លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានជំរុញឲ្យប្រទេស កាហ្សាក់ស្ថាន ចូលរួមជាមួយរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធលើប្រទេសចិន ចំពោះការប្រព្រឹត្តរបស់ចិនទៅលើជនជាតិភាគតិចកាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang ប្រទេសចិន។
អង្គការការពារសិទ្ធិមនុស្សនានាបានឲ្យដឹងថា អាជ្ញាធរចិនបានបង្កើនការឈ្លបយកការណ៍ ការឃុំឃាំង និងការបង្ខំបែបមនោគមវិជ្ជាទៅលើជនជាតិភាគតិច Uyghurs កាហ្សាក់ស្ថាន និងជនជាតិភាគតិចដទៃទៀត ដែលភាគច្រើនកាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសកាហ្សាក់ស្ថាន ហើយប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានដែលត្រួតត្រាដោយរដ្ឋ តែងតែចៀសវាងមិនរាយការណ៍អំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងតំបន់ Xinjiang នោះទេ។
ថ្លែងនៅក្នុងអំឡុងពេលទស្សនកិច្ចកាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅនេះ ក្នុងរដ្ឋធានី Nur-Sultan ប្រទេសកាហ្សាក់ស្ថាន លោក Pompeo បាននិយាយថា លោកបានលើកឡើងពីកង្វល់នេះនៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi។
លោក Pompeo ថ្លែងថា លោកបានពិភាក្សាអំពី«ជនជាតិភាគតិច Uighur និងកាហ្សាក់ស្ថានជាងមួយលាននាក់ ដែលគណបក្សកុម្មុយនិស្តចិនបានឃុំឃាំងនៅក្នុងតំបន់ Xinjiang ដែលស្ថិតនៅម្ខាងទៀតនៃព្រំប្រទល់ជាមួយនឹងប្រទេសកាហ្សាក់ស្ថាន៕