ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថា​ ករណី​ផ្ទុះមីន​ប្រឆាំង​រថក្រោះ​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះវិហារ​គឺ​ដោយ​សារ​មាន​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ដោះមីន


បុគ្គលិក​ជំនាញ​ដោះមីន​របស់​អង្គការ​ដោះមីន​កម្ពុជា​ទាំង​៤នាក់ ថតរូប​ជុំគ្នា​មុន​ពេល​ហេតុការណ៍​ផ្ទុះ​មីន​តោន ក្នុង​ខេត្តព្រះវិហារ។ (រូបថត​ផ្តល់ឲ្យ​ដោយ អ៊ិន ប៉ោយ)

អាជ្ញាធរ​មីន​កម្ពុជា​អះអាង​ថា​បុរស​៣​នាក់​ដែល​ស្លាប់ និង​ម្នាក់ រង​របួស​ធ្ងន់ ​ដោយ​សារ​ករណី​ផ្ទុះមីន​ប្រឆាំង​រថក្រោះ ក្នុង​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ ​ប្រមាណ​២​សប្តាហ៍​មុន​នោះ​ គឺ​ដោយ​សារ​គ្រាប់​មីន​នោះ​ជា​មីន​ច្នៃ​បង្កប់​ និង​មាន​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ដោះ។​

កាលពី​ថ្ងៃទី​១០ ខែ​មករា ​ឆ្នាំ​២០២២ ​បុគ្គលិក​ជំនាញ​ដោះ​មីន​របស់​អង្គការ​ដោះ​មីន​កម្ពុជា​(Cambodia Self Help Demining ឬ​CSHD) ​ឬ​គេ​ស្គាល់​ឈ្មោះ​ថា ​អង្គការ​អាគីរ៉ា ​មាន​គ្នា​៤​នាក់​ បាន​ចុះ​ទៅ​ប្រតិបត្តិការ​បោស​សម្អាត​ និង​ដោះ​មីន​នៅ​ក្នុង​ឃុំ​មរកត​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ។ ​ខណៈ​កំពុង​ប្រតិបត្តិការ​ដោះ​មីន​តោន​នោះ ​ស្រាប់​តែ​មីន​ផ្ទុះ ​បាន​បណ្តាល​ឲ្យ​បុគ្គលិក​៣​នាក់​ស្លាប់​និង​ម្នាក់​រង​របួស​ធ្ងន់។​

លោក ​លី ធុជ ​អនុ​ប្រធាន​ទី​១​របស់​អាជ្ញាធរ​មីន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​របស់​បុគ្គលិក​អង្គការ​អាគីរ៉ា​ដោយ​សារផ្ទុះ​មីន​តោន​នោះ ​មិនមែន​ជា​«ការ​ធ្វេស​ប្រហែស» ​ឬ​«ខ្វះ​ការ​ប្រុង​ប្រយ័ត្ន»​ឡើយ។​ ប៉ុន្តែ​ដោយ​សារ​តែ​គ្រាប់​នោះ​ជា​ប្រភេទ​គ្រាប់​បង្កៃ​ដែល​លោក​ថា​មាន​«ភាព​ស្មុគ​ស្មាញ»​ក្នុង​ការ​ដោះ ​និង​បោស​សម្អាត។​

លោក​ថ្លែង​ថា៖ ​«​អ្វី​ដែល​យើង​រក​ឃើញ​គឺ​ការ​បង្កៃ​គ្រាប់​នេះ​មាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​ និង​ដាក់​ដើម្បី​សម្លាប់​មនុស្ស​តែម្តង»។​

លោក​បន្ត​ថាអាជ្ញាធរ​មីន​បាន​ណែនាំ​ដល់​អ្នក​ជំនាញ​ ឬ​បុគ្គលិក​ដោះមីន​ទាំង​អស់​ អំពី​ករណី​នេះ ​ដែល​វា​ជា​មេរៀន ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជានិច្ច​ក្នុង​ពេល​ប្រតិបត្តិ​ការ​របស់​ខ្លួន។​

