​យក​មក​ប្រើ​ជា​សក្តានុពល​ ដើម្បី​រំលោភ​លើ​សិទ្ធិ​ឯកជន​ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សិទ្ធិ​សេរីភាព​ខាង​សមាគម​ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី»។​

លោកស្រី​បន្ថែម​ថា​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ធានា​ថា​មនុស្ស​គ្រប់​រូបមាន​សិទ្ធិ​ស្មើ​គ្នា ​ក្នុង​ការ​ទទួល​បាន​សេវា​សុខភាព​សមរម្យ​ និង​អនុម័ត​វិធាន​ការ​ពិសេស​សម្រាប់​បុគ្គល ​និង​ក្រុម​នានា​ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ រួម​ទាំង​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ជន​ពិការ មនុស្ស​ចាស់​ជរា​ជន​ជាប់​ឃុំ​ ប្រជាជន​ក្រីក្រ​នៅ​តាម​ជន​បទ​ ជន​ជាតិ​ដើម​ភាគ​តិច​ជាដើម។​

លោក​ Brad Adams​ នាយក​អង្គការ​សិទ្ធិ​មនុស្ស ​Human​Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី​បាន​លើក​ឡើង​ថា ​ច្បាប់​នេះ​ផ្តល់​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នូវ​អំណាច​មិន​កំណត់​ស្ទើរ​តែ​ទាំង​អស់​ក្នុង​នោះ​មាន​អំណាច​អាជ្ញាសឹក​ផង​ដែរ។​

លោក ​Brad Adams ​និយាយ​ថា៖​ «វា​[ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន]​ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាន​សារ​អ៊ីម៉ែល ​និង​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​មិន​ចាំបាច់​សម្រាប់​សុខភាព​សាធារណៈ»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​និង​សាធារណ​ជន​ ដើម្បី​ចូលរួម​ផ្តល់​យោបល់​នោះ​ទេ។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ​ ​រដ្ឋាភិបាល​អាច​ហាម​ឃាត់​ ឬ​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដូច​ជា​ការ​ដើរ​ហើរ​ ​ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ​ ការ​ប្រកប​មុខ​របរ​ ការ​ចែក​ចាយ​ព័ត៌មាន​ដែល​បង្ក​«ចលាចល ​ឬ​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ»​ និង​បើក​សិទ្ធិ​អំណាច​ឲ្យ​រដ្ឋាភិបាល​តាម​ដាន​ឃ្លាំ​មើល ​«ប្រព័ន្ធ​ទំនាក់​ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព»។​

ការ​រៀបចំ​ច្បាប់​ថ្មី​ជា​បន្ទាន់​នេះ​កើត​ឡើង​ ចំពេល​ដែល​កម្ពុជា​និង​ប្រទេស​នានា​នៅ​ទូទាំង​ពិភព​លោក​កំពុង​តែ​ប្រឈម​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ ហើយ​លោក ​ហ៊ុន សែន ​លើក​ឡើង​ថា​រដ្ឋាភិបាល​របស់​លោក​ខ្វះ​ឧបករណ៍​ផ្លូវ​ច្បាប់​ ដើម្បី​អនុវត្ត​មាត្រា​២២​នៃ​រដ្ឋ​ធម្មនុញ្ញ​ ស្ដីពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ក្នុង​ករណី​ដែល​មាន​ព្រឹត្តិ​ការណ៍​ធ្ងន់ធ្ងរ​ណា​មួយ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ដែល​ទើប​តែង​តាំង​ថ្មី​ គឺ​លោក​កើត រិទ្ធ​ មាន​ប្រសាសន៍​ថា​ ច្បាប់​នេះ ​«គឺ​មាន​ភាព​ចាំបាច់​ខាន​មិន​បាន»​សម្រាប់​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ហើយ​ច្បាប់​នេះមិន​មែន​ធ្វើ​ក្នុង​ន័យ​ ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ទេ​ ប៉ុន្តែ​ច្បាប់​នេះ​ធ្វើ​ដើម្បី​ជួយ​ដល់​ប្រទេស​ជាតិ​ នៅ​ក្នុង​គ្រា​មាន​អាសន្ន​តែ​ប៉ុណ្ណោះ»។​

លោក​បន្ថែម​ថា៖​ «អ្នក​ដែល​មិន​មាន​យោបល់​ស្រប​ជា​មួយ​នឹង​កម្ពុជា ​មិន​មែន​ជា​មិត្ត​របស់​កម្ពុជា​តែង​ថា​ច្បាប់​នេះ​យក​ទៅ​រឹតត្បិត​សេរីភាព។​ រឹតត្បិត​ម៉េច​ បើ​អត់​ទាន់​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន​ គឺ​បាន​ន័យ​ថា​ច្បាប់​នេះ​អត់​យក​ទៅ​ប្រើ​ទេ ។ ​ ហើយ​តើ​ច្បាប់​គ្រា​អាសន្ន​ប្រទេស​ណា​ដែល​នៅ​ពេលដែលដាក់​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន​ ហើយ​មិន​មាន​ការ​រឹត​ត្បិត ​និង​ការ​ហាម​ឃាត់​សិទ្ធិ​សេរីភាព»។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​អាច​ធ្វើ​ឡើង​ នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ដូច​ជា​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម ​ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​ គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ដែល​គំរាម​កំហែង​ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស៕

XS
SM
MD
LG