ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ករណី​ផ្ទុះ​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ


សាច់ញាតិ​កាន់​រូបថត​របស់​យោធិន​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ហេតុការណ៍​ផ្ទះ​គ្រាប់​មួយ​នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​​ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤។​ (AKP via AP)
សាច់ញាតិ​កាន់​រូបថត​របស់​យោធិន​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ហេតុការណ៍​ផ្ទះ​គ្រាប់​មួយ​នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​​ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤។​ (AKP via AP)

អ្នក​តាមដាន​សង្គម​កម្ពុជា​បានជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ហ្មត់​ចត់មួយ ទៅលើ​ករណី​នៃ​ការ​ផ្ទុះ​គ្រាប់​នៅទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​មួយ​ចំនួន​ទៀត​រង​របួស​។

រដ្ឋាភិបាល​កម្ពុជា​ ​បានឆ្លើយ​តប​នឹង​ករណី​នេះភ្លាមៗជាមួយការ​សម្តែង​មរណទុក្ខ និង​បាន​ផ្តល់​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ​សព​ តែ​គេមិន​ទាន់​ឃើញ​មាន​ការ​ប្រកាស​ណាមួយ​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​ផ្ទុះ​គ្រាប់​ដ៏គ្រោះ​ថ្នាក់​នេះទេ​។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​លោក​វ៉ន ចាន់​ឡូត លើក​ឡើង​ថា ​រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ និង​ស្វែង​រក​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ផ្ទុះ​គ្រាប់​នោះ តើ​ថា​វា​បណ្តាល​មក​ពី​អ្វី ឬ​ជា​ការធ្វេស​ប្រហែស​ឬ​យ៉ាង​ណា​។

លោក​បន្ថែមថា​ ការ​បើក​ឱ្យ​ការ​ស៊ើប​អង្កេត​នេះ​ នឹងផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ ហើយ​ក៏​ជាការធានា​ថា​រដ្ឋាភិបាល​មាន​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់​ចំពោះ​សោក​នាដ​កម្ម​នេះ​។

លោក​ថា៖ «គួរ​តែ​មាន​នូវ​ការ​ស៊ើប​អង្កេត​ និង​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ ថា​តើ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​បច្ចេកទេស ឬ​ក៏​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្វេស​ប្រហែស​ ឬ​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ទុច្ចរិត​ណាមួយ​ពី​ខាង​ក្រៅ។ ប្រសិន​បើ​រក​ឃើញ​ថា​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វេស​ប្រហែស​ ដូច្នេះ​គួរ​តែ​មាន​នូវ​អ្នក​ទទួល​ខុសត្រូវ​ទៅ​លើ​ករណី​នេះ​ពី​ព្រោះ​វា​បាន​បង្ក​នូវ​ការ​ខូច​ខាត​មាន​ទំហំ​ធំ​សម្បើម»។

ផ្សែង​ហុយ​ចេញ​ពី​ឃ្លាំង​ផ្ទុក​អាវុធមួយដែល​ឆេះ​នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​មួយ​ចំនួន​ទៀត​រង​របួស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។​ (AFP)
ផ្សែង​ហុយ​ចេញ​ពី​ឃ្លាំង​ផ្ទុក​អាវុធមួយដែល​ឆេះ​នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​មួយ​ចំនួន​ទៀត​រង​របួស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។​ (AFP)

ហេតុ​ការណ៍​ផ្ទុះ​គ្រាប់នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២:១៥​នាទី​រសៀល​ ក្នុង​ទី​បញ្ជា​ការដ្ឋាន​យោធ​ភូមិ​ភាគ​ទី៣ ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពី​ កាល​ពី​ថ្ងៃទី​២៧ ខែ​មេសា ​ឆ្នាំ​២០២៤ ដែល​បណ្តាលឱ្យ​នាយ​ទាហាន​ចំនួន​២០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​នោះ​នាយទាហាន​ចំនួន​១៥​នាក់​មក​ពី​ខេត្ត​កោះ​កុង ហើយ៥​នាក់​ទៀត​ជា​នាយ​ទាហាន​នៃ​ទី​បញ្ជាការ​យោធ​ភូមិភាគ​ទី៣​ក្នុង​ខេត្ត​កំពង់ស្ពី​។ ក្នុង​ហេតុ​ការណ៍​ដដែល​នោះ​ ផ្ទះ​ប្រជាពលរដ្ឋ​ជុំវិញ​ចំនួន​២៥​ខ្នង​ក៏​ទទួល​រង​ការខូចខាត​ផងដែរ។ នេះ​បើ​តាម​របាយការណ៍​របស់​កង​ទ័ព​ជើង​គោក​យោធ​ភូមិភាគ​ទី៣​។