លោក​បន្ថែម​ថា៖ ​«ក្នុង​នាម​អាជ្ញាធរ​មីន​ ដែល​មាន​សម្តេច​តេជោ​ហ៊ុន សែន ​ដឹក​នាំ​ដ៏​ខ្ពង់ខ្ពស់​នោះ ​ យើង​បាន​ណែនាំ​ដល់​បណ្តា​ប្រតិបត្តិករ​ជាតិ ​និង​អន្តរជាតិ​ទាំង​អស់​ ដែល​ជា​អ្នក​ដោះ​មីន​របស់​យើង​ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ជាតិ​មាតុភូមិ​នោះ​ ផ្តល់​សុវត្ថិភាព​ដី ​និង​សុវត្ថិភាព​ជូន​ប្រជាជន​យើង​នោះ​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ថែម​ទៀត​ ចំពោះ​ភាព​ស្មុគស្មាញ​នៃ​ការ​បង្កៃ​បង្កប់​ និង​ការ​ដាក់​គ្រាប់​មីន ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុងទឹក​ដី​របស់​យើង​នេះ»។​

លោក ​អ៊ិន ប៉ោយ​ អាយុ​៣៣​ឆ្នាំ ​រស់​នៅ​ក្នុង​ស្រុក​អន្លង់វែង ​អតីត​តំបន់​ខ្មែរ​ក្រហម​ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​ជា​បុគ្គលិក​ដោះ​មីន​របស់​អង្គការ​អាគីរ៉ា​ប្រមាណ​១០​ឆ្នាំ ​មក​ហើយ​និង​ជាជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​មីន​តោន​ក្នុង​ខេត្ត​ព្រះវិហារ។ ​ លោក​ប្រាប់​វីអូអេ​ថា​ លោក​ និង​ក្រុម​ការ​ងារ​៣​នាក់​ទៀត​ដែល​ស្លាប់​ បាន​ចុះ​បោស​សម្អាត​ និង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​តំបន់​នោះ ​ហើយ​បាន​រក​ឃើញ​មីន​តោន​នោះ ​ដែល​នឹង​ត្រូវ​ជីក​ទៅ​ក្រោម​ដី​ជម្រៅ​២​តឹក ​(ដេស៊ីម៉ែត្រ)។​លោក​បន្ត​ថា​ ​ប្រធាន​ក្រុម​ការងារ​លោក ​ស៊ុន វង្ស​ ដែល​ស្លាប់ ​បាន​អនុវត្ត​តាម​បច្ចេទេស​ ​ប៉ុន្តែ​ជីក​ទៅ​ស្រាប់​តែ​ប៉ះ​ក្បាល​គីប​មីន​មួយ​ទៀត​នៅ​ក្រោម​គ្នា​ ទើប​បណ្តាល​ឲ្យ​ផ្ទុះ។​

លោក​ថ្លែង​ថា៖ ​«ដោយ​សារ​តែ​មីន​នៅ​ក្នុង​ដី​ពិបាក​មើល​ដឹង​ថាមីន​ហ្នឹង​ ​វា​ច្នៃ​ ឬ​យ៉ាង​ម៉េច។​ ​ វា​អត់​ដូច​នៅ​លើ​គោក ។​ នៅ​លើ​គោក​ យើង​មើល​ទៅ​ដឹង​ថា​ មីន​ច្នៃ​ តែ​វា​នៅ​ក្រោម​ដី​វា​ត្រូវ​ការ​ជីក​វា​មើល​ជុំវិញ​វា ​ឬ​ក៏​ខាង​ក្រោម​វា​មាន​ស្អីៗ។​[ជីក]​ ទៅ​ចំ​គេ​បង្កៃ​ពី​ក្រោម​ផ្ទុះ»។​

លោក​ឲ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​ប្រមាណ​១​អាទិត្យ​ ​ មុន​ពេល​ថ្ងៃ​កើត​ហេតុ ​ លោក ​និង​ក្រុម​ការងារ​របស់​លោក​បាន​ទៅ​បោស​សម្អាត​ និង​ប្រមូល​គ្រាប់​សំណល់​គ្រឿង​ផ្ទុះ​ក្នុង​តំបន់​នោះ ​ហើយ​បាន​រក​ឃើញ​គ្រាប់​ចម្រុះ​ជិត​១០០​គ្រាប់ ។​

លោក ​អាគី រ៉ា​ ដែល​ជា​ប្រធាន​អង្គការ​ដោះ​មីន​កម្ពុជា​ (Cambodia Self Help Demining ​ឬ​CSHD) ​ឬ​គេ​ស្គាល់​ឈ្មោះ​ថា​ អង្គការ​អាគីរ៉ា ​ប្រាប់​វីអូអេ​ថា ​នេះ​ជា​ករណី​លើក​ទីមួយ​ហើយ​ដែល​បុគ្គលិក​អង្គការ​របស់​លោក​បាន​ជួប​គ្រោះ​ថ្នាក់​ស្លាប់​បែប​នេះ។​ លោក​បន្ត​ថា​ ឈ្មោះ ​ស៊ុន វង្ស ​ដែល​ជា​អ្នក​រៀប​ចំ​ចាក់​មីន​តោន​ ដើម្បី​បំផ្លាញ ​ទើប​តែ​ប្រឡង​ជាប់​ជា​មេ​ក្រុម​បាន​មួយ​ខែ​ មុន​ពេល​លោក​ចុះ​ទៅ​ប្រតិបត្តិ​ការ​នោះ។ ​ លោក​បញ្ជាក់​ថា​ ​នេះ​អាច​មក​ពី​បទ​ពិសោធន៍​មេ​ក្រុម​ដោះ​មីន​ នៅ​មិន​ទាន់​មាន​ជំនាញ​គ្រប់​គ្រាន់​ក្នុង​ការ​ដោះ​មីន​ប្រភេទ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ទើប​លើក​ទី​មួយ​នេះ​ឯង​...​ ធ្វើ​ការ​យូរ​ឆ្នាំ​ហើយ។ មីន​តោន​ហ្នឹង​វា​ច្នៃ។​ ​ វា​ដាក់​បង្កៃ​ពី​ក្រោម​ទៅ​ក៏​ គ្នា​អ្នក​ចាក់​នោះ​ប៉ះទៅ​ក៏​ផ្ទុះ»។​

លោក​ថ្លែង​បន្ត​ថា៖​ «អា​ហ្នឹង​គឺអត់​ដោះ​ទេ ​គ្រាន់​តែ​ចាក់​ ដើម្បី​ឲ្យ​ឃើញ​ច្បាស់​ហើយ​យើង​រៀបចំ​កម្ទេច​ចោល​ ប៉ុន្តែ​ហៀប​នឹង​កម្ទេច​ចោល​ហើយ​ស្រាប់​តែ​ចាក់​ប៉ះ​អា​ក្រោម​ទៅ​ក៏​ផ្ទុះ​ទៅ។​កុំអី​ហ្នឹង​តែមួយ​ភ្លែត​ទៀត​ហ្នឹង​ត្រូវ​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ហើយ​ ប៉ុន្តែ​ចាក់​រៀបចំ​ឲ្យ​វា​ស្អាត​ស្រួល​បន្តិច​ទៅ​ក៏​វា​ប៉ះ​ចំ​អា​ច្នៃ​ ផ្ទុះ​ពី​ក្រោម​មក​ វា​លឿន»។​

គួរ​បញ្ជាក់​ថាក្នុង​រយៈ​ពេល​ប្រមាណ​៣០​ឆ្នាំ​នេះ ​ កម្ពុជា​បាន​បោស​សម្អាត​មីន ​និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ផ្ទៃ​ដី​ជាង​២​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា ​ដែល​រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​ប្រមាណ​ជាង​១​លាន​គ្រាប់ ​និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ជាង​២​លាន​គ្រាប់ ​និង​អ្នក​រងគ្រោះ​ដោយ​សារ​មីន​ រួម​មាន​អ្នក​ស្លាប់ ​និង​ពិការ​ជិត​២០០​នាក់​ក្នុង​ការ​បោស​សម្អាត​មីន។ ​កម្ពុជា​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​ពី​ប្រទេស​ផ្តល់​ជំនួយ​សម្រាប់​ផែន​ការ​បញ្ចប់​ការ​ស្វែង​រក​មីន​ និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​នេះ​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥ ​លើ​ផ្ទៃ​ដី​ប្រមាណ​២​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត។ ​នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​អាជ្ញាធរ​មីន​កម្ពុជា ​លោក ​លី ធុជ៕

XS
SM
MD
LG