របាយ​ការណ៍​ដដែល​បញ្ជាក់​ទៀត​ថា​ រថយន្ត​៥​គ្រឿង​ដែល​ដឹក​គ្រាប់ និង​សពា្វវុធ​ពី​ខេត្ត​កោះកុងចូល​ឃ្លាំងផ្ទុក​គ្រឿង​សព្វាវុធ​ក្នុង​ទីបញ្ជាការដ្ឋានយោធ​ភូមិភាគ​ទី៣​ មាន​មួយ​គ្រឿង​ត្រូវ​បាន​ផ្ទុះ​ខេ្ទច​រួម​ទាំង​អាវុធ​គ្រាប់​ទាំង​អស់​នៅ​លើ​រថយន្ត និង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​មួយ​គ្រឿង​ តែអាវុធ​គ្រាប់​នៅ​ដដែល​។ ចំណែក​រថយន្ត៣​គ្រឿង​ទៀត​ដែល​មាន​ផ្ទុក​អាវុធ​និង​គ្រាប់​មិន​រង​ការ​ខូច​ខាត​នោះ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​ថា​ បញ្ហា​ដែល​បាន​កើត​មាន​ឡើង​នេះ​គួរ​តែ​មាន​បើក​ការ​ស៊ើប​អង្កេត​ស្វែង​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​នោះ ថាតើវាចាប់​ផ្តើម​ពី​ចំណុច​ណា ហើយ​នរណា​ជាអ្នក​ទទួល​ខុសត្រូវ​ក្នុងការ​ដឹក​ជញ្ជូន​សម្ភារ​សឹក​ទាំង​អស់​នោះ​ ដើម្បី​ទុក​ជា​មេរៀន​ និង​ជា​បទ​ពិសោធន៍​ក្នុង​ការ​បង្ការ​សោដនាកម្ម​បែប​នេះ​នៅ​ពេល​ក្រោយ​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ការ​ស៊ើប​អង្កេត​វា​មិន​ប្រាកដ​ថា​ ការ​ស៊ើប​អង្កេត​ហ្នឹង​សម្រាប់​តែ​រក​អ្នក​ប្រព្រឹត្ត​ ឬ​រក​អ្នក​ពាក់​ព័ន្ធ​អី​ទេ​ គឺ​ការ​ស៊ើប​អង្កេត​នេះ​គឺ​រក​មូលហេតុ​ឱ្យ​ឃើញ​ថា​តើ​វា​មាន​មូលហេតុ​អី​ ហើយ​យើង​ពេល​ក្រោយ​ត្រូវ​ទប់​ស្កាត់​ និង​បង្ការ​នូវ​មូលហេតុ​ទាំង​អស់​ហ្នឹង​កុំ​ឱ្យ​វា​កើត​ឡើង​ត​ទៅ​ទៀត វា​ជា​សោដនាកម្ម​ដែល​គួរ​ឱ្យ​សោក​សង្វេគនោះ​»។

រថយន្ដ​យោធា​មួយ​គ្រឿង​រងការ​ខូចខាតក្រោយ​មាន​ការ​ផ្ទុះ​គ្រាប់​នៅទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​មួយ​ចំនួន​ទៀត​រង​របួស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។​ (AFP)
រថយន្ដ​យោធា​មួយ​គ្រឿង​រងការ​ខូចខាតក្រោយ​មាន​ការ​ផ្ទុះ​គ្រាប់​នៅទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​មួយ​ចំនួន​ទៀត​រង​របួស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។​ (AFP)

វីអូអេ​បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​នាយទាហាន​ដែល​បាន​បាត់បង់​ជីវិត​ ប៉ុន្តែ​ពួកគេ​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ ក្រោម​ហេតុផល​ថា​ ពួក​គេ​ស្ថិត​ក្នុង​ដំណាក់​កាល​កាន់​ទុក្ខ​។

វីអូអេក៏​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​មូលហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​ពី​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​នៅ​ឡើយ​ដែរ​។

អភិបាល​ខេត្ត​កំពង់ស្ពឺ​លោក​វ៉ី សំណាង​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ឃ្លាំង​ដាក់​គ្រាប់​នៅបញ្ជា​ការ​យោធ​ភូមិភាគ​ទី៣​ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ ក្រៅ​ពី​ធ្វើ​ឱ្យ​យោធិន​បាត់​បង់​ជីវិត ក៏​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខូច​ខាត​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ និង​រោងចក្រ​ដែល​មាន​ទីតាំង​នៅ​ជិត​ទី​នោះ​ផង​ដែរ​។

លោក​ថ្លែង​ថា៖ «សំឡេង​ផ្ទុះ​នោះ​វា​ធ្វើ​ឱ្យ​រង្គើដល់​អគារ​ផ្សេងៗ​ដូចជា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ហើយ​ហ្នឹង​រោងចក្រ​ក៏​មាន​ធ្លាក់​កញ្ចក់ ធ្លាក់​បែក​ពិដាន​អ៊ីចឹង»។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​រងរបួស​ និង​កម្មករ​កម្មការនីរោង​ចក្រ​ប្រមាណ​១៣​នាក់​ទទួល​រង​របួស​ ព្រម​ទាំង​បង​ប្អូន​សាច់ញាតិ​យោធិន​មួយ​ចំនួន​ក៏​ទទួល​រង​របួស​ធ្ងន់​ស្រាល​ផង​ដែរ​។

​យ៉ាងណាក៏ដោយ អភិបាល​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​ថា​ លោក​នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ផ្ទុះ​នៅ​ឡើយ​ទេ ដោយ​ថា​វា​ជា​ករណី​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​ជាតិ។​

បើ​តាម​លោក ​វ៉ី សំណាង កម្លាំង​ជំនាញ​បច្ចេកទេស​បាន​នឹង​កំពុង​ស្រាវជ្រាវ​ និង​ស្វែង​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​ដ៏កម្រ​នោះ​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​បញ្ជារការ​យោធ​ភូមិភាគ​ទី​៣ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត​ បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ និង​ប្រកាស​ថា​រដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់​រង​ទាំង​អស់​លើ​ការ​ចំណាយ​រៀបចំ​ពិធី​បុណ្យ​សព​របស់​យោធិន​ដែល​បាត់​បង់​ជីវិត​។ លោក ហ៊ុន ម៉ាណែត បន្ថែម​ថា រដ្ឋាភិបាល​ឧបត្ថម្ភ​ជា​ថវិកា​ជូន​គ្រួសារ​យោធិន​ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ​សព ហើយ​ចំពោះ​យោធិន​ដែល​រង​របួស​ទទួល​បាន​ក្នុង​ម្នាក់ៗ​ចំនួន២០ លានរៀល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG